អានតួអត្ថបទ
ពិភពអារ៉ាប់-រុស្ស៊ី

លោក​ប្រមុខរដ្ឋ​រុស្ស៊ី​បាន​ទទួល​ជួប​មេដឹកនាំ​ពីរនាក់​នៃ​ពិភពអារ៉ាប់

 សាច់រឿង​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​លើក​យក​ទៅ ពិភាក្សា​ថ្ងៃអង្គារ​ទី២៥​សីហា​នេះ នៅ​ក្រុង​ម៉ូស្គូ ជាមួយ​ព្រះចៅ​ហ្សកដានី និង ព្រះអង្គម្ចាស់ រជ្ជទាយាទ នៃ អាណាចក្រ​អេមីរ៉ាតអារ៉ាប់រួម Abu Dhabi គឺ ជុំវិញ​ស្ថានការណ៍​ក្តៅគគុក​នៅ​ប្រទេស​ស៊ីរី ព្រម​ទាំង​ពាក់ព័ន្ធ​នឹង សព្វាវុធ​រុស្ស៊ី តាំង​បង្ហាញ​ក្នុង​ពិព័រណ៌​អាកាសយាន​អន្តរជាតិ MAKS-2015 ដែល​បើក​ធ្វើ​ថ្ងៃនេះ​តែ​ម្តង នៅ​បុរី Joukov ចម្ងាយ២២គ.ម. អាគ្នេយ៍​ពី​រដ្ឋធានី​ម៉ូស្គូ។ 

លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន REUTERS/Alexei Nikolskyi/RIA Novosti/Kremlin
ផ្សាយពាណិជ្ជកម្ម

 

ព្រះមហាក្សត្រ​ហ្សកដានី​ព្រះបាទ Abdallah ទី២ និង បុរសខ្លាំង​នៃ​អេមីរ៉ាតអារ៉ាប់រួម គឺ​ព្រះអង្គម្ចាស់ Mohammed ben Zayed បាន​មក​កាន់​រដ្ឋធានី​រុស្ស៊ី​ថ្ងៃ​នេះ គឺ ២៤ម៉ោង មុន​ការ​អញ្ជើញ មក​ដល់​ទីនេះ​ដែរ នៃ​លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ហើយ​បន្ទាប់​មក រដ្ឋបុរស​ទាំង​នោះ នឹង​វត្តមាន​នៅ​ក្បែរ​លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ផ្ទាល់ ដើម្បី​ទស្សនា វត្ថុ​តាំង​បង្ហាញ ដោយ​មហា​អំណាច​យោធា​រុស្ស៊ី ក្នុង​ពិព័រណ៌​អាកាសយាន​អន្តរជាតិ​នោះ។

តាម​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង ក្នុង​ជំនួប​រវាង​លោក​ពូទីន និង ព្រះចៅ​ហ្សកដានី​ដែល​តាំង ពី​ព្រះអង្គ​ឡើង​គ្រង​រាជ្យ ១៦ឆ្នាំ​មុន​មក បាន​បំពេញ​ទស្សនកិច្ច​១៣លើក​ទៅ​ហើយ​នៅ​រុស្ស៊ី គឺ​មាន​លើក​យក​ទៅ​ពិភាក្សា បញ្ហា​ប្រយុទ្ធ​ទល់​នឹង ក្រុម​ភេរវជន​នៃ​របស់​ដែល​ហៅថា”រដ្ឋអ៊ីស្លាម” ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី និង​អភិក្រម​ខាង​រៀបរយ​ឲ្យ​មាន សន្តិភាព​នៅ​តំបន់​ដើមបូព៌ា។

ដោយ​មក​ពី​ភ្លើងសង្គ្រាម​ឆាបឆេះ​នៅ​ស៊ីរី ហ្សកដានី​បាន​បង្ខំ​ចិត្ត​ទទួល​ជនភៀសខ្លួន​ស៊ីរី បើ​តាម តួលេខ​អ.ស.ប. គឺ ៦សែននាក់ តែ​បើ​តាម​តួលេខ​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ហ្សកដានី គឺ​ដល់ ទៅ ១លាន​៥សែននាក់​ឯណោះ។ លោក​ប្រមុខរដ្ឋ​រុស្ស៊ី និង​ព្រះចៅ​ហ្សកដានី​ក៏​បាន​ពិភាក្សា អំពី​ទស្សនវិស័យ​នៃ​ការ​សាងសង់​ដោយ​រុស្ស៊ី ជា​ស្ថានីយ​អគ្គិសនី​បរមាណូទី១ នៅ​ហ្សកដានី។ ហើយ​ក្នុង​ជំនួប​រវាង​លោកពូទីន និង​ព្រះអង្គម្ចាស់​រជ្ជទាយាទ​នៃ​អេមីរ៉ាតអារ៉ាប់រួម សាច់រឿង គឺ​ឧទ្ទិស​ដល់​បញ្ហា​ថាមពល ដល់​ស្ថិរភាព និង​សន្តិសុខ​នៅ​តំបន់​ដើមបូព៌ា នៅ​ភូមិភាគ​ខាងជើង​ទ្វីប​អាហ្វ្រិក។

អ្នកនាំពាក្យ​នៃ​ក្រុមហ៊ុន​រដ្ឋរុស្ស៊ី​ខាង​លក់​អាវុធ​ទៅ​ក្រៅ RosOboronExport ទាក់ទង​នឹង​ជំនួប​លោក​ពូទីន​ថ្ងៃ​នេះ ជាមួយ​មេដឹកនាំ​ពីរនាក់​នៃ​ពិភពអារ៉ាប់​គូស​បញ្ជាក់​ថា ក្នុង​បរិវេណ​នៃ​ពិព័រណ៌​អាកាសយាន​អន្តរជាតិ MAKS-2015 ឥត​មាន​គ្រោង​ចុះ​កិច្ចសន្យា​អ្វី​ណា​ទេ។ គួរ​និយាយ​ថា ទោះ​បី​ទណ្ឌកម្ម​បស្ចិមលោក សំដៅ​ធ្វើ​ឲ្យ​ពិការ​ដល់​ផ្នែក​ការពារ​ប្រទេស​រុស្ស៊ី​ក្តី ក៏​តាម​តួលេខ​របស់​វិជ្ជាស្ថាន​អន្តរជាតិ​នៅ​ក្រុង Stockholm ខាង​ស្រាវជ្រាវ​បញ្ហា​សន្តិភាព ហៅកាត់​ថា SIPRI ម៉ូស្គូ​ក្នុង​ឆ្នាំ២០១៤​កន្លង​ទៅ ចេះ​លក់​អាវុធ​បាន​ទឹកប្រាក់ ១៥.៥០០លានដុល្លារ ហើយ ជាប់​ចំណាត់ថ្នាក់ទី២ ក្នុង​លោក បន្ទាប់​ពី​ស.រ.អា.៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ