អានតួអត្ថបទ
ហ្សឺណែវ

អង្គការ​សុខភាព​ពិភពលោក៖ យុទ្ធនាការ​ចាក់ថ្នាំ​វ៉ាក់សាំង​នៅក្នុង​ពិភពលោក​មាន​ការយឺតយ៉ាវ

យុទ្ធនាការ​ចាក់ថ្នាំ​វ៉ាក់សាំង​មាន​ការយឺតយ៉ាវ​យ៉ាង​ខ្លាំង នៅក្នុង​ពិភពលោក ដែល​ជា​ហេតុ​មិន​អាច​ឲ្យ​គេ​សម្រេច​បាន​តាម​គោលដៅ​ដែល​គ្រោងទុក។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក​ចេញផ្សាយ នៅថ្ងៃពុធ​ទី ២២ មេសា មាន​កុមារ​ម្នាក់ ក្នុង​ចំណោម ៥​នាក់ នៅក្នុង​ពិភពលោក​មិន​បាន​ទទួល​ចាក់ថ្នាំ​វ៉ាក់សាំង​ចាំបាច់។ 

អ្នកដើរ​ចាក់​ថ្នាំ​វ៉ាក់សាំង​ ការពារ​ជម្ងឺ​ស្វិតដៃជើង ក្នុង​ប្រទេស​ស៊ីរី តែងត្រូវ​ត្រួតពិនិត្យ​តឹងរ៉ឹង ដោយ​ក្រុម​ប្រដាប់​អាវុធ​
អ្នកដើរ​ចាក់​ថ្នាំ​វ៉ាក់សាំង​ ការពារ​ជម្ងឺ​ស្វិតដៃជើង ក្នុង​ប្រទេស​ស៊ីរី តែងត្រូវ​ត្រួតពិនិត្យ​តឹងរ៉ឹង ដោយ​ក្រុម​ប្រដាប់​អាវុធ​ ©REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​ចាក់វ៉ាក់សាំង​មាន​ការរីកចម្រើន ប៉ុន្តែ​មិនគ្រប់គ្រាន់។ តាម​ប្រធាន​កម្មវិធី ចាក់ថ្នាំ​វ៉ាក់សាំង របស់​អង្គការ​សុខភាព​ពិភពលោក ទិសដៅ​ដើម្បី​ចាក់ថ្នាំ​វ៉ាក់សាំង របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ ​២០១៥​មិន​ត្រូវ​បាន​គេ​គោរព​អនុវត្ត​តឹងរ៉ឹង នៅ ក្នុង​ប្រទេស​ចំនួន ៦៥។

 
របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ថ្នាំ​វ៉ាក់សាំង​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ទាន់ពេល និង​ចំ​គោលដៅ។ ហើយ​ឧបសគ្គ​ចំបង​ដែល​កម្មវិធី​ចាក់ថ្នាំ​វ៉ាក់សាំង​ឧស្សាហ៍​ជួប​ប្រទះ គឺ ការខ្វះ​មធ្យោបាយ និង​ប្រព័ន្ធ​សុខភាព​ខ្សត់ខ្សោយ នៅក្នុង​ប្រទេស​ក្រីក្រ។ លើសនោះ យុទ្ធនាការ​ចាក់ថ្នាំវ៉ាក់សំាង​ទៅលើ​កុមារ​ក៏​ត្រូវ​បាន​រំខាន ដោយសារ​សង្រ្គាម​ស៊ីវិល។ នៅ​ប៉ាគីស្ថាន អ្នកជំនាញ​សុខភាព​ខាងចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ស្វិតដៃជើង ត្រូវប្រឈម​នឹង​ការគំរាម​កំហែង​ដល់​អាយុ​ជីវិត​ពីក្រុម​តាលីបង់ ដែល​ចោទ​ពួកគេ​ថា ជា​ក្រុមចារកិច្ច​របស់​អាមេរិក ដែល​ដើរ​ចាក់ថ្នាំ ដើម្បី​បំបាត់​ពូជ អ្នកកាន់​សាសនា​អ៊ីស្លាម។

នៅ​ឆ្នាំមុន ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក​បាន​ជួបប្រទះ​ជា​ថ្មី ជម្ងឺ​រាតត្បាត​កញ្រ្ជិល ដែល​ជា​មូលហេតុ​ធ្វើ​ទិសដៅ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​លុបបំបាត់​ជម្ងឺ​នេះ នៅ​ឆ្នាំ ២០១៥​ត្រូវ​ធ្លាក់​ទឹក​ទាំងស្រុង។ តាម​មន្រ្តី​អង្គការ​សុខភាព​ពិភពលោក នៅ​ឆ្នាំ ២០១៣ កុមារ​ប្រមាណ ២២​លាន​នាក់ មិន​បាន​ទទួល​ចាក់ថ្នាំ​វ៉ាក់សំាង សំខាន់​បីប្រភេទ ដូចជា​វ៉ាក់សាំង ការពារ​ជម្ងឺ​ខាន់ស្លាក់ ក្អកមាន់ និង​តេតានុស។ ពាក់កណ្តាល​នៃ​កុមារ​ទាំងនោះ រស់នៅក្នុង​ប្រទេស​ឥណ្ឌា នីហ្សេរីយ៉ា និង​ប៉ាគីស្ថាន។

នៅ​២​ថ្ងៃ​មុន ទិវា​ពិភពលោក​ស្តី​ពី​សប្តាហ៍​ចាក់ថ្នាំ​វ៉ាក់សាំង ដែល​ត្រូវ​ចាប់ផ្តើម ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ៣០​មេសា អង្គការ​សុខភាព​ពិភពលោក ចង់​ផ្តល់​សន្ទុះ ជំរុញ លើក​ទឹកចិត្ត​ឲ្យ​គ្រប់​កុមារ​ទាំង​អស់​បាន​ទទួល​ចាក់ថ្នាំ​វ៉ាក់សាំង មិន​ថា ពួកគេ​រស់នៅ​ទីណា។ តាម​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង​ចាំបាច់ ដែល​កុមារ​ត្រូវ​តែ​ចាក់ មិន​អាច​ខានបាន បាន​ជួយ​ជីវិត​កុមារ​មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ ស្លាប់ ក្នុង​មួយឆ្នាំៗ ប្រមាណ មួយលាន កន្លះ​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ