អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប (ភាគទី៣)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​Jean-François TAIN សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាពអឺរ៉ុប ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន Jean-François TAIN បាន​លើក​ឡើង​រួច​ហើយ​ថា ចាប់​ពី​ឆ្នាំ​១៩៨៩​ទៅ អភិក្រម​នៃ​ការកសាង​អឺរ៉ុប​ជួប​នឹង​បញ្ហា។ ជញ្ជាំង​Berlin រលំ បាន​ន័យ​ថា មិន​យូរ​មិន​ឆាប់ អាល្លឺម៉ង់​ខាង​លិច និង អាល្លឺម៉ង់​ខាង​កើត គង់​តែ​រួបរួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ។ ម្ល៉ោះ​ហើយ បាន​ជា​អឺរ៉ុប ពិសេស​បារាំង​ភ័យខ្លាច​ប្រទេស​អាល្លឺម៉ង់​តែ​មួយ ធំ​ជាង​មុន និង​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​អឺរ៉ុប​រួម​បាត់បង់​តុល្យភាព។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ទីបំផុត ព្រឹត្តិការណ៍​ជញ្ជាំង​Berlin រលំ បែរ​ជា​ជួយ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​បន្ត​កសាង​អឺរ៉ុប​ទៅ​វិញ​ទេ។

ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការអឺរ៉ុប នៅ​ប្រទេស​ប៊ែលហ្ស៊ិក
ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការអឺរ៉ុប នៅ​ប្រទេស​ប៊ែលហ្ស៊ិក ©AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​សង្គ្រាម​ត្រជាក់​បាន​រលត់​បាត់​ទៅ ប្រទេស​បារាំង​និង​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ក្បាល​រទេះភ្លើង​នៃ​អឺរ៉ុប សម្រេច​បង្កើន​ល្បឿន​សមាហរ័ណកម្ម ដើម្បី​ស្រោចស្រង់​អឺរ៉ុប​រួម​ឲ្យ​រួច​ពី​គ្រោះថ្នាក់។ នៅ​ក្នុង​ន័យ​នេះ តាម​រយៈ​សន្ធិសញ្ញា​Maastricht ឆ្នាំ១៩៩២ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​CEE ដូរ​ឈ្មោះ​ជា​សហភាព​អឺរ៉ុប។

ក៏​ប៉ុន្តែ ជញ្ជាំង​Berlin​ដែល​បាន​រលំ និង​ពីរ​ឆ្នាំ​ក្រោយ​មក សហភាពសូវៀត​ដែល​បាន​រលាយ​ក៏​នាំ​បញ្ហា​ពី​ក្រៅ​មក​បញ្ឆេះ​នៅ​ខាង​ក្នុង​ សហភាព​អឺរ៉ុប​ដែរ។ បញ្ហា​ពី​ក្រៅ​នេះ គឺ​សង្រ្គាម​នៅ​Yougoslavie។ អាល្លឺម៉ង់​កាន់​ជើង​ពួក​Croates រី​ឯ​បារាំង​វិញ​មិន​ព្រម​គាប​សង្កត់​ពួក​Serbes​ តាម​ការ​ស្នើ​សុំ​របស់​អាល្លឺម៉ង់។ មែនទែន​ទៅ អឺរ៉ុប​រួម​គ្មាន​ជំហរ​រួម នៅ​ចំពោះ​មុខ​វិបត្តិ​Yougoslavie។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត អឺរ៉ុបរួម​គ្មាន​ទ័ព​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សង្រ្គាម​មួយ ដែល​កើត​ឡើង នៅ​ចំ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន​តែ​ម្តង។ ហើយ​ជា​ថ្មី​ម្តង​ទៀត គឺ​សហរដ្ឋអាមេរិក​ទេ​តើ ដែល​នៅ​ទីបំផុត បាន​មក​ពន្លត់​ភ្លើង​សង្រ្គាម​Yougoslavie​នេះ។

គឺ​នៅ​ក្នុង​បរិបទ​ បែប​នេះ​ហើយ បាន​ជា​ចាប់​ពី​ដើម​ទសវត្សរ៍​ទី​៩០​ទៅ ចាប់​ផ្តើម​មាន នៅ​ក្នុង​សហភាពអឺរ៉ុប អ្នក​ដែល​មិន​ទុក​ចិត្ត មិន​គាំ​ទ្រ និង​មាក់ងាយ​សហភាព​អឺរ៉ុប​ច្រើន​ឡើងៗ ជា​ភាសា​បារាំង​គេ​ហៅ​ថា ពួក​Eurosceptiques។

នៅ​ក្រៅ​ព្រំដែន​នៃ​សហភាពអឺរ៉ុប​វិញ អ្វីៗ​ក៏​ផ្តើម​ប្រែប្រួល​អស់​រលីង៖ សហភាពសូវៀត​រលាយ សហរដ្ឋអាមេរិក​ក្លាយ​ជា​មហាអំណាច​ផ្តាច់​មុខ ប្រទេស​ចិន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​ដែល​សឹង​មាន​លក្ខណៈ​ជា​មូលធន​និយម​ ព្រៃផ្សៃ។ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ដែល​ទើប​បាន​រួច​ខ្លួន​ពី​ក្រញាំ​កុម្មុយនិស្ត ​និង​ពី​ឥទ្ធិពល​សូវៀត មើល​ឃើញ​តែ​គំរូ​សហរដ្ឋអាមេរិក និង​ស្រឡាញ់​តែ​សេរីនិយម​របៀប​អាមេរិកាំង។ សេដ្ឋកិច្ច​សង្គម​ទីផ្សារ Economie sociale du marché របស់​សហភាពអឺរ៉ុប​មិន​ទាក់ទាញ​ចិត្ត​របស់​ពួក​គេ​ឡើយ។

ក៏​ប៉ុន្តែ សហរដ្ឋអាមេរិក​នៅ​ឆ្ងាយ​ពេក ជាហេតុ​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​អត់​ជម្រើស ត្រូវ​តែ​មក​គោះ​ទ្វារ​សហភាពអឺរ៉ុប ដើម្បី​សុំ​ចូល​ជា​សមាជិក។ អឺរ៉ុប​ខាង​កើត​ដែល​មក​គោះ​ទ្វារ​អឺរ៉ុប​ខាង​លិច ជា​ប្អូន​ជីដូន​មួយ​ក្រីក្រ មាន​ប្រវត្តិ​ផ្សេង​និង​ចិត្ត​គំនិត​ផ្សេង។ សូម្បី​តែ​អាល្លឺម៉ង់​ខាង​កើត​ក៏​ប្លែក​ដែរ មិន​ដូច​អាល្លឺម៉ង់​ខាង​លិច​ទេ។

យ៉ាងម៉េច​ក៏​ដោយ សហភាព​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បើក​ទ្វារ និង​បើក​ដៃ​ទទួល​បណ្តា​ប្រទេស​ទាំង​នេះ​តែ​ប៉ុណ្ណោះ។ ពីព្រោះ​ម្យ៉ាង សហភាព​អឺរ៉ុប​មិន​ស្រួល​ចិត្ត មាន​អារម្មណ៍​មិន​ល្អ ដោយ​បាន​បោះបង់​ចោល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​ទាំង​នេះ​ឲ្យ​នៅ​រង​ទុក្ខ​ ក្រោម​នឹម​កុម្មុយនិស្ត​របស់​សហភាព​សូវៀត ជិត​កន្លះ​សតវត្សរ៍។ ពីព្រោះ​ម្យ៉ាង​ទៀត សន្ធិសញ្ញា​ទាំង​ប៉ុន្មាន​ដែល​ស្តី​ពី​ការ​កសាង​អឺរ៉ុប​រួម សុទ្ធ​តែ​បាន​គ្រោង​ទុក​កន្លែង​រង់ចាំ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ពេល​ណា​ដែល​ប្រទេស​ទាំង​អស់​នេះ​រើ​បម្រះ​ចេញ​រួច​ពី​របប​ផ្តាច់ការ។ និង​ពីព្រោះ​ម្យ៉ាង​ចុង​ក្រោយ ដើម្បី​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឺរ៉ុប សហភាព​អឺរ៉ុប​ត្រូវ​តែ​ដាច់​ចិត្ត​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត មក​ធ្វើ​ជា​សមាជិក។

អឺរ៉ុប​ខាងកើត ជាពិសេស​អឺរ៉ុប​កណ្តាល ជា​តំបន់​ពោរពេញ​ទៅ​ដោយ​អស្ថិរភាព ពីព្រោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​នេះ ត្រូវបាន​កាត់​បែង​ចែក​ដោយ​សន្ធិសញ្ញា​Versailles ក្រោយ​សង្គ្រាម​លោក​លើក​ទី​មួយ ត្រូវ​បាន​សើរើ​មើល​ឡើង​វិញ ដោយ​កតិកាសញ្ញា​អាល្លឺម៉ង់-រុស្ស៊ី នៅ​សម័យ​ដើម​ដំបូង​នៃ​សង្រ្គាម​លោក​លើក​ទី​ពីរ និង​ក្រោយ​មក ត្រូវ​បាន​ទុក​ឲ្យ​នៅ​ជា​Statu quo តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី​ពីរមក​ម្ល៉េះ។ បាន​ន័យ​ថា សង្គ្រាម ដូច​ជា​សង្គ្រាម​នៅ​Yougoslavie​ជា​ដើម អាច​នឹង​ផ្ទុះ​ឡើង​គ្រប់​ពេល​វេលា និង​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត។ ម៉្លោះ​ហើយ តាម​រយៈ​ការ​ទទួល​បណ្តា​ប្រទេស​ទាំង​នេះ​ឲ្យ​ចូល​ជា​សមាជិក សហភាព​អឺរ៉ុប​មាន​បំណង​ចង់​ខ្ទប់​កុំ​ឲ្យ​សង្រ្គាម​ជាយថាហេតុ កើត​ឡើង​ទៀត​បាន។

ក៏​ប៉ុន្តែ ជាមួយ​នឹង​បណ្តា​សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត បញ្ហា​ថ្មី​ក៏​កើត​មាន​ដែរ​នៅ​ក្នុង​សហភាពអឺរ៉ុប។ ទីមួយ ដូច​បាន​លើក​ឡើង​អំបាញ់មិញ​រួច​ហើយ​ថា ប្រទេស​ទាំង​នេះ​ដែល​ទើប​តែ​បាន​ឈាន​ជើង​ចេញ​ពី​របប​កុម្មុយនិស្ត ចង់​បាន​ណាស់​សេដ្ឋកិច្ច​សេរីនិយម​បែប​អាមេរិកាំង មិន​យក​ទេ មិន​ចង់​បាន​ទេ​សេដ្ឋកិច្ច​សង្គម​ទីផ្សារ​បែប​សហភាពអឺរ៉ុប។ ទីពីរ ប្រទេស​ទាំង​នេះ មិន​ចង់​បាន​ទេ​អឺរ៉ុប​រួម​នយោបាយ ពីព្រោះ ពួក​គេ​ដែល​ទើប​តែ​បាន​ចេញ​រួច​ពី​កុម្មុយនិស្ត មាន​ស្មារតី​ជាតិ​និយម​ខ្លាំង ស្រឡាញ់​បូរណភាព​ទឹក​ដី និង​មិន​ចង់​បាត់​បង់​អធិបតេយ្យ សោះ​ឡើយ។ ទី​បី​ ប្រទេស​ទាំង​នេះ​នៅ​ភ័យ នៅ​ខ្លាច​រុស្ស៊ី ត្រូវការ​ឲ្យ​សហរដ្ឋ​អាមេរិក​ការពារ ចង់​ឋិត​នៅ​ក្រោមឆត្រ​សន្តិសុខ​អាមេរិកាំង ពីព្រោះ​សហភាព​អឺរ៉ុប​គ្មាន​កងទ័ព​រួម គ្មាន​ក្រសួង​ការពារ​អឺរ៉ុប​រួម។

ម៉្លោះ ​ហើយ សមាជិក​ថ្មី​មក​ពី​អឺរ៉ុប​ខាង​កើត​នាំ​គ្នា​ងាក​ទៅ​រក​អង្គការ​សន្ធិសញ្ញា​ Atlantique ខាង​ជើង ហៅ​កាត់​ថា​OTAN។

គឺ​នៅ​ក្នុង​បរិបទ​នៃ​បញ្ហា​ ទាំង​បី​ខាង​លើ​នេះ​ហើយ ដែល​សហភាព​អឺរ៉ុប​បង្កើន​ចំនួន​ប្រទេស​សមាជិក ពង្រីក​ព្រំដែន​សំដៅ​ទៅ​ទិស​ខាង​កើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ