អានតួអត្ថបទ
រុស្ស៊ី-អូតង់

រុស្ស៊ី​កែប្រែ​យុទ្ធសាស្រ្ត​ទ័ព​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​ដែល​កំពុង​ប្រែប្រួល​ក្បែរ​ទឹកដីខ្លួន

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​ចុះ​ហត្ថលេខា​ទៅលើ​យុទ្ធសាស្រ្ត​ទ័ព​ថ្មី ដែល​ទើប​ត្រូវ​គេ​កែប្រែ ដើម្បី​ឆ្លើយតប​ទៅ​នឹងស្ថានកាណ៍​ប្រែប្រួល​នៅក្នុង​ពិភពលោក ជាពិសេស​នៅ​តំបន់​ក្បែរ​ទឹកដី​រុស្ស៊ី។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រេមឡាំង ចេញផ្សាយ កាលពីថ្ងៃ សុក្រ​ម្សិលមិញ។  

ប្រធានាធិបតី​ពូទីន នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សា​វប្បធម៌​កាលពីថ្ងៃ​ទី ២៤​ធ្នូ
ប្រធានាធិបតី​ពូទីន នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សា​វប្បធម៌​កាលពីថ្ងៃ​ទី ២៤​ធ្នូ ©REUTERS/Sergei Ilnitsky
ផ្សាយពាណិជ្ជកម្ម

យុទ្ធសាស្រ្ត​ទ័ព​ថ្មី ដែល​លោកប្រធានាធិបតី​រុស្ស៊ី ទើប​បាន​ចុះហត្ថលេខា បាន​ចែងថា រាល់​ការពង្រីក​សមត្ថភាព​ទ័ព​អូតង់ និង​អស្ថិរភាព​នៅក្នុង​តំបន់ ត្រូវ​ចាត់ទុក​ជា​ការគំរាមកំហែង​ពី​ខាងក្រៅ សម្រាប់​ប្រទេស​រុស្ស៊ី។ ចំណែក​រាល់​សកម្មភាព​ដើម្បី​បង្ក​អស្ថិរភាព​នៅក្នុង​ប្រទេស និង​សកម្មភាព​ភេរវកម្ម​ត្រូវ​ចាត់ថ្នាក់ ជា​ការគំរាមកំហែង​ក្នុង​ស្រុក។

 
កាលពី​ខែ​កញ្ញា​កន្លងទៅ អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ធ្លាប់​បាន​និយាយ រួចហើយ​ថា នឹង​កែប្រែ​យុទ្ធសាស្រ្ត​ទ័ព​រុស្ស៊ី​ឡើងវិញ ឲ្យ​បានមុន​ដំណាច់​ឆ្នាំ​២០១៤​នេះ ដើម្បី​ទុក​ទប់ទល់​នឹង​អង្គការ​អូតង់។ តាម​លោក​មីខាអ៊ីល ប៉ូប៉ូវ ការកែប្រែ​យុទ្ធសាស្រ្ត​ទ័ព​រុស្សី ធ្វើឡើង ដើម្បី​តម្រូវ​ទៅតាម​កត្តា​នយោបាយ​ក្រៅប្រទេស ជាពិសេស នៅ​ក្នុង​តំបន់​ក្បែរ​ទឹកដី​រុស្ស៊ី។ តាំងពីមុន​វិបត្តិ​ផ្ទុះ​នៅ​អ៊ុយក្រែន រុស្ស៊ី​តែងតែ​សង្កេត​ឃើញ​អូតង់​ចេះ​តែ​បង្កើន​វត្តមាន​ទ័ព​របស់ខ្លួន នៅ​ក្នុង​ប្រទេស លីទុយអានី ឡេតូនី និង​អេស្តូនី ប៉ូឡូញ និង​រ៉ូម៉ានី​ជាដើម ដែល​សុទ្ធ​តែ​មានព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី។

ចាប់តាំង​ពី​រុស្ស៊ី​ភ្ជាប់ទឹកដី​គ្រីមេ របស់​អ៊ុយក្រែន​ទៅក្នុង​ទឹកដី​របស់ខ្លួន ក្រុម​ប្រទេស​បាល់ទ៍ និង​អឺរ៉ុប​ខាង​កើត​មួយចំនួន ដែល​ មាន​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី បារម្ភ​ខ្លាច​មាន​ការឈ្លានពាន​ជាបន្តទៀត ពី​ទ័ព​រុស្ស៊ី។ ប្រទេស​សមាជិក​អូតង់​ទាំងនេះ បាន​ស្រែក​អំពាវនាវ​រក​ជំនួយ​ទ័ព​ពី​អង្គការ​អាត្លង់ទិក​អូតង់។ កាលពី​នៅក្នុង​កិច្ចប្រជុំកំពូល​អូតង់ នៅក្នុង​ប្រទេស​អង់គ្លេស នា​ខែ​កញ្ញា អូតង់​បាន​សម្រេច​បង្កើត​មូលដ្ឋាន​ទ័ព​ដ៏ទំនើប នៅក្នុង​បណ្តា​ប្រទេស​បាល់ទ៍ និង​ប៉ូឡូញ និង​រ៉ូម៉ានី។ តាមអូតង់ មូលដ្ឋាន​ទ័ព​ថ្មី​ទាំងនោះ មាន​បំពាក់​អាវុធ និង​សម្ភារៈ​យោធា​ដែល​អាច​ទទួល​កងទ័ព​អូតង់ នៅក្នុង​ករណី​មាន​អន្តរាគម​យោធា នៅក្នុង​តំបន់។

រុស្ស៊ីវិញ បាន​មើលឃើញ ការដំឡើង​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក នៅ​អឺរ៉ុប​ខាងកើត ដូចជា​នៅ​ប៉ូឡូញ​ជាដើម ថា ជាការគំរាមកំហែង ព្រោះវា​អាច​កាត់បន្ថយ​សក្តានុពល​កម្លាំង​របស់​អាវុធ​បរិមាណូ​របស់​រុស្ស៊ី។ នៅ​សប្តាហ៍នេះ ទីក្រុង​ម៉ូស្គូ​ទើប​បាន​ព្រមាន​​រដ្ឋាភិបាល​អ៊ុយក្រែន ពី​ផលវិបាក ប្រសិន​បើ​ទីក្រុង​គៀវ​នៅ​តែ​ចង់​ចូល​ជា​សមាជិក​របស់អូតង់។ តាម​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ចង់ ឬ​មិនចង់ យុទ្ធសាស្រ្តទ័ព​រុស្ស៊ី ដែល​បាន​អនុម័ត ៤​ឆ្នាំ មកហើយ (ឆ្នាំ ២០១០) នោះ គឺ​មិនអាច​ឆ្លើយតប​នឹង​ស្ថានការណ៍​ដែល​កំពុង​វិវត្ត ប្រែប្រួល​នៅក្នុង​តំបន់​ទៀតទេ។ ដូច្នេះ រុស្ស៊ី​ចាំបាច់​ត្រូវ​តែ​កែប្រែ​យុទ្ធសាស្រ្ត​ទ័ព​របស់ខ្លួន ដើម្បី​អាច​ឆ្លើយតប​ទៅ​នឹង​កាលៈទេសៈ​តម្រូវ ក្នុង​ពេល​បច្ចុប្បន្ននេះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ