អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

រុស្ស៊ី​ទំនង​ជា​កំពុង​បញ្ជូន​ទៅ​ស៊ីរី​វិញ ច្រើន​ជាង​ដែល​បាន​ដក​ចេញ​ពី​នោះ

តាំង​ពី​ថ្ងៃ​១៤ មីនា​មក ពេល​ដែល​លោកពូទីន បាន​ប្រកាស ដក​អង្គភាព​ទ័ព​រុស្ស៊ី​ខ្លះ ចេញ​ពីស៊ីរី​មក​វិញ នាវាចរណ៍​ដែល​តែង​ភ្ជាប់​ជានិច្ច ប្រទេស​រុស្ស៊ី ទៅ​នឹង​ក្រុង​ផែ តារទុស ស៊ីរី ឥឡូវ ថែម​ទាំង​មមាញឹក​ជាង​មុន​ទៅ​ផង ហេតុ​ដែល​ញ៉ាំង​ឲ្យ​គិត​ថា វិមានក្រេមឡាំង បានបញ្ជូន សម្ភាៈ​ទៅ​ទីនោះ ច្រើន​ជាង​ដែល​បាន​ដក​ចេញ​មក​ហើយ  នេះ​ជា​លទ្ធផល​នៃ​ការអង្កេត ធ្វើ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​ប្រធានាធិបតី​រុស្ស៊ីពូទីន
លោក​ប្រធានាធិបតី​រុស្ស៊ីពូទីន REUTERS/Mikhail Klimentyev/Sputnik/Kremlin
ផ្សាយពាណិជ្ជកម្ម

ក្បួន​នាវា​ត្រល់ ក្រោម​រហ័សនាម Syrian Express ដែល​ធានា​ផ្គត់ផ្គង់​ស្បៀង​ដល់​កងទ័ព​លោក បាស្ហា អាល់ អាសាដ និង​ក្រុម​ទ័ពរុស្ស៊ី​ដែល​នៅ​តែ​វត្តមាន​ដដែល​នៅ​ស៊ីរី ចេះ​តែ​បន្តដំណើរខ្លួន​ឥត​អាក់​ខាន​ឡើយ។ ​ ហើយ​លោក​ប្រធានាធិបតី​ពូទីន​ធ្លាប់​បាន​គូស​បញ្ជាក់​ទៅហើយ​ថា ក្នុង​ករណី​ចាំបាច់ ប្រទេស​រុស្ស៊ី​តែ​ក្នុង​ប៉ុន្មាន​ម៉ោង​សោះ អាច​បង្កើន​ឡើង​វិញ កម្លាំងទ័ព​ខ្លួន​ដែល​ឈរ​ជើង​ប្រចាំ​ការ នៅ​លើ​ដី​ស៊ីរីផ្ទាល់។

ម៉ូស្គូ​បន្ត​រក្សា​ទុក វត្តមាន​កងម៉ារីន​ខ្លួន នៅ​ឯ​ក្រុង​ផែស៊ីរី តារទុស គឺ​តាំង​ពី​ជំនាន់​សូវៀត​ម្ល៉េះ ។ រុស្ស៊ី​ក៏​មាន​ទាំង មូលដ្ឋាន​កងអាកាស​ខ្លួន ដែល​ទើប​ត្រូវ​បាន​ពង្រីក នៅ​ក្បែរ​ក្រុង​ស៊ីរី ខ្មេមីម ។ អង្គភាព​ទ័ព​រុស្ស៊ី​ភាគ​ច្រើន ពិត​ជា​ប្រចាំការ​នៅ​តាម​មូលដ្ឋាន​ទាំង​ពីរ​នេះ ហើយ​ដែលត្រូវ​ទទួល​ស្បៀង​ជា​រឿយៗ។ ទាំង​កងទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ក៏​ត្រូវ​ការ​ស្បៀង​បែប​នេះ​ដែរ។ ម៉្លោះហើយ បាន​ជា​តម្រូវ​ឲ្យ​ក្បួន​នាវា​ត្រល់​យាត្រា​ជាប់​រដឹក​រវាង​ប្រទេស​រុស្ស៊ី និង​ស៊ីរី។

តាំង​ពី​កណ្តាល​ខែ​មីនា​មក ពេល​ដែល​លោកពូទីន​បាន​ប្រកាស​ដក​ទ័ពរុស្ស៊ី​ចេញ​ពី​ស៊ីរី​មក​វិញ គឺ​មាន​ដក​ចេញ ម្តុំ​ពាក់កណ្តាល​ទៅ​ហើយ ចំនួន​យន្តហោះចម្បាំង ឬ ប្រមាណ​៣៦គ្រឿង។ ថ្ងៃចន្ទ ២៨ មីនា​កន្លងទៅ ទូរទស្សន៍​រុស្ស៊ី បាន​បញ្ចាំង​ឲ្យ​ឃើញ រូបភាព​យន្តហោះដឹក​ជញ្ចូន ធុន ធំសំបើម ដែល​ដឹក​មក​ក្នុង​តួខ្លួន​វា គឺ ឧទ្ធម្ភាគចក្រ​ខាង​វាយប្រហារ​ចំនួន ៣គ្រឿង ដែល​ដក ចេញ ពី​ស៊ីរី​ដែរ។ បើ​និយាយ​ពី​កងម៉ារីន​រុស្ស៊ី ដែល​ប្រចាំ​នៅ​សមុទ្រមេឌីទែរ៉ាណេ ត្រង់​តំបន់​ក្រុងផែ តារទុស ស៊ីរី នោះ ស្រប​នឹង​តួលេខ​បង្ហើប​ឲ្យ​ដឹង​ដោយ ប្រព័ន្ធផ្សព្វផ្សាយ​រុស្ស៊ី គឺ​មាន​នាវា​ចំនួន​១២គ្រឿង ក្នុង​នោះ មាន​ជា​អាទិ៍ គឺ​នាវា​ដែល​បំពាក់​ទៅដោយ មីស៊ីល​បណ្តែត​ហៅថា Cruise ដែល​អាច បាញ់​បង្ហោះ​ចេញ​ពី​នាវា ទៅ​កំទេច​ទីដៅនៅ​ចម្ងាយ​ដល់ ១.៥០០គ.ម.។

អស់​ពីរសប្តាហ៍​ជាប់ មុន​លោកពូទីន​បាន​ប្រកាស​ដក​ទ័ព​ចេញ​ពី​ស៊ីរី​ថ្ងៃ១៤ មីនា មាននាវា​រុស្ស៊ី ៥ គ្រឿង បាន​ផ្ទុក​ទៅ​កាន់​ស៊ីរី គឺ​សម្ភារៈយោធា​ប្លែកៗ បូក​ទាំង​ឡាន​កាម៉្ញុងទាហាន​ផង ហើយ​ពីរ សប្តាហ៍​ចុងក្រោយ មាន​កប៉ាល់​ជំនួញ​៥គ្រឿង បូក​ទាំង​កប៉ាល់ផ្ទុក​ប្រេង​ផង បាន​ទៅ​ដល់​ឆ្នេរ ប្រទេស​ស៊ីរី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ