អានតួអត្ថបទ
បារំាង-អាកាសធាតុ

COP២១៖រដ្ឋាភិបាល​បារំាង​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​តាម​ព្រំដែន​រយៈពេល ១ខែ

នៅ​ថ្ងៃ​សុក្រ ទី៦ វិច្ឆិកា ប្រទេស​បារំាង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​រយៈពេល ១ខែ​ក្នុង​ពេល​ដែល​បារំាង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ហៅកាត់​ថា COP២១។ ទីក្រុង​ប៉ារីស​បាន​លើក​ឡើង​ថា វិធានការ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​រយៈពេល ១ខែ​ពី​ថ្ងៃទី១៣ វិច្ឆិកា​ដល់​ថ្ងៃទី១៣ ធ្នូ​ខាង​មុខ​ធ្វើ​ឡើង​ដើម្បី​បង្ការ​ទប់​នឹង​ការ​គំរាមកំហែង​ភេរវនិយម​ជា​យថាហេតុ ឬ​មួយ​ក៏​ហានិភ័យ​ផ្សេងៗ។

លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារំាង Bernard Cazeneuve
លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារំាង Bernard Cazeneuve REUTERS/Regis Duvignau
ផ្សាយពាណិជ្ជកម្ម

វិធានការ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​រយៈពេល ១ខែ​នា​ឱកាស​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារំាង Bernard Cazeneuve។ តែ​លោក Cazeneuve បាន​បញ្ជាក់​ច្បាស់ៗ​ថា វិធានការ​នេះ​មិនមែន​ជា​ការ​ព្យួរ​កិច្ចព្រមព្រៀង Schengen ដែល​បារំាង​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​នោះ​ទេ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា Schengen ឬ​ហៅ​ថា លំហ Schengen គឺ​ជា​កិច្ចព្រមព្រៀង​មួយ​របស់​អឺរ៉ុប​ដែល​សម្រួល​ចរាចរណ៍​ទំនិញ និង​ការ​ធ្វើដំណើរ​របស់​មនុស្ស​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​នៅ​តាមព្រំដែន​រវាង​ប្រទេស​អឺរ៉ុប ២៦។

ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង Schengen ក៏​បាន​អនុញ្ញាត​ឲ្យ​រដ្ឋ​ហត្ថលេខី​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទអន្តរជាតិ​សំខាន់ៗ ដូច​ករណី​បារំាង​ត្រូវ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​នា​ពេល​ខាង​មុខ​មាន​លទ្ធភាព​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ក្នុង​រយៈពេល​កំណត់​មួយ។ កន្លង​មក ប្រទេស​ដាណឺម៉ាក​ក៏​ធ្លាប់​បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​ខ្លួន​ក្នុង​ឆ្នំា ២០០៩ និង​ប្រទេស​ប៉ូឡូញ​ក្នុង​ឆ្នំា ២០១៣ នា​ឱកាស​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ។

យោង​តាម​លោក Bernard Cazeneuve បារំាង​បាន​ជូន​ដំណឹង​នេះ​ដល់​ដៃគូ​របស់​ខ្លួន​តំាង​ពី​ពាក់កណ្តាល​ខែ​តុលា និង​ថា ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​បារំាង​នឹង​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃទី១៣ វិច្ឆិកា​ដល់​ថ្ងៃទី១៣ ធ្នូ​នៅ​ច្រក​ព្រំដែន​សមុទ្រ ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវអយស្ម័យយាន។ សូម​ជម្រាប​ជូន​ថា បារំាង​ក៏​ធ្លាប់​បាន​អនុវត្តន៍​នូវ​វិធានការ​ដូច​គ្នា​នេះ​នា​ឱកាស​ជំនួបកំពូល G៨ ឬ​មួយ​ក៏​ជំនួបកំពូល​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង Strasbourg កាល​ពី​ឆ្នំា ២០០៩។

យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​បារំាង Bernard Cazeneuve បាន​អះអាង​ថា វិធានការ​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ព្រំដែន​រយៈពេល ១ខែ​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​វិបត្តិ​លំហូរ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ដែល​សហភាព​អឺរ៉ុប​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ