ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT

ប្រវត្តិ​នៃ​ការកសាង​សហភាព​អឺរ៉ុប (ភាគ​ទី​៥)

ប្រវត្តិ​នៃ​ការកសាង​សហភាព​អឺរ៉ុប (ភាគ​ទី​៥)
 
បណ្តា​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ នៅ​ទីក្រុង​Lisbonne ប្រទេស Portugalនៅ ខែ​ធ្នូ​ឆ្នាំ ២០០៧ ©Reuters

ឆ្នាំ២០០៧ ជា​ឆ្នាំ​ដែល​អភិក្រម​នៃ​ការកសាង​អឺរ៉ុប​រួម ត្រូវ​រាំង​ស្ទះ​នៅ​មួយ​កន្លែង។ ក៏​ប៉ុន្តែ ផ្ទៃ​មេឃ​នៃ​សហភាពអឺរ៉ុប​ចាប់ផ្តើម​ស្រឡះ​ឡើង​វិញ បន្តិច​ម្តងៗ តាំង​ពី​ឆ្នាំ​២០០៨​មក។ តើ​ហេតុអ្វី?

ឆ្នាំ​២០០៧ ជា​ឆ្នាំ​មួយ​សែន​ពិបាក​សម្រាប់​សហភាពអឺរ៉ុប ដែល​ត្រូវ​គាំង​ដំណើរ នៅ​មួយ​កន្លែង។ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​មិន​អាច​ចូល​ជា​ធរមាន​បាន ពីព្រោះ​មិន​បាន​ទទួល​សច្ចាប័ន ពី​សំណាក់​បណ្តា​សមាជិក​ទាំង​អស់។ ១៥​ប្រទេស​បាន​ទទួល​ច្បាប់​កំពូល​នេះ ប្រទេស ២​បាន​ច្រាន​ចោល រីឯ​សមាជិក​ដទៃ​ទៀត​មិន​បាន​ចាត់ចែង​កោះ​ប្រជុំ​សភា ឬ​រៀបចំ​ធ្វើ​ប្រជាមតិ​​ដើម្បី​ឲ្យ​សច្ចាប័ន​អ្វី​ឡើយ ពីព្រោះ​ចង់​ឬ​មិន​ចង់ រដ្ឋធម្មនុញ្ញ​អឺរ៉ុប​បាន​ស្លាប់​បាត់​ទៅ​ហើយ។

ក៏ ​ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ​សហភាព​អឺរ៉ុប​បន្ត​ត្រដរ​រស់។ Roumanie និង Bulgarie បាន​ចូល​ជា​សមាជិក ធ្វើ​ឲ្យ​អឺរ៉ុប ២៥​ប្រទេស​ក្លាយ​ជា​អឺរ៉ុប ២៧​ប្រទេស។ អឺរ៉ុប​បន្ត​រស់ តែ​ដើរ​អូស​ជើង​តាំង​ពី​ឆ្នាំ ២០០៥​មក​ម្ល៉េះ។ ពីព្រោះ ក្បាល​រទេះ​ភ្លើង​អឺរ៉ុប គឺ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស ​បារាំង​ឈប់​ដំណើរការ។

នៅ​អាល្លឺម៉ង់ លោកស្រី​Angela Merkel ដែល​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្រ្តី ជាប់​រវល់​សម្រួល​ទំនាក់់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើង​វិញ ក្រោយ​ពី​ប្រទេស​ទាំង​ពីរ​បាន​បែរ​ខ្នង​ដាក់​គ្នា​អស់​ពីរ បី​ឆ្នាំ ព្រោះ​តែ​សង្រ្គាម​Irak។ បារាំង​វិញ ក្រពុល​មុខ​ខ្លាំង ដោយហេតុតែ​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ច្រាន​ចោល​រដ្ឋធមនុញ្ញ​អឺរ៉ុប នៅ​ឆ្នាំ​២០០៥ ហើយ​ដោយហេតុតែ​នៅ​ឆ្នាំ​២០០៧ ប្រទេស​បារាំង​ត្រូវ​ជាប់​រវល់​បោះឆ្នោត​ប្រធានាធិបតី​ថែម​ទៀត ម្ល៉ោះហើយ​គ្មាន​ពេល​គិតគូរ​ពី​សហភាព​អឺរ៉ុប​ឡើយ។

នៅ​ឆ្នាំ​២០០៧​ ដដែល​នោះ ក៏​មាន​ដែរ​បញ្ហា​នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​ដែល​ចេញ​ពី​អឺរ៉ុប​ខាង​កើត។ ប្រទេស​Pologne ដែល​ដឹកនាំ​ដោយ​បងប្អូន​បង្កើត​ពីរ​នាក់ ម្នាក់​ជា​ប្រធានាធិបតី ម្នាក់​ទៀត​ជា​នាយក​រដ្ឋមន្រ្តី ខ្លាច​Russie និង​មិន​ទុក​ចិត្ត​Allemand ហើយ​ចង់​ស្និតស្នាល​

ជាមួយ​សហរដ្ឋ​ អាមេរិក។ ប្រទេស​Tchèqueវិញ ក៏​មាន​ជំហរ​ដូច​ប្រទេស​Pologne​អ៊ីចឹង​ដែរ។ ការពិត​ប្រទេស​ទាំង​ពីរ​នេះ​ប្រកាន់​ឫកពា​ជា​អ្នកជាតិ​និយម មិន​ចង់​បាន​ទេ​សមាហរ័ណកម្ម​ខ្លាំង​ពេក​ទៅ​ក្នុង​សហភាព​អឺរ៉ុប។ ក្រៅ​ពី​នេះ​កិច្ច​ចរចា​ជាមួយ​ប្រទេស​Turquie ដែល​ចង់​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ចោទ​ជា​បញ្ហា ពីព្រោះ​មាន​ការប្រឆាំង​ពី​សំណាក់​សមាជិក​ខ្លះ​ និង​ការគាំទ្រ​ពី​សំណាក់​សមាជិក​ខ្លះ​ទៀត។ ទន្ទឹម​ជាមួយ​គ្នា​នេះ Pologne និង Lituanie ចេះ​តែ​ជម្រុញ​ឲ្យ​សហភាព​អឺរ៉ុប​ទទួល​ប្រទេស​Ukraine​មក​ធ្វើ​ជា​សមាជិក។ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​ស្ទាក់ស្ទើរ ព្រោះ​ខ្លាច​Russie​ អន់​ចិត្ត។ ប្រទេស​Ukraine​ខ្លួន​ឯង ​ក៏​អល់អែក​ដែរ ម្តង​ចង់ម្តង​មិន​ចង់​ចូល​ជ្រក​ក្រោម​ដំបូល​អឺរ៉ុប​រួម។ ទាំងនេះ ​ស្តែង​ឲ្យ​ឃើញ​ថា ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០០៧ សហភាព​អឺរ៉ុប​ទៅ​មុខ​មិន​រួច គ្មាន​ជំហរ​រួម និង​អត់​ទម្ងន់​នៅ​លើ​ឆាក​អន្តរជាតិ។

យ៉ាងណា​ក៏​ដោយ ចាប់​ពី​ឆ្នាំ​ចុង​ឆ្នាំ​២០០៨​ទៅ ផ្ទៃ​មេឃ​នៃ​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ស្រឡះ​ឡើង​វិញ​បន្តិច​ម្តងៗ ដោយសារ​តែ​ប្រទេស​បារាំង។ ប្រទេស​បារាំង ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ថ្មី​Nicolas Sarkozy ផ្តួចផ្តើម​តាក់តែង​សន្ធិសញ្ញា​មួយ​ថ្មី ដើម្បី​ជំនួស​រដ្ឋធម្មនុញ្ញ​អឺរ៉ុប​ឆ្នាំ​២០០៥​ដែល​ត្រូវ​បាន​បោះបង់​ចោល ដោយហេតុតែ​ពលរដ្ឋ ឬ​សភា​នៃ​ប្រទេស​សមាជិក​ខ្លះ​មិន​ព្រម​ឲ្យ​សច្ចាប័ន។

សន្ធិសញ្ញា ​ថ្មី​នេះ អនុម័ត​នៅ​ទីក្រុង​Lisbonne នៅ​ថ្ងៃ​ទី​១៣​ធ្នូ​ឆ្នាំ​២០០៧ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១​ធ្នូ​ឆ្នាំ​២០០៩ មាន​គោលដៅ​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការបន្ត​កសាង​អឺរ៉ុប​រួម។ ជាក់ស្តែង សិទ្ធិ​ប្រើ​Véto ពី​សំណាក់​បណ្តា​ប្រទេស​សមាជិក​ដើម្បី​ខ្ទប់​សេចក្តី​សម្រេចចិត្ត​រួម​ ផ្សេងៗ​ត្រូវ​បាន​កាត់​បន្ថយ ហើយ​ពី​អំណើះ​តទៅ​ប្រទេស​មួយ​ណា​ក៏​ដោយ​មាន​សិទ្ធិ​ដក​ខ្លួន​គ្រប់​ពេល​វេលា ចេញ​ពី​សហភាពអឺរ៉ុប។

សន្ធិសញ្ញា​ទីក្រុង​Lisbonne ក៏​មាន​គោលដៅ​ពង្រឹង​អំណាច​របស់​សហភាព​អឺរ៉ុប នៅ​លើ​ឆាក​អន្តរជាតិ​ដែរ ដោយ​ចង់​ឲ្យ​អឺរ៉ុប​មាន​សំឡេង​រួម​គ្នា​តែ​មួយ​នៅក្នុង​ពិភពលោក តាមរយៈ​ការបង្កើត​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប និង​ការបង្កើត​តំណែង​ឧត្តម​តំណាង​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ បរទេស និង​សន្តិសុខ។

ក៏ប៉ុន្តែ តាំង​ពី​ចុង​ឆ្នាំ​២០០៨​មក​ទល់​ត្រីមាស​ទី១​នៃ​ឆ្នាំ​២០១០​នេះ ពួក​អ្នក​មិន​ទុក​ចិត្ត និង​មើល​ស្រាល​អឺរ៉ុប គឺ​ពួក​Eurosceptiques ចាប់​ផ្តើម​ស្តី​បន្ទោស​សហភាព​អឺរ៉ុប​ជា​ថ្មី​ឡើង​វិញ។ ម្យ៉ាង គឺ​មក​អំពី​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ ស្តី​ពី​ការប្រែប្រួល​អាកាសធាតុ នៅ​ទីក្រុង​Copenhague ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០៩​ទឹកមាត់​របស់​អឺរ៉ុប​មិន​ប្រៃ នៅ​ចំពោះ​មុខ​សហរដ្ឋអាមេរិក និង​ប្រទេសចិន។ ម្យ៉ាងទៀត គឺ​មក​អំពី​តំណែង​ប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប​ត្រូវ​បាន​ ប្រគល់​ទៅ​ឲ្យ​ជនជាតិ​Belgique Herman Van Rompuy ដែល​គ្មាន​បុគ្គលិក​លក្ខណៈ​ខ្លាំង និង​ដែល​គ្មាន​កិត្តិនាម នៅ​លើ​ឆាក​អន្តរជាតិ។ រីឯ​មូលហេតុ​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ទៅ​លើ​ឥទ្ធិពល​របស់​អឺរ៉ុប គឺ​អវត្តមាន​នៃ​សកម្មភាព​រួម​របស់​អឺរ៉ុប ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​Haïti ក្រោយ​គ្រោះ​រញ្ជួយ​ដី នៅ​ខែ​មករា​កន្លង​ទៅ​នេះ។

ចង់​ឬ​មិន​ចង់ ទ្វីបអឺរ៉ុប​ទាំង​មូល និង​សហភាព​អឺរ៉ុប​ដាច់​ដោយ​ឡែក លែង​ជា​ដង្ហើម​នៃ​ពិភពលោក​ទៀត​ហើយ។ ពាក្យ​ស្លោក​ដែល​ថា អ្នកណា​ក្តាប់​អឺរ៉ុប អ្នកនោះ​ក្តាប់​ពិភពលោក មាន​ន័យ​ត្រឹមត្រូវ​ល្អ រហូត​ដល់​សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។ វា​ក៏​នៅ​មាន​ន័យ​ដែរ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ នា​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​សូវៀត ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ពិភពលោក ពិសេស​នៅ​លើ​ទ្វីបអឺរ៉ុប​តែ​ម្តង។

ក៏​ប៉ុន្តែ ក្រោយ​សង្រ្គាម​ត្រជាក់ ពិភពលោក​បែក​ចេញ​ជា​ច្រើន​Pôles មិនមែន​មាន​Pôles​ភូមិសាស្រ្ត​នយោបាយ​តែ​ពីរ ដូច​ពី​ពេល​មុន​ទៀត​ទេ។ នៅ​ក្នុង​បរិបទ​នេះ សហភាពអឺរ៉ុប​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​បន្ត​ពឹងពាក់​ឲ្យ​អាមេរិក​ជួយ​ការពារ​ខ្លួន ដូច​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ឬ​ក៏​ត្រូវ​គិតគូរ​បង្កើត​កងទ័ព​អឺរ៉ុប​រួម​មួយ ដើម្បី​ការពារ​ខ្លួន​ឯង និង​ដើម្បី​ចេញ​ទៅ​ធ្វើ​អន្តរាគមន៍​នៅ​លើ​ទី​សមរភូមិ​នាៗ ក្នុង​ពិភពលោក ក្នុង​នាម​ជា​មហា​អំណាច​មួយ​នឹង​គេ​ដែរ​ឬ​ទេ?

តើ​ត្រូវ​បង្កើត​អឺរ៉ុប ​សហព័ន្ធន៍​Europe fédérale ឬ​អឺរ៉ុប​សមាគម​ប្រជាជាតិ Europe des Nations?

ចក្ខុនិមិត្ត ​ទាំង​ពីរ​នេះ នាំ​មក​នូវ​ការយល់​ឃើញ​ផ្សេង​គ្នា​អំពី​តួនាទី​របស់​សហភាពអឺរ៉ុប នៅ​ក្នុង​លោក។ នៅ​ម្ខាង អឺរ៉ុប​សហព័ន្ធន៍ មាន​មហិច្ឆតា​ក្លាយ​ជា​មហា​ប្រទេស​អឺរ៉ុប​តែ​មួយ ដែល​ចាំបាច់​ត្រូវ​តែ​ដើ​តួនាទី​ជា​មហា​អំណាច ដូច​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ចិន​សព្វថ្ងៃ។ នៅ​ម្ខាង​ទៀត អឺរ៉ុប​សមាគម​ប្រជាជាតិ គ្រាន់​តែ​ចង់​ឲ្យ​បណ្តា​ប្រទេស​សមាជិក​សាមគ្គី​គ្នា​ដើម្បី​ការពារ​ អារ្យធម៌​អឺរ៉ុប ការពារ​គំរូ​អភិឌ្ឍន៍​មួយ ដោយ​មិន​ចាំបាច់​យក​ចិត្ត​ទុក​ដាក់ ទៅ​លើ​ការប្រែប្រួល​នយោបាយ​ឬ​ភូមិសាស្រ្ត​នយោបាយ​នៅ​ក្នុង​ពិភពលោក​អ្វី​ទេ ពីព្រោះ​គិតគូរ​អំពី​រឿង​ទាំង​អស់​នេះ គឺ​ជា​ភារកិច្ច​ផ្ទាល់​របស់​ប្រទេស​សមាជិក​នីមួយៗ​រៀងៗ​ខ្លួន។

នៅ​ សបា្តហ៍​ក្រោយ ខ្ញុំ​នឹង​វិភាគ​មើល​ថា តើ​អ្វី​ទៅ​ចំណុច​ខ្លាំង និង​ថា តើ​អ្វី​ទៅ​ចំណុច​ខ្សោយ​របស់​សហភាព​អឺរ៉ុប នៅ​ក្នុង​ពិភពលោក សព្វថ្ងៃ។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ភូមិសាស្រ្តនយោបាយ

    ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    ប្រវត្តិ​នៃ​ការ​កសាង​សហភាពអឺរ៉ុប​ (ភាគទី២)​

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប (ភាគទី៣)

    ស្វែងយល់បន្ថែម

  • ភូមិសាស្រ្តនយោបាយ

    ប្រវត្តិ​នៃ​ការ​កសាង​សហភាព​អឺរ៉ុប​ (ភាគទី៤)​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ