អានតួអត្ថបទ
ស្វីស-អ.ស.ប.

អ.ស.ប.៖យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ត្រូវតែ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ

នៅ​ថ្ងៃព្រហស្បតិ៍ ទី៥ មីនា លោក​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ Zeid Raad al-Hussein បាន​អំពាវនាវ​កុំ​ឲ្យ​រំលោភបំពាន​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ដោយ​យក​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​មក​ធ្វើ​ជា​លេស។ សេចក្តី​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​ប្រចំា​ឆ្នំា​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ក៏​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​លើ​ភាព​អយុត្តិធម៌​ជា​ការ​ជួយ​ចិញ្ចឹមបំប៉ន​ភាព​ជ្រុលនិយម។

លោក​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Raad al-Hussein
លោក​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Raad al-Hussein REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

« យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម គឺ​ជា​យុទ្ធនាការ​ដើម្បី​ការពារ​តម្លៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ពោល​មិនមែន​ដើម្បី​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ Zeid Raad al-Hussein។ លោក Zeid បាន​បន្ថែម​ថា ប្រតិបត្តិការ​ប្រឆំាង​នឹង​ភេរវនិយម​ណា​ដែល​មាន​លក្ខណៈ​ជ្រុលហួសហេតុ សាហាវជ្រុល និង​មិន​ចំ​គោលដៅ​ត្រឹមត្រូវ គឺ​ជា​ការ​រំលោភបំពាន​លើ​តម្លៃ​ដែល​គ្រប់​គ្នា​កំពុង​ព្យាយាម​ការពារ។ ម្យ៉ាង​ទៀត ប្រតិបត្តិការ​របៀប​នេះ​ក៏​នឹង​អាច​ជួយ​ពួក​ភេរវជន​ឲ្យ​ប្រើ​ជា​មធ្យោបាយ​ដើម្បី​ឃោសនា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម។ តែ​ជាមួយ​គ្នា​នេះ លោក Zeid បាន​ប្រកាស​គំាទ្រ​ទាំង​ស្រុង​លើ​បេសសកម្ម​ទំាង​ឡាយ​ណា​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​មេភេរវជន​ទៅ​កាត់​ទោស ក៏​ដូច​ជា​ការ​រឹបអូស​យក​លុយ ព្រម​ទំាង​អាវុធ​របស់​ពួក​គេ។

យោង​តាម​លោក Zeid ដើម្បី​អាច​ទទួល​បាន​ប្រសិទ្ធិភាព​ខ្ពស់ ប្រតិបត្តិការ​ប្រឆំាង​នឹង​ភេរវនិយម​ត្រូវ​តែ​ធ្វើ​ឡើង​ចំ​គោលដៅ និង​សមហេតុផល ពោល​មិន​ត្រូវ​ប្រើ​ជា​លេស​ដើម្បី​រំលោភ​លើ​សិទ្ធិ​របស់​អ្នកដទៃ​នោះ​ទេ។ មធ្យោបាយ​ប្រយុទ្ធប្រឆំាង​ចំ​គោលដៅ​រួមមាន ទ័ណ្ឌកម្ម​ហិរញ្ញវត្ថុ ឬ​មួយ​ក៏​ការ​ព្យាយាម​បិទខ្ទប់​កុំ​ឲ្យ​អាវុធ​ធ្លាក់​ដល់​ដៃ​ពួក​ភេរវជន​ជា​ដើម។ តែ​រូប​ប្រធាន​​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ព្យាយាម​ពន្យល់​ថា ទង្វើជ្រុលនិយម ឬ​ទង្វើ​អាក្រក់​ផ្សេងៗ​មាន​ប្រភព​ចេញ​មក​ពី​សង្គម​ដែល​បាន​ស្គាល់​របបផ្តាច់ការ​យូរអង្វែង សង្គម​ពុករលួយ ការ​គាបសង្កត់ ការ​ប្រកាន់​ពូជសាសន៍ ការ​បំបិទសិទ្ធិ ឬ​មួយ​ក៏​ការ​រើសអើង​ជា​ដើម។

លោក Zeid បាន​ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​អាច​បន្ត​ប្រយុទ្ធ​ទល់​នឹង​កម្លំាង​ជ្រុលនិយម​រយៈពេល​យូរ គេ​ត្រូវ​ការ​ទស្សនវិស័យ​ច្បាស់លាស់ ព្រម​ទំាង​ការងារ​លំបាកៗ​ជា​ច្រើន​ដើម្បី​លុបលាង​ទង្វើ​បំពាន​សិទ្ធិមនុស្ស។ នៅ​ចុង​បញ្ចប់ មន្រ្តីសិទ្ធិមនុស្ស​សហប្រជាជាតិ​បាន​បរិហារ​លើ​វិធានការ​មួយ​ចំនួន​ដោយ​យក​ឈ្មោះ​សន្តិសុខជាតិ​ទៅ​បិទបំាង​ធ្វើ​ជា​លេស ដូច​យ៉ាង​ការ​បន្ត​ឃុំឃំាង​ដោយ​គ្មាន​ហេតុផល ការ​ធ្វើ​ទារុណកម្ម និង​យុទ្ធនាការ​តាម​ឃ្លំាមើល​ក្រោម​ទ្រង់ទ្រាយ​ធំ​ដែល​ជា​ទង្វើ​រំលោភ​លើ​សិទ្ធិ​រស់នៅ​របស់​មនុស្ស​ក្នុង​ជីវិត​ឯកជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ