អានតួអត្ថបទ
ក្រិក-សហភាពអឺរ៉ុប

តើក្រិក និង​សហភាព​អឺរ៉ុប​អាច​រួមគ្នា ទម្លុះ​ភាពទ័លច្រក បាន​ដែរឬទេ ?

នៅថ្ងៃ​សុក្រ​ទី ២០ កុម្ភៈ នៅទីក្រុង​ព្រុចស៊ែល បណ្តា​ប្រទេស​ចាយប្រាក់​អឺរ៉ូ​ត្រូវ​ជួប​ប្រជុំ​គ្នា តទល់​​គ្នា ជា​លើក​ទីបី ជាមួយ​ក្រិក ដើម្បី​រក​ឃើញ ច្រកចេញ ឬ​កិច្ចព្រមព្រៀង​មួយ​ដែល​ភាគី​ទាំងពីរ​អាច​ទទួល​យក​បាន។ ក្រិក និង​តំបន់​ចាយប្រាក់អឺរ៉ូ​ធ្លាប់​បាន​ចរចា​គ្នា​ពីរលើក​មកហើយ ប៉ុន្តែ បរាជ័យ​រហូត ដោយសារ​តែ​អឺរ៉ុប​ទាមទារ​ឲ្យ​ក្រិក​គោរព​កិច្ចព្រមព្រៀង គឺ​បន្ត​នយោបាយ​រឹតត្បិត​ថវិកា បើសិន​ជា​ចង់​បន្ត​ខ្ចីលុយ​ពី​អឺរ៉ុប។ ចំណែក​រដ្ឋាភិបាល​ថ្មី​របស់​ក្រិក ដែល​ទើប​ជាប់ឆ្នោត លែង​ចង់​បាន​ជំនួយ​បង្កប់​ដោយ​លក្ខខណ្ឌ​តទៅទៀត។ ក្រិក​នឹង​ប្រឈម​ការខ្វះ​ថវិកា​សម្រាប់​ចំណាយ​ បើសិន​ក្រិក​មិន​អាច​​រក​កិច្ចព្រមព្រៀង​ជាមួយ​សហភាពអឺរ៉ុប។

ទង់ជាតិ​ក្រិក​ និង​អឺរ៉ុប នៅ​មុខ​ស្ថានទូត​ក្រិក ក្នុង​ទីក្រុង​ព្រុចសែល ថ្ងៃ​ទី ២០​កុម្ភៈ
ទង់ជាតិ​ក្រិក​ និង​អឺរ៉ុប នៅ​មុខ​ស្ថានទូត​ក្រិក ក្នុង​ទីក្រុង​ព្រុចសែល ថ្ងៃ​ទី ២០​កុម្ភៈ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ឈ្នះឆ្នោត ចូលដឹកនាំ​ប្រទេស​ក្រិក រដ្ឋាភិបាល​សង្គមនិយម​របស់​លោក​នាយករដ្ឋមន្រ្តី អាឡិចស៊ីស ស៊ីប្រាស បាន​ព្យាយាម​ចរចា ជាច្រើន​លើក ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​និយាយ​ពី​របៀបវារៈ ខ្ចី និង​សង​បំណុល​ដែល​ក្រិក​បាន​ទទួល​ពី​សហភាព​អឺរ៉ុប កាលពី​ឆ្នាំ ២០១២។ ដំបូងឡើយ ក្រិក​បានសុំ​ឲ្យ​គេ​លុបចោល​បំណុល​ក្រិក​ទាំងស្រុង។ ការលុបចោល​ទាំងស្រុង បំណុល​របស់​ក្រិក ជា​រឿង​ដែល​ម្ចាស់​បំណុល ជាពិសេស ក្រុមប្រទេស​ចាយប្រាក់​អឺរ៉ូ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ មិនអាច​ទទួល​យកបាន។ ដោយ​មើលឃើញ​ថា សំណើ​របស់ខ្លួន​ត្រូវ​ទាត់ចោល​ភ្លាមៗ ក្រិក​បាន​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត ដោយ​បាន​គំរាម ថា ក្រិក​នឹង​បន្ត​កម្មវិធី​ខ្ចីលុយ ដែល​មាន​បង្កប់​ដោយ​លក្ខខណ្ឌ ដែល​ទាមទារ​ឲ្យ​ក្រិក​អនុវត្ត​នយោបាយ​រឹតត្បិត​ថវិកា​ទៀតនោះទេ។ បើក្រិក​មិន​បន្ត​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ ជាមួយ​សហភាព អឺរ៉ុប ដែល​ត្រូវ​ចប់ នៅ​ចុងខែ​កុម្ភៈ​នេះ ក្រិក​នឹង​ជួប​វិបត្តិ​ក្ស័យធន គ្មាន​លុយ​សម្រាប់​បើកប្រាក់ខែ ដល់​មន្រ្តីរដ្ឋការ និង​ចំណាយ​សង្គម​ផ្សេងទៀត។

 
ទោះបី​ជា​មាន​ការគំរាមពី​ក្រិក ថា នឹង​មិន​បន្ត​ពន្យារ​កម្មវិធី​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប ប្រទេស​អាល្លឺម៉ង់ ដែល​នាំមុខ​គេ​នៅ​សហភាព អឺរ៉ុប បាន​បញ្ជាក់ជំហរ​ច្បាស់ មិន​ទោទន់​ទៅតាម​ការគំរាមកំហែង របស់​ក្រិក។ សម្រាប់​រដ្ឋមន្រ្តី​អាល្លឺម៉ង់ ក្រិក​ត្រូវ​តែគោរព​កិច្ចព្រមព្រៀង អនុវត្ត​នយោបាយ​រឹតត្បិត​ថវិកា បើសិន ជា​ក្រិក​ចង់​បាន​ជំនួយ​ប្រាក់​កំចី​បន្ត​ពីអឺរ៉ុប។ ដោយ​ឃើញ​ថា ការគំរាមកំហែង​របស់ខ្លួន​គ្មាន​បាន​ធ្វើ​ឲ្យ​ម្ចាស់បំណុល ឬ​ម្ចាស់​ជំនួយហិរញ្ញវត្ថុ រង្គើ បន្ទន់​ជំហរ មក​ចរចា​ជាមួយ​ខ្លួន​នោះ ក្រិក​បាន​បញ្ចេញ​យុទ្ធសាស្រ្ត​ទីបី​របស់ខ្លួន ដោយ​លើក​នេះ ខុស​ពី​លើក​មុន ក្រិក​បាន​យល់ព្រម​បន្ត សុំ​ជំនួយ​ហិរញ្ញវត្ថុ រយៈពេល​៦ខែ ពី​សហភាព​អឺរ៉ុប។ មើលទៅ ឃើញ​ថា ក្រិក​បាន​បន្ទន់ជំហរ និង​ធ្វើ​សម្បទាន​ជាបន្តបន្ទាប់។ វា​ជា​ការងាយ​យល់ទេ ដែល​ថា ក្រិក​ត្រូវតែ​បន្ទន់ជំហរ ព្រោះថា ក្រិក​ត្រូវការ​លុយ​ចាំបាច់​ដើម្បី​យក​ទៅ​ចាយវាយ។ គេ​ប៉ាន់ប្រមាណ​ថា នៅត្រឹមតែ​ខែ មីនា រដ្ឋាភិបាល​ក្រិក​ត្រូវការ​ថវិកា​ប្រមាណ ៤ពាន់​លាន​អឺរ៉ូ​ឯណោះ។ ដើម្បី​បាន​ប្រាក់កម្ចី​រយៈពេល ៦ខែ បន្តទៅមុខទៀត ក្រិក​បាន​សរសេរ​បញ្ជាក់​ក្នុង​សំបុត្រ​ផ្ញើ កាលពីថ្ងៃ​ម្សិលមិញ ទៅ​ប្រធានក្រុម​ប្រទេស​ចាយប្រាក់​អឺរ៉ូថា ក្រិក​នឹង​គោរព​តាម​កិច្ចសន្យា​ខ្ចីប្រាក់ ​ដោយ​នឹង​​ធ្វើការ​សហការ​​ជាមួយ ក្រុម​Troika ដែល​នឹង​បន្ត​ដើរតួនាទី គ្រប់គ្រង​ត្រួតពិនិត្យ ការចាយវាយ​របស់​រដ្ឋាភិបាល​ក្រិក​ដូចមុន។

អាល្លឺម៉ង់ នៅ​តែ​ប្រឆាំង បើទោះបី រដ្ឋាភិបាលក្រិកបានធ្វើសម្បទាន
ជំនួយ​ហិរញ្ញវត្ថុ​ដែល​ក្រិក​បាន​សុំ​បន្ត ពី​អឺរ៉ុប ​កាលពីថ្ងៃ​ម្សិលមិញ គឺ​ជា​កញ្ចប់​ប្រាក់ជំនួយ មួយ​ប្រភេទទៀត ដែល​ក្រិក​ចង់​ខ្ចី​តែ​ពី​មូលនិធិ​អឺរ៉ុប ដែល​គ្មាន​ភ្ជាប់​កាតព្វកិច្ច តម្រូវ​ឲ្យ​ក្រិក​ត្រូវ​តែ​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា។ ក្រិក​ចង់​សុំ​ខ្ចីបន្ត លុយ​តែ ពី​មូលនិធិ​អឺរ៉ុប ដែល​ជា​ម្ចាស់បំណុល​មួយ របស់​ក្រិក​តែ​ប៉ុណ្ណោះ គឺ​មិន​បន្ត​កម្មវិធី​ប្រាក់ជំនួយ ដែល​មាន​ភ្ជាប់មកជាមួយ លក្ខខណ្ឌ​រឹតត្បិត​ថវិកា​នោះទេ។ សម្រាប់​ក្រិក ប្រាក់ជំនួយ ដែល​មកជាមួយ នឹង​លក្ខខណ្ឌ​រឹតត្បិត​ថវិកា មិន​ជួយ​យឹតយោង​ក្រិកទេ ប៉ុន្តែ វារឹតតែ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ក្រិក​ធ្លាក់ ដើរ​ថយក្រោយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាល្លឺម៉ង់​បាន​ទាត់ចោល​ភ្លាមៗ ការទាមទារ​ចង់បាន​របស់​ក្រិក។ អាល្លឺម៉ង់ បាន​បញ្ជាក់​ជារៀង​រហូតមក​ថា នឹង​មិនការចរចា អ្វីទាំងអស់​ជាមួយ​ក្រិក។ សម្រាប់​អាល្លឺម៉ង់ បើក្រិក​ចង់​បន្ត​សុំ​ជំនួយ​ថវិកា ពី​អឺរ៉ុប ក្រិក​ត្រូវតែ​គោរព​ទៅតាម​កិច្ចព្រមព្រៀង ដែល​ក្រិក​បាន​ចុះ​ជាមួយ​សហភាព​អឺរ៉ុប កាលពី​ឆ្នាំ ២០១២ ដែល​នៅក្នុងនោះ ជាថ្នូរ​នឹង​ប្រាក់ជំនួយ ២៤០​ពាន់​លាន​ដុល្លារ រដ្ឋាភិបាល​ក្រិក​ត្រូវ​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា ធ្វើ​កំណែទម្រង់​ពន្ធដា និង​ត្រូវ​សុំ​ការយល់ព្រមព្រៀង ពី​ម្ចាស់​បំណុល បើសិន​រដ្ឋាភិបាល​ក្រិក​ចង់​ធ្វើ​កំណែទម្រង់​សង្គម​អ្វី​មួយ។ ជារួម នៅ​ឆ្នាំ ២០១២ នៅក្នុង​កិច្ចព្រមព្រៀង​សុំ​ខ្ចីលុយ​ពីអឺរ៉ុប ដើម្បី ជៀសផុត​ពី​វិបត្តិ​ក្ស័យធន ក្រិក បាន​បើកផ្លូវ​ឲ្យ​សហភាព​អឺរ៉ុប និង​ភាគី​ម្ចាស់បំណុល​ផ្សេង​ទៀត លូកដៃ ចូល​ត្រួត​ពិនិត្យ ខ្ទង់ចំណាយ​ថ្នាក់ជាតិ​របស់ខ្លួន​តែម្តង។

អាល្លឺម៉ង់​មានជំហរ តឹង​ជាមួយ​ក្រិក​ខ្លាំង​ជាងគេ ពីព្រោះ អាល្លឺម៉ង់ មើលឃើញថា ជំហរ​នយោបាយ​របស់​រដ្ឋាភិបាលក្រិក​ថ្មី​ នឹងមិន​អាច​ធ្វើ​ឲ្យ​ក្រិក​គោរព​កិច្ចព្រមព្រៀង ដែល​ក្រិក​ធ្លាប់​បាន​ចុះ​ជាមួយ​សហភាព​អឺរ៉ុប កាលពីឆ្នាំ ២០១២ទេ។ ជាក់ស្តែង រដ្ឋសភា​​ក្រិក នៅថ្ងៃ​សុក្រ​នេះ គ្រោង​នឹង​បោះឆ្នោត ទៅលើ​កំណែទម្រង់ ​ផ្នែកសង្គម មួយចំនួន ដែល​ផ្តោត​ទៅលើ​ការដំឡើង​ប្រាក់ខែ​បុគ្គលិក អ្នកចូល​និវត្តន៍ អ្នកគ្មានការងារ​ធ្វើ និង​ជំនួយ​សម្រាប់ក្រុមហ៊ុន សហគ្រាសតូចៗ ដើម្បី​ជំរុញ កំណើន​សេដ្ឋកិច្ច។ សម្រាប់​អាល្លឺម៉ង់ វិធានការ​ខាងលើ​របស់​រដ្ឋាភិបាល​ក្រិក នឹង​ដើរ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ដែល​ក្រិក​ចុះ​ជាមួយ​សហភាព​អឺរ៉ុប ព្រោះថា វិធានការ​ទាំងនោះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចាយលុយ កាន់តែច្រើន គឺ​ផ្ទុយ ពីការរឹតត្បិត​ថវិកា ដែល​ម្ចាស់បំណុល​ទាមទារ​ឲ្យ​ក្រិកធ្វើ។

អាល្លឺម៉ង់​ក៏​គ្មាន​ជម្រើស​អ្វី​ក្រៅពី​នេះដែរ។ បើសិន​ជា​អាល្លឺម៉ង់​យោគយល់ អធ្យាស្រ័យ បន្ធូរ​ដៃ ទៅតាម​ការទាមទារ​របស់​ក្រិក នោះ​អាល្លឺម៉ង់​ខ្លាច​ថា ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​ជាប់​បំណុល ជាប់កាតព្វកិច្ច​ជាមួយ សហភាព​អឺរ៉ុប ដូចជា​អេស្ប៉ាញ ព័រទុយហ្កាល់​ជាដើម នឹង​ចេញ​មុខ​មក​តវ៉ា​សុំ​មិន​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា​ដូច​ក្រិក​ដែរ។ នៅប៉ុន្មាន​មុន​បើក​ការប្រជុំ​ជាមួយ​ក្រិក រដ្ឋមន្រ្តី របស់​ប្រទេស​ព័រទុយហ្កាល់

ម្យ៉ាងទៀត រដ្ឋាភិបាល​អាល្លឺម៉ង់​ត្រូវតែ​មាន​ជំហរ​តឹងតែង ជាមួយ​ក្រិក ព្រោះ​ដើម្បី​កុំ​ឲ្យ​ប្រជាជន​ អាល្លឺម៉ង់​គិត​ថា ពួកគេ​ជា​អ្នកបង់ពន្ធ និង​អ្នកទទួល​ខុសត្រូវ​លើ​បំណុល​របស់​ក្រិក ដែល​ពិត គិត​តែ​ពី​ចាយវាយ គ្មាន​ចេះ​សន្សំសំចៃ ប្រាក់​ដែល​អឺរ៉ុប​បាន​ឲ្យ​ខ្ចី។ ត្រង់​ចំណុចនេះ ខ្ញុំ​ចង់បញ្ជាក់ថា ប្រាក់បំណុល សរុប​របស់ក្រិក​បច្ចុប្បន្ន មាន​ជិត ៣២២​ពាន់​លាន​អឺរ៉ូ ១៧៥ ភាគរយ​នៃផលិត​ផល​ក្នុង​ស្រុក​សរុប។ ម្ចាស់បំណុល​ធំ គឺ មូលនិធិ អឺរ៉ុប ដែល​បាន​មកពី​វិភាគទាន​របស់​រដ្ឋសមាជិក ពោល​គឺ​ប្រាក់​ពន្ធ​របស់​ប្រជាជន​របស់​ប្រទេស​សមាជិក​អឺរ៉ុប​តែម្តង។

ទោះជា​អាល្លឺម៉ង់​នៅតែ​ប្រឆាំង​នឹង​ការស្នើសុំ​របស់​ក្រិក ប៉ុន្តែ សហភាព​អឺរ៉ុប វិញ​ហាក់​យល់ចិត្ត​ក្រិក។ សហភាព​អឺរ៉ុប​មាន​ពេល​ដល់​ចុងខែ កុម្ភៈ ដើម្បី​សម្រេច​ថា គេ​បន្ត ឬ​មិន​បន្ត​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រិក។ អ្នកវិភាគ​មួយចំនួន​និយាយ​ថា កិច្ច​ព្រមព្រៀង​ក្រិក​ជាមួយ សហភាព​អឺរ៉ុប នឹង​អាច​ចេញ​រួច នៅមុន​ពេល​ដែល​ក្រិក​ត្រូវ​ជួប​វិបត្តិ​គ្មាន​ថវិកា​នៅ​ចុងខែ​នេះ ព្រោះថា ដូចមុនៗ សហភាព​អឺរ៉ុប នៅ​តែ​អាច​រក​ដំណោះស្រាយ​មួយ នៅ​កណ្តាល ពោល គឺ​ក្រិក​អាច​អនុវត្ត​នយោបាយ​រឹតត្បិត ថវិកា ប៉ុន្តែ ជាមួយគ្នានោះ ក្រិក​ក៏​អាច​ចាយវាយ ដើម្បី​ធ្វើ​កំណែទម្រង់​របស់ខ្លួន​បានដែរ។ ជាដំណោះស្រាយ​ដែល​មិន​ច្បាស់លាស់ ប៉ុន្តែ អឺរ៉ុប​តែងតែ ធ្វើដូច្នេះ រហូត មក ដើម្បី​ដោះស្រាយ​វិបត្តិ​ជាមួយ​ប្រទេស​សមាជិក​របស់ខ្លួន។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ