ទូកអន្តោប្រវេសន៍៖ តើសហភាពអឺរ៉ុបគួរយកគំរូតាមអូស្រ្តាលីឬទេ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:០១
សហភាពអឺរ៉ុបកំពុងតែឈឺក្បាលនឹងបញ្ហាជនអន្តោប្រវេសន៍ នៅក្រោយពេលដែលមានសោកនាដកម្មផ្ទួនៗគ្នា បណ្តាលឲ្យមនុស្សរាប់រយនាក់ត្រូវបាត់បង់ជីវិត នៅក្នុងហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ នៅក្នុងពេលដែលប្រមុខដឹកនាំសហភាពអឺរ៉ុបកំពុងស្វះស្វែងរកដំណោះស្រាយវិបត្តិនេះ លោកថូនី អ៊ែបត នាយករដ្ឋមន្រ្តីអូស្រ្តាលី បានលើកឡើង កាលពីថ្ងៃអង្គារថា អឺរ៉ុបគួរតែដាក់ចេញនូវវិធានការតឹងរ៉ឹង ដោយយកគំរូតាមអូស្រ្តាលី ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍តាមទូក។ តើនយោបាយអន្តោប្រវេសន៍របស់អូស្រ្តាលីពិតជាមានប្រសិទ្ធភាពគួរឲ្យសហភាពអឺរ៉ុបយកគំរូតាមមែនឬក៏យ៉ាងណា ?
“មធ្យោបាយតែមួយគត់ ដែលអាចបញ្ឈប់ការស្លាប់ជនអន្តោប្រវេសន៍តាមទូក គឺត្រូវបញ្ឈប់ទូកដឹកជនអន្តោប្រវេសន៍” នេះគឺជាការលើកឡើងរបស់លោកថូនី អ៊ែបត (Tony Abbott) នៅចំពោះមុខអ្នកសារព័ត៌មាន ដោយចង់សំដៅទៅលើសោកនាដកម្មជនអន្តោប្រវេសន៍ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលសហភាពអឺរ៉ុបកំពុងតែប្រឈមមុខក្នុងពេលបច្ចុប្បន្ន។ បើគេនិយាយដោយសាមញ្ញងាយយល់ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីចង់ផ្តល់អានុសាសន៍ដល់បណ្តាប្រទេសនៅអឺរ៉ុបឲ្យយកគំរូតាមអូស្រ្តាលី នៅក្នុងការទប់ស្កាត់លំហូរនៃជនអន្តោប្រវេសន៍តាមទូក។
ចាប់តាំងពីរដ្ឋាភិបាលអភិរក្សនិយមរបស់លោក ថូនី អ៊ែបត បានឡើងមកកាន់អំណាច កាលពីឆ្នាំ២០១៣ អូស្រ្តាលីបានដាក់ចេញនូវនយោបាយដ៏តឹងរ៉ឹង ទៅលើជនភៀសខ្លួន ដែលធ្វើដំណើរតាមទូកដោយខុសច្បាប់ ដើម្បីចូលទៅសុំសិទ្ធិជ្រកកោនក្នុងប្រទេសអូស្រ្តាលី។ នយោបាយដ៏តឹងរ៉ឹងនេះផ្តោតទៅលើគោលការណ៍សំខាន់ៗបី៖ រារាំង ឃុំឃាំង និងបញ្ជូនចេញពីប្រទេសអូស្រ្តាលី។
នៅក្នុងការអនុវត្តជាក់ស្តែង រដ្ឋាភិបាលរបស់លោកថូនី អ៊ែបត បានចាត់ឲ្យឆ្មាំសមុទ្របង្កើនការល្បាតឆ្នេរសមុទ្រ ក៏ប៉ុន្តែ មិនមែនល្បាត ដើម្បីចាំជួយសង្រ្គោះជនភៀសខ្លួនដូចនៅអឺរ៉ុបនោះទេ តែដើម្បីស្ទាក់ចាប់ទូកដឹកជនភៀសខ្លួនដែលព្យាយាមធ្វើដំណើរចូលទៅក្នុងប្រទេសអូស្រ្តាលី។ ទូកណាដែលមិនទាន់ចូលមកដល់ក្នុងដែនទឹករបស់អូស្រ្តាលីនៅឡើយ ត្រូវគេរុញច្រានឲ្យចេញទៅទីសមុទ្រ ឬទៅចំណុចដើមវិញ (ជាទូទៅ គឺទៅប្រទេសឥណ្ឌូណេស៊ី)។ ចំណែកឯជនភៀសខ្លួនណា ដែលបានចូលមកដល់ក្នុងដែនអធិបតេយ្យ របស់អូស្រ្តាលីហើយ ត្រូវចាប់យកទៅដាក់ឃុំនៅក្នុងជំរំជនភៀសខ្លួន ដែលអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងបង្កើត នៅតាមបណ្តាប្រទេសជាកូនកោះតូចៗ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក (ដូចជា ប៉ាពូអាស៊ីនូវែលហ្គីណេ និងកោះណាអ៊ូរូ)។
នៅទីនោះ ជនភៀសខ្លួនត្រូវជាប់ឃុំដោយគ្មានកាលកំណត់ ដើម្បីរង់ចាំសេចក្តីសម្រេចពីរដ្ឋាភិបាលអូស្រ្តាលីថា តើគេអាចទទួលសិទ្ធិជាជនភៀសខ្លួនដែរឬទេ? អ្នកដែលមិនត្រូវបានផ្តល់សិទ្ធិជាជនភៀសខ្លួនអាចនឹងត្រូវអាជ្ញាធរអូស្រ្តាលីបញ្ជូនឲ្យទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ចំណែកអ្នកដែលបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ជាជនភៀសខ្លួន ស្របទៅតាមអនុសញ្ញាអន្តរជាតិ អូស្រ្តាលីបានរកឃើញដំណោះស្រាយមួយទៀត គឺបញ្ជូនជនភៀសខ្លួនឲ្យទៅរស់នៅប្រទេសទី៣ គឺទៅប្រទេសកម្ពុជា ដែលជាប្រទេសក្រីក្រមួយ។
ជាការពិត នយោបាយដ៏តឹងរ៉ឹងរបស់អូស្រ្តាលី គឺពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់លំហូរជនភៀសខ្លួនពិតមែន ដោយគេសង្កេតឃើញថា នៅមុនឆ្នាំ២០១៣ ទូកដឹកជនភៀសខ្លួនបានធ្វើដំណើរចូលមកក្នុងទឹកដីអូស្រ្តាលីស្ទើរតែរៀងរាល់ថ្ងៃ ហើយករណីលិចទូកស្លាប់ជនភៀសខ្លួនក៏តែងតែកើតមានជាប់ជាប្រចាំផងដែរ។ ផ្ទុយទៅវិញ នៅក្នុងរយៈពេល ១ឆ្នាំកន្លះកន្លងទៅនេះ លែងមានទូកដឹកជនភៀសខ្លួនចូលទៅក្នុងប្រទេសអូស្រ្តាលីទៀតហើយ ចំណែកឯការស្លាប់ជនភៀសខ្លួនតាមទូកក៏លែងកើតមានទៀតដែរ។
បើដូច្នេះ តើហេតុអ្វីបានជាសហភាពអឺរ៉ុបមិនរៀនតាមអូស្រ្តាលី ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍តាមទូកនៅមេឌីទែរ៉ាណេ? តាមការពិត នយោបាយរដ្ឋាភិបាលរបស់លោកថូនី អ៊ែបត ថ្វីដ្បិតតែអាចទទួលជោគជ័យក្នុងការកាត់បន្ថយលំហូរនៃជនភៀសខ្លួនចូលទៅក្នុងប្រទេសអូស្រ្តាលី ក៏ប៉ុន្តែ វាមិនមែនជាដំណោះស្រាយចំពោះបញ្ហាជនភៀសខ្លួនជាទូទៅនោះទេ។ អូស្រ្តាលីមិនបានដោះស្រាយបញ្ហាជនភៀសខ្លួននោះទេ គឺគ្រាន់តែបង្វែរបញ្ហានេះទៅឲ្យប្រទេសផ្សេងតែប៉ុណ្ណោះ។
ម្យ៉ាងទៀត ទង្វើរបស់អាជ្ញាធរអូស្រ្តាលីចំពោះអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានសកម្មជនការពារសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថាជាទង្វើអមនុស្សធម៌ ហើយអ.ស.បវិញតែងតែបានរិះគន់អូស្រ្តាលីខ្លាំងៗថា បានរំលោភទៅលើកាតព្វកិច្ចនៃអនុសញ្ញាឆ្នាំ១៩៥១ ស្តីពីជនភៀសខ្លួន ដែលអូស្រ្តាលីខ្លួនឯងជាប្រទេសហត្ថលេខីមួយ។
តាមការពិត អ្វីដែលអូស្រ្តាលីបានធ្វើចំពោះជនភៀសខ្លួនតាមទូក បើសិនជានៅអឺរ៉ុបវិញ មិនមែនត្រឹមតែទទួលនូវការរិះគន់ប៉ុណ្ណឹងទេ ក៏ប៉ុន្តែ អាចនឹងត្រូវទទួលនូវការផ្តន្ទាទោសដោយតុលាការសិទ្ធិមនុស្សអឺរ៉ុបថែមទៀតផង ពីព្រោះ វិធានការមួយចំនួន ដូចជា ការរុញច្រានទូកដឹកជនភៀសខ្លួន និងការឃុំខ្លួនជនភៀសខ្លួនក្នុងលក្ខខណ្ឌដែលខ្វះមនុស្សធម៌ អាចនឹងត្រូវគេចាត់បញ្ចូលជាការរំលោភទៅលើអនុសញ្ញអឺរ៉ុបស្តីពីសិទ្ធិមនុស្ស (Convention européenne des droits de l’Homme)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ