អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប​ (ភាគទី៤)​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​Jean-François TAIN សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​របស់​សហភាពអឺរ៉ុប ត​ទៅ​ទៀត។កាល​ពី​សប្តាហ៍​មុន Jean-François TAIN បាន​លើក​ឡើង​រួច​ហើយ​ថា ចាប់​ពី​ឆ្នាំ​១៩៨៩​ទៅ អភិក្រម​នៃ​ការកសាង​អឺរ៉ុប​ជួប​នឹង​បញ្ហា។ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នៅ​ទីបំផុត ព្រឹត្តិការណ៍​ជញ្ជាំង​Berlin រលំ​និង​សហភាពសូវៀត​រលាយ បែរ​ជា​ជួយ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​បន្ត​កសាង​អឺរ៉ុប​ទៅ​វិញ​ទេ។ សហគមន៍សេដ្ឋកិច្ចអឺរ៉ុបដូរ ឈ្មោះ ជា​សហភាព​អឺរ៉ុប​ដែល​បង្កើន​ចំនួន​សមាជិក និង​ពង្រីក​ទឹកដី​សំដៅ​ទៅ​ទិស​ខាង​កើត។

ផែនទី​សហភាព​អឺរ៉ុប​ដែល​មានសមាជិក​ ២៧​ប្រទេស​
ផែនទី​សហភាព​អឺរ៉ុប​ដែល​មានសមាជិក​ ២៧​ប្រទេស​
ផ្សាយពាណិជ្ជកម្ម

ជញ្ជាំង​ Berlin ​រលំ និង​សហភាពសូវៀត​រលាយ នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដល់​ការ​កសាង​អឺរ៉ុប​រួម ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​អឺរ៉ុប ជា​ពិសេស​​ថ្នាក់​ដឹកនាំ​បារាំង​និង​អាល្លឺម៉ង់​ល្វីង​មុខ។ ក៏ប៉ុន្តែ នៅ​ទីបំផុត ព្រឹត្តិការណ៍​ធំៗ​​ទាំងនេះ​ បែរ​​ជា​​ជួយ​​ផ្តល់​សន្ទុះ​ថ្មី​ដល់​ដំណើរ​​សមាហរ័ណកម្ម​​នយោបាយ​​អឺរ៉ុប​​ ទៅ​វិញ។ សន្ធិសញ្ញា​ចំនួន​​ពីរ​​បន្ថែម​ គឺ​សន្ធិសញ្ញា ​Maastricht នៅ​ឆ្នាំ ១៩៩២ និង​សន្ធិសញ្ញា​ Amsterdam នៅ​ឆ្នាំ​១៩៩៧ ជម្រុញ​អឺរ៉ុប​រួម​ ឲ្យ​បោះ​ជើង​​ដើរ​​ទៅ​មុខ​យ៉ាង​លឿន។ សហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប​​ ដូរ​ឈ្មោះ​​ជា​សហភាព​អឺរ៉ុប។

មិន​តែ​ប៉ុណ្ណោះ ពី​អំណើះ​ត​ទៅ សហភាព​អឺរ៉ុប​​ទទួល​​ស្គាល់​លក្ខន្តិកៈ​របស់​ពលរដ្ឋ​អឺរ៉ុប។ បាន​ន័យ​ថា ពលរដ្ឋ​អឺរ៉ុប​គ្រប់​រូប​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​ រាស្រ្ត​អឺរ៉ុប​និង​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​ប្រទេស​​អឺរ៉ុប​ណា​ដែល​ខ្លួន​​រស់​នៅ។ ឧទាហរណ៍ ជនជាតិ​​​អង់គ្លេស​​​​ដែល​​រស់​​នៅ​​ក្នុង​​ប្រទេស​​បារាំង​ ​មាន​សិទ្ធិ​​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​អឺរ៉ុប នៅ​លើ​ទឹក​ដី​បារាំង​ផ្ទាល់​តែ​ម្តង។

តែ​អ្វី​ដែល​មាន​លក្ខណៈ​ បដិវត្តន៍​ខ្លាំង​នោះ គឺ​សហភាពអឺរ៉ុប ជា​អឺរ៉ុប​រួម​សេដ្ឋកិច្ច រូបិយវត្ថុ និង​នយោបាយ។ នៅ​ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី១មករា​ឆ្នាំ​២០០២ សមាជិក​អឺរ៉ុប​ចំនួន​១២​ប្រទេស មូលមតិ​គ្នា​ទទួល​យក​ប្រាក់​អឺរ៉ូ​មក​ប្រើប្រាស់។ ទន្ទឹម​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​ផ្តើម​ចាក់​គ្រឹះ​នយោបាយ​ការបរទេស​រួម​មួយ និង​ផ្តើម​ពង្រីក​អំណាច​របស់​ខ្លួន​ដែរ។

សហភាព​​ក៏​ត្រូវការ​សើរើ​មើល ​ឡើង​វិញ​ដែរ បែបបទ​នៃ​ដំណើរ​ការ​​​ស្ថាប័ន​អឺរ៉ុប ពីព្រោះ​ជាមួយ​ការបើកទ្វារ​ទទួល​បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត ចំនួន​សមាជិក​របស់​សហភាព​កើន​ឡើង​ពី​១៥ ទៅ​២៥ និង រួចហើយ ពី​២៥​ទៅ​២៧​។ អ៊ីចឹង​ហើយ បានជា​នៅ​ខែ​កុម្ភៈ​​ឆ្នាំ ​២០០១ បារាំង​រៀបចំ​សន្និសីទ​អន្តររដ្ឋាភិបាល​មួយ​នៅ​ទីក្រុង​ Nice និង​តុបតែង​សន្ធិសញ្ញា​មួយ​ឡើង ដែល​នៅ​ទីបំផុត​ត្រូវ​សមាជិក​សំខាន់ៗ​ច្រាន​ចោល។ មូលហេតុ​គឺ មក​ពី​សន្ធិសញ្ញា​ទីក្រុង​ Nice ផ្តល់​អំណាច​ខ្លាំង​ពេក​ដល់​ប្រទេស​សមាជិក​មួយ​ចំនួន​​ដែល​មាន​ទំហំ​ធំ និង​ប្រជាជន​ច្រើន​​ដូចយ៉ាង ​Pologne និង Espagne។ នៅ​ពេល​នោះ​ហើយ ដែល​ជា​លើក​ទីមួយ​បង្អស់ សភា​អឺរ៉ុប​​ចេញ​​មុខ​ស្នើ​​ រដ្ឋាភិបាល​ប្រទេស​សមាជិក​ទាំង​អស់ ឲ្យ​ស្រុះស្រួល​គ្នា​បង្កើត​ក្រុម​ការងារ​មួយ​ទទួល​បន្ទុក​ខាង​តាក់តែង​ រដ្ឋធម្មនុញ្ញ​អឺរ៉ុប រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ដែល​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សហភាព​មាន​ដំណើរ​រលូន​ទៅ​ មុខ​ល្អ។

ឆ្នាំ​ ២០០៥ ជា​ឆ្នាំ​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ជុំវិញ​រដ្ឋធម្មនុញ្ញអឺរ៉ុប។ ពីព្រោះ ក្រោយ​ពី​បាន​តាក់តែង​រួច​ហើយ រដ្ឋធម្មនុញ្ញ​នេះ​ត្រូវ​ទទួល​សច្ចាប័នពី​សំណាក់​ប្រទេស​សមាជិក​នីមួយៗ​សិន មុន​នឹង​អាច​ចូល​ជា​ធរមាន​បាន។ ប្រទេស​បារាំង​​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​សច្ចាប័ន តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ ក៏ប៉ុន្តែ ស្រាប់​តែ​នៅ​ខែ​ឧសភា​ឆ្នាំ​២០០៥ ប្រជាពលរដ្ឋ​បារាំង​ច្រានចោល​រដ្ឋធម្មនុញ្ញ​អឺរ៉ុប ជាហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃ​ការ​បន្ត​កសាង​សហភាពអឺរ៉ុប​គាំង​ដំណើរ​នៅ​មួយ​ កន្លែង សា​ជាថ្មីម្តងទៀត។

ជារួម ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប តាំង​ពី​ចប់​សង្គ្រាម​លោក​​​លើក​ទី​ពីរ មក​ទល់​ពេល​នេះ គឺ​ជា​ប្រវត្តិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​គាំទ្រ​ចក្ខុនិមិត្ត​ នៃ​អឺរ៉ុប​សហព័ន្ធ Europe fédérale និង​​អ្នក​​គាំទ្រ​​ចក្ខុនិមិត្ត​​នៃ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations។ នៅ​ត្រង់​នេះ គេ​អាច​និយាយ​បាន​ថា ៥០​ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​ទីក្រុង​ Rome សហភាព​អឺរ៉ុប​មិនមែន​ជា​សហរដ្ឋអឺរ៉ុប ដូច​គំរូ​នៃ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ។ ហើយ​វា​ក៏​មិន​មែន​ជា​សហព័ន្ធន៍​​​​មួយ​​ ដូច​សហព័ន្ធន៍ ​Suisse ឯ​ណា។ សហភាពអឺរ៉ុប គ្រាន់​តែ​ជា​សហភាព​នៃ​បណ្តា​រដ្ឋ​ឯករាជ្យ​ចំនួន ​២៧ ដែល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ដាច់​ចិត្ត​បង្កើត​អធិបតេយ្យ​​និង​​​លទ្ធិប្រជាធិបតេយ្យ​​រួម​ គ្នា​មួយ​នៅ​ឡើយ។

គេ​ក៏​មិន​ត្រូវ​បំភ្លេច​ទេ មូលហេតុ​ដើម​ដែល​បាន​ជម្រុញ​ថ្នាក់​ដឹក​នាំ​​ទាំង​អស់ ឲ្យ​ចាប់​ដៃ​គ្នា​បង្កើត​អឺរ៉ុប​រួម។ មូលហេតុ​នោះ គឺ​ចៀសវាង​កុំ​ឲ្យ​សង្គ្រាម ដូច​សង្គ្រាម​លោក​លើក​ទី​មួយ និង​សង្រ្គាម​​លោក​លើក​ទី​ពីរ​កើត​ឡើង នៅ​ទ្វីប​អឺរ៉ុប​ទៀត។ ចំណុច​មួយ​​ទៀត ដែល​គួរ​ចង​ចាំ គឺ​បារាំង​និង​អាល្លឺម៉ង់ ជា​ក្បាល​រទេះ​ភ្លើង​ដែល​អូស​ទាញ​ឲ្យ​អភិក្រម​នៃ​ការ​កសាង​សហភាព​អឺរ៉ុប បោះ​ពួយ​ទៅ​មុខ។

ត​ទៅ​ថ្ងៃ​មុខ សហភាព​អឺរ៉ុប ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បង្កើន​ល្បឿន​សមាហរ័ណកម្ម ផ្នែក​នយោបាយ​រួម​និង​ផ្នែក​ការពារ​អឺរ៉ុប​រួម​នោះ​ទេ។ ពីព្រោះ​ប្រទេស​អឺរ៉ុបមួយ​ណា​ក៏​ដោយ​ដែល​នៅ​ដាច់​តែ​ឯង ទោះ​ជា​បារាំង អង់គ្លេស​ឬ​អាល្លឺម៉ង់​ក៏​ដោយ​ គ្មានទម្ងន់​ទេ ទឹកមាត់​មិន​ប្រៃ​ទេ នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក​​ឬ​ប្រទេស​ចិន។ ក៏ប៉ុន្តែ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ចាប់​ពី​ពេល​នេះ​ទៅ ការ​បន្ត​កសាង​អឺរ៉ុប​រួម ​ជា​ការ​មួយ​ពិបាក​ឡើងៗ។​ពីព្រោះ​ ពី​៦​ប្រទេស​នៅ​ក្នុង​អតីតកាល អឺរ៉ុប​បាន​កើន​ដល់​ទៅ​២៧​ប្រទេស ក្នុង​បច្ចុប្បន្នកាល​​និង​ប្រហែល​ដល់​ទៅ​៣០ប្លាយ​ប្រទេស នៅ​អនាគតកាល។

សមាជិកកើនឡើងជាលំដាប់ តែគោលការណ៍ដើមនៅដដែល បានន័យ​ថាចង់សម្រេចអ្វី ក៏ដោយ សហភាពអឺរ៉ុបត្រូវការ ការ​យល់​ព្រមជាឯកច្ឆ័ន្ទ​ពីសំណាក់សមាជិកទាំងអស់ ។​ ឲ្យតែមាន Veto​ ប្រឆាំងពីប្រទេសណាមួយ​បរាជយ័​នឹង​មក​ដល់​ភ្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ