អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្តី​ស្រមៃ​ចង់​ពង្រឹង​អំណាច​ប្រធានាធិបតី​របស់​លោក​អ៊ែរដូហ្គានត្រូវ​​រលាយ​ដូច​ផ្សែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ដើម្បី យុត្តិធម៌ និង​អភិវឌ្ឍន៍ AKP ដែល​កាន់អំណាច​ផ្តាច់​មុខ​តែម្នាក់ នៅ​តួកគី អស់​១៣​ឆ្នាំ​មកហើយ ត្រូវ​តម្រូវ​ឲ្យ​ចាប់ដៃ ជាមួយ​បក្ស​ប្រឆាំង ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ គណបក្ស​កាន់អំណាច​របស់​លោក​ប្រធានាធិបតី​រេស៊េប តាយីប អ៊ែរដូហ្គាន ទើប​ទទួល​បរាជ័យ យ៉ាង​អាម៉ាស់មុខ ជាលើក​ទី១ នៅ​ក្នុង​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ​អាទិត្យ ដោយ​មិន​អាច​ប្រមូល​បាន​សំឡេង​ភាគច្រើន នៅ​សភា ដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង។ កាលពីថ្ងៃ​អង្គារ លោក​ប្រធានាធិបតី អ៊ែរដូហ្គាន បាន​ទទួល​យល់ព្រម ការចុះចេញ​ពីអំណាច​របស់​រដ្ឋាភិបាល និង​បាន​ដាក់​បន្ទុក​ឲ្យ​នាយករដ្ឋមន្រ្តី​តួកគី អស់​អាណត្តិ​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​នឹង​មាន​ការចូលរួម​ពី​រដ្ឋាភិបាល។ 

ប្រធានាធិបតី​តួកគីរេស៊េប តាយីប អ៊ែរដូហ្គាន
ប្រធានាធិបតី​តួកគីរេស៊េប តាយីប អ៊ែរដូហ្គាន ©REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

នៅ​តួកគី ការបោះឆ្នោត​សភា​បាន​ចប់​ទៅ​តាំងពីថ្ងៃ​អាទិត្យ។ លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ត្រូវ​បាន​ប្រកាស​ភ្លាមៗ កាលពីថ្ងៃ​ចន្ទ ដែល​បង្ហាញ ថា គណបក្ស​កាន់អំណាច AKP បាន​ទទួល​សំឡេង​ឆ្នោត ប្រមាណ ៤០ភាគរយ ចំណែក​សំឡេង​សល់​ពីនោះ ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​គណបក្ស​ប្រឆាំង​បី​ផ្សេងទៀត។ សំឡេង​ឆ្នោត ៤០​ភាគរយ ថ្វីដ្បិត​តែ ច្រើន​ជាងគេ បើ​ប្រៀបធៀប​នឹង​គណបក្ស​ប្រឆាំង ប៉ុន្តែ ជាមួយ​សំឡេង​តែ ៤០​ភាគរយ​នេះ គណបក្ស​កាន់​អំណាច មិន​អាច​បង្កើត​រដ្ឋាភិបាល តែ​ម្នាក់​រួចទេ។ នេះ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិ​បោះឆ្នោត របស់​គណបក្ស​AKP ដែល​បាន​ទទួល​សំឡេង​ឆ្នោត មិនគ្រប់គ្រាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង។ ក្នុងរយៈពេល​១៣​ឆ្នាំ​មកនេះ គណបក្ស​ដើម្បី​យុត្តិធម៌ និង​អភិវឌ្ឍន៍​តួកគី របស់​លោក​ប្រធានាធិបតី អ៊ែរដូហ្គាន តែង​ឈ្នះឆ្នោត ទទួល​បាន​អាសនៈ​ភាគច្រើន នៅ​សភា និងអាច​បង្កើត​រដ្ឋាភិបាល​តែម្នាក់ឯង ដោយ​មិន​ចាំបាច់ ត្រូវការ​គណបក្ស​ដទៃ។

 
ប៉ុន្តែ នៅក្នុង​ការបោះឆ្នោត កាលពីថ្ងៃ​អាទិត្យ គណបក្ស​កាន់​អំណាច​បាន​ទទួល​បរាជ័យ​ដោយ​មិនអាច​ទទួល​បាន​អាសនៈ​ចំនួន ៣៣០ នៅសភា ទៅតាម​ការគ្រោងទុក ដើម្បី អាច​បង្កើត​រដ្ឋាភិបាល​ផ្តាច់មុខ។ គណបក្ស​កាន់អំណាច​បាន​ទទួល​អាសនៈ​តែ ២៥៨ គឺ​បាត់បង់​សំឡេង​ឆ្នោត ជាង២​លាន​សំឡេង។ បរាជ័យ​របស់​គណបក្ស​កាន់អំណាច​នៅក្នុង​ការបោះឆ្នោត​សភា គឺ​មានន័យ ស្មើ​នឹង​ក្តីសង្ឃឹម​រលាយ​ដូចផ្សែង​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្គាន​ដែល​ចង់​ប្រើលទ្ធផល​បោះឆ្នោត​សភា ដើម្បី ផលប្រយោជន៍ អំណាច​ផ្ទាល់​ខ្លួន។ ត្រូវដឹងថា លោក​ប្រធានាធិបតី អ៊ែរដូហ្គាន បាន​ដុតដៃ​ដុតជើង ឃោសនា​ខ្លាំង​ណាស់ សម្រាប់​គណបក្ស​AKP ព្រោះ​ថា បើ​គណបក្ស​របស់​លោក​ឈ្នះ ដោយ​ទទួលបាន​​សំឡេង​ឆ្នោត ភាគច្រើន​នៅសភា នោះ គណបក្ស​របស់​លោក​នឹង​អាច​មាន​សិទ្ធិ​កែប្រែ​រដ្ឋធម្មនុញ្ញ ដោយ​មិន​ចាំបាច់​ការបោះឆ្នោត​ប្រជាមតិ ដើម្បី ប្តូរ​តួកគី ពី​របប​សភា មក​របប​ប្រធានាធិបតី មានន័យថា អំណាច​ប្រធានាធិបតី​នឹងត្រូវ​ពង្រឹង ខ្លាំង​ជាងមុន។

គឺ​មហិច្ឆតា ការចង់​បាន​ជ្រុល ក្នុងការប្រមូល​អំណាច​មក​នៅក្នុង​ដៃ តែមួយ​របស់​ប្រធានាធិបតី នោះហើយ ដែលធ្វើ​ឲ្យ​ ក្តីសង្ឃឹម​របស់​លោក​ប្រធានាធិបតីត្រូវ​រលាយ​ទៅវិញ​នោះ។ គណបក្ស​ប្រឆាំង​វិញ ក្រៅតែ​ពី​បរិហារ​ពី​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច វិបត្តិ​គ្មាន​ការងារធ្វើ នៅ​បាន​ឆ្លៀត​រិះគន់ មិនឈប់ និន្នាការ​ទៅ​រក​របប​ផ្តាច់ការនិយម​របស់​លោក​អ៊ែរដូហ្គាន ដើម្បី​អូសទាញ​ប្រជាជន​ម្ចាស់ឆ្នោត ដែល​បារម្ភ​ខ្លាច​មាន​ប្រធានាធិបតី​ប្រើ​អំណាច​ផ្តាច់ការ។

លទ្ធផល​ឆ្នោត​បាន​បង្ហាញហើយថា នឹង​គ្មានទេ អំណាច​ប្រធានាធិបតី​ផ្តាច់ការ។ គណបក្ស​របស់​លោក​ប្រធានាធិបតី អ៊ែរដូហ្គាន​គ្មាន​សំឡេងច្រើន ដើម្បី​ធ្វើ​ព្យុះធ្វើ​ភ្លៀង​ដូចមុន ប៉ុន្តែ ត្រូវ បង្ខំចិត្ត ចាប់ដៃ ជាមួយ​គណបក្ស​ប្រឆាំង​ណាមួយ ដើម្បី បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ផ្ទុយទៅវិញ រហូតមកដល់​ថ្ងៃនេះ គណបក្ស​ប្រឆាំង​ទាំងបី ដែល​បាន​ទទួល​អាសនៈ​នៅ សភា សរុប ២៩២ បាន​បញ្ជាក់​ហើយថា ពួកគេ​មិន​ចង់​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្គាន​ទេ។ តាំង​ពី​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្ល៉េះ គណបក្ស​ប្រឆាំង​បាន​រិះគន់​អំណាចផ្តាច់ការ​និយម របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្គាន។ ដូច្នេះ ការចូលរួមគ្នា​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ណាមួយ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ គឺ​ជារឿង​ដែល​មិន​អាច​ទៅ​រួច។

កាលពីថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​តួកគី រេស៊ិប តាយីប អ៊ែរដូហ្គាន បាន​ដាក់​បន្ទុក​ឲ្យ​នាយក​រដ្ឋមន្រ្តី​​អស់អាណត្តិ ចាប់ផ្តើម​ចរចា ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ គណបក្ស​ដែល​បាន​ទទួល​សំឡេងឆ្នោត នៅ​សភា មាន​ពេល ៤៥ថ្ងៃ ដើម្បី ចរចា​គ្នា បង្កើត​ឲ្យ​ចេញ​រដ្ឋាភិបាល​មួយ បើមិន​ដូច្នោះទេ សភា​ថ្មី​នឹង​ត្រូវ​រំលាយ ហើយ​ប្រជាជន​តួកគី​នឹង​ត្រូវ​ត្រលប់​ទៅ​បោះឆ្នោត​សាជាថ្មី។ ការបោះឆ្នោត​ម្តងទៀត មិនមែន​ជា​ដំណឹង​ល្អ ទាំង​សម្រាប់​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង។ ផ្ទុយទៅវិញ វា​នឹង​ធ្វើ​ឲ្យ​ខាតពេល ហើយ​ប្រជាជន​តួកគី ក៏​អស់ទឹកចិត្ត បាត់​ជំនឿពី​អ្នកនយោបាយទៀត។

អនុប្រធាន​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន ដែល​ទទួល​បាន​សំឡេង​ឆ្នោត ច្រើន និង​មាន​អាសនៈ​របស់ខ្លួន ជា​លើក​ទី១ នៅ​រដ្ឋសភា តួកគី ធ្លាប់​បាន​ពន្លយ​ពាក្យ​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​ការចូលរួម​ពី​គណបក្ស​ប្រឆាំង​ទាំង​៣ ដោយ​ផាត់ចោល គណបក្ស​កាន់អំណាច។ សេណារីយ៉ូ​មួយនេះ ក៏​ស្មុគស្មាញ ព្រោះថា គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន ដែល​ឈ្នះឆ្នោត ដោយសារ​មាន​ការគាំទ្រ​ពី​ជនជាតិ​ភាគតិច គួក ជា​សត្រូវ​របស់​គណបក្ស​ជាតិ​និយមជ្រុល​របស់​តួកគី ដែល​ប្រឆាំង មិន​ចរចា​សន្តិភាព ​ជាមួយ​នឹង​ពួក​ឧទ្ទាមគួក។ ដោយសារ​តែការផ្សំផ្គុំ​មិនត្រូវគ្នា អនាគត​នយោបាយ​របស់​តួកគី​ត្រូវ​ស្ថិតនៅ​ស្រពិចស្រពិល​នៅឡើយ។ តួកគី​ធ្លាប់​ជួប អស្ថិរភាព​នយោបាយ​ម្តងហើយ នៅ​ចន្លោះ​ឆ្នាំ​១៩៩០ និង​ឆ្នាំ​២០០០ ពោល​គឺ​ការមុន​ចូល​កាន់អំណាច​របស់​គណបក្ស​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្គាន។ ស្រមោល​អស្ថិរភាព​នយោបាយ​នឹង​អាច​ត្រលប់​មក​គ្រប​តួកគី​ម្តងទៀត បើសិន​អ្នកនយោបាយ​តួកគី​មិនអាច​ចុះសម្រុង ចរចា គ្នា បង្កើត​រដ្ឋាភិបាល​ចម្រុះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ