អានតួអត្ថបទ
បារាំង-កូវ៉ែត

បារាំង​ចុះ​កិច្ចសន្យា​លក់គ្រឿង​សព្វាវុធ តម្លៃ​២,៥ ពាន់​លាន​អឺរ៉ូ ទៅឲ្យ​​​កូវ៉ែត

តាម​គម្រោង កិច្ច​ព្រមព្រៀង​លក់​គ្រឿង​សព្វាវុធ​បារាំង ក្នុង​តម្លៃ​ទឹកប្រាក់ ជាង ២ពាន់ លាន​អឺរ៉ូ នឹង​ត្រូវ​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​ពុធ​នេះ នៅក្រោម​អធិបតីភាព របស់​នាយករដ្ឋមន្រ្តី​បារាំង និង​នាយករដ្ឋមន្រ្តី​កូវ៉ែត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ក្នុង​ប្រទេស​បារាំង។ ជំនួញ​លក់​អាវុធ របស់​បារាំង បាន​ឡើង​កូដខ្លាំង ក្នុង​កាលៈទេសៈ​ដែល ប្រទេស​អតិថិជន​ភាគច្រើន របស់​បារាំង ស្ថិតនៅ​តំបន់​ដើមបូព៌ា និង​កំពុងប្រឈម​នឹង​ការគំរាមកំហែង ពី​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ 

ឧទ្ទម្ភាគចក្រ​Caracal ដែល​ប៉ូឡូញ និង​កូវ៉ែត​ចង់​ទិញ​ពី​បារាំង
ឧទ្ទម្ភាគចក្រ​Caracal ដែល​ប៉ូឡូញ និង​កូវ៉ែត​ចង់​ទិញ​ពី​បារាំង © Airbus Helicopters/Anthony Pecchi
ផ្សាយពាណិជ្ជកម្ម

តាមរយៈ កិច្ចព្រមព្រៀង ដែល​មាន​តម្លៃដល់ទៅ​ជាង ២​ពាន់​លាន​អឺរ៉ូ រដ្ឋាភិបាល​កូវ៉ែត​ចង់​បាន​សព្វាវុធ​បារាំង ទៅ​បំពាក់​ឲ្យ​កងទ័ព​អាកាស ជើងគោក និង​ជើងទឹក​របស់​កូវ៉ែត។ តាម​មន្រ្តី​យោធា ដែល​ស្និទ្ធ​នឹង​រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង ដំណាក់កាល​ដំបូង នៃ​កិច្ចព្រមព្រៀង នឹង​ផ្តោត​ទៅលើ​ឧទ្ធម្ភាគចក្រ​បារាំង។

 
កាលពី​ខែ​មិថុនា​កន្លងទៅ រដ្ឋាភិបាល​របស់​ប្រទេស​សេដ្ឋីប្រេង កូវ៉ែត​ធ្លាប់​បាន​បង្ហាញ​ពី​ចេតនា ចង់​បាន​ឧទ្ធម្ភាគចក្រ​ធុនធ្ងន់​របស់​បារាំង ឈ្មោះ Caracal​ចំនួន ២៤​គ្រឿង។ ឧទ្ធម្ភាគចក្រ​ Caracal ដែល​កងទ័ព​ពិសេស​បារាំង ប្រើ​ក្នុង​ប្រតិបត្តិការយោធា នៅ​បរទេស មាន​សមត្ថភាព​ជួយ​សង្រ្គោះ និង​ដឹកទាហាន​រហូត​ដល់​២៨នាក់ សម្រាប់​ចំងាយឆ្ងាយ។

ក្រៅតែ​ពីឧទ្ធម្ភាគចក្រ កូវ៉ែត​នៅ​ចង់ទិញ​បន្ថែម រថពាស​ដែក​របស់​បារាំង និង​ចង់​ឲ្យ​បារាំង ធ្វើ​ទំនើបកម្ម​កងទ័ព​ជើងទឹក​របស់ខ្លួន។ កូវ៉ែត​បាន​ចូលរួម​នៅក្នុង​សម្ព័ន្ធអន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម បន្ទាប់​ពី​កូវ៉ែត​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ នៅក្រោយ រង​អំពើ​ភេរវកម្ម​របស់​ក្រុមជីហាត ដែល​បាន​សម្លាប់​មនុស្ស​២៧នាក់ កាលពី​ខែ​មិថុនា រដ្ឋាភិបាល​កូវ៉ែត​បាន​ប្រកាស​ធ្វើ​សង្រ្គាម​ជាមួយ​ពួកជីហាត។

តាម​សេចក្តី​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​បារាំង នៅក្នុង​ក្របខ័ណ្ឌ សហប្រតិបត្តិការ​យោធា រវាង​បារាំង និង​កូវ៉ែត កិច្ចសន្យា​លក់​ទិញ គ្រឿង​សព្វាវុធ​បារាំង នឹង​ត្រូវ​ចុះ ហត្ថលេខា ដោយ​ភាគី​ទាំងពីរ នៅពេល​ឆាប់ៗ​ខាង​មុខ។

អស្ថិរភាព និង​សង្រ្គាម​ស៊ីវិល នៅ​តំបន់​ដើមបូព៌ា បានធ្វើ​ឲ្យ​បារាំង នៅក្នុង​អាណត្តិ​របស់​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ លក់ នាំចេញ គ្រឿង​សព្វាវុធ បាន​ច្រើន ជាង​ពេល​ណាៗ​ទាំងអស់។ ក្នុង​រវាង​តែ​៣ខែ នៅ​ដើម​ឆ្នាំ ២០១៥ នេះ រដ្ឋាភិបាល​បារាំង បានសម្រេច ចុះ​កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​Rafale ២៤​គ្រឿង ទៅ​ឲ្យ​ប្រទេស អេហ្ស៊ីប និង​២៤​គ្រឿង​ផ្សេងទៀត​ទៅ​ឲ្យ​ប្រទេស​កាតា។ ប្រទេស​ដែល​ទិញ​គ្រឿង​សព្វាវុធ​បារាំង​ភាគច្រើន ជា​អតិថិជន​ចាស់ៗ ដែល​ទើប​បាន​បែរ ងាក​ចេញ ពី​អាមេរិក។ ជាក់ស្តែង ដោយសារ អាមេរិក​ប្រកាស​ព្យួរ​ជំនួយ​យោធា ដោយសារ​រដ្ឋប្រហារ កងទ័ព​អេហ្ស៊ីប បាន​សម្រេច​ទិញ យន្តហោះ និង​នាវា​ចម្បាំង​ពី​បារាំង។ អារ៉ាប៊ី សាអូឌីត និង​កាតា ដែល​អន់ចិត្ត នឹង​អាមេរិក ដោយសារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ការស្ទាក់ស្ទើរ​របស់​អាមេរិក មិន​ធ្វើ​អន្តរាគមន៍​យោធា នៅ​ស៊ីរី ក៏​បាន​ងាក​មក​ចរចា ទិញ​គ្រឿងសព្វាវុធ​របស់​បារាំង​ដែរ។

ក្នុង​រយៈពេល ២​ឆ្នាំ ការបញ្ជា​ទិញសព្វាវុធ​បារាំង បាន​កើនឡើង ទ្វេដង ពី​៤,៨ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១២ ទៅដល់ ៨,២ ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៤។ ចំណូល​បានមកពីការលក់​អាវុធ​ចេញទៅបរទេស​បាន​កើនឡើង ជាង ១២​ពាន់​លាន​អឺរ៉ូ​នៅ​ដើម​ឆ្នាំ ២០១៥។ ប្រសិន​បើ​ចំនួន​នេះ​នៅ​ថេរ នោះ គេរំពឹងថា បារាំង ដែល​ជាប់ចំណាត់ថ្នាក់ លេខ៤ ក្នុង​ពិភពលោក ក្រោយ​ប្រទេស​ចិន ខាង​លក់​អាវុធ​ទៅ​បរទេស នឹង​អាច​វ៉ា យក​តំណែង​របស់​រុស្ស៊ី។ ប៉ុន្តែ យ៉ាងណាក៏ដោយ បារាំង នៅ​តែ​ស្ថិតនៅ​ក្រោយ​សហរដ្ឋអាមេរិក ដែល​ក្នុង​មួយឆ្នាំៗ អាច​រកចំណូល​ប្រមាណ ពី៥៣ ទៅ ៧១​ពាន់​លាន​អឺរ៉ូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ