អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីតាលីចង់​បាន​​កិច្ចសហប្រតិបត្តិការ​ខ្លាំងក្លា​ដើម្បី​ទប់ទល់​​អន្តោប្រវេសន៍​ខុសច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​សង្គ្រោះ​នាវា​ដឹកទំនិញ​«Ezadeen» និង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ស៊ីរី​ជិត​៤០០​នាក់ ឱ្យ​ផុត​ពី​សេចក្តី​ស្លាប់​ ពេលវេលា​នៃ​ការ​បញ្ចេញ​ប្រតិកម្ម​នយោបាយ​បាន​ធ្លាក់​មក​ជា​​បន្ត​បន្ទាប់​នៅ​អ៊ីតាលី។ រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​អ៊ីតាលី​បាន​គូស​បញ្ជាក់​ថា​ត្រូវ​ការ​​ទំនាក់ទំនង​​និង​កិច្ចសហប្រតិបត្តិការ​ប្រសើរ​ជាង​នេះ ជា​មួយ​ប្រទេស​ជិត​ខាង​​ពាក់ព័ន្ធ​ដូច​ជា​ក្រិក​ និង​តួកគី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងចរន្ត​​ជួញ​ដូរអន្តោប្រវេសន៍​ខុស​ច្បាប់​។

នាវា  Ezadeen ពាក់ផ្លាក​លេខ​ប្រទេស​សៀរ៉ាឡេអូន​ រកស៊ី​ដឹក​​ជន​អន្តោប្រវេសន៍ខុសច្បាប់​​ចេញ​ពី​កំពង់ផែ​តួកគី​
នាវា Ezadeen ពាក់ផ្លាក​លេខ​ប្រទេស​សៀរ៉ាឡេអូន​ រកស៊ី​ដឹក​​ជន​អន្តោប្រវេសន៍ខុសច្បាប់​​ចេញ​ពី​កំពង់ផែ​តួកគី​ REUTERS/Icelandic Coast Guard/ Handout
ផ្សាយពាណិជ្ជកម្ម

ជា​សរុប​មាន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន ៣៦០​​នាក់ សុទ្ធ​សឹង​ជា​ជនជាតិ​ស៊ីរី ៣៤៣​នាក់​ប្រុស ៤៣​នាក់​ស្រី ក្នុង​នោះ​បួន​នាក់​មាន​ផ្ទៃ​ពោះ​ផង និង​៧៤​នាក់ ជា​ក្មេង​មិនទាន់​ពេញ​វ័យ។ ​ដំណើរ​រត់​ភៀស​ខ្លួន​ មាន​រយៈ​ពេល​មិន​ដល់​១៥​ថ្ងៃ​ទេ។ ពួក​គេ​បាន​ចាក​ចេញ​ពី​ ​ស៊ីរី ប្រទេស​កំណើត សំដៅតួកគី​ដោយ​ឆ្លង​កាត់​ប្រទេស​លីបង់​ជិត​ខាង​ ​​​តាម​ជើង​យន្តហោះ​ ដើម្បី​មក​ឡើង​នាវាដឹកសត្វ​​ នៅ​ថ្ងៃ​ទី ៣១ ធ្នូ ក្នុង​តម្លៃ​ដ៏​ថ្លៃ ប្រមាណ​ពី ៤០០០ ទៅ ៨០០០​ដុល្លារ សម្រាប់​អ្នក​ដំណើរ​ម្នាក់ៗ ដែល​ចង់​រត់​គេច​សង្គ្រាម។

 
បើ​តាម​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី នាវា Ezadeen បាន​ចាក​ចេញ​ពី​​កំពង់​ផែ​តួកគី តែ​បើ​តាម​វិបសៃត៍​ចរាចរណ៍នាវា កប៉ាល​អេហ្សាឌិន បាន​ចាក​ចេញ​ពី កំពង់​ផែ​ ហ្វាម៉ាហ្គូស្ត របស់​ប្រទេស​ស៊ីប ក្រោម​ការ​បញ្ជា​របស់​​តួកគី​ បន្ទាប់ពី​ធ្វើ​ដំណើរ​ចេញ​មក​ពី​ប្រទេស​ស៊ីរី។ ហើយ​តើ​តាម​វិបសៃត៍​ឯកទេស​ផ្នែក​ចរាចរណ៍​សមុទ្ទ​ដដែល នាវា​មាន​​ទិស​ដៅ​​ផ្លូវការ​សំដៅ​ទៅ​កាន់​កំពុង​ផែ សែត របស់​បារាំង។

ប៉ុន្តែ​ដំណើរ​របស់​ពួក​គេ​ត្រូវ​បញ្ឈប់​កណ្តាល​មហាសាគរ​មេឌីទែរ៉ាណេ ព្រោះ​​អ្នក​បើក​បរ​នាវា បាន​រត់​បាត់ បណ្តោយ​ឱ្យ​នាវា​បរ​ទៅ​មុខ​ពេញ​មួយ​ទំហឹង​រហូត​ទាល់​តែ​អស់​ប្រេង និង​ទម្រាំ​ឆ្មាំ​សមុទ្ទ​គ្រប់គ្រង និង​តម្រង់​ទិស​សណ្តោង​​មក​ដល់​ដីគោក​អ៊ីតាលីបាន។ ប៉ុន្តែការ​អ្នក​បើក​បរដែល​បាំង​មុខ​ជិត​រហូត​មក អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា កាំពីទែន​បាន​បោះបង់​តួនាទី​ជា​បញ្ជា​នាវាមែន​ តែ​ទំនង​ជា​មិន​បាន​ចាក​ចេញ​ពី​នាវា​ទេ !​ អ្នក​បើកបរ​នោះ​ទំនង​ជា​អាច​កំពុង​​បន្លំ​ក្នុង​ហ្វូង​អន្តោប្រវេសន៍​ខុស​ច្បាប់​ផ្សេងៗ​ទៀត​ផង។

 
ក្រុម​ឈ្មួញ មេខ្យល់​បាន​ថែម​ទាំង​​ប៉ុស្តិ៍​​ក្នុង​ទំព័រ​ហ្វេសប៊ូល ​ទាក់ទាញ​រក​ភ្ញៀវ ម្នាក់​៥៥០០​ដុល្លារ ឬ ៤៥០០​ដុល្លារ​សម្រាប់​ក្រុម​ចាប់ពី​២៥​នាក់​ឡើង​ទៅ​។ ហើយ​ជា​លើក​ទី​មួយ នៅ​ថ្ងៃ​នេះ កាពីទែន​នាវា​​ដឹកនាំ​ទំនិញ​មួយ​ទៀត ឈ្មោះ blue sky M ដែល​ដឹក​ជន​ស៊ីរី​រត់​ភៀស​ខ្លួន​ចំនួន ៨០០​នាក់ មក​ដល់​អ៊ីតាលី​កាលពី​​ថ្ងៃ​១​មករា បាន​ប្រាប់​អ្នកកាសែត​សុខ​ចិត្ត​បើក​បរនាវា​មកអឺរ៉ុប​​ជា​ថ្នូរ​នឹង​ប្រាក់​១៥០០០​ ព្រម​ទាំង​ក្តី​សង្ឃឹម​​ជួយសង្គ្រោះ​​គ្រួសារ​ឱ្យ​រត់​ភៀស​ខ្លួន​មកអឺរ៉ុប។

ជួញ​ដូរ​អន្តោប្រវេសន៍​ខុសច្បាប់ តាម​នាវា​ដឹក​ទំនិញ នាវា​ពាណិជ្ជកម្ម រួច​បោះបង់​ចោល​នាវា​នោះ គឺ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​ពួក​មេ​ខ្យល់ ឬ​អ្នក​រក​ស៊ី​ពង្រត់​អន្តោប្រវេសន៍​មក​អឺរ៉ុប។ នាវា​អេហ្សាឌិន គឺ​ជា​ករណី​ទី​បី​ បញ្ជាក់​​យ៉ាង​ច្បាស់​ពី​ជំនួញ​បែប​ថ្មី។ ក្នុង​រយៈ​ពេល​តែ​បី​សប្តាហ៍​អ៊ីតាលី​បាន​ទទួល​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​បែប​នេះ ដល់​ទៅ​ជិត​ពីរ​ពាន់​នាក់។ ជិត​៨០០​នាក់ កាល​ពីយប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ជិត​៨០០​នាក់​ដែរ កាលពី​ថ្ងៃ​ទី ២០​ធ្នូ និង​ជិត​បួន​រយ​នាក់​នៅ​លើក​នេះ។ ជា​រៀង​រាល់​លើក នាវា​ទាំង​បាន​ចាក​ចេញ​ពី​ប្រទេស​តួកគី ដូច​គ្នា ហើយ​ឈ្មួញ បាន​បោះបង់​នាវា ឬ ប្រកាសថា​​នាវា​ខូច​ សុំ​ជំនួយពីឆ្មាំ​សមុទ្ទ​អឺរ៉ុប។ ជំនួញ​បែប​នេះ អាច​ផ្តល់​ផល​ចំណេញ​ដល់​លាន​អឺរ៉ូ ក្នុង​មួយ​ជើងៗ ហេតុ​ដូច្នេះ​ហើយ​បាន​អ្នក​បើក​បរ​មិន​ខ្លាច​នឹង​ចំណាយ​នាវា​កញ្ចាស់​ទ្រុឌទ្រោម​ឡើយ។

ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​ដល់​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៣​មករា​នេះ ទើប​គេ​ឃើញ​រដ្ឋាភិបាល​អ៊ីតាលី បញ្ចេញ​ប្រតិកម្ម ទាក់ទង​នឹង​ជំនួញ​អន្តោប្រវេសន៍​ខុស​ច្បាប់​បែប​ថ្មី តាម​រយៈ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​ប្រកាស​ថា គេ​ត្រូវ​ការ​ឱ្យ​គ្រប់​ប្រទេស​ចូលរួម​កម្ចាត់​ការ​ត់ពន្ធ​មនុស្ស ក្នុង​ន័យ​នេះ អ៊ីតាលី​បានភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​អាជ្ញាធរ​តួកគី​​រួច​រាល់​ហើយ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជា​ដាច់​ខាត​ នឹង​ការ​ជួញ​ដូរ​មនុស្ស​ ឱ្យ​ដល់​ឬស​គល់។ អ៊ីតាលី​នឹង​ពង្រឹង​ការ​សហការ​ជាមួយ​ ក្រិក ដើម្បី​ចាប់​នាវា​ដឹកទំនិញ​​មាន​ផ្ទុក​ជន​អន្តោប្រវេសន៍ស៊ីរី​​ឱ្យ​បាន​មុនមក​ដល់​ក្បែរ​ឆ្នេរ​អ៊ីតាលីទាន់។

​អឺរ៉ុប និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិកសហភាព​ មិន​អាច​បដិសេធ​ធ្វើ​មិន​ដឹង​ថា​មាន​​អំពី​Business​ថ្មី​នេះ​ឡើយ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អឺរ៉ុប បាន​ត្រឹម​អះអាង​ថា​ ​​មធ្យោបាយ​ថ្មី​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញ​ដូរ​​អន្តោប្រវេសន៍​ខុសច្បាប់ នឹង​ក្លាយ​ជា​អាទិភាព​សំខាន់​មួយ ក្នុង​ចំណោម​អាទិភាព​សំខាន់ៗ​ប្រចាំ​ឆ្នាំ​២០១៥​របស់​សហភាព​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ