អានតួអត្ថបទ
បារាំង

RSF៖អ្នកកាសែត​នៅ​ជា​អាជីព​គ្រោះថ្នាក់ ដោយ​មាន​ស្លាប់ ១១០នាក់​ក្នុង​ឆ្នាំ ២០១៥

នៅ​ថ្ងៃ​អង្គារ ទី២៩ ធ្នូ​នេះ អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន Reporters Sans Frontières (RSF) បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៥ ស្តីពី​ស្ថានភាព​អ្នកកាសែត​នៅ​ក្នុង​ពិភពលោក។ របាយការណ៍​របស់ RSF បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៥ ដែល​ជិត​បិទ​បញ្ចប់​ទៅ មាន​អ្នក​កាសែត​ចំនួន ១១០នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ការ​ប្រកប​អាជីព​របស់​ខ្លួន។ បើ​គិត​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​ឆ្នាំ ២០០៥ គឺ​មាន​ស្លាប់​អ្នកកាសែត​យ៉ាង​តិច ៧៨៧នាក់។ នៅ​ក្នុង​ន័យ​នេះ RSF បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការ​តែងតាំង​អ្នកតំណាង​ពិសេស​ម្នាក់​នៅ​អង្គការ​សហប្រជាជាតិ​ដើម្បី​ការពារ​ជីវិត​អ្នកកាសែត។

RSF៖អ្នកកាសែត​នៅ​ជា​អាជីព​គ្រោះថ្នាក់ ដោយ​មាន​ស្លាប់ ១១០នាក់​ក្នុង​ឆ្នាំ ២០១៥
RSF៖អ្នកកាសែត​នៅ​ជា​អាជីព​គ្រោះថ្នាក់ ដោយ​មាន​ស្លាប់ ១១០នាក់​ក្នុង​ឆ្នាំ ២០១៥ RSF
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​អ្នកកាសែត​ស្លាប់​ទាំង ១១០នាក់​នា​ឆ្នាំ ២០១៥ នេះ​ត្រូវ​បាន​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន Reporters Sans Frontières បំបែក​ជា ៣ប្រភេទ​ខុសៗ​គ្នា​ដោយ​ផ្អែក​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត។ ប្រភេទ​ទី១ មាន​១៨នាក់​បាន​បាត់បង់​ជីវិត​នៅ​លើ​សរភូមិ​ក្នុង​ពេល​បំពេញ​ការងារ ប្រភេទ​ទី២ មាន​៤៩នាក់​បាន​បាត់បង់​ជីវិត​ដោយ​ត្រូវ​គេ​បាញ់​សម្លាប់ និង ប្រភេទ​ទី៣ មាន​៤៣នាក់​បាន​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់។ ការ​ស្លាប់​ក្នុង​ប្រភេទ​ទី៣ នេះ​ត្រូវ​បាន Reporters Sans Frontières លើក​យក​មក​ពន្យល់​ថា មក​ពី​កង្វះ​ការ​ស៊ើបអង្កេត​ផ្លូវការ​ប្រកប​ដោយ​ស៊ីជម្រៅ និង​មិន​លំអៀង។

ក្រៅ​ពី​អ្នកស្លាប់​ចំនួន ១១០នាក់​ក្នុង​ឆ្នាំ ២០១៥ Reporters Sans Frontières ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ចំនួន​អ្នកកាសែត​ដែល​កំពុង​ជាប់​ជា​ចំណាប់​ខ្មាំង​ចំនួន៥៤នាក់ ក្នុង​នោះ​មាន ២៦នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ចំនួន​អ្នក​កាសែត​ដែល​កំពុង​ដេក​ក្នុង​គុក​ចំនួន ១៥៣នាក់ ក្នុង​នោះ​មាន​នៅ​ចិន ២៣នាក់ នៅ​អេហ្ស៊ីប ២២នាក់ និង ១៨នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ បើ​គេ​គិត​ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ ពោល​តាំង​ពី​ឆ្នាំ ២០០៥ មក មាន​អ្នកកាសែត​យ៉ាង​តិច ៧៨៧នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​ប្រកប​អាជីព​របស់​ខ្លួន។

មាន ៩ប្រទេស​នាំ​មុខ​គេ​ដែល Reporters Sans Frontières ចាត់​ចំណាត់​ថ្នាក់​មាន​អ្នក​កាសែត​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥ គឺ​អ៊ីរ៉ាក់​មាន​ស្លាប់ ១១នាក់ ស៊ីរី​ស្លាប់ ១០នាក់ បារាំង​ស្លាប់ ៨នាក់ យេម៉ែន​ស្លាប់ ៨នាក់ ស៊ូដង់ខាងត្បូង​ស្លាប់ ៧នាក់ ឥណ្ឌា​ស្លាប់ ៩នាក់ ម៉ិចស៊ិក​សម្លាប់ ៨នាក់ ហ្វីលីពីន​ស្លាប់ ៧នាក់ និង​ប្រទេស​ហុងឌូរ៉ាស​មាន​ស្លាប់ ៧នាក់។

បារាំង​ជា​ប្រទេស​បស្ចិមលោក​ទី១ ដែល​មាន​អ្នកកាសែត​ស្លាប់​ច្រើន

ក្នុង​ចំណោម​ប្រទេស​ទាំង ៩ ដែល​មាន​ស្លាប់​អ្នក​កាសែត​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៥ នេះ បារាំង​បាន​ស្ថិត​នៅ​លំដាប់​ទី៣។ តែ​គេ​ពិត​ជា​មិន​អាច​ប្រៀបប្រដូច​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ការ​ប្រកប​អាជីព​ជា​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​បារាំង​ទៅ​នឹង​ប្រទេស​ផ្សេង​ដូច​យ៉ាង​នៅ​អ៊ីរ៉ាក់ ឬ​នៅ​ស៊ីរី​បាន​ទេ។ ទន្ទឹម​គ្នា​នេះ គេ​ក៏​អាច​ចាត់​ទុក​បារាំង​ជា​ប្រទេស​គ្រោះថ្នាក់​សម្រាប់​អ្នក​ប្រកប​អាជីព​ជា​អ្នក​កាសែត​នោះ​ដែរ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ឆ្នាំ ២០១៥ ជា​ឆ្នាំ​ពិសេស និង​ជា​លើក​ទី១ ដែល​បារាំង​បាន​ក្លាយ​ជា​ប្រទេស​លោកខាងលិច​ដំបូង​បង្អស់​ដែល​មាន​អ្នកកាសែត​ស្លាប់​ច្រើន​ក្នុង​ឆ្នាំ ២០១៥។

គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា អ្នកកាសែត​បារាំង​ស្លាប់​ទាំង ៨នាក់​ក្នុង​ឆ្នាំ ២០១៥ សុទ្ធសឹង​ជា​អ្នកកាសែត​របស់​ទស្សនាវដ្តី​ត្លុកកប្លែង Charlie Hebdo ដែល​រង​ការ​វាយប្រហារ​ភេរវនិយម​កាល​ពី​ថ្ងៃទី៧ មករា។ រហូត​មក​ដល់​ថ្ងៃ​នេះ​ទៀត អ្នកកាសែត​ភាគ​ច្រើន​របស់ Charlie Hebdo បាន​ទទួល​ការ​ការពារ​ពី​កម្លាំង​ប៉ូលិស​ស៊ីវិល​ជាប់​ជា​ប្រចាំ និង​កំពុង​​បន្ត​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច ពិសេស​អ្នកកាសែត​ដែល​សរសេរ​អត្ថបទ​ទាក់ទង​នឹង​សាសនា​អ៊ីស្លាម។ មាន​អ្នក​កាសែត​ខ្លះ​បាន​បង្ខំ​ចិត្ត​ប្តូរ​កន្លែង​រស់នៅ​រៀងរាល់ ៦ខែ​ម្តង ឬ​មួយ​ក៏​ម្តង​ទៅ​សម្រាក​នៅ​សណ្ធាគារ និង​ម្តង​ទៅ​សម្រាក​នៅ​ផ្ទះ​បងប្អូន។ល។ និង។ល។

អនុសាសន៍​របស់ Reporters Sans Frontières សម្រាប់​ការពារ​ជីវិត​អ្នកកាសែត

មាន​អនុសាសន៍​សំខាន់​ចំនួន​ពីរ​ដែល Reporters Sans Frontières បាន​ធ្វើ​សំណើ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ និង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ការពារ​ជីវិត​អ្នកកាសែត។ អនុសាសន៍​ទី១ គឺ​តែងតំាង​អ្នក​តំណាងពិសេស​ម្នាក់​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដើម្បី​ទទួល​បន្ទុក​ការពារ​អ្នកកាសែត។ អ្នកតំណាងពិសេស​សម្រាប់​ការពារ​អ្នកកាសែត​រូប​នោះ​មាន​តួនាទី​ជា​អ្នក​ត្រួតពិនិត្យ​ថា តើ​រដ្ឋសមាជិក​នីមួយៗ​មាន​គោរព​ច្បាប់​អន្តរជាតិ​ត្រឹមត្រូវ និង​មាន​ទម្ងន់​នយោបាយ ក៏​ដូច​ជា​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ការពារ​អ្នកកាសែត​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដែរ ឬ​ទេ។

ចំណែក​នៅ​ក្នុង​អនុសាសន៍​ទី២ Reporters Sans Frontières បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ​នៅ​ពេល​ដែល​កើត​មាន​ឧក្រិដ្ឋកម្ម​សង្រ្គាម​ប្រឆាំង​នឹង​អ្នកកាសែត។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ លោក Christophe Deloire អគ្គលេខាធិការ Reporters Sans Frontières បាន​បញ្ជាក់​ថា វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​បង្កើត​យន្តការ​មួយ​ច្បាស់លាស់​ដើម្បី​ឲ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​អន្តរជាតិ​ស្តីពី​ការ​ការពារ​អ្នកកាសែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ