អានតួអត្ថបទ

ភាពតានតឹង​រវាង​រុស្ស៊ី​និង​តួកគី​កាន់តែ​រាលដាល​ទាក់ទង​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី

ប្រធានាធិបតី​តួកគី​ហាក់បាន​ព្យាយាម​បន្ទន់​ជំហរ​ជាមួយ​រុស្ស៊ី​ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិ្​រឿង​តួកគី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី ក៏ប៉ុន្តែ ពី​ខាង​រុស្ស៊ី​វិញ គេហាក់ដូចជា​មិន​ទាន់​ឃើញ​ឥរិយាបថ​សម្រុះសម្រួល​តបមកវិញ​នៅឡើយទេ គឺ​មាន​តែ​ចាត់វិធានការ​បន្ថែម​ប្រឆាំង​នឹង​តួកគី។ ក្រុង​ម៉ូស្គូ​ទើប​នឹង​បាន​ប្រកាស លុបចោល​ការលើកលែង​ទិដ្ឋាការ​ជាមួយ តួកគី។ មិនតែប៉ុណ្ណោះ រុស្ស៊ី បានដំឡើង​ឲ្យប្រចាំការ​នៅលើដែនដី​ស៊ីរី​ទៅហើយ គឺ ប្រព័ន្ធ​ការពារ​ដែនអាកាស មាន​ប្រសិទ្ធិភាព​ខ្ពស់ ព្រមទាំង​បាន​បញ្ជូន​ឲ្យទៅ​បោះយុថ្កា នៅ​ជាប់នឹង ឆ្នេរ ប្រទេស​ស៊ីរី គឺ​នាវាចម្បាំង​នាំមុខមួយ​របស់រុស្ស៊ី ដែល​បំពាក់​ទៅដោយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស។

លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ 9Sergueï Lavrov) រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី
លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ 9Sergueï Lavrov) រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី REUTERS/Sergei Karpukhin TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

គឺក្នុងបរិបទ​នៃ​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី​ពូទីន ដែល​ថា រុស្ស៊ី​នឹងប្រើ គ្រប់មធ្យោបាយ​ដែលខ្លួនមាន សម្រាប់​ធានា​ដល់​សន្តិសុខជាតិ ដែល​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ បានប្រកាស​ម្សិលមិញ ក្នុង​សន្និសីទ​កាសែតថា ចាប់ពីថ្ងៃទី ១មករា ២០១៦ទៅ រុស្ស៊ី នឹង​លុបចោល របប​គ្មានទិដ្ឋាការ​ទៅវិញទៅមក រវាង​រុស្ស៊ី និង តួកគី។

យោងតាម​កិច្ចព្រមព្រៀង​ចុះឆ្នាំ២០១០ ពលរដ្ឋ​តួកគី មានសិទ្ធិ​ធ្វើដំណើរ​ចូល​ប្រទេស​រុស្ស៊ី សម្រាប់​រយៈពេល ដល់ ៣០ថ្ងៃ ដោយមិនបាច់​មានទិដ្ឋាការទេ។ លុះណាតែ​អំឡុងពេល យូរជាងនេះ ទើបត្រូវការ ឲ្យមាន​ទិដ្ឋាការ​រុស្ស៊ី។ របបបែបនេះ ក៏អនុវត្ត​សម្រាប់​ពលរដ្ឋ​រុស្ស៊ី ដែល​ទៅកាន់​ប្រទេស​តួកគី។

ដោយប្រកាសអំពី​ការសម្រេចចិត្ត​លុបនោះ ប្រមុខការទូត​រុស្ស៊ី ពន្យល់បំភ្លឺថា មូលហេតុ មកពី គ្រោះថ្នាក់​ភេរវកម្ម ពីខាង​តួកគី “ឥឡូវ​ក្លាយជា​ការពិត”។

រំលងតែមួយថ្ងៃ ក្រោយពីតួកគី បានបាញ់ធ្លាក់​យន្តហោះចម្បាំង​រុស្ស៊ី​ធុន Su-24 នៅត្រង់ព្រំដែន តួកគី-ស៊ីរី អគ្គសេនាធិការដ្ឋាន​កងទ័ពរុស្ស៊ី ដោយ​បំពេញ បទបញ្ជា​លោក​ប្រធានាធិបតី ពូទីន ចេះដំឡើងបាន​យ៉ាងលឿន​ដូចចិត្ត នៅនឹង​មូលដ្ឋាន​ទ័ពអាកាស​រុស្ស៊ី​លើដែនដី​ស៊ីរី គឺ ប្រព័ន្ធ មីស៊ីល​ការពារដែនអាកាស​ដ៏ទំនើបបំផុត ធុន S-400 ដែលអាច​បាញ់កំទេច ដល់ចម្ងាយ ៤០០ គ.ម. រាល់តែទីដៅ​ក្នុងអាកាស មិនថា​ជា​យន្តហោះ ឬ​កាំជ្រួច​មីស៊ីល​ឡើយ។ មីស៊ីលS-400 នេះ អាចបាញ់​ស៊ីរះទីដៅ គឺ ពីកំពស់​១០ម៉ែត្រ​លើដី រហូតដល់​កំពស់ ៦០គ.ម.បានន័យថា សូម្បីតែ កាំជ្រួចបណ្តែត ហៅថា Cruise ដែលហោះនៅ​កំពស់ទាបៗ ក៏មិនអាច​គេចផុត​ឡើយ។

ក្នុងសម្ភាសន៍​ទៅ CNN លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន់ ថ្លែងដោយ​ព្រួយបារម្ភ​ផង ព្រមានផង ថា បើរុស្ស៊ី ហ៊ានបាញ់​យន្ថហោះ​ចម្បាំង​របស់​តួកគី ពេល​ដែល​យន្តហោះនេះ ប្រតិបត្តិការ ក្នុង​មេឃស៊ីរី នោះ​គឺ​មានន័យថា ជាអំពើ​ឈ្លានពាន​ប្រឆាំង​រដ្ឋតួកគី។

តបនឹងសំនួរ​អ្នកឆ្លើយឆ្លង​នៃកាណាល់​ទូរទស្សន៍​រដ្ឋរុស្ស៊ី ដែលសួរថា តើរុស្ស៊ី​នឹង បញ្ចេញ​ប្រតិកម្ម យ៉ាងណាដែរ ប្រសិនបើ​យន្តហោះ​តួកគី ស្រាប់តែ​ហោះចូល​ដែន​អាកាស​ស៊ីរី? មេទ័ព​រុស្ស៊ី ម្នាក់ ដែលឈរ​នៅក្បែរ​ទីតាំង​នៃ​ប្រព័ន្ធកាំជ្រួច​នោះ ឆ្លើយ​ដោយគ្មាន​រួញរា​ថា “យើង​នឹងបាញ់​ជា​ដាច់ខាត”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ