ម៉ូស្គូសុខចិត្តពន្យារ ការបញ្ចុះតម្លៃឧស្ម័នរុស្ស៊ី សម្រាប់អ៊ុយក្រែន ៣ខែទៀត
ភ្លើងខៀវនេះ បើកដោយលោកប្រធានាធិបតីពូទីន តបនឹងសំណើ លោកនាយក រដ្ឋមន្ត្រីមេដវេដេវ ក្រោយពីរដ្ឋាភិបាលរុស្ស៊ីបានទទួលសំណូមពរ សមស្របពី ភាគីអ៊ុយក្រែន។ ការយល់ព្រមពន្យារពេលចុះថ្លៃនេះ គឺដើម្បីបញ្ចៀសកុំឲ្យផ្តាច់ ការបង្ហូរឧស្ម័នរុស្ស៊ី ទៅ អ៊ុយក្រែន ដ្បិតកិច្ចព្រមព្រៀងចុះ កាលពីខែតុលាឆ្នាំមុន ដើម្បីបង្ហូរឧស្ម័នរុស្ស៊ីទៅអ៊ុយក្រែន ក្នុងល័ក្ខខ័ណ្ឌនេះ ត្រូវអស់សុពលភាព ថ្ងៃ៣១មីនា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២១
ជាបឋម គួរនិយាយថា ក្រុមហ៊ុនរដ្ឋអ៊ុយក្រែនខាងឧស្ម័ន និងប្រេង Naftogaz បានសុំ ភាគីរុស្ស៊ី ឲ្យពន្យាររបបបញ្ចុះតម្លៃឧស្ម័នរុស្ស៊ី លក់ទៅអ៊ុយក្រែន គឺរហូតដល់ដំណាច់ឆ្នាំនេះ តែម្តង។ ក្រោយពី ថ្នាក់ដឹកនាំរុស្ស៊ីយល់ព្រមពន្យារពេលចុះថ្លៃនេះ ទោះបីតែមួយត្រីមាស រហូត ដល់ថ្ងៃ៣០មិថុនាក្តី ក៏សម្រាប់ភាគីអ៊ុយក្រែន ធូរសោហ៊ុយមិនស្ទើរឡើយ ដ្បិត ក្នុង១.០០០ម៣ ចុះអស់ ១០០ដុល្លារឯណោះ។ ឥឡូវ តាមការប្រមាណឃើញ នៃ រដ្ឋមន្ត្រីក្រសួងថាមពល ទាំង រុស្ស៊ី ទាំងអ៊ុយក្រែន តម្លៃឧស្ម័នដែលរុស្ស៊ីបន្តលក់ទៅឲ្យអ៊ុយក្រែន ក្នុង១.០០០ម៣ គឺមិនលើស ពី២៥០ដុល្លារឡើយ បើនិយាយឲ្យចំ គឺ ២៤៨ ដុល្លារក្នុង ១.០០០ម៣។
លោកនាយករដ្ឋមន្ត្រីមេដវេដេវ បានជម្រាប លោក ប្រធានាធិបតីពូទីន អំពីមូលហេតុដែលគួរ តែបញ្ចុះថ្លៃឧស្ម័ននោះ ក្នុងន័យថា ៖ “សេដ្ឋកិច្ចអ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន មែនទែន រួចទោះបីការបញ្ចុះថ្លៃនេះ អាចនាំឲ្យប៉ះពាល់ដល់ខ្ទង់ចំណូលនៃថវិកាជាតិរុស្ស៊ីក្តី ក៏ខ្ញុំយល់ថា យើងមានលទ្ធភាពបំពេញតាមសំណូមពរ របស់ភាគីអ៊ុយក្រែន”។
ជាចម្លើយតបវិញ លោកប្រមុខរដ្ឋរុស្ស៊ី ថ្លែងថា ៖ “ដូច្នេះ គួរតែយើងធ្វើអញ្ចឹងទៅ ប៉ុន្តែ ក្នុង ល័ក្ខខ័ណ្ឌ ដែលអ៊ុយក្រែន ត្រូវបំពេញ កាតព្វកិច្ចខ្លួននៅពីមុខក្រុមហ៊ុនរដ្ឋរុស្ស៊ីខាងឧស្ម័ន Gazprom”។ ជាការកត់សម្គាល់ កាតព្វកិច្ចនេះ គឺអ៊ុយក្រែនត្រូវទទួលស្គាល់បំណុលដែលជំពាក់ ក្រុមហ៊ុនយក្សរុស្ស៊ីនេះ ចំពោះឧស្ម័នដែលរុស្ស៊ីបានបង្ហូរទៅអ៊ុយក្រែនពីមុនៗ ក្នុងទឹកប្រាក់ ៣.១០០ លានដុល្លារ និងចំណុចមួយទៀត គឺថា ភាគីអ៊ុយក្រែនត្រូវផ្ទេរលុយមកឲ្យរុស្ស៊ីជាមុន ចំពោះទំហំឧស្ម័នដែលខ្លួនចង់ទទួលពីរុស្ស៊ី។
នាពេលចុងក្រោយ អ៊ុយក្រែនផ្ទេរម្តងៗ មកឲ្យរុស្ស៊ីជាមុន គឺតែ ទឹកប្រាក់ ១៥លានដុល្លារប៉ុណ្ណោះ សម្រាប់ទទួលឧស្ម័ន រយៈពេល តែ៥-៦ថ្ងៃ។ រួចបន្ទាប់មក ផ្ទេរទឹកប្រាក់បែបនេះ មករុស្ស៊ីជាថ្មី។
ភាពរកាំរកូស កើតមានឡើងជាថ្មី រវាងម៉ូស្គូ និងក្រុងគៀវ ដោយមកពីរុស្ស៊ី ចាប់ពីខែកុម្ភៈមក បានបង្ហូរឧស្ម័នទៅផ្គត់ផ្គង់ដល់បណ្តាជន នៃតំបន់បះបោរ Donbass នៅប៉ែកខាងកើតអ៊ុយក្រែន ដែលត្រូវក្រុងគៀវ ផ្តាច់ឧស្ម័នតែម្តង។ មកទល់ឥឡូវ មានបង្ហូរទៅជាង ៣០០លានម៣ហើយ ប៉ុន្តែ ក្រុងគៀវមិនព្រមបង់ថ្លៃឧស្ម័ននេះទេ។ តាមមតិម៉ូស្គូ បើក្រុងគៀវមិនព្រមបង់ គឺមានន័យ ថា អ៊ុយក្រែនមិនចាត់ទុក តំបន់នោះ ជាដែនដីខ្លួនទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ