អានតួអត្ថបទ
កម្ពុជា-នយោបាយ

IPU ចង់​ឲ្យ​មាន​បេសកកម្ម​ស្វែង​រក​ការ​ពិត​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នៅ​កម្ពុជា

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ សហភាព​អន្តរសភា​(IPU)​ដែល​តំណាង​ឲ្យ​១៧៣​ប្រទេស​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​មក​លើ​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ប្រឈម​នឹង​បញ្ហា​នេះ សហភាព​អន្តរសភា​បាន​អំពាវនាវ​ឲ្យ​មាន​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​ដោយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​សហភាព​អន្តរ​សភា​ហើយ​នឹង​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

តំណាង​​រាស្រ្ត​​បក្ស​​ប្រឆាំង​នៅ​​កម្ពុជា
តំណាង​​រាស្រ្ត​​បក្ស​​ប្រឆាំង​នៅ​​កម្ពុជា REUTERS
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​ឲ្យ​មាន​បេសកកម្ម​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ថ្ងៃ​បិទ​បញ្ចប់​មហា​សន្និបាត​លើក​ទី​១៣៧​របស់​សហភាព​អន្តរសភា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ ជា​កិច្ច​ប្រជុំ​ដែល​ជជែក​ដេញ​ដោល​គា្ន​អំពី​ស្ថានភាព​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ក៏​ដូច​ជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឈាន​ទៅ​រក​ការ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ប្រធាន​សហភាព​អន្តរសភា​(IPU)​បាន​ចោទ​សួរ​ចំៗ​ទៅ​កាន់​គណៈប្រតិភូ​តំណាង​កម្ពុជា​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ក្នុង​សប្តាហ៍​នេះ ថា​តើ​ដើម្បី​សម្រាប់​តែ​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ឫ? ហើយ​សួរ​ថែម​ទៀត​ថា គណៈប្រតិភូ​តំណាង​កម្ពុជា​គាំទ្រ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ដែរ​ឫ​ទេ? លោក​ប្រធាន​IPU ក៏​បាន​ចោទ​សួរ​ដែរ​ថា ប្រសិន​បើ​មាន​ច្បាប់​របៀប​នេះ តើ​កម្ពុជា​នៅ​ជា​ប្រទេស​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឫ​ទេ?

ជា​ការ​ឆ្លើយ​តប គណៈប្រតិភូ​តំណាង​កម្ពុជា បាន​អះ​អាង​ថា ពួក​គេ​មិន​ទាន់​ដឹង​អំពី​លទ្ធផល​នៃ​ការ​អនុម័ត​វិសោធនកម្ម​នេះ​នៅ​ឡើយ​ទេ ដូច្នេះ​គេ​មិន​អាច​និយាយ​អ្វី​បាន​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​ចុះ ចំពោះ​ការ​ចង់​បង្កើត​ឲ្យ​មាន​បេសកកម្ម​ស្វែង​រក​ការ​ពិត​មួយ​ជុំវិញ​ស្ថានភាព​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គណៈប្រតិភូ​តំណាង​កម្ពុជា​បាន​គូស​បញ្ជាក់​ថា កម្ពុជា​នឹង​ជួយ​សម្រប​សម្រួល​ចំពោះ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សហភាព​អន្តរសភា​នេះ។

ដោយ​ឡែក​ចំពោះ​ករណី​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​វិញ សហភាព​អន្តរសភា​បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក​ដោយ​ផ្អែក​ទៅ​តាម​តែ​វីដេអូ​ឃ្លីប​នៃ​សុន្ទរកថា​សាធារណៈ​ដែល​លោក​កឹម សុខា បាន​ថ្លែង​ទៅ​កាន់​សហគមន៍​ខ្មែរ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ចុង​ឆ្នាំ​២០១៣។ សហភាព​អន្តរសភា​ក៏​បាន​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា​ជា​បន្ទាន់ ដើម្បី​ឲ្យ​លោក​អាច​បន្ត​ភារកិច្ច​ជា​សមាជិក​សភា និង​ជា​ប្រធាន​គណបក្ស​ប្រឆាំង។ បន្ថែម​លើ​នេះ សហភាព​អន្តរសភា (IPU) ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឱ្យ​មាន​ការ​វិល​ត្រឡប់​នៃ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​និរទេស​ខ្លួន ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​យុទ្ធនាការ​ដោយ​សេរី​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ។

នៅ​ត្រង់​ចំណុច​នេះ គណៈប្រតិភូ​តំណាង​កម្ពុជា បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​កម្ពុជា​មិន​បាន​ដេញ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ចេញ​ពី​ប្រទេស​នោះ​ទេ​ គឺ​ពួក​គេ​ចាក​ចេញ​ពី​ប្រទេស​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ពួក​គេ​អាច​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​បាន​គ្រប់​ពេល​ទាំង​អស់​ដែល​ពួក​គេ​ចង់​មក​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ