អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទូក​អន្តោប្រវេសន៍៖ តើ​សហភាព​អឺរ៉ុប​គួរ​យក​គំរូ​តាម​អូស្រ្តាលី​ឬ​ទេ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប​កំពុងតែ​ឈឺក្បាល​នឹង​បញ្ហា​ជនអន្តោប្រវេសន៍ នៅ​ក្រោយ​ពេល​ដែល​មាន​សោកនាដកម្ម​ផ្ទួនៗគ្នា បណ្តាល​ឲ្យ​មនុស្ស​រាប់រយនាក់​ត្រូវ​បាត់បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​លិចទូក​ដឹក​ជនអន្តោប្រវេសន៍​ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ នៅ​ក្នុង​ពេល​ដែល​ប្រមុខដឹកនាំ​សហភាព​អឺរ៉ុប​កំពុង​ស្វះស្វែង​រក​ដំណោះស្រាយ​​វិបត្តិ​នេះ លោក​ថូនី អ៊ែបត នាយករដ្ឋមន្រ្តី​អូស្រ្តាលី បាន​លើកឡើង កាលពីថ្ងៃ​អង្គារ​ថា អឺរ៉ុប​គួរតែ​ដាក់ចេញ​នូវ​វិធានការ​តឹងរ៉ឹង ដោយ​យក​គំរូ​តាម​អូស្រ្តាលី ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​តាមទូក។ តើ​នយោបាយ​អន្តោប្រវេសន៍​របស់​អូស្រ្តាលី​ពិតជា​មាន​ប្រសិទ្ធភាព​​គួរឲ្យ​សហភាព​អឺរ៉ុប​យក​គំរូ​តាម​មែន​ឬ​ក៏​យ៉ាងណា ?

ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ត្រូវ​ឆ្មាំ​សមុទ្រ​ក្រិក​ជួយសង្រ្គោះ កាល​ពីថ្ងៃ​ទី២០ ឧសភា ២០១៥
ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ត្រូវ​ឆ្មាំ​សមុទ្រ​ក្រិក​ជួយសង្រ្គោះ កាល​ពីថ្ងៃ​ទី២០ ឧសភា ២០១៥ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

មធ្យោបាយ​តែ​មួយគត់ ដែល​អាច​បញ្ឈប់​ការស្លាប់​ជនអន្តោប្រវេសន៍​តាមទូក គឺ​ត្រូវ​បញ្ឈប់​​ទូក​ដឹកជនអន្តោប្រវេសន៍​” នេះ​គឺ​ជា​ការ​លើកឡើង​របស់​លោក​ថូនី អ៊ែបត (Tony Abbott) នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន ដោយ​ចង់​សំដៅ​ទៅលើ​សោកនាដកម្ម​ជនអន្តោប្រវេសន៍ នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ ដែល​សហភាព​អឺរ៉ុប​កំពុងតែ​ប្រឈមមុខ​ក្នុង​ពេល​បច្ចុប្បន្ន។ បើ​គេ​និយាយ​ដោយ​សាមញ្ញ​ងាយយល់ លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​ចង់​ផ្តល់​អានុសាសន៍​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ឲ្យ​យក​គំរូ​តាម​អូស្រ្តាលី នៅ​ក្នុងការ​​ទប់ស្កាត់​លំហូរ​នៃ​ជនអន្តោប្រវេសន៍​តាម​ទូក។

 
ចាប់តាំង​ពី​រដ្ឋាភិបាល​អភិរក្ស​និយម​របស់​លោក​ ថូនី អ៊ែបត បាន​ឡើង​មក​កាន់​អំណាច កាល​ពី​ឆ្នាំ​២០១៣ អូស្រ្តាលី​បាន​ដាក់ចេញ​នូវ​នយោបាយ​ដ៏តឹងរ៉ឹង ទៅលើ​ជនភៀសខ្លួន ដែល​ធ្វើ​ដំណើរ​តាម​ទូក​ដោយ​ខុសច្បាប់ ដើម្បី​ចូល​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អូស្រ្តាលី។ នយោបាយ​ដ៏តឹងរ៉ឹង​នេះ​​ផ្តោត​ទៅលើ​គោលការណ៍​សំខាន់ៗ​បី៖ រារាំង ឃុំឃាំង និង​បញ្ជូន​ចេញ​ពី​ប្រទេស​អូស្រ្តាលី។

នៅ​ក្នុង​ការអនុវត្ត​ជាក់ស្តែង រដ្ឋាភិបាល​របស់​លោក​ថូនី អ៊ែបត បាន​ចាត់ឲ្យ​ឆ្មាំសមុទ្រ​​​បង្កើន​ការ​ល្បាត​ឆ្នេរ​សមុទ្រ ក៏ប៉ុន្តែ មិនមែន​ល្បាត ដើម្បី​ចាំ​ជួយសង្រ្គោះ​ជនភៀសខ្លួន​ដូច​នៅ​អឺរ៉ុប​នោះទេ តែ​ដើម្បី​​​ស្ទាក់​ចាប់​ទូក​ដឹកជនភៀសខ្លួន​​ដែល​ព្យាយាម​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ទូក​ណាដែល​មិនទាន់​ចូល​មក​ដល់​ក្នុង​ដែនទឹក​របស់​អូស្រ្តាលី​នៅឡើយ ត្រូវ​គេ​រុញច្រាន​ឲ្យ​ចេញ​ទៅ​ទី​សមុទ្រ ឬ​ទៅ​ចំណុច​ដើមវិញ (ជាទូទៅ គឺ​ទៅ​​ប្រទេស​ឥណ្ឌូណេស៊ី)​។ ចំណែក​ឯ​ជនភៀសខ្លួន​ណា ដែល​បាន​ចូល​មក​ដល់​ក្នុង​ដែន​អធិបតេយ្យ​​ របស់​អូស្រ្តាលី​ហើយ ត្រូវ​​​ចាប់យក​ទៅ​ដាក់ឃុំ​​នៅ​ក្នុងជំរំ​ជនភៀសខ្លួន ដែល​អូស្រ្តាលី​បាន​​ចុះកិច្ចព្រមព្រៀង​បង្កើត នៅ​តាម​បណ្តា​ប្រទេស​ជា​កូនកោះតូចៗ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (ដូចជា ប៉ាពូអាស៊ី​នូវែលហ្គីណេ និង​កោះ​ណាអ៊ូរូ)។

នៅទីនោះ ជនភៀសខ្លួន​ត្រូវ​ជាប់​ឃុំ​ដោយ​គ្មាន​កាលកំណត់ ដើម្បី​រង់ចាំ​សេចក្តីសម្រេច​ពី​រដ្ឋាភិបាល​អូស្រ្តាលី​ថា តើ​គេ​អាច​ទទួល​សិទ្ធិ​​ជា​ជនភៀសខ្លួន​​ដែរ​ឬ​ទេ? អ្នក​ដែល​​មិន​ត្រូវ​បាន​ផ្តល់​​សិទ្ធិ​ជា​ជនភៀសខ្លួន​​អាច​នឹង​ត្រូវ​អាជ្ញាធរ​អូស្រ្តាលី​បញ្ជូន​ឲ្យ​ទៅ​កាន់ប្រទេស​កំណើត​របស់​ពួកគេ​វិញ ចំណែក​​​​​អ្នក​ដែល​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​ជា​ជនភៀសខ្លួន ស្របទៅតាម​អនុសញ្ញា​អន្តរជាតិ អូស្រ្តាលី​បាន​រកឃើញ​ដំណោះស្រាយ​មួយ​ទៀត គឺ​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ទី៣ គឺទៅ​ប្រទេស​​កម្ពុជា ដែល​ជា​ប្រទេសក្រីក្រ​មួយ។

ជាការពិត នយោបាយ​ដ៏​តឹងរ៉ឹង​របស់​អូស្រ្តាលី គឺ​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ពិតមែន ដោយ​គេ​សង្កេតឃើញ​ថា នៅ​មុន​ឆ្នាំ​២០១៣ ទូក​ដឹក​ជនភៀសខ្លួន​បាន​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ទឹកដី​អូស្រ្តាលី​ស្ទើរតែ​រៀងរាល់​ថ្ងៃ ហើយ​ករណី​លិចទូក​ស្លាប់​ជនភៀសខ្លួន​ក៏​តែងតែ​កើតមាន​ជាប់ជាប្រចាំផងដែរ។ ផ្ទុយទៅវិញ​ នៅ​ក្នុងរយៈពេល ១ឆ្នាំ​កន្លះ​កន្លងទៅនេះ លែង​មាន​ទូក​ដឹកជនភៀសខ្លួនចូល​ទៅ​ក្នុង​ប្រទេសអូស្រ្តាលីទៀតហើយ ចំណែកឯ​​​ការ​ស្លាប់​ជន​ភៀសខ្លួន​តាមទូក​​ក៏​លែង​​កើតមាន​ទៀតដែរ។

បើដូច្នេះ តើ​ហេតុអ្វី​បាន​ជា​សហភាព​អឺរ៉ុប​មិន​រៀន​តាម​អូស្រ្តាលី ដើម្បី​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​តាម​ទូក​នៅ​មេឌីទែរ៉ាណេ? តាមការពិត នយោបាយ​រដ្ឋាភិបាល​របស់​លោក​ថូនី អ៊ែបត ថ្វីដ្បិត​តែ​អាច​ទទួល​ជោគជ័យ​ក្នុងការ​​កាត់បន្ថយ​លំហូរ​នៃ​ជនភៀសខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​អូស្រ្តាលី ក៏ប៉ុន្តែ វាមិនមែន​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជនភៀសខ្លួន​ជា​ទូទៅនោះទេ។ អូស្រ្តាលី​មិនបាន​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​នោះទេ គឺ​គ្រាន់តែ​បង្វែរបញ្ហា​នេះ​ទៅ​ឲ្យ​ប្រទេស​ផ្សេងតែ​ប៉ុណ្ណោះ។

ម្យ៉ាងទៀត ទង្វើ​របស់​អាជ្ញាធរ​អូស្រ្តាលី​ចំពោះ​អ្នក​ស្វែងរក​សិទ្ធិជ្រកកោន​ត្រូវ​បាន​សកម្មជន​ការពារសិទ្ធិមនុស្ស​អន្តរជាតិចាត់ទុក​ថាជា​ទង្វើ​អមនុស្សធម៌ ហើយ​​អ.ស.បវិញ​តែងតែ​បាន​រិះគន់​អូស្រ្តាលី​ខ្លាំងៗ​​ថា បាន​​រំលោភ​ទៅលើ​កាតព្វកិច្ច​នៃ​អនុសញ្ញា​ឆ្នាំ​១៩៥១ ស្តីពី​ជនភៀសខ្លួន ដែល​អូស្រ្តាលី​ខ្លួនឯង​ជា​ប្រទេស​ហត្ថលេខី​មួយ។

តាមការពិត អ្វី​ដែល​អូស្រ្តាលី​បាន​ធ្វើ​ចំពោះ​ជនភៀសខ្លួន​តាមទូក បើ​សិន​ជា​នៅ​អឺរ៉ុបវិញ មិនមែន​ត្រឹមតែ​ទទួល​នូវ​ការ​រិះគន់​ប៉ុណ្ណឹងទេ ក៏ប៉ុន្តែ អាច​នឹង​ត្រូវ​ទទួលនូវ​ការ​ផ្តន្ទាទោស​ដោយ​តុលាការ​សិទ្ធិមនុស្ស​អឺរ៉ុបថែមទៀត​ផង ពីព្រោះ វិធានការ​មួយចំនួន ដូចជា ការ​រុញច្រាន​ទូកដឹកជនភៀសខ្លួន​ និង​ការ​ឃុំខ្លួន​ជនភៀសខ្លួន​ក្នុង​លក្ខខណ្ឌ​ដែល​ខ្វះមនុស្សធម៌ អាច​នឹង​ត្រូវ​គេ​ចាត់បញ្ចូល​ជា​ការ​រំលោភ​ទៅលើ​អនុសញ្ញ​អឺរ៉ុប​ស្តីពី​សិទ្ធិមនុស្ស (Convention européenne des droits de l’Homme)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ