ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អឺរ៉ុប

ការស៊ើប​អង្កេត​គ្មាន​ពន្លឺ ៣ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​អ្នក​កាសែត​បារាំង​RFI​ នៅ​ម៉ាលី

media  
លោកស្រី Ghislaine Dupont ​និងលោក​ Claude Verlon​ អ្នកកាសែត​វិទ្យុ​បារាំងអន្តរជាតិ​RFI ដែលគេសំលាប់​នៅ​ម៉ាលី ថ្ងៃទី​២ វិច្ឆិកា​២០១៣ Radio France International

ថ្ងៃទី២ ​វិច្ឆិកា ​គឺជា​ទិវា​សកលលោក​ប្រឆាំង​នឹង​និទណ្ឌភាព ​នៃ​អំពើ​ឧក្រិដ្ឋ​ ទៅលើ​អ្នក​សារព័ត៌មាន។ អ្នកសារព័ត៌​មាន ​ដែល​មាន​តួនាទី​សរសេរ​ពាំនាំ​ការពិត​ តែងតែ​យក​អាយុ​ជីវិត​ទៅ​ប្តូរ ​ជា​ពិសេស​នៅ​តាម​ប្រទេស​ដែល​ដឹកនាំ​ដោយ​របប​ផ្តាច់ការ ​រឺ​តំបន់​ដែល​មាន​សង្រ្គាម។ ថ្ងៃ​ទី​២​វិច្ឆិកា​នេះ​ដែរ ​ កាល​ពី​៣​ឆ្នាំ​មុន ​អ្នក​កាសែត​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ ពីររូប ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ប្រទេស​ម៉ាលី ​ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ចុះ​យក​ព័ត៌មាន ​ក្នុង​ពេល​បោះឆ្នោត​សភា។ រហូត​មកដល់​ពេល​នេះ​ ការ​ស៊ើប​អង្កេត​ស្តីពី​ឃាតកម្ម​នេះ ​ហាក់​គ្មាន​ពន្លឺ​អ្វី​ទាល់​តែ​សោះ ​ហើយ​គេ​កំពុង​អស់​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​បារាំង​ ដែល​ហាក់​កំពុង​លាក់​លៀម​ការពិត។

ថ្ងៃទី២​ វិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​តំបន់​Kidal​ ប្រទេស​ម៉ាលី ​ អ្នក​កាសែត​បារាំង​ពីររូប ​ ដែល​ជា​បុគ្គលិក​នៃ​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ ​គឺ​លោកស្រី​ Ghislaine Dupont ​និង​លោក​ Claude Verlon  ​ត្រូវ​បាន​គេ​ធ្វើ​ឃាត។ អ្នក​កាសែត​ទាំងពីរ ​បាន​ធ្វើ​ដំណើរទៅ​ប្រទេស​ម៉ាលី ​ដើម្បី​ចុះ​ធ្វើ​ព័ត៌មាន​ជាក់ស្តែង ​ស្តីពី​ការ​បោះឆ្នោត​សភា។ រហូត​មក​ដល់​ពេល​នេះ ​គេគ្រាន់​តែ​ដឹង​ថា ​អ្នក​កាសែត​ទាំងពីរ​រូប ​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ជីហាដ​អ៊ីស្លាម ​អាល់កាយដា ​នៅ​តំបន់​ម៉ាហ្រ្គេប(Amiq)។ ក៏ប៉ុន្តែ​ ​គេ​គ្មាន​បាន​ដឹង​ដំណឹង​អ្វី​ទាំងអស់​ ទាក់ទិន​នឹង​ដំណើរ​នៃ​ការ​ចាប់​អ្នក​កាសែត​ទាំងពីរ​ មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្លាប់។ ជាង​នេះ​ទៅ​ទៀត ​ ការ​ស៊ើប​អង្កេត ​ហាក់​នៅ​នឹង​មួយ​កន្លែង​ ហើយ​រហូត​មក​ទល់​ពេល​នេះ ​គ្មាន​ជន​ដៃដល់ ​រឺ​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួនឡើយ។

 
សមាគម​មិត្ត​អ្នក​កាសែត​ទាំងពីរ​រូប ​បាន​បញ្ជាក់ថា​ពួក​គេ​អស់​សង្ឃឹម​ណាស់ ​ដោយ​ឃើញ​រដ្ឋាភិបាល ​បិទមាត់​ជិត​លែង​និយាយ​ស្តី​អ្វី​ទាំងអស់។ ពួកគេ​យល់​ថា ​រដ្ឋាភិបាល​បារាំង​ ហាក់​កំពុង​លាក់លៀម​អ្វី​ម្យ៉ាង ​មិន​ចង់​ឲ្យ​គេ​ដឹង​ស្តី​ពី​ហេតុការណ៍​ឃាតកម្ម​នេះ។ ពេល​វេលា​ដើរ​ទៅ​មុខ​ រដ្ឋាភិបាល​ហាក់​បាន​ភ្លេច​ការ​សន្យា​របស់​ខ្លួន ​ទុក​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ ​នៅ​តែ​មាន​ចម្ងល់ ​មិន​អាច​កាត់​ចិត្ត​ធ្វើ​អហោសិកម្ម​បាន។

លោកស្រី​Marie Solange Poinsot ​អាយុ​៨៩ឆ្នាំ​ ត្រូវ​ជា​ម្តាយ​របស់​លោកស្រី ​Ghislaine Dupont ​ដែល​ត្រូវ​គេ​សម្លាប់​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៣ឆ្នាំ​មកនេះ ​គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​លោកស្រី​បាន​ទេ ​ថា​នរណា​ជាអ្នក​សម្លាប់​កូនស្រី​គាត់ ​ហើយ​សម្លាប់​ដោយ​របៀប​ណា។ ពេល​ខ្លះ​គាត់​សឹង​តែ​គិត​ថា ​គឺ​ទាហាន​បារាំង​ ដែល​បំពេញ​បេសកកម្ម​នៅ​ម៉ាលី​ទេ ​ដែល​ជា​អ្នក​បាញ់​សម្លាប់​កូនស្រី​គាត់ ​ដោយ​អចេតនា។ លោកស្រី​យល់​ថា ​ក្រសួង​ការពារ​ជាតិ​បារាំង ​ហាក់​កំពុង​លាក់​បាំង​ការពិត​អ្វីមួយ ​ បណ្តោយ​ឲ្យ​ពេល​វេលា​ដើរ​ទៅ​មុខ ​ដើម្បី​​ឲ្យ​អ្នក​ពាក់ព័ន្ធ​បំភ្លេច​ចោល។ តែ​លោកស្រី​មិន​អាច​ភ្លេច​បាន​ទេ ​ព្រោះ​លោកស្រី​ត្រូវការ​ដឹង​ការ​ពិត ​មុន​នឹង​បិទ​ភ្នែក​ស្លាប់។

សូម​បញ្ជាក់​ថា ​ក្នុង​ពេល​កើត​ហេតុ​ក្នុង​ឆ្នាំ​២០១៣ ​ ទាហាន​បារាំង​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ម៉ាលី ​ដើម្បី​បោស​សម្អាត​បណ្តាញ​ឧទ្ទាម​ជីហាត​អ៊ីស្លាម។ ក្នុង​ពេល​នោះ ​ ចំណាប់​ខ្មាំង​ជនជាតិ​បារាំង​៥រូប​ កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​ជីហាត​អាល់​កាយដា​ម៉ាហ្រ្គេប។ ទាហាន​បារាំង​បាន​ធ្វើ​បេសកកម្ម​រំដោះ​ចំណាប់​ខ្មាំង​បាន​៤នាក់ ​នៅ​ថ្ងៃ​ទី២៩ ​តុលា ​ឆ្នាំ​២០១៣ ​ពោល​គឺ​៤​ថ្ងៃ​មុន​ការ​ធ្វើ​ឃាត​អ្នក​កាសែត​ទាំង​ពីរ។ គេ​មិន​ទាន់​ដឹង​ថា​ការ​រំដោះ​ចំណាប់​ខ្មាំង​ទាំង​៤​នេះ ​រដ្ឋាភិបាល​បារាំង ​បាន​ចំណាយ​ប្រាក់​ថ្នូរ​ប៉ុន្មាន​នោះទេ ​ ហើយ​គេ​ក៏​មិន​ដឹង​ថា​អ្នក​ណាជា​អ្នក​ដើរ​តួ​ចរចា​ រវាង​ទាហាន​បារាំង ​និង​ក្រុម​ជីហាត​ដែរ។ ថ្ងៃ​ទី​៧​វិច្ឆិកា ​២០១៣ ​លោក​ហ្រ្វង់ស័រ ហូឡង់​ខ្លួនឯង​ជា​អ្នក​និយាយ​ថា ​ក្រុម​ជីហាត​ដែល​ចាប់​ចំណាប់​ខ្មាំង ​គឺ​ជា​ក្រុម​តែ​មួយ​ដែល​សម្លាប់​អ្នក​កាសែត​ទាំងពីរ។

មាន​ចំងល់​ជាច្រើន ​ស្តី​ពី​ទំនាក់​ទំនង​រវាង​ហេតុការណ៍​ទាំងពីរ​នេះ ​ព្រោះ​វា​បាន​កើតឡើង​នៅ​តំបន់​តែមួយ​​ ហើយ​ខុស​គ្នា​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ។ តើអាច​ដែរ​រឺ​ទេ ​ដែរ​ថា​ក្រុម​ជីហាត​មិន​បាន​ទទួល​ប្រាក់​ថ្នូរ​ពី​ទាហាន​បារាំង​ ហើយ​បាន​ធ្វើ​ការ​សងសឹក​ ដោយ​សម្លាប់​អ្នក​កាសែត​ទាំងពីរ? ការពិត​យ៉ាងណា ​មាន​តែ​ក្រសួង​ការពារ​ជាតិ​បារាំង​តែ​ប៉ុណ្ណោះ ​ដែល​អាច​ប្រាប់​បាន​ ព្រោះ​ទាហាន​បារាំង ​ជាអ្នក​មាន​វត្តមាន​នៅ​ទីនោះ។

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ