អានតួអត្ថបទ
អ៊ីតាលី-ជនភៀសខ្លួន

អ៊ីតាលី ​ប្រឈម​មុខ​តែ​ម្នាក់​ឯង ​ទទួល​ជន​ភៀស​ខ្លួន​អាហ្វ្រិក​រាប់​ពាន់​នាក់

ជន​ភៀស​ខ្លួន​អាហ្រ្វិក​ដែល​ឆ្លង​ទូក​ផ្សង​ជីវិត​ មក​កាន់​ដែនដី​អ៊ីតាលី​ ​មាន​ចំនួន​កាន់​តែ​ច្រើន ​ហើយ​គ្រោះ​ថ្នាក់​លេច​ទូក​កណ្តាល​សមុទ្រ ​បាន​កើត​ឡើង​ជា​ញឹកញាប់​ដែរ។ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១២ ​មេសា ​ជន​ភៀស​ខ្លួន ​៤០០​នាក់​ បាន​បាត់​ខ្លួន​ក្នុង​សមុទ្រ​ មិន​ទាន់​រកឃើញ​នៅ​ឡើយ ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ មេសា​នេះ ​ទៀត ​មាន​​ជន​ភៀស​ខ្លួន​៤១​នាក់ ​បាន​លង់​ទឹក​សមុទ្រ​ស្លាប់។ ប្រឈម​មុខ​នឹង​ការ​មក​ដល់ ​នូវ​ជនភៀស​ខ្លួន​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ ​អ៊ីតាលី​ដែល​កំពុង​តែ​ខ្វះខាត​ស្រាប់​ទៅ​ហើយ ​បាន​រិះគន់​សហភាព​អឺរ៉ុប​ថា ​បាន​ឈរ​ឱបដៃ​មើល ​ទុកឲ្យ​អ៊ីតាលី​ត្រដាប​ត្រដួស​តែ​ម្នាក់​ឯង។

ជនភៀសខ្លួន​អាហ្រ្វិក​​កំពុង​តែតម្រង់​ជួរ​គ្នា​ ក្រោមការ​​ត្រួតពិនិត្យ​របស់​នគរបាល​អ៊ីតាលី​នៅតំបន់​ស៊ីស៊ីល
ជនភៀសខ្លួន​អាហ្រ្វិក​​កំពុង​តែតម្រង់​ជួរ​គ្នា​ ក្រោមការ​​ត្រួតពិនិត្យ​របស់​នគរបាល​អ៊ីតាលី​នៅតំបន់​ស៊ីស៊ីល Reuters/Antonio Parrinello
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​កាប់​សម្លាប់ និង​គ្រោះ​ទុរភិក្ស​នៅ​តំបន់​ដើមបូព៌ា ​ តាម​ប្រទេស​អាហ្វ្រិក​ខាងកើត  ​បាន​ជំរុញ​ប្រជាជន​អាហ្វ្រិក​រាប់ម៉ឺន​នាក់ ​ឲ្យ​រត់​ចោល​ផ្ទះ​សម្បែង ​ផ្សង​វាសនា​ធ្វើ​ដំណើរ​មក​កាន់​ទ្វីប​អឺរ៉ុប។ ជន​ភៀសខ្លួន​ បាន​ជិះទូក​ទាំងក្រុមៗ ​ឆ្លង​ពី​ប្រទេស​លីប៊ី ​មក​កាន់​ដីកោះ​​តំបន់​ស៊ីស៊ីល ​ភាគ​ខាងត្បូង​ប្រទេស​អ៊ីតាលី ​ដោយ​ត្រូវ​ឆ្លងកាត់​រលក​សមុទ្រ​មេឌីទែរ៉ាណេ។ គ្រោះថ្នាក់​លេចទូក ​មាន​ជា​ហូរហែរ ​ដែល​គេ​បាន​ដាក់​ងារ​សមុទ្រ​មេឌីទែរ៉ាណេ ​ជា​ទី​វាល​កប់ខ្មោច​ទៅ​ហើយ។

 
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ១៦ ​មេសា ​ជន​ភៀស​ខ្លួន​ចំនួន​៤៥​នាក់ ​បាន​ជិះទូក​ធ្វើ​ពី​ពោង​កៅស៊ូ​រខេករខាក ​ឆ្លង​ពី​ប្រទេស​លីប៊ី​ មក​កាន់​អ៊ីតាលី។ ទូក​ពោង​បាន​ធ្លាយ ​ហើយ​លេច​នៅ​កណ្តាល​សមុទ្រ។ នាវា​ល្បាត​របស់​អ៊ីតាលី ​បាន​ស្រង់​យក​បាន​អ្នក​នៅ​រស់​ចំនួន​៤នាក់ ​ចំណែក​ ៤១នាក់​ផ្សេង​ទៀត ​គេ​គ្មាន​សង្ឃឹម​ថា​នៅ​រស់​នោះ​ទេ។ ដូចគ្នា​នេះ​ ផង​ដែរ ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​ ១២​ មេសា កូន​នាវា​មួយ​ដែល​​មាន​ផ្ទុក​ជន​ភៀសខ្លួន​ចំនួន ៤០០​នាក់ ​ក៏បាន​បាត់​នៅ​ក្នុង​សមុទ្រ​ម៉េឌីទែរ៉ាណេ​ដែរ។ រហូត​មក​ដល់​ពេល​នេះ ​គេ​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​នៅ​រស់រាន​មាន​ជីវិត ​រឺ​ក៏​សាកសព​នៅ​ឡើយ​ទេ។

លោក ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីតាលី ​បាន​សម្តែង​ការ​មួរម៉ៅ ​ក្តៅ​ក្រហាយ ​នឹង​ភាព​ព្រងើយ​កន្តើយ​របស់​សហភាព​អឺរ៉ុប ​និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ លោក​ថា បញ្ហា​ជន​ភៀស​ខ្លួន​ ជា​បញ្ហា​របស់​ប្រទេស​អ៊ឺរ៉ុប​ទាំង​អស់​គ្នា ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​គេ​ទុក​ឲ្យ​អ៊ីតាលី​តែ​ម្នាក់​ឯង ​​ជា​អ្នក​ដោះស្រាយ​បញ្ហា។

ក្រុង​ Reggio​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ​អ៊ីតាលី​ កំពុង​តែ​ជួប​បញ្ហា​ ដោយ​ការ​មក​ដល់​របស់​ក្រុម​អ្នក​ភៀស​ខ្លូន ​យ៉ាង​សន្ធឹក​សន្ធាប់។ ក្រៅ​ពី​ខ្វះខាត ​កន្លែង​ស្នាក់​នៅ ​នៅ​តាម​មណ្ឌល​ទទួល​ជន​ភៀសខ្លួន ​ទីក្រុង​នេះ ​កំពុង​តែ​ប្រឈមមុខ​នឹង​បញ្ហា​អនាម័យ​ និង​សុខភាព ​ដោយសារ​តែ​មាន​ជន​ភៀស​ខ្លួន​ រាប់​ពាន់​នាក់ ​ហើយ​ដែល​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីតាលី ​ដែល​កំពុងតែ​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ​គ្មាន​លទ្ធភាព ​គ្រប់គ្រាន់ ​ក្នុង​ការ​ទំនុក​បំរុង​ជនភៀស​ខ្លួន​ ទាំង​អស់​នេះ​ទេ។

គួរ​បញ្ជាក់​ផងដែរ​ថា ​អ៊ីតាលី​គឺជា​ច្រក ​ដែល​ជនភៀស​ខ្លួន ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ទឹកដី​អឺរ៉ុប។ ព្រំដែន​សមុទ្រ​អ៊ីតាលី ​ក៏​ជា​ព្រំដែន​របស់​អឺរ៉ុប​ផងដែរ។ បើ​រាប់ចាប់​ពី​ដើម​ឆ្នាំ​ ២០១៥​នេះ​ មាន​ជន​ភៀស​ខ្លួន​ជាង​៥០០​នាក់​ហើយ ​ដែល​បាន​ស្លាប់​ លង់​ទឹក​សមុទ្រ ​ក្នុង​ពេល​ជិះទូក​ឆ្លង​ចូល​មក​អ៊ីតាលី ​នេះ​នៅ​មិន​ទាន់​រាប់​ករណី​ថ្មីៗ​ ទាំង​ពីរ​ខាង​លើ​ទេ។ បើ​សរុប​តាម​មណ្ឌល​ទទួល​ជន​ភៀស​ខ្លួន​ទាំង​អស់​នៅ​អ៊ីតាលី ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ​៨ម៉ឺន​នាក់ ​ដែល​កំពុង​តែ​រងចាំ​ជំនួយ។ អ៊ិតាលី ក៏​ដូច​ជា​អង្គការ​មនុស្សធម៌​នានា ​បាន​ស្តី​បន្ទោស​ដោយ​ចំៗ ​ទៅ​លើ​សហភាព​អឺរ៉ុប ​នឹង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ​ដែល​បាន​តែ​មាត់​​តែ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ​និង​សាមគ្គីភាព​ ទុកឲ្យ​អ៊ីតាលី ​ដោះស្រាយ​បញ្ហា​តែ​ម្នាក់ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ