អានតួអត្ថបទ
រុស្ស៊ី

អត្រា​ប្រាក់​រូប្ល​រុស្ស៊ី ងើប​ឡើង​វិញ​ខ្លះៗ នៅលើ​ទីផ្សារ​រូបិយវត្ថុ​ក្រុង​ម៉ូស្គូ

ងើបនេះ ក្រោយពី​រដ្ឋាភិបាល នាកិច្ចប្រជុំ​ជា​បន្ទាន់​ល្ងាចមិញ ឧទ្ទិស​ដល់​ស្ថានការណ៍​សេដ្ឋកិច្ច​-​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស បាន​អនុម័ត​វិធានការ​មួយ​ចំនួន ឆ្ពោះ​ទៅ​ស្រង់​អត្រា​ប្រាក់​រូប្ល ដែល​នា​ពេល​ចុង​ក្រោយ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ នៅ​លើ​ផ្លូវ​វិធានការ​នេះ​ ព្រឹកមិញ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី បាន​ប្រកាស បញ្ចេញ​ទៅ​លើ​ទីផ្សារ​នោះ គឺ​ស្តុក​រូបិយបណ្ណ​ខ្លួន ដែល​នៅ​សល់​ក្នុង​ទំហំ ៧.០០០​លាន​ដុល្លារ។

កន្លែង​ប្តូរ​ប្រាក់​នៅ​ទីក្រុង​ម៉ុស្គូ ថ្ងៃទី ១៦ ធ្នូ បង្ហាញ​ពី​អត្រា​​លុយ​រូប្ល​ធ្លាក់​ថ្លៃ​មិន​ធ្លាប់​មាន
កន្លែង​ប្តូរ​ប្រាក់​នៅ​ទីក្រុង​ម៉ុស្គូ ថ្ងៃទី ១៦ ធ្នូ បង្ហាញ​ពី​អត្រា​​លុយ​រូប្ល​ធ្លាក់​ថ្លៃ​មិន​ធ្លាប់​មាន REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

ក្រោយពីមានប្រកាសដំណឹងនេះ អត្រា​ប្រាក់​រូប្ល ក៏​បាន​ស្ទុះ​ឡើង​យ៉ាង​បង្គួរ គឺថា បើ​យប់​មិញ ១​ដុល្លារ ស្មើ​នឹង​ប្រមាណ​៦៨​រូប្ល នោះ​ព្រឹក​មិញ វា​ងើប​ដល់ ១ដុល្លារ​ស្មើ​នឹង​៦៥​រូប្ល ចំណែក​១​អឺរ៉ូ​ដែល​យប់​មិញ ស្មើ​នឹង​ជាង​៨៥​រូប្ល​ទៅ​ហើយ គឺ​ចុះ​មក​នៅ​ត្រឹម​៨១​រូប្ល។​​

 
អ្វីដែលគួរឲ្យកត់សម្គាល់ ថ្ងៃ១៦​ធ្នូ​ម្សិលមិញ ម្តុំ​ថ្ងៃ​ត្រង់ ទោះបី​ធនាគារ​បាន​ប្រកាស​ដំឡើង​ការប្រាក់ លើ​ប្រាក់​កម្ចី​ផ្តល់​ដោយ​ធនាគារ​ជាតិ ពី​១០,៥% រហូត​ដល់​១៧%​ក្តី​សម្រាប់​១​ឆ្នាំ ក៏​អត្រា​ប្រាក់​រូប្ល ស្រាប់​តែ​ដាំ​ដូង ស្រាល​ទម្ងន់​វា អស់​ដល់​២០% គឺ​ក្នុង​១​ដុល្លារ វាត់​ដល់​៨០​រូប្ល ហើយ​១​អឺរ៉ូ វាត់​ដល់ ១០០​រូប្ល​ឯណោះ បង្ក​ជា​ភាព​ជ្រួល​ច្របល់​តែ​ម្តង ដល់​កន្លែង​ដូរ​ប្រាក់។

លុះព្រឹកថ្ងៃពុធនេះ ទើប​បរិយាកាស​ដោះ​ដូរ​ប្រាក់ ចាប់​មាន​ស្ថិរភាព ហើយ​ដូច​ជា​ស្ងប់​ទៅ​វិញ មក​នៅ​ម្តុំ​១​ដុល្លារ​ស្មើ​នឹង ៦៧​រូប្ល និង ១​អឺរ៉ូ​ស្មើ​នឹង ៨៥​រូប្ល ដែល​ចេះ​តែ​បន្ត ចុះ​ត​ទៅ​ទៀត ជា​លទ្ធផល​នៃ​វិធានការ​មួយ​ចំនួន​អនុម័ត ដោយ​កិច្ច​ប្រជុំ​ជា​បន្ទាន់​នៃ​រដ្ឋាភិបាល​ល្ងាចមិញ ។

ក្នុងចំណោមវិធានការនោះ គឺមាន​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ធនាគារ ឲ្យ​មាន​រូបិយវត្ថុ​គ្រប់គ្រាន់ ទៅ​តាម​តម្រូវការ​របស់​គេ។ ក្នុង​ន័យ​នេះ ក្រសួង​ហិរញ្ញវត្ថុ សម្រេច​ថា​បញ្ចេញ រូបិយវត្ថុ​ខ្លួន ​ដែល​នៅ​សល់​ទំហំ ៧.០០០​លាន​ដុល្លារ ទៅ​លើ​ទីផ្សារ​ជួញ​រូបិយវត្ថុ។

វិបត្តិអត្រា​ប្រាក់​រូប្ល​លើក​នេះ គឺ​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន​ដូច​ទេ បើ​គិត​ក្នុង​១៥​ឆ្នាំ​ចុង​ក្រោយ គឺ​រាប់​ពី ឆ្នាំ​១៩៩៨​មក ឆ្នាំ​ដែល​ប្រទេស​រុស្ស៊ី ត្រូវ​បាន​គេ​ចាត់​ទុក​ថា លែង​មាន​សមត្ថភាព បង់​ប្រាក់។

ដើម្បីទ្រទ្រង់​អត្រា​ប្រាក់​រូប្ល ដែល​ក៏​ស្ថិត​នៅ​ក្រោម​សម្ពាធ​នៃ​ទណ្ឌកម្ម​បស្ចិមលោក គ្រាន់​តែ​ក្នុង​១​ថ្ងៃ​ទី​១៥​ធ្នូ ធនាគារ​ជាតិ បាន​ចូល​ខ្លួន​អន្តរាគមន៍ ដោយ​ជះ​លុយ​ខ្លូន​ទៅ​លើ​ទីផ្សារ​រូបិយវត្ថុ អស់​១.៩៦០​លាន​ដុល្លារ ហើយ​តាំង​ពី​ដើម​ខែ​ធ្នូ​នេះ​មក គឺ​អស់​ជាង​១០.០០០​លាន​ដុល្លារ រួច​គិត​ពី​ដើម​ឆ្នាំ​នេះ​មក គឺ​អស់​ប្រមាណ​៨០.០០០​លាន​ដុល្លារ​ទៅ​ហើយ។

តាមសម្តី លោកស្រី អគ្គទេសាភិបាល​ធនាគារ​ជាតិ​រុស្ស៊ី ណាប៊ីអ៊ូលីណា ប្រាក់​រូប្ល ស្រក​ទម្ងន់​ខ្លួន ក៏​បណ្តាល​មក​ពី​តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក ចេះ​តែ​ចុះ​ថ្លៃ ​ពីព្រោះ​សឹង​ពាក់​កណ្តាល នៃ​ថវិកា​ជាតិ​រុស្ស៊ី គឺ​ជា​ចំណូល​ទទួល​បាន​មកពី​ការលក់​ប្រេង​នេះ​ឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ