អានតួអត្ថបទ
រស្ស៊ី-បស្ចិមលោក

រុស្ស៊ី៖​ទំនាក់ទំនង​រុស្ស៊ី និង​បស្ចិមលោក​ក្នុង​រឿង​ស៊ីរី និង​អ៊ុយក្រែន​បាន​ទាញ​ពិភពលោក​ចូល​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី

តាំង​ពី​ថ្ងៃ​សៅរ៍ ទី១៣​ឆ្លង​ចូល​ដល់​ថ្ងៃ​អាទិត្យ ទី១៤ កុម្ភៈ​នេះ កងទ័ព​អាកាស​នៃ​ប្រទេស​តួកគី​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ចលនា​គួដ​ក្នុង​ទឹកដី​ស៊ីរី។ ចំណែក​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ជា​ច្រើន​គ្រឿង​ទៅ​កាន់​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​តួកគី។ លោក​ប្រមុខ​ការទូត​តួកគី​បាន​ថ្លែង​ជា​ចំហ​ថា ទីក្រុង​អង់ការ៉ា និង​ទីក្រុង​រីយ៉ាដ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​អន្តរាគមន៍​យោធា​ផ្លូវគោក​វាយប្រហារ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ទឹកដី​ស៊ីរី។ ជំហរ​របស់​តួកគី និង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​អាមេរិក និង​រុស្ស៊ី​ត្រៀម​សម្រេច​ឲ្យ​បាន​នូវ​បទឈប់បាញ់​មួយ​នៅ​ស៊ីរី​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

លោក Dmitry Medvedev នាយករដ្ឋមន្រ្តី​រុស្ស៊ី
លោក Dmitry Medvedev នាយករដ្ឋមន្រ្តី​រុស្ស៊ី REUTERS/Michael Dalder
ផ្សាយពាណិជ្ជកម្ម

កាយវិការ​របស់​តួកគី និង​អារ៉ាប៊ីសាអូឌីត​ពេល​នេះ​គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​បទ​ឈប់​បាញ់​មួយ​នៅ​ស៊ីរី​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី និង​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្គី ឡាវ្រូស​បាន​ព្រមព្រៀង​គ្នា​នា​ជំនួប​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។ តាម​គម្រោង កិច្ចព្រមព្រៀង​បទឈប់​បាញ់​នឹង​ត្រូវ​ចេញ​រូបរាង​ជា​ផ្លូវការ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ សូម​ជម្រាប​ជូន​ថា ក្រោម​ភ្នែក ច្រមុះ​របស់​អាមេរិក និង​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ការ​ដែល​រុស្ស៊ី​យល់​ព្រម​ឲ្យ​មាន​បទ​ឈប់បាញ់​មួយ​នៅ​ស៊ីរីជា​រឿង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​មូស្គូ​កំពុង​ក្លាយ​ជា​តួឯក​មួយ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ដំណើរ​ស្វែង​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី។

ចូរ​កុំ​ភ្លេច​ថា តាំង​ពី​ដើម​ខែ​កញ្ញា ឆ្នាំ ២០១៥ រុស្ស៊ី​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ផ្លូវអាកាស​លើ​ស៊ីរី​ក្រោម​ហេតុផល​កម្ទេច​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​សហគមន៍​អន្តរជាតិ មាន​អាមេរិក​នាំ​មុខ​មិន​ជឿ ដោយ​ចោទ​មូស្គូ​ពី​បទ​បាន​វាយប្រហារ​លើ​ក្រុម​ប្រឆាំង​ស៊ីរី​ស្រប​ច្បាប់​ក្នុង​គោលដៅ​ជួយ​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ ក្នុង​ន័យ​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​បាន​អំពាវនាវ​ត្រង់ៗ​ឲ្យ​រុស្ស៊ី​ប្តូរ​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ខ្លួន​នៅ​ស៊ីរី។ ដូច្នេះ​ទង្វើ​របស់​តួកគី និង​អារ៉ាប៊ីសាអូឌីត​នៅ​ពេល​នេះ​អាច​នឹង​ចូល​ទៅ​សម្លាប់​កិច្ចព្រមព្រៀង​បទ​ឈប់បាញ់​នៅ​ស៊ីរី​ដែល​មិន​ទាន់​នឹង​លេចរូបរាង​ផង។
 
អាមេរិក​ជំរុញ​ឲ្យ​តួកគី​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​ស៊ីរី​ជា​បន្ទាន់

អាមេរិក​បាន​ចាត់​ទុក​ទង្វើ​របស់​តួកគី​ដែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ពួកគួក​ក្នុង​ទឹកដី​ស៊ីរី​ថា ជា​ការ​យក​សាំង​ចាក់​លើ​ពំនូក​ភ្លើង​មួយ​ដែល​អាមេរិក​កំពុង​ព្យាយាម​ពន្លត់។ ពី​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់​ដែល​មាន​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ជំរុញ​ឲ្យ​តួកគី​បញ្ឈប់​ការ​ទម្លាក់​គ្រាប់បែក​នៅ​ស៊ីរី​ជា​បន្ទាន់។ លោក​ឃែរី​បាន​ព្រមាន​ត្រង់ៗ​ថា សំណុំរឿង​ស៊ីរី​កំពុង​បោះជំហាន​មក​ដល់​ផ្លូវកែង​មួយ​ដ៏​ផុយស្រួយ​រវាង​សង្រ្គាម និង​សន្តិភាព​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​អ្វី​ផ្តេសផ្តាស​ទេ។
 
សូម​ជម្រាប​ជូន​ថា ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​ទ័ពតួកគី​ក្នុង​ទឹកដី​ស៊ីរី គឺ​ក្រុម​កម្លាំង​គួដ​ស៊ីរី​នៅ​ប៉ែក​ខាងជើង​ទីក្រុង​អាឡិប​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខ្សែបន្ទាត់​ព្រំដែន​ជាមួយ​តួកគី។ អ្វី​ដែល​ទីក្រុង​អង់ការ៉ា​បារម្ភ​ខ្លាំង​នោះ គឺ​ការ​រំកិល​របស់​ក្រុមគួដ​ស៊ីរី​មក​ក្បែរ​នឹង​ក្រុមគួដ​ក្នុង​ទឹកដី​តួកគី​ដែល​កំពុង​ប្រឈម​មុខ​តតាំង​ទល់​នឹង​រដ្ឋអំណាច​តួកគី​សព្វថ្ងៃ។ តែ​ប្រភព​ព័ត៌មាន​ខ្លះ​ក៏​បាន​អះអាង​ថា ទ័ពអាកាស​តួកគី​ក៏​ឆ្លៀត​វាយប្រហារ​លើ​ទ័ព​រដ្ឋាភិបាល​ស៊ីរី​ដែល​កំពុង​រុល​ទៅ​មុខ​ដើម្បី​ដណ្តើម​យក​ទីក្រុង​អាឡិប​ពី​ក្រុមប្រឆាំង​ស៊ីរី​ដែរ។ ក្រុមប្រឆាំង​ស៊ីរី​ដែល​កំពុង​ចុះ​ខ្សោយ​នៅ​ចំពោះ​មុខ​កម្លាំង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អាសាដ​ដែល​មាន​ទ័ពអាកាស​រុស្ស៊ី​ជួយ​គាំទ្រ។
 
ក្រៅ​ពី​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​តួកគី អារ៉ាប៊ីសាអូឌីត​ក៏​បាន​បញ្ជូន​យន្តហោះចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​ចត​ទុក​លើ​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​តួកគី​ក្នុង​គោលដៅ​ត្រៀម​ចូលរួម​វាយប្រហារ​ផ្លូវគោក​កំចាត់​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី។ រូបភាព​ទាំង​អស់​ត្រូវ​បាន​អាមេរិក​យល់​ឃើញ​ថា កំពុង​ធ្វើ​ឲ្យ​ខ្លួន​ទើស​មុខមាត់​ខ្លាំង​នៅ​ក្នុង​ដំណើរ​ស្វែង​រក​បទឈប់បាញ់​នៅ​ស៊ីរី​ជាមួយ​នឹង​រុស្ស៊ី។
 
រុស្ស៊ី​យល់​ថា ពិភពលោក​បាន​ចូល​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី
 
នៅ​ខាង​រុស្ស៊ី​វិញ ក្រុង​មូស្គូ​នៅ​មិន​ទាន់​បញ្ចេញ​​ប្រតិកម្ម​អ្វី​នឹង​ទង្វើ​របស់​តួកគី និង​អារ៉ាប៊ីសាអូឌីត​ទេ តែ​បាន​ផ្តល់​ចំណាប់​អារម្មណ៍​នៃ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​បស្ចិមលោក​ទាក់ទង​នឹង​វិបត្តិ​នៅ​ស៊ីរី និង​នៅ​អ៊ុយក្រែន។ ចំណាប់​អារម្មណ៍​របស់​រុស្ស៊ី​ត្រូវ​បាន​ថ្លែង​ចេញ​ពី​មាត់​របស់​លោក​នាយករដ្ឋមន្រ្តី​ឌីមីទ្រី មេដឺវេដេវ​នៅ​ថ្ងៃ​សៅរ៍ ទី១៣ កុម្ភៈ​ក្នុង​ពេល​ដែល​លោក​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ​រៀបចំ​ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។
 
លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​បាន​កត់សម្គាល់​ឃើញ​ពី​ទំនាក់ទំនង​ខ្មៅ​ងងឹត​រវាង​រុស្ស៊ី និង​បស្ចិមលោក​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ដោយសារ​តែ​វិបត្តិ​នៅ​ស៊ីរី និង​នៅ​អ៊ុយក្រែន។ ទំនាក់ទំនង​ដែល​លោក​ឌីមីទ្រី មេដឺវេដេវ​មិន​ញញើត​នឹង​សន្និដ្ឋាន​ថា កំពុង​នាំ​ពិភពលោក​ចូល​ទៅ​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី។ លោក​នាយករដ្ឋមន្រ្តី​រុស្ស៊ី​បាន​ចោទ​ជា​សំណួរ​ថា តើ​ពិភពលោក​ពិត​ជា​ត្រូវ​ការ​ឲ្យ​មាន​សង្រ្គាមលោក​លើកទី៣ ដើម្បី​អាច​យល់​ថា ត្រូវ​រួម​សហការណ៍​គ្នា​ជាជាង​ប្រឈម​មុខ​ដាក់​គ្នា​ឬ?។
 
លោក​មេដឺវេដេវ​បាន​យល់​ឃើញ​ថា សហគមន៍​អន្តរជាតិ​បាន​ពួកដៃ​គ្នា​ដាក់​គំនាប​លើ​រុស្ស៊ី​ទាំង​វិបត្តិ​នៅ​អ៊ុយក្រែង ក៏​ដូច​ជា​នៅ​ស៊ីរី។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចង្អុល​មុខ​សហភាព​អឺរ៉ុប​ថា កំពុង​ប្រើ​នយោបាយ​បញ្ចុះបញ្ចូល​ជាមួយ​ក្រុម​ប្រទេស​អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​ឲ្យ​ស្អប់​រុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​មេដឺវេដេវ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​ជាជាង​ការ​ប្រើ​សង្រ្គាមពាក្យសម្តី។ ប្រតិកម្ម​ដូច​គ្នា​នេះ​ក៏​មាន​ពី​មាត់​លោក​ប្រមុខ​ការទូត​រុស្ស៊ី​ស៊ែរហ្កី ឡាវ្រូវ​ដែល​បាន​ទាមទារ​ឲ្យ​មាន​ការ​វិល​ត្រឡប់​វិញ​នូវ​វប្បធម៌​សន្ទនា និង​ការ​បញ្ឈប់​យុទ្ធនាការ​សម្អប់​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ