អានតួអត្ថបទ
បារាំង

ក្រោយ​រង​ភេរវកម្ម បារាំង​នឹង​សើរើ​ឡើងវិញ​ពី​គម្រោង​កាត់បន្ថយ​ទ័ព

ដោយ​យោង​ទៅលើ​តម្រូវការ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម និង​ដើម្បី​ធានា​ការពារ​សន្តិសុខ​ជូន​ ពលរដ្ឋ​បារាំង លោក​ប្រធានាធិបតី​ ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ថា រដ្ឋាភិបាល នឹង​សើរើ ពិចារណា​ឡើងវិញ ពី​ផែនការ​កាត់បន្ថយ​ចំនួន​កងទ័ព។ លោក​ហ្រ្វង់ស័រ ហូឡង់​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​ឱកាស​លោក​ថ្លែងសារ​ជូនពរ​ប្រចាំឆ្នាំ​ដល់​កងទ័ព​បារាំង ដែល​ធ្វើឡើង នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Charles de Gaulle នៅ​កំពង់ផែ​ក្នុង​ខេត្ត​ទូឡុង ភាគខាងត្បូង​បារំាង។ 

លោក​ប្រធានាធិបតី បារាំង​ក្នុង​ឱកាស​សារជូនពរ​ដល់​កងទ័ព​បារាំង​នៅ​លើ​នាវា​ផ្ទុកយន្តហោះ​ចម្បាំង  Charles De Gaulle ថ្ងៃ​ពុធ​ទី ១៤ មករា
លោក​ប្រធានាធិបតី បារាំង​ក្នុង​ឱកាស​សារជូនពរ​ដល់​កងទ័ព​បារាំង​នៅ​លើ​នាវា​ផ្ទុកយន្តហោះ​ចម្បាំង Charles De Gaulle ថ្ងៃ​ពុធ​ទី ១៤ មករា REUTERS/Anne-Christine Poujoulat/Pool
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​នយោបាយ​រឹតត្បិត​ចំណាយ​សាធារណៈ រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​ស្តីពី​កម្មវិធី​យោធា ដែល​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​ទ័ព ប្រមាណ ៣៣ ៦៧៥ ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៩។ នយោបាយ​នេះ​បាន​ធ្វើ​ឲ្យ​កងទ័ព​បារាំង​មិនសូវ​សប្បាយចិត្ត។ ប៉ុន្តែ នៅក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម កាល​ពី​សប្តាហ៍​មុន ដែល​បាន​សម្លាប់ អ្នកកាសែត ប៉ូលិស និង​ជនជាតិ​ជ្វីហ្វ ១៧​នាក់ ប្រមុខ​រដ្ឋាភិបាល​បាន​កែប្រែ​កម្មវិធី​នយោបាយ​របស់ខ្លួន​វិញ។

 
កាលពីថ្ងៃ​ពុធ​ម្សិលមិញ តាំងពីនៅលើ​នាវា​ដឹកយន្តហោះ​ Charles de Gaulle លោក​ប្រធានាធិបតី​បារាំង​បាន​ថ្លែងថា រដ្ឋាភិបាល​នឹង​ពិចារណា​​ឡើងវិញ​លើ​រឿង​កាត់បន្ថយ​ចំនួន​ទ័ព ដែល​នឹង​ធ្វើនៅ​ក្នុង​រយៈពេល​៣​ឆ្នាំ ទៅមុខ ពោល​គឺ​ធ្វើយ៉ាងណា​ឲ្យ​បារាំង​មាន​ចំនួន​ទ័ព​គ្រប់គ្រាន់ ទៅ​តាម​តម្រូវការ ចាំបាច់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

លោកប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​ផងដែរថា ថវិកា​កងទ័ព​ប្រចាំឆ្នាំ ប្រមាណ ៣១ពាន់​៤​រយ​លាន​នឹង​មិនត្រូវ​ប៉ះពាល់ រហូត​ដល់​ឆ្នាំ ២០១៦​ខាងមុខ។ នៅក្នុង​ទិសដៅ​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម ក្រៅតែ​ពី​ពង្រាយ​ទ័ព​យ៉ាង​សន្ធឹកសន្ធាប់​១ម៉ឺន ៥រយនាក់ នៅ​លើ​ទឹកដី​បារំាង​ហើយនោះ រដ្ឋាភិបាល​បារាំង​បាន​សម្រេច​បញ្ជូន​ Charles de Gaulle នាវា​ចម្បាំង ដ៏​មហិមា​របស់​បារាំង ទៅ​អ៊ីរ៉ាក់។ នាវា​ផ្ទុកយន្តហោះ​ចម្បាំង Charles de Gaulle ដែល​ឆ្លងកាត់​តាម​ឈូង​សមុទ្រ​ពែរ្ស នឹង​ទៅជួយ​ពង្រឹង​ប្រតិបត្តិការ​របស់​យន្តហោះ​ចម្បាំង​របស់​បារាំង​ដែល​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត រដ្ឋអ៊ីស្លាម នៅ​អ៊ីរ៉ាក់។

“បច្ចុប្បន្ន ស្ថានការណ៍​ដែល​កំពុង​កើតមាន​ នៅ​តំបន់​ដើមបូព៌ា​ជា​ ហេតុផល​ដែល​ធ្វើ​នាវា​Charles de Gaulle ត្រូវ​តែ​បោះយុថ្កា មាន​វត្តមាន​នៅ​ទីនោះ។ Charles de Gaulle នឹង​ជួយ​ផ្តល់​គ្រប់​មធ្យោបាយ ទៅតាម​ស្ថានការណ៍តម្រូវ ដែល​អាច​តានតឹង​ខ្លាំង។” ​នេះ​ជា​ប្រសាសន៍​របស់លោក​ប្រធានាធិបតី​បារាំង នៅមុន​ពេល​លោក​ចូលរួម​ជូនដំណើរ​Charles de Gaulle ដែល​ត្រូវ​បំពេញ​បេសកកម្ម​រយៈពេល​៥​ខែ នៅ​មហាសមុទ្រ​ឥណ្ឌា។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​អង្គារទី ១៣​មករា គឺ​នៅ​៦ថ្ងៃ​ក្រោយ​អំពើភេរវកម្ម​វាយប្រហារ​ទៅលើ​អ្នកកាសែត ប៉ូលិស និង​ជនជាតិ​ជ្វីហ្វ ក្នុង​ក្រុង​ប៉ារីស សភា​ទាំងពីរ​ជាន់ថ្នាក់​របស់​បារាំង​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ បើក​ភ្លើង​ខៀវ​ឲ្យ​បារាំង​បន្ត​បេសកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ