អានតួអត្ថបទ
បារាំង

ពិធី​តាំង​ពិពណ៌​កសិកម្ម​ដ៏ធំ​ប្រចាំ​ឆ្នាំ​របស់​បារាំង ចាប់​ផ្តើម​បើកទ្វារ​នៅ​ក្រុង​ប៉ារីស

ឆ្នាំនេះ ​ជា​លើក​ទី​៥២​ហើយ​ ដែល​មាន​ការ​តាំង​ពិពណ៌​កសិកម្ម ​ប្រចាំ​ឆ្នាំ​របស់​បារាំង។ បារាំង​ជា​ប្រទេស ដែល​មាន​គ្រិះ​សេដ្ឋកិច្ច​ ក្នុង​វិស័យ​កសិកម្ម ​មាន​ទំហំ​ធំ​ជាង​គេ​នៅ​អឺរ៉ុប ​បាន​រៀបចំ​ពិធី​នេះ ​ដើម្បី​តាំង​បង្ហាញ​ផលិតផល ​ក៏​ដូច​ជា​ពូជ​សត្វ​ពាហនៈ ​របស់​ខ្លួន។ ប៉ុន្តែ​ស្ថិត​ក្នុង​បរិបទ ​បច្ចុប្បន្ន​ដែល​កសិករ​បារាំង​ កំពុង​ជួប​នូវ​ការ​លំបាក​ជា​ច្រើន ​ពិធី​តាំង​ពិពណ៌​ឆ្នាំ​នេះ ​ត្រូ​វធ្វើ​ឡើង​ ដោយ​ផ្តោត​សំខាន់​ផង​ដែរ ​ទៅនឹង​បញ្ហា​បំរែប្រួល​អាកាសធាតុ ​ការ​កើនឡើង​កំដៅ​ផែនដី។ បញ្ហា​អាកាសធាតុ​នេះ​ហើយ ដែល​ឆ្នាំ​នេះ ​បារាំង​ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​ដឹកនាំ​ការ​ពិភាក្សា​ វេទិកា​អាកាសធាតុ​ប្រចាំ​ឆ្នាំ ​របស់​អង្គការ​សហប្រជាជាតិ។

ពូជ​គោ​យក​សាច់ ដ៏ល្អ​របស់​បារាំង ដែល​គេ​យក​មក​បង្ហាញ​​នៅ​ក្នុង ​ពិធីពិពណ៌​កសិកម្មប្រចាំឆ្នាំ​២០១៥ នៅក្រុង​ប៉ារីស
ពូជ​គោ​យក​សាច់ ដ៏ល្អ​របស់​បារាំង ដែល​គេ​យក​មក​បង្ហាញ​​នៅ​ក្នុង ​ពិធីពិពណ៌​កសិកម្មប្រចាំឆ្នាំ​២០១៥ នៅក្រុង​ប៉ារីស REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃ សៅរ៍ទី ២១ កុម្ភៈ​នេះ លោក​ប្រធានាធិបតី​បារំាង ហ្រ្វង់ស័រ ហូឡង់​បាន​អញ្ជើញ​ជា​អធិបតី បើក​សម្ភោធ ពិធី​តាំង​ពិពណ៌​កសិកម្ម​ប្រចាំ​ឆ្នាំ​របស់​បារាំង ​នៅ​មជ្ឈមណ្ឌល​តាំង​ពិពណ៌​ក្រុងបារីស។ នេះ​ជា​ពិធី​តាំង​ពិពណ៌​ដ៏ធំ ​ដែល​មាន​ការ​ចូលរួម​ពី​កសិករ និង​ម្ចាស់​កសិដ្ឋាន សហគ្រាស ជាច្រើន​ពាន់​នាក់​។ ពួក​គេ​នាំ​មក​តាំង ​នូវ​ផលិតផល​កសិកម្ម ចំណី​អាហារ​គ្រប់មុខ ​ព្រមទាំង​សត្វ​ពាហនៈ សត្វ​ចិញ្ចឹម​​យក​សាច់ ដូចជា​គោ ​ ជ្រូក ចៀម មាន់ទា ក្ងាន រាប់​ពាន់​ក្បាល​ផងដែរ។ ពិធី​នេះ នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​រយៈពេល ១០ថ្ងៃ ដោយ​មាន​មនុស្សម្នា កកកុញ​ចូល​ទៅ​មើល ជា​ពិសេស គឺ​គេ​នាំ​កូន​ក្មេង​តូចៗ ឲ្យ​ទៅ​ស្គាល់ និង​យល់ដឹង​ អំពី​ការ​ចិញ្ចឹម​សត្វ ព្រម​ទាំង​ការ​ប្រកប​ការងារ​របស់​កសិករ។

 
លោក​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បារាំង Stéphanne Le Foll ក៏​បាន​ធ្វើ​សន្ទរកថា ហើយ​នឹង​បាន​ដេញដោល​ជាមួយ​ ក្រុម​អ្នក​តំណាង​កសិករ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​កសិករ។ សូម​បញ្ជាក់​ថា បារាំង​ជា​ប្រទេស​ស្ថិត​ក្នុង​មហា​គ្រួសារ​សហភាព​អឺរ៉ុប ដូច្នេះ បារំាង​ត្រូវ​គោរព​ បទដ្ឋាន​របស់ គោលនយោបាយ​កសិកម្ម​រួម​របស់​អឺរ៉ុប។ គោល​នយោបាយ​នេះ ​តំរូវ​ឲ្យ​មាន​ចរាចរណ៍​ផលិតផល​កសិកម្ម ដោយ​ស្មើភាព​គ្នា​នៅ​ក្នុង​បណ្តា​ប្រទេស​មាជិក​អឺរ៉ុប។ សហភាព​អឺរ៉ុប ​បាន​ដាក់​នូវ​ការ​ត្រូត​ពិនិត្យ​យ៉ាង​តឹងតែង ទៅ​លើ​តំលៃ​​លក់​ចេញ និង​ចំពោះ​ការ​បង្កាត់​ពូជ​សត្វ​ និង​ដំណាំ ​ផង​ដែរ។
 
វិបត្តិ​សេដ្ឋកិច្ច ព្រមទាំង​ការ​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត ​ក្នុង​សហភាព​អឺរ៉ុប ប៉ុន្មានឆ្នាំ ចុង​ក្រោយ​នេះ ​កសិករ​បារាំង​ ហាក់​ជួប​នូវ​ការ​លំបាក​ជាច្រើន ដោយសារ​តែ​ លក់​បាន​ថោក​ ប៉ុន្តែ​ពន្ធដារ​ចេះ​តែ​ឡើង​ថ្លៃ​ទៅៗ។ ក្រៅ​ពី​បាន​ជជែក​ដេញដោល​គ្នា​ ទាក់ទិន​ទៅ​នឹង គោល​នយោបាយ​កសិកម្ម​រួម​ របស់​អឺរ៉ុប ​លោក​រដ្ឋមន្រ្តី​បាន​ឆ្លៀត​ថ្លែង​បញ្ជាក់​អំពី ​បញ្ហា​ការ​ប្រែប្រួល​អាសាសធាតុ ការ​កើនឡើង​នូវ​កំដៅ​ផែនដី ​ដែល​នេះ​បាន​ប៉ះពាល់​ យ៉ាង​ធ្ងន់​ទៅ​លើ​វិស័យ​កសិកម្ម។ ប្រទេស​បារាំង ដែល​នឹង​ទទួល​រៀបចំ​ដឹកនាំ ការ​ពិភាក្សា​វេទិកា​អាកាសធាតុ​ប្រចាំ​ឆ្នាំ ​របស់​អង្គការ​សហប្រជាជាតិ​ មាន​សង្ឃឹម​យ៉ាងខ្លាំង ថា​នឹង​សម្រេច​ឲ្យបាន​ នូវ​កិច្ច​ព្រមព្រៀង​រួម​មួយ ​ក្នុង​ការ​កាត់​បន្ថយ​ ការ​កើនឡើង​កំដៅ​ផែនដី ​ដែល​បង្ក​ដោយ​ឧស្ម័ន​ពុល។

ជា​ការ​ពិតណាស់ មាន​កត្តា​ពីរដែល យើង​មិន​អាច​កាត់​ផ្តាច់ វិស័យ​កសិកម្ម និង​ការ​ប្រែប្រួល​អាកាសធាតុ។ កត្តា​ទី​មួយ គឺថា វិស័យ​កសិកម្ម​ ជា​វិស័យ​ដែល​ប្រឈមមុខ​ដោយ​ផ្ទាល់​ ជា​មួយ​អាកាសធាតុ។ ដូច្នេះ វិស័យ​នេះ​ត្រូវ​តែ ​ផ្លាស់ប្តូរ និង​អភិវឌ្ឍ​ ទៅ​តាម​បច្ចេកវិទ្យា​ស្រាវជ្រាវ​បច្ចុប្បន្ន ដើម្បី​ធានា​បាន​នូវ​ចំនួន​ផលិតផល​គ្រប់គ្រាន់។ កត្តា​ទី​ពីរ គឺ ថា ​វិស័យ​កសិកម្ម​នេះ​ផ្ទាល់​តែម្តង ដែល​ត្រូវ​មាន​ ការ​ទទួល​ខុស​ត្រូវ ​ក្នុង​ការ​កាត់​បន្ថយ​កំដៅ​ផែនដី។ គួរ​បញ្ជាក់​ផងដែរ​ថា ២១​ភាគរយ នៃ​ឧស្ម័នពុល​ ក្នុង​បរិយាកាស​ ដែល​ជា​មូលហេតុ​ នៃ​ការ​កើនឡើង​កំដៅ​ផែនដី​ គឺ​ចេញ​ពី​វិស័យ​កសិកម្ម ដូច​ជា​សកម្មភាព​​ផ្សេងៗ​ នៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​សត្វ និង ការ​ប្រើប្រាស់​ជី​ ដែល​ផ្សំ​ពី​ជាតិ​អាហ្សូត​ជាដើម។

មាន​ប្រការ​ជាច្រើន​ទៀត​ ដែល​សំខាន់ ក្នុង​ការ​ជំរុញ​ការ​ផលិត និង​លើក​កំពស់​ជីវភាព​របស់​កសិករ។ គឺ​ការ​ជ្រើសរើស​ពូជសត្វ និង​ដំណាំ ឲ្យ​បាន​សមស្រប ​ដែល​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ ពី​អ្នក​បចេ្ចកទេស និង​ការ​ស្រាវជ្រាវ​ច្បាស់លាស់ ​ដោយ​មិនមែន​ចេះតែ​ប្រើប្រាស់ ​ធាតុផ្សំ​គីមី​ ឲ្យ​តែ​បាន​ផលច្រើន ប៉ុន្តែ​ផ្ទុយ​ទៅវិញ វា​បំផ្លាញ​គុណភាព​ដី និង​បង្ក​គ្រោះថា្នក់​ ដល់​សុខភាព​ របស់​អ្នក​បរិភោគ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ