អានតួអត្ថបទ
ស្វ៊ីស-ស៊ីរី

ស៊ីរី៖​កិច្ចចរចា​សន្តិភាព​ដែល​បង្កប់​ដោយ​ការ​ត​ថ្លៃ​គ្នា និង​ភាព​មិន​ច្បាស់លាស់

ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៤ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មីនា​សប្តាហ៍​ក្រោយ កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​ស៊ីរី​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ គឺ​ជា​កិច្ចចរចា​ដែល​ចូល​រួម​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិបត្តិ​ស៊ីរី ​ពិសេស ក្រុមតំណាង​រដ្ឋាភិបាល​ស៊ីរី​សព្វថ្ងៃ និង​ក្រុមតំណាង​ប្រឆាំង​ស៊ីរី។ ប្រធាន​ដឹកនាំ​កិច្ចចរចា គឺ​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី។ ការ​ផ្តើម​កិច្ចចរចា​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ខួប​គម្រប់ ៥ឆ្នាំ​នៃ​ការ​ងើប​បះបោរ​របស់​ប្រជាជន​ស៊ីរី​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​អាសាដ។ សង្រ្គាមស៊ីវិល​រយៈពេល ៥ឆ្នាំ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ២៧ម៉ឺននាក់ និង​មាន​ប្រជាជន​ស៊ីរី​ជា​ច្រើន​លាននាក់​បាន​ភៀសខ្លួន​ទៅ​អឺរ៉ុប និង​មជ្ឈិមបូព៌ា។

REUTERS/Salvatore Di Nolfi/Pool
ផ្សាយពាណិជ្ជកម្ម

កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ជា​ថ្មី​ថ្ងៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​បរិបទ​មួយ​ដែល​ខុស​ពី​កិច្ចចរចា​នា​ចុង​ខែ​មករា​កន្លង​ទៅ។ ខុស​គ្នា​ទី១ ក្រុម​អ្នក​តំណាង​ភាគី​ជម្លោះ​ស៊ីរី ទាំង​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល និង​ក្រុម​តំណាង​អ្នក​ប្រឆាំង​មាន​វត្តមាន​រួច​ស្រេច​នៅ​ទីកន្លែង​ប្រជុំ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ពោល​មិន​ដូច​នៅ​ក្នុង​កិច្ចចរចា​កាល​ពី​ចុង​ខែ​មករា​ដើម​ខែ​កុម្ភៈ​ដែល​ក្រុម​អ្នកប្រឆាំង​រារែក​អាល់អែក និង​បាន​ទៅ​ដល់​កន្លែង​ប្រជុំ​យឺតយ៉ាវ​ជាង​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល និង​ចំណុច​ខុស​គ្នា​ទី២ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ចាត់​ទុក​សំខាន់​ជាង​គេ​នោះ កិច្ចចរចា​លើក​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មាន​បទឈប់បាញ់​រវាង​ក្រុមប្រឆាំង និង​កម្លាំង​រដ្ឋាភិបាល។

គួរ​រម្លឹក​ជូន​ថា បទឈប់​បាញ់​នៅ​ស៊ីរី​ដែល​សម្រេច​បាន​រួម​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី២៧ កុម្ភៈនិង​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ទូទៅ​ថា បទឈប់បាញ់​នោះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ​អំពើហិង្សា​នៅ​ស៊ីរី​ពី ៨០ ទៅ ៩០%។ នេះ​ជា​ចំណុច​អំណោយផល​វិជ្ជមាន​មួយ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បើក​កិច្ចចរចា​ពេល​នេះ​មិន​សូវ​ជា​រអាក់រអួល​ប៉ុន្មាន​ទេ និង​ដែល​គ្រប់​គ្នា​សង្ឃឹម​ថា កិច្ចចរចា​លើក​នេះ​នឹង​បន្ត​ទៅ​មុខ​ដោយ​រលូន​រហូត​ដល់​ចប់។
 
សូម​បញ្ជាក់​ជូន​ថា កិច្ចចរចា​កាល​ពី​ជាង ១ខែ​មុន​បាន​បិទ​បញ្ចប់​លឿន​ជាង​ការ​គ្រោង​ទុក។ កាលណោះ ក្រុមប្រឆាំង​បាន​បរិហារ​ពី​ការ​បន្ត​វាយប្រហារ​របស់​ទាហាន​រដ្ឋាភិបាល​ដោយ​មាន​ជំនួយ​ទម្លាក់​គ្រាប់បែក​ពី​កម្លាំង​ទ័ពអាកាស​រុស្ស៊ី។
 
ប្រធានបទ​អាទិភាព​ទី១ គឺ​បង្កើត​រដ្ឋាភិបាល​អន្តរកាល
 
មាន​សំណុំរឿង​ជា​ច្រើន​ដែល​កិច្ចចរចា​ត្រូវ និង​គ្រោង​លើក​យក​ទៅ​ជជែក។ តែ​លោក​ស្តាហ្វាន មីស្ទូរ៉ា ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំរឿង​ស៊ីរី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៣ មីនា​ថា នៅ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ស្តីពី​របៀបវារៈ​នៃ​កិច្ចចរចា​ទេ បន្ទាប់​ពី​លោក​បាន​ជួប​ភាគី​នីមួយៗ​ក្រៅ​ផ្លូវការ​ដាច់​ដោយ​ឡែក​ពី​គ្នា​មក។ ទោះ​ជា​យ៉ាង​នេះ​ក្តី​គេ​អាច​និយាយ​បាន​ថា កិច្ចចរចា​លើក​នេះ​ជា​ជំហាន​ការ​ពិត​មួយ​ដែល​ភាគី​ជម្លោះ​ស៊ីរី​ត្រូវ​ស្វែង​រក​ការ​ចុះ​សម្រុង​គ្នា​មួយ ពិសេស​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​អន្តរកាល​មួយ។
 
គួរ​រម្លឹក​ជូន​ថា ផែនការ​សន្តិភាព​ស្តីពី​ប្រទេស​ស៊ីរី​ដែល​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី១៨ ធ្នូ ឆ្នាំ ២០១៥ គ្រោង​ថា រដ្ឋាភិបាល​អន្តរកាល និង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល ៦ខែ ហើយ​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី និង​សភា​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការសហប្រជាជាតិ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៨ខែ។ តែ​បើ​តាម​មើល​ទៅ ពេល​វេលា​ដែល​កំណត់​ដោយ​សហគមន៍​អន្តរជាតិ​ប្រហែល​ជា​ពិបាក​នឹង​សម្រេច​បាន ព្រោះ​នៅ​មាន​ចំណុច​ខ្វែង​គំនិត​ជា​ច្រើន​ដែល​ភាគី​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​ត្រូវ​ដោះស្រាយ ពិសេស​ទាក់ទង​នឹង​ជោគវាសនា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។
 
 
បុគ្គល​អាសាដ​កំពុង​បន្ត​បំពុល​បរិយាកាស​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី
 
ដំណើរការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ដែល​ជា​ជំហាន​ទី១ នៅ​បន្ត​ស្រពិចស្រពិល និង​ដែល​ភាគី​នីមួយៗ​បាន​ផ្តល់​ចំណាប់​អារម្មណ៍ និង​ការ​យល់​ឃើញ​ខុសៗ​គ្នា។ សម្រាប់​របប​ទីក្រុង​ដាម៉ាស់ រដ្ឋាភិបាល​អន្តរកាល​គឺ​ការ​រុះរើ​សមាសភាព​រដ្ឋាភិបាល​សព្វថ្ងៃ​ដោយ​ដាក់​បញ្ចូល​សមាជិក​ថ្មី​មក​ពី​ក្រុមប្រឆាំង មាន​ន័យ​ថា ជា​រដ្ឋាភិបាល​ឯកភាព​មួយ​ដែល​នឹង​បន្ត​ស្ថិត​ក្រោម​អំណាច​របស់​លោក​ប្រធានាធិបតី​អាសាដ។ តែ​សម្រាប់​ក្រុមប្រឆាំង​វិញ​បាន​បន្ត​ទាមទារ​ដោយ​ទទូច​ថា រដ្ឋាភិបាល​អន្តរកាល​ជា​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ចូលរួម​ពី​គ្រប់ភាគី​ជម្លោះ និង​ដែល​គ្មាន​កន្លែង​សម្រាប់​លោក​អាសាដ​ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ហ្សឺណែវ​ទី១ កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១២។
 
បុគ្គល​អាសាដ​ក៏​ត្រូវ​បាន​ភាគី​ក្រុមប្រឆាំង និង​ភាគី​រដ្ឋាភិបាល​បន្ត​លើក​យក​ទៅ​និយាយ​នា​រយៈពេល​ចុង​ក្រោយ​នេះ។ នៅ​ក្នុង​ថ្ងៃ​សៅរ៍ ទី១២ មីនា​កន្លង​ទៅ លោក​ប្រមុខ​ការទូត​ស៊ីរី​វ៉ាលីដ មូអាឡិម​បាន​ទាមទារ​មិន​ឲ្យ​លើក​យក​បុគ្គល​អាសាដ​ទៅ​និយាយ​នៅ​ក្នុង​កិច្ចចរចា​ពេល​នេះ​ទេ។ ចំណែក​ប្រធាន​ក្រុមចរចា​ខាង​ក្រុម​ប្រឆាំង​លោក​អាលូស​បាន​បញ្ជាក់​ធ្ងន់ៗ​ថា ដំណើរការ​របស់​រដ្ឋាភិបាល​អន្តរកាល​នឹង​ត្រូវ​ចាប់​ផ្តើម​ដោយ​ការ​ចុះ​ចេញ​ពី​អំណាច​របស់​លោក​អាសាដ ឬ​មួយ​ក៏​ការ​ស្លាប់​លោក​អាសាដ។
 
ឃើញ​ថា វិល​ចុះ វិល​ឡើង ចង់​ឬ​មិន​ចង់ បុគ្គល​អាសាដ​នៅ​បន្ត​ជា​តួអង្គ​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​ដែល​កំពុង​បន្ត​បំពុល​បរិយាកាស​នៅ​ក្នុង​គ្រប់​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី។ ក្រុមអ្នកវិភាគ​បាន​យល់​ឃើញ​ថា ដើម្បី​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ​បាន គេ​គួរ​តែ​ដោះស្រាយ​រឿង​បុគ្គល​អាសាដ​ឲ្យ​ដាច់ស្រឡះ​ជាមុន​សិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ