ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

រុស្ស៊ី​ឆក់​ឱកាស​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ក្រិក​នៅ​មូស្គូ​ដើម្បី​ប្រឆំាង​អឺរ៉ុប !

រុស្ស៊ី​ឆក់​ឱកាស​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ក្រិក​នៅ​មូស្គូ​ដើម្បី​ប្រឆំាង​អឺរ៉ុប !
 
ជំនួប​រវាង​លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក និង​លោក​ប្រធានាធិបតី​រុស្ស៊ី REUTERS/Alexander Zemlianichenko/Pool

ថ្ងៃ​ព្រហស្បតិ៍ ទី៩ មេសា​នេះ ជា​ថ្ងៃ​ទី២ និង​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ លោក​ស៊ីប្រាស​បាន​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន នាយករដ្ឋមន្រ្តី និង​ប្រធាន​រដ្ឋសភា។ ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​ក្រិក​នៅ​រុស្ស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ក្រិក​កំពុង​ចរចា​ជា​មួយ​ប្រទេស​ម្ចាស់បំណុល​ដែល​មាន​អឺរ៉ុប និង​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​យ៉ាង​តឹង​សរសៃ ក និង​ចំ​ពេល​ដែល​រុស្ស៊ី​កំពុង​រង​ទ័ណ្ឌកម្ម​អន្តរជាតិ ពិសេស​គឺ​ទណ្ឌកម្ម​របស់​អឺរ៉ុប​នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន។ តែ​សម្រាប់​រុស្ស៊ី វត្តមាន​របស់​ថ្នាក់ដឹកនំា​អឺរ៉ុប​ម្នាក់​ក្នុង​ទឹកដី​ខ្លួន​ពេល​នេះ ជា​ឱកាស​ដ៏​កម្រ​ដើម្បី​វាយ​បក​អឺរ៉ុប​វិញ។

វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​រុស្ស៊ី​បាន​ក្រាល​កម្រាល​ព្រំក្រហម​ទទួល​លោក​នាយករដ្ឋមន្រ្តី​ក្រិក​អាឡិចស៊ី ស៊ីប្រាស​ពេល​នេះ មិន​ចែដន្យ​ព្រោះ​វា​ជា​សក្ខីកម្ម​ជាក់ស្តែង​មួយ​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ចង់​បង្ហាញ​គ្រប់​គ្នា​ឲ្យ​ឃើញ​ថា រុស្ស៊ី​មិន​មែន​កំពុង​ស្ថិត​នៅ​ឯកោ​លើ​ឆាកអន្តរជាតិ​ដែល​គ្មាន​នរណា​រាប់រក​នោះ​ទេ។ វា​ពិត​ណាស់​ថា មាន​សំណុំរឿង​ជា​ច្រើន​ដែល​លោក​ស៊ីប្រាស និង​លោក​ពូទីន​បាន​លើក​ទៅ​ជជែក រួម​មាន ទណ្ឌកម្ម ថាលពល និង​កិច្ចសហប្រតិបត្តិការ​យោធា ព្រម​ទំាង​រឿង​រសើបៗ​មួយ​ចំនួន​ទៀត​ដែល​រុស្ស៊ី និង​សហភាពអឺរ៉ុប​កំពុង​មាន​ភាព​តានតឹង​ជាមួយ​គ្នា​ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន។

គឺ​ដោយសារ​តែ​សំណុំរឿង​អ៊ុយក្រែន​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​រុស្ស៊ី និង​សហគមន៍អន្តរជាតិ ពិសេស​រុស្ស៊ី និង​សហភាព​អឺរ៉ុប​កំពុង​បន្ត​ដំឡើង​សរសៃ ក ដាក់​គ្នា​មក​ដល់​សព្វថ្ងៃ។ សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​ក្រិក​ជា​សមាជិក​ដែរ​នោះ​បាន​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ជា​បន្តបន្ទាប់​ក្នុង​គោលដៅ​សង្កត់​ក្រុង​មូស្គូ​ឲ្យ​បញ្ឈប់​ការ​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ុយក្រែន។ តែ​រុស្ស៊ី​បាន​ដាក់​ទណ្ឌកម្ម​តប​វិញ ដោយ​ហាម​មិន​ឲ្យ​ទំនិញ​អឺរ៉ុប មាន​ដូច​ជា ផ្លៃឈើ បន្លៃ សាច់ និង​ផលិតផល​ដទៃ​ទៀត​ចូល​ក្នុង​ទឹកដី​រុស្ស៊ី។ ទណ្ឌកម្ម​ទល់​នឹង​ទណ្ឌកម្ម កំហឹង​ទល់​នឹង​កំហឹង​ដែល​ទីបំផុត មាន​តែ​អ្នក​ចាញ់​ទំាង​អស់​គ្នា។

មែនទែន​ទៅ និង​បើ​គិត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​ស៊ីប្រាស​មិនមែន​ជា​ថ្នាក់ដឹកនំា​អឺរ៉ុប​ទី១ ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​រុស្ស៊ី​នោះ​ទេ។ មុន​លោក​ស៊ីប្រាស គេ​ឃើញ​មាន​នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក​ម៉ាតេអូ រ៉េនហ្ស៊ី​កាល​ពី​ដើម​ខែ​មីនា ប្រធានាធិបតី​ស៊ីប​លោក​នីកូស អាណាស្តាស៊ីយ៉ា​ក្នុង​ខែ​កុម្ភៈ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​អង់ហ្គេឡា មែរកិល ឬ​មួយ​ក៏​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​ជាដើម។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​របស់​លោក​ស៊ីប្រាស​នៅ​រុស្ស៊ី​ពេល​នេះ គឺ​មិន​ដូច​គ្នា​នឹង​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនំា​អឺរ៉ុប​ផ្សេង​ទៀត​នា​ពេល​កន្លង​មក​ទេ មិន​ដូច​គ្នា​ទំាង​គោលដៅ និង​ទ្រង់ទ្រាយ។

ថ្នាក់ដឹកនំា​អឺរ៉ុប​ផ្សេង​ទៀត​ដែល​បាន​ទៅ​រុស្ស៊ី គឺ​ដើម្បី​និយាយ​ជាមួយ​លោក​ពូទីន​ក្នុង​សំណុំរឿង​អ៊ុយក្រែន។ តែ​វត្តមាន​លោក​ស៊ីប្រាស​នៅ​រុស្ស៊ី​ពេល​នេះ គឺ​ដើម្បី​ជជែក​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្រិក រុស្ស៊ី។ វា​ពិត​ណាស់​ថា វត្តមាន​របស់​លោក​ស៊ីប្រាស​នៅ​រុស្ស៊ី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អឺរ៉ុប និង​រុស្ស៊ី​កំពុង​ដំឡើង​សម្លេង​ដាក់​គ្នា​ក្នុង​រឿង​អ៊ុយក្រែន និង​ក៏​ចំ​ពេល​ដែល​ក្រិក​កំពុង​ចរចា​យ៉ាង​តឹង​សរសៃ ក ជាមួយ​ម្ចាស់បំណុល​ដែល​ក្រិក​កំពុង​ជំពាក់​យ៉ាង​វ័ណ្ឌ ក តែ​អ្វី​ដែល​លេច​ធ្លោ​ខ្លំាង​នោះ វត្តមាន​របស់​លោក​នៅ​រុស្ស៊ី​បាន​ធ្វើ​ឡើង មួយ​ខែ​មុន​រុស្ស៊ី​ប្រារព្ធ​ខួប​គម្រប់ ៧០ឆ្នំា​នៃ​ជ័យជំនះ​លើ​ពួក​ណាហ្ស៊ី និង​ដែល​ថ្នាក់ដឹកនំា​បស្ចិមលោក​ភាគច្រើន​បាន​ធ្វើ​ពហិការ​មិន​ទៅ​ចូល​រួម​ទេ។

គួរ​ជម្រាប​ជូន​ថា លោក​ស៊ីប្រាស​ទើប​តែ​បាន​តែងតំាង​ជា​នាយករដ្ឋមន្រ្តី​ក្រិក​នា​ខែ​មករា​កន្លង​ទៅ បន្ទាប់​ពី​គណបក្ស​របស់​លោក​បាន​ជាប់​ឆ្នោត​នា​ការ​បោះឆ្នោត​មុន​អាណត្តិ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា លោក​ស៊ីប្រាស​ហាក់​ដូច​ជា​មិន​សូវ​ជំពាក់​វាក់វិន​នឹង​ទណ្ឌកម្ម​ដែល​អឺរ៉ុប​បាន​ដាក់​លើ​រុស្ស៊ី​ក្នុង​វិបត្តិ​អ៊ុយក្រែន​ប៉ុន្មាន​ទេ តែ​កំពុង​ទទួល​ថ្ម​បាក់​ដូច​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ ទន្ទឹម​គ្នា​នេះ លោក​ស៊ីប្រាស​ក៏​មិន​ដែល​លាក់បំាង​ពី​ជំហរ​របស់​លោក​ប្រឆំាង​នឹង​ទណ្ឌកម្ម​លើ​រុស្ស៊ី​ដែរ។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​សារព័ត៌មាន​រុស្ស៊ី លោក​ស៊ីប្រាស​បាន​រម្លឹក​ជា​ថ្មី​ថា អតីត​រដ្ឋាភិបាល​ក្រិក​មិន​បាន​ធ្វើ​អ្វី​ដើម្បី​រារំាង​ទណ្ឌកម្ម​ប្រឆំាង​រុស្ស៊ី​ទេ និង​ថា លោក​មិន​យល់ស្រប​នឹង​ទណ្ឌកម្ម​នោះ​ទេ ព្រោះ​វា​ជា​ផ្លូវ​ដែល​គ្មាន​ច្រក​ចេញ។

គឺ​ពាក្យ​មួយ​ឃ្លា​របស់​លោក​ស៊ីប្រាស​នេះ​ហើយ​ដែល​រុស្ស៊ី​បាន​ទន្ទឹង​រង់​ចំា ព្រោះ​សម្រាប់​ក្រុង​មូស្គូ គឺ​ជា​ឃ្លា​ដែល​មាន​តម្លែ​ស្មើ​នឹង​មាស​ប៉ុន​ភ្នំ និង​ដែល​វា​បង្កប់​ដោយ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ជា​ទីបំផុត។ ពាក្យ​មួយ​ឃា្ល​នេះ​របស់​លោក​ស៊ីប្រាស គឺ​ជា​ការ​ផ្តល់​សន្លឹក​បៀអាត់​ឲ្យ​រុស្ស៊ី​ដើម្បី​ចូល​ទៅ​បំបែកបំបាក់​សម្ព័ន្ធមិត្ត និង​ដាស់​សតិអឺរ៉ុប​ឲ្យ​គិតគូរ​ឡើង​វិញ​ពី​ទណ្ឌកម្ម​ដាក់​លើ​រុស្ស៊ី។ តែ​នៅ​អឺរ៉ុប កាយវិការ​របស់​ក្រិក​ពេល​នេះ គឺ​ជា​រឿង​ដែល​ពិបាក​ទទួល​យក ព្រោះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​គោលការណ៍​អឺរ៉ុប​តែ​មួយ​នៅ​ក្នុង​សំណុំរឿង​អ៊ុយក្រែន។ រហូត​មក​ដល់​ពេល​នេះ រុស្ស៊ី​មិន​ចង់​លូកដៃ​ចូល​ក្នុង​រឿង​វិបត្តិ​ប្រាក់បំណុក​ក្រិក​ដែល​ខ្លួន​គិត​ថា ទុក​បញ្ហា​នេះ​ឲ្យ​ក្រុមគ្រួសារ​អឺរ៉ុប​ដោះស្រាយ​ចុះ រីឯ​ក្រិក​ក៏​មិន​បាន​សុំ​រុស្ស៊ី​ឲ្យ​ជួយ​អ្វី​ដែរ។

ក៏​ប៉ុន្តែ វត្តមាន​របស់​លោក​ស៊ីប្រាស​នៅ​រុស្ស៊ី​ពេល​នេះ​មិនមែន​ដើម្បី​និយាយ​ពី​រឿង​បំណុល​នេះ​ឯណា តែ​ផ្តោត​សំខាន់​លើ​រឿង​អាទិភាព​មួយ​ចំនួន​មាន​ដូច​ជា ទី១ ឧស្ម័នហ្គាស​ដែល​ក្រិក​សុំ​ឲ្យ​រុស្ស៊ី​លក់​ឲ្យ​ក្នុង​តម្លៃ​ថោក ទី២ សុំ​ឲ្យ​រុស្ស៊ី​ដក​ទណ្ឌកម្ម​ចេញ​ពី​ក្រិក​ដែល​រុស្ស៊ី​បាន​ដាក់​ប្រឆំាង​នឹង​ទណ្ឌកម្ម​អឺរ៉ុប និង​ទី៣ ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទំាង​ពីរ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក​ស៊ីប្រាស​នឹង​ទទួល​បាន​អ្វី​ខ្លះ​ពី​រុស្ស៊ី​ទេ អ្វី​ដែល​គេ​ដឹង លោក​ស៊ីប្រាស​ពិត​ជា​មិន​ត្រឡប់​ទៅ​ក្រិក​វិញ​ដោយ​ដៃ​ទទេ​នោះ​ឡើយ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ