អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាល្លឺម៉ង់​តក់ស្លុត ក្រោយ​អំពើ​បាញ់រះ​សម្លាប់​មនុស្ស​ នៅ​ក្រុង​មុយនិច

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​ដល់​មួយ​សប្តាហ៍ផង​ ក្រោយ​ហេតុការណ៍​ភេរវកម្ម​បង្ករ​របួសស្នាម​នឹង​កាំបិត ​ទៅ​លើ​អ្នក​ទេសចរណ៍​នៅក្នុង​រថភ្លើង ​ប្រទេស​អាល្លឺម៉ង់ ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​តក់ស្លុត​សាជាថ្មី ​ ដោយ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ មាន​យុវជន​ម្នាក់​បាន​បង្ករ​ការ​បាញ់រះ ​នៅ​ក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត ​ក្នុង​ទីក្រុង​មុយនិច ​ ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​៩នាក់។ យ៉ាងណា​ក៏ដោយ ​មក​ត្រឹម​ពេល​នេះ គេ​នៅ​មិនទាន់​មាន​អ្វី​សំអាង​ថា ​អំពើ​បាញ់រះ​នេះ ​គឺ​ជា​អំពើ​ភេរវកម្ម ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ជ្រុលនិយម​ជីហាដ​អ៊ីស្លាម ​រឺ​មួយ​ក៏​គ្រាន់តែ​ជា​អំពើ​របស់​មនុស្ស​វិកលចរិក​ម្នាក់ ​​នោះទេ។

នគរបាល​បង្រ្កាប​​អំពើ​ភេរវកម្ម​​អាល្លឺម៉ង់ ​នៅ​ក្បែរ​ផ្សារ​ទំនើប​Olympia ក្រុង Munich ល្ងាច​​ថ្ងៃ​សុក្រ​ទី​២២​កក្កដា ២០១៦
នគរបាល​បង្រ្កាប​​អំពើ​ភេរវកម្ម​​អាល្លឺម៉ង់ ​នៅ​ក្បែរ​ផ្សារ​ទំនើប​Olympia ក្រុង Munich ល្ងាច​​ថ្ងៃ​សុក្រ​ទី​២២​កក្កដា ២០១៦ Matthias Balk / dpa / AFP
ផ្សាយពាណិជ្ជកម្ម

ជនដៃ​ដល់​បាញ់​សម្លាប់​ខ្លួនឯង ​បន្ទាប់​ពី​បាន​បាញ់​សម្លាប់​មនុស្ស​៩នាក់ ៖

ការបាញ់រះ​បាន​កើត​ឡើង​នៅ​ទីក្រុង​មុយនិច ​ក្នុង​ផ្សារ​ទំនើប​មួយ​ឈ្មោះថា​ Olympia ​ដែល​ជា​ផ្សារ​ទំនើប​ធំជាង​គេ​បង្អស់ ​នៅក្នុង​តំបន់​ Bavière ​ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។ យោង​តាម​ព័ត៌មាន​លំអិត ​ ដែលផ្តល់​ឲ្យ​ដោយ​សន្និសីទ​កាសែត ​របស់​នគរបាល​អាល្លឺម៉ង់ ​កាល​ពី​យប់​ថ្ងៃសុក្រ​ បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥ និង​៥២នាទី​ល្ងាច​ថ្ងៃ​សុក្រ ​ទី ​២២​ កក្កដា ​ដោយ​មនុស្ស​ប្រុសម្នាក់​ បាន​យក​កាំភ្លើង​ខ្លី​ បាញ់​ជាច្រើន​គ្រាប់​នៅ​ក្នុង​ភោជនីយដ្ឋាន ​McDonald’s ​ដែល​នៅ​ខាង​ក្រៅ​ផ្សារ​ទំនើប។ បន្ទាប់ពី​បាន​បាញ់​រះជា​ច្រើន​គ្រាប់​រួច​ហើយ ​ទើប​ជន​ដៃដល់ ​បាន​រត់​ចូល​ទៅ​ខាង​ក្នុង​ ហើយ​បាញ់​ជាច្រើន​គ្រាប់​នៅ​ទីនោះ​ទៀត។

គិត​មក​ត្រឹម​ពេលនេះ ​គឺ​មាន​អ្នក​ស្លាប់​ចំនួន​៩នាក់ ​ និង​របួស​១៦​នាក់។ ទាំង​អ្នក​ស្លាប់ ​ទាំង​ក្នុង​ចំណោម​អ្នក​របួស ​គឺមាន​ក្មេង​ច្រើន​នាក់​ណាស់។ មនុស្សម្នា​បាន​រត់​ផ្អើល​ឈូរឆ ​ចេញ​មក​ខាង​ក្រៅ​អាគារ។ តាមធម្មតា​ រសៀល​ថ្ងៃ​សុក្រ ​គឺ​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចេញ​ដើរ​នៅ​ទីនោះ ​ ហើយ​ម្យ៉ាងទៀត​ ថ្ងៃ​សុក្រ​ម្សិលមិញ​ទី​២២​កក្កដា ​ គឺជា​ថ្ងៃ​បុណ្យ​ស្រាបៀរ ​ ដែល​ជា​ប្រពៃណី​របស់​ទីក្រុង​ មុយនិច ​ដូច្នេះ ​គឺមាន​មនុស្ស​ច្រើន​កុះករ​ នៅតាម​ទី​ប្រជុំ​ជន​នានា។

ពេល​ដែល​បាន​ឮ​សម្លេង​កាំភ្លើង​ភ្លាម ​ នគរបាល​អាល្លឺម៉ង់ ​ដែល​នៅ​ក្បែរ​នោះ ​ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ព្យាយាម​បាញ់​តបត​វិញ​ ជាច្រើន​គ្រាប់។ ក្រោយមក​ជន​ដៃដល់​បាន​រត់​គេច​ខ្លួន ​ រហូតទាល់តែ​ម៉ោង​ប្រហែល​ជា ​៨និង​៣០​នាទី​យប់ ​ទើប​គេ​ឃើញ​ជននោះ ​ដេក​ស្លាប់​នៅ​តាម​ផ្លូវ​ ចំងាយ​ប្រហែល​១គីឡូម៉ែត្រ​ ពី​ផ្សារ​ទំនើប​នោះ។ ជន​ដៃដល់ ​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​មួយ​គ្រាប់​ បាញ់​ទម្លុះ​ក្បាល ​ដែល​តាម​ការ​ស្មាន​របស់​អាជ្ញាធរ​អាល្លឺម៉ង់ ​គឺ​ជនដៃដល់ ​ប្រហែល​ជា​បាន​បាញ់​សម្លាប់​ខ្លួន​ឯង។

ជនដៃដល់​ ធ្លាប់​មាន​បញ្ហា​ផ្លូវចិត្ត​ ហើយ​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង៖
ឃាតករ​ ​គឺ​ជា​យុវជន​ភេទ​ប្រុស ​អាយុ​១៨ឆ្នាំ ​មាន​សញ្ជាតិ​អាល្លឺម៉ង់ ​ផង​ សញ្ជាតិ​អ៊ីរ៉ង់​ផង។ តាម​ការបញ្ជាក់ ​ជននេះ​ រស់​នៅ​ជាមួយ​ឪពុកម្តាយ ​ដែល​ជា​ជនជាតិ​អ៊ីរ៉ង់​ ក្នុង​ទីក្រុង​មុយនិច​នេះ​តែម្តង។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​ក្រុម​ស៊ើប​អង្កេត ​ បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ជន​ដៃដល់ ​ហើយ​កំពុង​សួរនាំ​អ្នក​ជិតខាង​អំពី​ព័ត៌មាន​នានា ​ទាក់ទិន​នឹង​បុគ្គលិក​លក្ខណៈ​របស់​ជន​ដៃដល់។
 

នគរបាល​កំពុង​​ជម្លាស​​មនុស្ស​​ចេញពី​ផ្សារទំនើប​ ដែល​ជាកន្លែង​កើតហេតុ
នគរបាល​កំពុង​​ជម្លាស​​មនុស្ស​​ចេញពី​ផ្សារទំនើប​ ដែល​ជាកន្លែង​កើតហេតុ AFP

ពេលកំពុង​កើតហេតុ​ នៅ​ពេល​ដែល​មនុស្ស​ផ្អើល​ឈូរឆ ​ មាន​សាក្សី​ខ្លះ ​បាន​និយាយ​ថា​ជន​ដៃដល់ ​មានគ្នា​ច្រើន​ទៀត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ មាន​ការ​សង្ស័យ​ជា​ខ្លាំង​ថា ​ពិត​ជា​ក្រុម​ភេរវកម្ម។ ក៏ប៉ុន្តែ​ឆ្លង​កាត់​ការ​វិភាគ​លម្អិត ​នគរបាល​អាល្លឺម៉ង់ ​បាន​សន្និដ្ឋាន​ថា ​ជនដៃដល់ ​មក​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង​ទេ ​ពុំមាន​គ្នា​បក្សពួក​ផ្សេង​ទេ។ ដោយឡែក​នគរបាល​កំពុង​តែ​ពិនិត្យ​មើល​រូបភាព​ថតបាន ​ដោយ​កាម៉េរ៉ា​សុវត្ថិភាព ​ដែល​បង្ហាញ​ថា ​មុនពេល​កើត​ហេតុ​ផ្ទុះ​អាវុធ​ ឃាតករ​មាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយ​មនុស្ស​ម្នាក់ ​នៅ​ទីនោះ ​ដោយ​មាន​ការ​ស្រែក​ជេរ​ដៀលត្មិះ​ជា​លក្ខណៈ​រើសអើង ​ប្រកាន់​ពូជ​សាសន៍។

នគរបាល​អាល្លឺម៉ង់​បញ្ជាក់​ថា​ ជន​ដៃដល់ ​ធ្លាប់​មាន​ជំងឺ​ម្យ៉ាង ​ដែល​ជា​ប្រភេទ​ជំងឺ​ផ្លូវចិត្ត។ ក៏​ប៉ុន្តែ​ខាងនគរបាល ​សំណូមពរ​ឲ្យ​ប្រយត្ន័​ប្រយែង ​ ព្រោះ​គេ​ត្រូវ​ការ​ស្រាវជា្រវ​បន្ត​ទៀត ​ថា​ជននេះ​មាន​ជំងឺ​ផ្លូវចិត្ត​ធ្ងន់​ធ្ងរ​កម្រិត​ណា ​ហើយ​ថា​តើ​បាន​ជា​សះស្បើយ ​ ​រឺមួយ​ក៏​កំពុង​តែ​ប្រើ​ថ្នាំ​ព្យាបាល​នៅឡើយ ​ក្នុង​ពេល​ដែល​ធ្វើ​អំពើ​ឃាតកម្ម​នេះ។

មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​ជា​អំពើ​ភេរវកម្ម៖
សម្រាប់​ពេល​នេះ ​ក្រុម​ស៊ើប​អង្កេត​អាល្លឺម៉ង់​ បាន​ប្រកាស​ថា ​គេ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​អ្វី​ទាំងអស់ ​ថា​តើ​ជន​នេះ​បាន​ទទួល​ឥទ្ធិពល ​រឺ​ការ​បញ្ជារ​ពី​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ រឺ​យ៉ាងណា​ទេ។ ជននេះ​អាច​គ្រាន់​តែ​ជា​ជន​វិកលចរិក​ ដែល​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់​ឯង ​ក៏​អាច​ថា​បាន។ ហើយ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ក៏​មិន​ទាន់​បាន​ប្រកាស​ថា​​វា​ជា​ស្នាដៃ​របស់​ជន​ជីហាដ​គ្នា​វា​ដែរ។ ពោលគឺ​វា​ខុស​ពី​ករណី​ វាយប្រហារ​ដោយ​កាំបិត​ និង​ពូថៅ ​ដែល​បាន​កើតឡើង​កាល​ពី​៥​ថ្ងៃ​មុន​នេះ ​នៅ​ក្នុង​រថភ្លើង​មួយខ្សែ​នៅ​អាល្លឺម៉ង់ ​ ដែល​ករណីនេះ​ ត្រូវ​បាន​ក្រុម​ជីហាដ​ចេញ​មុខ​មក​ទទួល​ថា​ជា​ស្នាដៃ​របស់​កូន​ចៅ​វា។

ក៏ប៉ុន្តែថ្វី​បើ​ពុំទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា ​ វា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​ពួក​ជីហាដ​អ៊ីស្លាមក្តី​​ ​តែអាជ្ញាធរ​អាល្លឺម៉ង់ ​បាន​ចាត់​វិធានការ​តឹងរឹង​បំផុត ​ប្រៀប​បាន​ដូច​ជា​ករណី​ភេវកម្ម​អញ្ចឹង​ដែរ។ ជាក់ស្តែង​កាល​ពី​យប់​​ ក្រោយ​កើតហេតុ​ភ្លាម​ កម្លាំង​នគរបាល​ប្រហែល​២៣០០​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ ​ហើយ​ចរាចរណ៍​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ​ត្រូវ​បាន​ផ្អាក​ផងដែរ។

អាល្លឺម៉ង់ភ័យ​ស្លន់ស្លោ ​ខ្លាច​ថា​ដល់​វេនខ្លួន​ ដែល​រងគ្រោះ​ភេរវកម្ម៖

នគរបាល​កំពុងពិនិត្យច្រក​ចេញ​ចូល​រថភ្លើង​​ក្រោម​​ដី ក្នុង​​ក្រុង​​មុយនិច មួយថ្ងៃ​ក្រោយ​ការ​​បាញ់​​ប្រហារ
នគរបាល​កំពុងពិនិត្យច្រក​ចេញ​ចូល​រថភ្លើង​​ក្រោម​​ដី ក្នុង​​ក្រុង​​មុយនិច មួយថ្ងៃ​ក្រោយ​ការ​​បាញ់​​ប្រហារ AFP

ស្ថិត​ក្នុង​កាលៈទេសៈ​បែបនេះ ​គេ​មិន​អាច​ប្រហែស​បានទេ។ ទីក្រុង​មុយនិច​ទាំងមូល​ កំពុង​ស្ថិត​ក្នុង​ការ​យាមកាម​សន្តិសុខ​យ៉ាង​តឹងតែង ​ ដោយ​មាន​កម្លាំង​នគរបាល ​យាម​ការពារ។ ផ្លូវ​ធំៗ​មួយ​ចំនួន​ត្រូវ​បាន​បិទ ​ ហើយ​ឧត្ថម្ភាគចក្រ ​ជាច្រើន​គ្រឿង ​ ក៏ហោះ​ក្រវែល​ពី​ខាង​លើ​ដែរ។ អាជ្ញាធរ​អាល្លឺម៉ង់ ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​សំងំ​នៅ​ក្នុង​ផ្ទះ ​កុំទៅ​កន្លែង​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន។

នៅ​ព្រឹក​ថ្ងៃសៅរ៍​ លោកស្រី ​អង់ហ្គេឡា មែគែល​ ព្រម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ក្រសួង​មហាផ្ទៃ ​កំពុង​ជួប​ប្រជុំ​គ្នា​ជាមួយ​ក្រុម​ប្រឹក្សា​ជាតិ​សន្តិសុខ​ ដើម្បី​ចាត់​វិធានាការ​ក្នុង​ករណី​ដែល​អំពើ​នេះ ​ជា​អំពើ​ភេរវកម្ម។

ខុសពី​បារាំង​ដែល​ធ្លាប់​ឆ្លង​កាត់​បទ​ពិសោធន៍ ​នេះ​ជា​ស្ថានភាព​ថ្មី​សម្រាប់​ប្រជាជន​អាល្លឺម៉ង់ ​ ដែល​កន្លងមក​តែងតែ​គិត​ថា​ប្រទេស​ខ្លួន ​នឹង​មិន​រងគ្រោះ​ដោយ​អំពើ​ឃាតកម្ម​បែប​នេះ​ទេ។ បញ្ហា​នេះ​បាន​បង្ករ​ឲ្យមាន​ការ​ភ័យខ្លាច​ខ្លាំង ​ ហើយ​ទៅ​ជា​ការ​ផ្អើល​ផ្តេសផ្តាស ​ដោយ​គ្មាន​ហេតុផល ​ជា​ពិសេស ​នៅ​តាម​បណ្តាញ​សង្គម ​ដូចជា​Facebook ​ជាដើម។ មាន​មនុស្សខ្លះ​បាន​ចែកចាយ​ រូបភាព​អកុសល​នានា ​ថា​ជា​រូបភាព​នៃ​ការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃសុក្រ​ តែ​ការពិត​សុទ្ធ​ជា​រូបភាព​ចាស់ៗ ​ដែល​កើតឡើង​នៅ​ប្រទេស​ផ្សេង។

 
ដោយឡែក ​ លោក​ប្រធានាធិបតី​បារាំង ​ បាន​ផ្ញើរ​សារ​រំលែក​ទុក្ខ​ទៅកាន់​លោក​ស្រី​អង់ហ្គេឡា ​មែគែល ​ដោយ​បាន​ចាត់​ទុក​ករណី​បាញ់​រះ​នេះ​ ​ជា​អំពើ​ភេរវកម្ម​របស់​ពួក​អ៊ីស្លាម ​ជ្រុល​និយម។ ដូចគ្នា​ដែរ​ លោក​បារ៉ាក់ អូបាម៉ា ​បាន​សន្យា​ជួយ​អាល្លឺម៉ង់ ​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម ​បើ​សិន​ជា​អាល្លឺម៉ង់​ត្រូវការ។ រីឯ​រដ្ឋា​ភិបាល​អ៊ីរ៉ង់ ​បាន​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​អំពើ​ឃាតកម្ម​នេះ ​ដែល​បង្ករ​ឡើង​ដោយ​ជនជាតិ​របស់​ខ្លួន ​ ទោះ​វា​ត្រូវ​បាន​ធ្វើ​ក្រោម​ហេតុផល​អ្វី​ក៏​ដោយ។

បើសិន​ ជា​គេ​រកឃើញ​ថា ​អំពើ​នេះ ​ពិត​ជា​ធ្វើឡើង​ដោយ​ពួក​ជ្រុលនិយម​អ៊ីស្លាម ​នោះ​គឺ​មាន​ន័យ​ថា ​អាល្លឺម៉ង់ ​លែង​នៅ​បាន​សុខ​ដូច​មុន​ទៀត​ហើយ។ មិនមែន​មាន​តែ​បារាំង ​និង​ប៊ែលហ្សិក​ទេ ​ដែល​រងគ្រោះ ​ពោលគឺ​អំពើ​ភេរវកម្ម​អ៊ីស្លាម ​កំពុង​ទន្រ្ទាន​យាយី​អឺរ៉ុប​ទាំងមូល ​ជា​ពិសេស ​គឺ​ប្រទេស​ធំៗ ​ដែល​ជា​ក្បាល​ម៉ាស៊ីន​របស់​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ