អានតួអត្ថបទ
សហភាព​អឺរ៉ុប

នាយករដ្ឋមន្រ្តី ហុងគ្រី៖ ជនភៀសខ្លួន​មិនបាន​រត់ពី​សង្រ្គាម ប៉ុន្តែ ពី​ជីវិត​លំបាក នៅ​ក្នុងជំរំ

មនុស្ស​រាប់ពាន់​នាក់​ត្រូវ​គេ​រំពឹង​ថា នឹង​ជួបជុំ​គ្នា នៅថ្ងៃ​សៅរ៍ ទី ១២ កញ្ញា នៅ​ទីក្រុង​ឡុងដ៍ ប៊ែរឡាំង ម៉ាឌ្រីដ និង​នៅ​ទីក្រុង​របស់​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដើម្បី​ធ្វើបាតុកម្ម​គាំទ្រ​ឲ្យ​មាន​ការទទួល​យក​ជនភៀសខ្លួន នៅ​ទឹកដី​អឺរ៉ុប។ នៅថ្ងៃ​សៅរ៍នេះ នៅទន្ទឹម​នឹង​ការជួបជុំ ស្វាគម ក្រុមជនភៀសខ្លួន ក៏​មាន​ផងដែរ បាតុកម្ម​តវ៉ា​ប្រឆាំង​មិន​ឲ្យ​ជនភៀសខ្លួន នៅ​ប៉ូឡូញ សាធារណរដ្ឋ​ឆែក និង​ហុងគ្រី​ជាដើម។

នាយករដ្ឋមន្រ្តី ហុងគ្រី វិចទ័រ អរបង់ នៅក្នុង​សន្និសីទ​កាសែត​នៅទីក្រុង​ព្រុចស៊ែល ថ្ងៃទី ៣​កញ្ញា
នាយករដ្ឋមន្រ្តី ហុងគ្រី វិចទ័រ អរបង់ នៅក្នុង​សន្និសីទ​កាសែត​នៅទីក្រុង​ព្រុចស៊ែល ថ្ងៃទី ៣​កញ្ញា REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​គំាទ្រ​ឲ្យ​មាន​ការទទួល​ជនភៀសខ្លួន​ស៊ីរី អ៊ីរ៉ាក់​ត្រូវ​បាន​រៀបចំ​ឡើង​នៅតាម​ទីក្រុងធំៗ ដូចជា​ឡុងដ៍ ប៊ែរឡាំង ប៉ារីស ម៉ាឌ្រីដ។ បាតុកម្ម​ដើម្បី បុព្វហេតុ​ជនភៀសខ្លួន​ធ្វើនៅ​ឡើង​នៅ​ចំពេល​ដែលលំហូរ​ជនភៀសខ្លួន​នៅ​តែ​មាន​ច្រើន​ក្នុង​​អឺរ៉ុប ​ក្នុង​ពេល​ដែល​ថ្នាក់ដឹកនាំ​របស់​បណ្តា​ប្រទេស​អឺរ៉ុប នៅ​តែ​ខ្វែងគំនិត​ពីរឿង​កូតា​ទទួល​យក​ជនភៀសខ្លួន។

 

នៅ​ប្រទេស​បារាំង រដ្ឋមន្រ្តី​មហាផ្ទៃ​បាន​កោះប្រជុំ​ចៅហ្វាយក្រុង​រាប់រយ នៅ​ទីក្រុង​ប៉ារីស ដើម្បី​ជួបប្រជុំ​រកមធ្យោបាយ​ទទួលជនភៀសខ្លួន ជាង ២ម៉ឺននាក់ ក្នុង​ចំណោម ជនភៀសខ្លួន​សរុប ១សែន ៦ម៉ឺននាក់ ដែល​អឺរ៉ុប​ត្រូវ​ទទួល។

 
អាជ្ញាធរ​បារាំង និង​ប្រជាជន​ចាប់ដៃស្រុះ​គ្នា គាំទ្រ ទទួល​ជនភៀសខ្លួន នៅបន្ទាប់ពី​ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ថា បារាំង ដែល​សាមគ្គីភាព​ជាមួយ​អាល្លឺម៉ង់ នឹង​ទទួល​ជនភៀសខ្លួន ជាង​២ម៉ឺននាក់ ក្នុង​រយៈពេល​២ឆ្នាំ។

ក្នុង​ចំណែក​ទទួល​របស់ខ្លួន បារាំង​ចង់​ទទួល​ជនភៀសខ្លួន ក្នុង​រយៈពេល ២​ឆ្នាំ គឺ​មិនទាំងអស់​ភ្លាមៗ​ទេ។ ដូច្នេះ ដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ នៅ​មូលដ្ឋាន​មាន​ពេលវេលា​គ្រប់គ្រាន់ និង​មធ្យោបាយ​ដើម្បី​ទទួល​ជនភៀសខ្លួន។ នៅ​ថ្ងៃ​សៅរ៍នេះ ចៅហ្វាយក្រុង និង​អ្នកទទួល​ខុសត្រូវ​ក្រុង​បារាំង មិនថា មកពី​គណបក្ស​កាន់អំណាច ឬ​ប្រឆាំង ប្រមាណ ៦០០​នាក់​បាន​ចូលរួម​ប្រជុំ​ជាមួយ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារំង ដើម្បី​សម្រេចថា តើ​ក្រុង​ណា​មាន​សមត្ថភាព ទទួល​ជនភៀសខ្លួន ប៉ុណ្ណា ហើយ​តើ​ពួកគេ​ត្រូវការ​ជំនួយ មធ្យោបាយ​ពីអ្វី​ពី​រដ្ឋ។
 

ជនភៀសខ្លួន​ស៊ីរី​តម្រង់ជួរ​ចាំ​ចុះឈ្មោះសុំ​សិទ្ធិ​ជ្រកកោណ ក្នុង​ទឹកដី ហុងគ្រី
ជនភៀសខ្លួន​ស៊ីរី​តម្រង់ជួរ​ចាំ​ចុះឈ្មោះសុំ​សិទ្ធិ​ជ្រកកោណ ក្នុង​ទឹកដី ហុងគ្រី REUTERS/Dimitris Michalakis

ក្រុមរដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប បាន​ស្នើ​ទៅ​គណៈកម្មការ​អឺរ៉ុប ឲ្យ​ធ្វើ​ផែនការ​លម្អិត ព្រោះគេ​បារម្ភថា តម្លៃ​ចាយវាយ​ដ៏សន្ធឹកសន្ធាប់​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន នឹង​អាច​ដាក់​បន្ទុក ទាញ​ទម្លាក់​សេដ្ឋកិច្ច​របស់ស្ថាប័ន​អឺរ៉ុប ក៏​ដូចជា​ប្រទេស​សមាជិក ដែល​មួយចំនួន ដូចជា​ក្រិក​ជាដើម កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច​រួចទៅ​ហើយនោះ។

បារាំង និង​ប្រទេស​អឺរ៉ុប​នៅខាងលិច ចាប់​ដុតដៃ ដុតជើង​ខ្លាំង នៅពេលនេះ ក៏ដោយសារ​តែ​កាលៈទេសៈ​តម្រូវ ព្រោះថា តាម​អង្គការ​សហប្រជាជាតិ ជនភៀសខ្លួន និង​ជន​អន្តោប្រវេសន៍ ដល់​ទៅ​ជាង ៤សែននាក់ បាន​ធ្វើដំណើរ យ៉ាង​គំហុក​ចូល​ក្នុង​ទឹកដី អឺរ៉ុប។ តាមអង្គការ​សហប្រជាជាតិ គ្រាន់​តែ​ក្នុង​រយៈពេល ១២​ម៉ោង នៅ​ថ្ងៃ​សុក្រ មាន​ជនភៀសខ្លួន ដល់ទៅ៧៦០០​នាក់ បាន​ឆ្លង​ចូល​ប្រទេស​ម៉ាសេដ្វាន ក្នុង​បំណង​ឆ្លង​បន្ទាប់​ទៀត ចូល​ទៅក្នុង​ដែន​សហភាព​អឺរ៉ុប។

នាយករដ្ឋមន្រ្តី​ហុងគ្រី​នឹង​ស្នើ​ថវិកា ៣ពាន់​លាន​អឺរ៉ុប ដើម្បី ជួយ​ប្រទេស​ជិតខាងស៊ីរី ដែល​បាន​ទទួល​ជនភៀសខ្លួន​ដំបូងគេ
សមាជិក​អឺរ៉ុប ខ្នះខ្នែង​ផ្តល់​ជំនួយ​ដល់​ជនភៀសខ្លួន គឺ​មិនស្មើ​ដៃ​គ្នា​ទេ មិនថា នៅ​ថ្នាក់​មេដឹកនាំ ឬ​ប្រជាជន។ ក្នុងពេល​ដែល​ប្រជាជន​ក្នុង​ទីក្រុង​ឡុងដ៍ ទីក្រុង​ប៊ែរឡាំង ឬ​ប៉ារីស រៀបចំ​បាតុកម្ម​ដើម្បី គាំទ្រ ការទទួល​ជនភៀសខ្លួន នៅ​តាម​បណ្តា​ទីក្រុង​ក្នុង​ប្រទេស​អឺរ៉ុប​ខាងកើត​ឯណោះវិញ គឺ​មាន​តែ​បាតុកម្ម ដើម្បី​ប្រឆាំង មិនចង់​ស្វាគម​ជនភៀសខ្លួន។

ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ដូចជា​ហុងគ្រី ប៉ូឡូញ ឆែក ឈរ​នៅ​ជួរមុខគេ ដើម្បី​ប្រឆាំង​នឹង​កូតា បែងចែក​ចំនួន​ជនភៀសខ្លួន ដែល​ស្នើឡើង​ដោយ​អាល្លឺម៉ង់ និង​គណៈកម្មការ​អឺរ៉ុប។ កាលពី​ថ្ងៃ​សុក្រ រូម៉ានី និង​ដាណឺម៉ាក បាន​ចូលរួម ប្រទេស​អឺរ៉ុប​ខាងកើត ដើម្បី​ប្រឆាំង មិនចង់​ទទួល​កូតា​ជនភៀសខ្លួន ដែល​គណៈកម្មការ​អឺរ៉ុប​ចង់​ដាក់​កម្រិត​ឲ្យ​ទទួល។

ហុងគ្រី​ដែល​ទទួល​ចុះ​ឈ្មោះ​ជនភៀសខ្លួន ប្រមាណ ១សែន ៥ម៉ឺននាក់ តាំងពី​ដើម​ឆ្នាំ ២០១៥ អះអាងថា ខ្លួន​មិន​អាច​ទទួល​ជនភៀសខ្លួន ដែល​តាមពិត​ចង់​ទៅរស់នៅ​ប្រទេស​អាល្លឺម៉ង់ ឬ​សុយអ៊ែតនោះទេ។ ម្យ៉ាងទៀត ការទទួល​ជនភៀសខ្លួននៅ​ទឹកដី​អឺរ៉ុប​មិនមែន​ជា​ដំណោះស្រាយ ដើម្បី​បិទបញ្ចប់​ការហូរចូល​ជនភៀសខ្លួន​ក្នុង​ទឹកដី​អឺរ៉ុប​នោះដែរ។ អាច​ថា​មាន​លុយប៉ុន្មាន ក៏​មិន​អាច​បញ្ចប់​បញ្ហា​ជនភៀសខ្លួន​នៅ អឺរ៉ុប​ដែរ។

តាម​នាយក​រដ្ឋមន្រ្តី​ហុងគ្រី គឺ​មាន​តែ​ផ្តល់​ជំនួយ​ដល់​ប្រទេស​ជិតខាង​ស៊ីរី ដែល​បាន​ជួយ​ផ្តល់​ជំរំ ស្នាក់នៅ​ដល់​ជនភៀសខ្លួនស៊ីរី​រហូតមក។ លោក​នាយក​រដ្ឋមន្រ្តី​ហុងគ្រី វិចទ័រ អរបង់ និយាយ​នៅថ្ងៃ​សៅរ៍​នេះថា លោក​នឹង​ស្នើ​ ទៅ​គណៈកម្មការ​អឺរ៉ុប នូវ​កញ្ចប់​ថវិកា ៣ពាន់​លាន​អឺរ៉ូ ដើម្បី​យក​ទៅ​ជួយ​រដ្ឋាភិបាល​តួកគី លីបង់ ហ្សកដានី ដែល​ជាម្ចាស់ផ្ទះ ទទួល ជនភៀសខ្លួន​ស៊ីរី មុនគេ។ នាយករដ្ឋមន្រ្តី​ហុងគ្រី នៅ​បាន​និយាយ​ថា ជនភៀសខ្លួន មិនមែន​មក​អឺរ៉ុប​ដើម្បី​គេចចេញ​ពីសង្រ្គាម​នោះទេ ប៉ុន្តែ គឺ​រត់​គេច​ចេញ​ជីវិត​លំបាក នៅក្នុង​ជំរំភៀសខ្លួន។ នៅ​ជំរំ​ក្នុង​ប្រទេសតួកគី ឬលីបង់​ជាដើម ជនភៀសខ្លួន​ស៊ីរី រស់នៅ​ដោយ​សុវត្ថិភាព។ ដូច្នេះ ពួកគេ​ទាំងនោះ មក​អឺរ៉ុប មិនមែន​ដើម្បី​ស្វែងរក​សន្តិសុខ សម្រាប់​ជីវិត​របស់ពួកគេទេ ប៉ុន្តែ ដើម្បី​ស្វែងរក​ជីវិត​ល្អ​ប្រសើរ​ជាងមុន ដែល​គេ​អាច​រក​បាន​នៅ អាល្លឺម៉ង់ ឬ​ស៊ុយអែត។

ក្រៅតែ មិន​ចង់​ទទួល នាយករដ្ឋមន្រ្តី​ហុងគ្រី ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង នៅ​បាន​បញ្ជា​ឲ្យ​គេសាងសង់​ដាក់​បន្លា​ពីរជាន់​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ស៊ែរប៊ី ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជនភៀសខ្លួន​ឆ្លងចូល​ក្នុង​ទឹកដី​ហុងគ្រី​តទៅទៀត នោះ​បើ​ទោះបី​ជា​ទិសដៅ​ចុងក្រោយ​របស់​ពួកគេ​គឺ អាល្លឺម៉ង់ក្តី។ មួយវិញទៀត ហុងគ្រី នឹង​អនុវត្ត​ពង្រឹង​ច្បាប់​ជនអន្តោប្រវេសន៍ ចាប់​ពី​ថ្ងៃ​អង្គារ​ទី ១៥ កញ្ញា។ ប៉ូលិស​នឹង​ចាប់​ដាក់ឃុំ រាល់ជន​ណា ដែល​ឆ្លងចូល​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​ហុងគ្រី។ បើសិន​ហុងគ្រី និង​ប្រទេសអឺរ៉ុប​ខាងកើត នៅ​តែ​មានជំហរ​រឹងត្អឹង​យ៉ាងដូច្នេះ កិច្ចប្រជុំ​រដ្ឋមន្រ្តី​មហាផ្ទៃ​អឺរ៉ុប នៅ​ថ្ងៃ​ចន្ទ ទី ១៤ កញ្ញា ស្តីពី​ការបែងចែក​កូតា​ជនភៀស​ខ្លួន ទំនងនឹង​មិនអាច​ចេញ​លទ្ធផល​អ្វីទេ។ កិច្ចប្រជុំ​កំពូល​របស់​ថ្នាក់ដឹកនាំ​អឺរ៉ុប​ស្តីពី វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី ៨​តុលា​ខាងមុខ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ