អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សមុទ្ទ​មេឌីទែរ៉ាណេ ជា​ផ្នូរកប់​ខ្មោច​អន្តោប្រវេសន៍​ខុស​ច្បាប់ ដល់​ថ្ងៃ​ណា ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

សេណារីយោ​ដដែល​បាន​កើត​ឡើង​ជា​ថ្មី​នៅ​ក្នុង​ផ្ទៃ​សមុទ្ទ​អ៊ីតាលី ... ពីរ​ថ្ងៃ​ក្រោយ​​ការ​ចាប់​បាន​នាវា​ដឹកទំនិញ​ មាន​បង្កប់​​ជន​អន្តោប្រវេសន៍​ខុសច្បាប់​៧០០​នាក់ នៅ​យប់​មិញ​នេះ នាវា​ដឹក​ទំនិញ​មួយ​ទៀតរបស់​ប្រទេស​សៀរ៉ាឡេអូន ដែល​មាន​ផ្ទុក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ ៤៥០​នាក់ ភាគ​ច្រើន​ជា​ជន​ជាតិ​ស៊ីរី បាន​ទាញ​សញ្ញា​អាសន្ន​សុំ​ការ​សង្គ្រោះ ពី​ឆ្មាំ​សមុទ្ទ​អ៊ីតាលី​​ ​ ​ព្រោះ​កាពីទែន​បាន​រត់​គេច​ខ្លួន​បោះបង់​នាវា​ចោល​កណ្តាលមហា​សាគរ។ពេល​នេះ​ឧទ្ធម្ភាគចក្រ​យោធា​អ៊ីតាលី អាច​គ្រប់គ្រង់ស្ថានការណ៍​និង​កំពុង​ជា​តម្រង់​នាវា​ឆ្ពោះ​មក​កាន់​ដីគោក។ សោកនាកម្ម អាច​បញ្ចៀស​បាន​មែន ប៉ុន្តែ​សំណួរ​នៅ​ចោទ​ឡើង​ដដែល ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច ទើប​ទប់​ស្កាត់​រលក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​តាម​សមុទ្ទ​មេឌីទែរ៉ាណេ ? ហេតុអ្វី​បាន​ចំនួន​ជន​រត់​ភៀស​ខ្លួន​តាម​សមុទ្ទ​មេឌីទែរ៉ាណេ កើន​ឡើង​ឥត​ឈប់ ? តើ​សហភាព​អឺរ៉ុប​ចាត់​វិធានការ​បែបណា ប្រឆាំង​នឹង​ចរន្ត​នេះ ?

នាវា​ដឹក​ទំនិញ​ផ្ទុក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ដែល​ទើប​មក​ដល់​ផែ​អ៊ីតាលី
នាវា​ដឹក​ទំនិញ​ផ្ទុក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ដែល​ទើប​មក​ដល់​ផែ​អ៊ីតាលី REUTERS
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ឆ្នាំ​២០១៤ គឺ​ជា​ឆ្នាំ​ដែល​អាក្រក់​បំផុត​​សម្រាប់​ការ​រត់​ភៀស​ខ្លួន​​តាម​សមុទ្ទ​មេឌីទែរ៉ាណេ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ២៩០០​នាក់ ពោល​គឺ​បួន​ដង​លើស​ឆ្នាំ​២០១៣ ដែល​មាន​អ្នក​សាក​ល្បង​ឆ្លង​សមុទ្ទ​មេឌីទែរ៉ាណេ​​ស្លាប់​តែ​៧០០​នាក់។ នេះ​ជា​តួលេខ​ផ្លូវការ​ ដែល​មិន​រាប់​ចំនួន​អ្នក​បាត់​ខ្លួន​ទេ។ កាលពី​ខែ​សីហា មាន​ទូក​ដឹក​ជន​ភៀស​ខ្លួន​មួយ​បាន​លិច ធ្វើ​​មនុស្ស​អស់​យ៉ាងហោច​ណាស់ ៥០០​នាក់​បាត់​ខ្លួន។

 
ចំនួន​អ្នក​​ស្លាប់​​ច្រើន មក​ពី​ចំនួន​អ្នក​ភៀស​ខ្លួន​ក៏​កើន​ឡើង​ខ្លាំង។ កាលពី​ឆ្នាំ​២០១៣ មាន​ជន​អន្តោប្រវេសន៍​ប្រមាណ​តែ​​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ទល់​នឹង​ជាង​១៣០ ០០០​នាក់ ​នៅ​ឆ្នាំ​២០១៤ និង​គិត​ត្រឹម​តែ​កញ្ញា​សោះ។ ការ​កើន​ឡើង​នេះ ដោយ​សារ​មូលហេតុ​ច្រើន ៖ សំខាន់​ជាងគេ​គឺ​បណ្តាល​មក​វិបត្តិ​និង​ជម្លោះ​ប្រដាប់​អាវុធ​ច្រើន​នៅ​លើ​ពិភពលោក មាន​ជា​អាទិ៍​សង្គ្រាម​នៅ​ស៊ីរី។ មូលហេតុ​ទីពីរ​ បែប​ចាស់​គំរិល​បន្តិច គឺ​ដោយ​ឆ្នេរ​សមុទ្ទ​លីប៊ី​ មិន​សូវ​មាន​​ការ​ត្រួត​ពិនិត្យ​ខ្លាំង​ដូច​សម័យ​លីប៊ី​ដឹកនាំ​ដោយ​ កាដាហ្វ៊ី ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​អតីត​ប្រធានាធិបតី​អ៊ីតាលី​ ស៊ីលវីយូ បែលុយស្កូនី ទប់​ស្កាត់​ចរន្ត​ភៀសខ្លួន​តាម​សមុទ្ទ​ ជាថ្នូរ​នឹង​ប្រាក់​ជំនួយ​៥ពាន់​លាន​។ តែ​ឥលូវ​លីប៊ី ហែក​ហួរ​ មាន​វិបត្តិ​ផ្ទៃក្នុង​ ទើប​បាន​ជា​ក្រុម​មេខ្សល់​អាច​ធ្វើ​សកម្មភាព​បាន​ស្រេច​នឹង​ចិត្ត។ ហើយ​គេ​ពិត​ជា​លំបាក​កម្ចាត់​ក្រុម​មេខ្យល់​ដែល​ខ្លះ​ជា​អ្នក​ចង់​រត់​ភៀស​ខ្លួនមក​អឺរ៉ុប​ដែរ​ណាស់ ព្រោះ​មិន​អាច​ធ្វើ​អង្កេត​ដូច​អឺរ៉ុប​ចង់​បាន​ មាន​ប៉ូលិស មាន​ចៅក្រម​ ... នៅក្នុង​ប្រទេស​លីប៊ី ឬ​ប្រទេស​ផ្សេង​ទៀត​តាម​បណ្តោយ​​ឆ្នេរ​មេឌីទែរ៉ាណេ​ឡើយ។ បារាំង​មាន​កង​ប៉ូលិស​ពិសេស​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​រត់​​ពន្ធ​អន្តោប្រវេសន៍ ប៉ុន្តែ​គ្មាន​មធ្យោបាយ​​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​បារាំង​ទេ។

តើ​អ៊ីតាលី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ចរន្ត​អន្តោប្រវេសន៍ ​នៅ​មេឌីទែរ៉ាណេ​ តែ​ម្នាក់ឯង ?

ចរន្ត​ជន​ភៀស​ខ្លួន​ខុស​ច្បាប់​ចូល​អឺរ៉ុប​មាន​ច្រើន​ច្រក​ណាស់​ ជា​ផ្លូវ​គោក ដូច​ជា​ចូល​អឺរ៉ុប​ដោយ​ខុសច្បាប់​តាម​ប្រទេស​តួកគី ប៊ុលហ្ការី​ ឬ​ក្រិក ឬ​តាម​ផ្លូវ​អាកាស​ តាមរ​យៈ​លិខិត​ក្លែងក្លាយ​ផង​ក៏​មាន។ មេឌីទែរ៉ាណេ អាច​ច្រក​ធំ និង​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ច្រើន​ជាង​គេ និង​ជិត​ជាង​គេ​ បើ​គិត​តាម​ផ្លូវ​ទឹក។

មិន​មែន​តែ​អ៊ីតាលី​ទេ ដែល​បញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ចរន្ត​អន្តោប្រវេសន៍​នេះ ! អឺរ៉ុប​គ្មាន​កន្លែង​និង​លទ្ធភាព​ទទួល​ជន​ភៀស​ខ្លួន​ទៀត​ទេ តែ​អឺរ៉ុបត្រូវ​តែ​ប្រឈម​មុខ​នឹង​ពាក្យ​ថា​​មនុស្សធម៌ ស្រប​តាម​ច្បាប់​អន្តរជាតិ។ ប្រទេស​ជា​សមាជិកសហភាព​អឺរ៉ុប​បាន​សាក​ល្បង​ធ្វើ​ការ​រួម​គ្នា​ តាំង​ពី​ជា​ច្រើន​ឆ្នាំមក​ហើយ ដើម្បី​រក​ដំណោះស្រាយ។ អឺរ៉ុប​​ ​បាន​បង្កើត​ភ្នាក់ងារ​ព្រំដែន​ឈ្មោះ​ថា Frontex ដែល​មាន​ភារកិច្ច​ តាម​ធម្មតាតាំង​ពី​ឆ្នាំ​២០០៥​មក រៀប​ចំ​ប្រតិបត្តិការ​ល្បាត​និង​សង្គ្រោះ​នៅ​មេឌីទែរ៉ាណេ។ ហើយ​កាលពី​ខែ​តុលា ២០១៣ អឺរ៉ុប​បាន​បង្កើត​ប្រតិបត្តិការ​មួយ​មាន​ឈ្មោះ ថា Mare Nostrum ដើម្បី​ជួយ​ទូក​ក្នុង​ស្ថានភាព​អាសន្ន។

ប៉ុន្តែ​ទាំង Frontex និង​ Mare Nostrum ដូច​ជា​គ្មាន​ប្រសិទ្ធិភាព​ទប់​ស្កាត់​ចរន្តអន្តោប្រវេសន៍​សោះ។ បើ​តាម​អ្នក​សង្កេតការណ៍​ខ្លះ​ យល់​បញ្ច្រាស​ទៅ​វិញ​ ថា​ជន​ភៀស​ខ្លួន​កាន់​តែ​មាន​សេចក្តី​ក្លាហាន​ជាងមុន ព្រោះ​ពេល​ឆ្លង​សមុទ្ទ ចូល​ដល់​ដែន​ទឹក​អ៊ីតាលី​ហើយ អាច​សុំ​ការ​សង្គ្រោះ​បាន​ មិន​ប្រថុយស្លាប់​ដូច​ពេល​មុន​ពេក​ទេ។ ពី​មុន​ជា​ការ​ភៀស​ខ្លួន​រត់​ពន្ធ​ តាម​ទូក​តូចៗ​ ឥលូវ​ជា​មធ្យោបាយ​ធំៗ ជានាវា​ដឹក​ទំនិញ ធំៗ ដូច​យើង​បាន​ឃើញ​ជាក់​ស្តែង​ពីរ​ករណី​ចុងក្រោយ​នេះ។

​ជន​ភៀស​ខ្លួន​ទាំ​ងអស់​នោះ នៅ​ពេល​មក​ដល់​ដែន​ដី​អ៊ីតាលី ឬ​អឺរ៉ុប​ហើយ​ តើ​ពួក​គេ​នឹង​ក្លាយ​ទៅយ៉ាងណា ?
 
ជា​រួម មានជនភៀស​ខ្លួន​ខុស​ច្បាប់​តិច​ណាស់ ដែល​នឹង​ត្រូវ​បញ្ជូន​​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ។ នៅ​ពេល​ណា​ដែល​ជន​អន្តោប្រវេសន៍​ទាំង​ប្រកាស​ខ្លួន​ថា​មក​ពី​ប្រទេស​មាន​សង្គ្រាម ដូច​យ៉ាង​ស៊ីរី​ អេរីត្រេ ប៉ាឡេស្ទីន... ពួកគេ​នឹង​ត្រូវ​ការពារ​ដោយ​ច្បាប់​អន្តរជាតិ មាន​តែ​ជន​ជាតិ ម៉ារុក អាល់ហ្សេរី ឬ​ទុយនីស៊ី ដែល​អាច​រង​គ្រោះ​បណ្តេញ​ទៅ​ប្រទេស​វិញ​នោះ។
ក្នុង​ករណី​នាវា​ដឹកទំនិញ​​មាន​ផ្ទុក​ជន​ភៀស​ខ្លួន​៤៥០​នាក់​ថ្ងៃ​នេះ ពួក​គេ​ភាគ​ច្រើន​ជា​ជន​ជាតិ​ស៊ីរី

ជា​ញឹកញយ​ និង​ដោយ​ចេតនា ជន​ភៀស​ខ្លួន​ គ្មាន​ក្រដាស​ស្នាម​នឹង​ខ្លួន​ទេ ! បន្ទាប់​ពី​ឃុំ​ឃាំង​ មួយ​រយៈ​អ្នក​ខ្លះ​ត្រូវ​បញ្ជូន​ត្រលប់​ទៅ​ស្រុក ខ្លះ​ក៏​បាន​សិទ្ធិ​ជា​ជនភៀស​ខ្លួន​នយោបាយ និង​ខ្លះ​ទៀត​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរី​ ដើរ​ពាស​វាល​ពាស​កាល​ ផ្សង​ព្រេង​ពេញ​អឺរ៉ុប។ មិន​ដឹង​ថា​ខ្សែ​ជីវិត​ពួក​គេ​នឹង​ក្លាយ​ទៅ​យ៉ាង​ណា​ខ្លះ​ទេ។​ ប៉ុន្តែ​ទិស​ដៅ​ចម្បង​របស់​ជន​ភៀស​ខ្លួន​​តាម​សមុទ្ទ​មេឌីទែរ៉ាណា តែ​ត្រូវ​ការ​អឺរ៉ុប​ធ្វើ​ជា​ឈ្នាន់ មិន​ចង់​រស់​នៅ​ត្រឹម​បារាំង ឬ​អ៊ីតាលី​ទេ ភាគ​ច្រើន​សំដៅ​ទិស​ទៅ​អង់គ្លេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ