អានតួអត្ថបទ
អ៊ីតាលី

Slow Food ចង់​ឲ្យគេ​ហូប ប្រើចំណីអាហារ​ដែល​ល្អ​សម្រាប់​សុខភាព និង​បរិស្ថាន

នៅ​ថ្ងៃទី ១៩​១០​ឧសភា ចលនា​slow food បាន​សម្ពោធ​ជាផ្លូវការ ផ្ទះតាំងបង្ហាញ​របស់ខ្លួន នៅក្នុង បរិវេណ​ពិព័រណ៌​សកល ដែល​រៀបចំ នៅ​ទីក្រុង​មីឡង់ ប្រទេស​អ៊ីតាលី។ នៅក្នុង​ពិព័រណ៌​សកល ឆ្នាំ​២០១៥ នៅ​អ៊ីតាលី មាន​ប្រធានបទ​ចិញ្ចឹមផែនដី និង​ថាមពល​សម្រាប់​ជីវិត សមាជិក​របស់​ចលនា​ slow food ដែល​មាន​ទីតាំង​នៅ​ប្រទេស​អ៊ីតាលី បាន​ឆ្លៀត​យក​ពិព័រណ៌​សកល ដើម្បី​ផ្សព្វផ្សាយ បញ្ចុះបញ្ចូល​អ្នកចូលទស្សនា ដែល​គេ​រង់ចាំ ជាង ២០​លាន​នាក់ នោះ ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​អាហារ ដែល​”ល្អ ត្រឹមត្រូវ និង​មាន​អនាម័យ”។ 

ផ្ទះ​តាំងពិព័រណ៌​របស់​ចលនា​Slow Food នៅ​ក្នុង​ពិព័រណ៌​សកល ​ក្រុង​មីឡង់ ឆ្នាំ ២០១៥ ក្នុង​ប្រទេស​អ៊ីតាលី
ផ្ទះ​តាំងពិព័រណ៌​របស់​ចលនា​Slow Food នៅ​ក្នុង​ពិព័រណ៌​សកល ​ក្រុង​មីឡង់ ឆ្នាំ ២០១៥ ក្នុង​ប្រទេស​អ៊ីតាលី RFI
ផ្សាយពាណិជ្ជកម្ម

បរិភោគ​អាហារ​”ល្អ” ដែល​មាន​រសជាតិ។ “ស្អាត​អនាម័យ”​សម្រាប់​បរិស្ថាន និង​”ត្រឹមត្រូវ” នៅពេល​គេ​និយាយ​ពី​ទំនាក់​ទំនង​សេដ្ឋកិច្ច​សង្គម​រវាង​អ្នកផលិត និង​អ្នកទិញប្រើប្រាស់។ គឺ​ជាមួយ​នឹង​គំនិត​ទ្រឹស្តី​ទាំង​អស់​នេះ​ហើយ ដែល​ បុរស​ជាតិ​អ៊ីតាលី Carlo Petrini បាន​បង្កើត​ចលនា​ slow food នៅ​ឡើង នៅ​ឆ្នាំ ១៩៨០។ អង្គការ​មួយ​នេះ​បាន​អះអាងថា ខ្លួនមាន​សមាជិក អ្នកគាំទ្រ ច្រើន​ជាង ១​លាន​នាក់ (សកម្មជន កសិករ អ្នកនេសាទ អ្នកជំនាញ និង​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ) នៅក្នុង​ប្រទេស​ចំនួន ១៥០។ ប៉ុន្តែ គឺ​នៅ​ទឹកដី​អ៊ីតាលី ដែល​ល្បីខាង​ផលិត​មុខម្ហូប ដែល​អង្គការ​មួយ​នេះ​ទាក់ទាញ​សមាជិក​គាំទ្រ​បាន​ច្រើន​ជាងគេ។

ដើម្បី​ឲ្យ​ចលនា​ slow food​ត្រូវ​គេ​ទទួលស្គាល់​បាន​កាន់តែច្រើន ផ្ទះ​តាំង​បង្ហាញ slow food​ត្រូវ​គេ​សង់ បង្កើតឡើង នៅ​ក្នុង​មណ្ឌលតាំង​ពិព័រណ៌​ឆ្នាំ​២០១៥ នៅ​អ៊ីតាលី។ នៅក្នុង​ផ្ទះ​តាំងបង្ហាញ slow food គេ​ឃើញ ទីធ្លារ​ធំទូលាយ ដែល​មាន​តាំង​ពី​ការដាក់​ម្ហូប​ឲ្យ​ភ្លក់លេង ល្បែងកំសាន្ត ការតាំង​ពិព័រណ៌​រូបថត វីដេអូ ដើម្បី​ទាកទាញ​អ្នកចូល​ទស្សនា ឲ្យ​ចាប់អារម្មណ៍​ពី​ការប្រើប្រាស់ បរិភោគ​ចំណី​អាហារ​ដែល​ស្អាត និង​ល្អ សម្រាប់​សុខភាព។ អ្នករៀបចំ មិនភ្លេចទេ ការផ្តល់​គុណតម្លៃ​ទៅលើ​ជីវចម្រុះ និង​កសិករ ដែល តាមពិត ជាអ្នកចិញ្ចឹម​ភពផែនដី។ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកចូលមើល អ្នករៀបចំ បាន​បង្កើត “l’Arche du Gout” កន្លែង​ដែល​គេ​អាច​ស្គាល់ ភ្លក់​អាហារ ផ្លែឈើ ដែល​ជិតផុត​ពូជ​ពី​ភពផែនដី និង​ដែល​ slow food ​កំពុង​ព្យាយាម​ចូលរួម ថែរក្សា អភិរក្ស។ នេះ​បើតាម​Sara Rubeis សកម្មជន​ម្នាក់ និង​ជាអ្នកទទួល​ខុសត្រូវ​ខាងរៀបចំ​សន្និសីទ​របស់​ slow food។
 

ផ្លែឈឺ​ធម្មជាតិ​ដែលគ្មាន​ប្រើ​ជី​គីមី ត្រូវ​គេ​តាំង​បង្ហាញ នៅ​ផ្ទះ Slowfood
ផ្លែឈឺ​ធម្មជាតិ​ដែលគ្មាន​ប្រើ​ជី​គីមី ត្រូវ​គេ​តាំង​បង្ហាញ នៅ​ផ្ទះ Slowfood slowfood.com © © Andrea Benedetti

នៅ​l’Arche du Gout គេឃើញ មាន​ផលិតផល​កម្រ ដែល​មាន​ដូចជា ដើម​ទំពាំង​បាយជូ​បារាំង Cépage césar de Bourgogne ឬ​ក្រូច​របស់​តំបន់​Calabre នៅ​អ៊ីតាលី ស្ថិតនៅក្នុង​ចំណោម​ផលិតផល ជាង ២០០០ ដែល​គេរកឃើញ នៅក្នុង​ប្រទេសជាង ៨០ នៅ​ឆ្នាំ ២០១៥។ ដោយសារ​តែ ជា​ញឹកញយ​ត្រូវ​គេមិនស្គាល់ ឬ​បំភ្លេច​ចោល ផលិតផល​ទាំងនោះ​កំពុង​ស្ថិតនៅក្នុង​គ្រោះថ្នាក់ ឈាន​ទៅរក​ការផុតពូជ​ក៏​មាន។

ដំណើរ​ទស្សនា​ក្នុង​ផ្ទះ slow food​ចាប់ផ្តើម​ជាមួយ​កន្លែង​ភ្លក់​ស្រា និង​ Fromages (ប្រហុក​បារាំង ដែល​ធ្វើ​ពី​ទឹកដោះគោ ឬ​ពពែ(។ តាម​សកម្មជន​របស់​ចលនា slow food គេ​បាន​ជ្រើសរើស​ផលិត​ទាំង​២មុខនេះ ដើម្បី​បង្ហាញថា ទឹកដោះគោ​តែមួយ អាច​ផលិត​ចេញ​ទៅ​ជា​Fromages ច្រើន​ប្រភេទ​យ៉ាងសម្បូរបែប។ នៅក្នុង​ស្តង់បង្ហាញ​ភ្លក់​មុខម្ហូប ចំណី​អាហារ​អ៊ីតាលី​មាន​សំបូរ​ជាងគេ គឺច្រើន​ជាង​ផលិត​ផល​មក​ពី​បារាំង ស្វ៊ីស ឬ​អង់គ្លេស ហើយ​មុខ​ម្ហូបភ្លក់​របស់​ប្រទេស​នីមួយៗ នឹង​ត្រូវ​គេ​ដូរ​ជារៀងរាល់​សប្តាហ៍។

អារម្មណ៍​រីករាយ​ដែលបាន​ហូប​អាហារ​ដែល​ល្អសម្រាប់​សុខភាព
ទោះបី​ជាស្ថិតនៅ​ឆ្ងាយ ពី​កន្លែង​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវ​ចូល​ទស្សនា នៅក្នុង​មណ្ឌល​ពិព័រណ៌ ឆ្នាំ ២០១៥ ចលនា​ slow food​នៅ​តែ​អាច​ទាក់ទាញ​មនុស្ស​ឲ្យ​ចូល​មើល​ផលិតផល​តាំងបង្ហាញ​របស់ខ្លួន។ នោះ​ក៏មក​ពី​ slow food​​ចេះ​បង្កើត​កម្មវិធី​ពន្យល់​យ៉ាង​សាមញ្ញ ដែល​ថា គេ​នៅ​តែ​អាច​ជ្រើសរើស​ការប្រើប្រាស់ ហូបចុក យ៉ាងយឺត និង​មធ្យ័ត នៅក្នុង​ពិភព​ដែល​អ្វីៗ​កំពុង​ប្រព្រឹត្តទៅ​យ៉ាងលឿន។ សន្និសីទ​ជាច្រើន​ត្រូវ​បាន​រៀបចំ ឡើង​នៅជុំ​វិញ​ប្រធានបទ​ដែល​និយាយ​ពី​ទឹក ឃ្មុំ ឬ​ការប្រយុទ្ធប្រឆាំង​នឹង​ការខ្ជះខ្ជាយ។

នៅកន្លែង​កន្លែង​តាំង​បង្ហាញ​មួយទៀត កម្មវិធី​កំសាន្ត​ប្រកប​ដោយ​អប់រំ​មួយ​បាន​ទាក់ទាញ មិន​ថា មនុស្ស​ចាស់ ឬ​កុមារ។ នោះ គឺ​នៅក្នុង​ប្រអប់ខ្មៅ​មួយ អ្នកចូល​ទស្សនា​នឹង​អាច​ស្វែងយល់​ស្គាល់ ផ្លែឈឺ គ្រាប់ធញ្ញជាតិ តាមរយៈ​ក្លិន​របស់វា។ ក្លិន​ដែល​គេ​សឹង​តែ​មិនស្គាល់ ឬ​ភ្លេច ដោយសារ​តែ​ការលុកលុយ​នៃ​ផលិតផល​ឧស្សាហកម្ម។

នៅ​លើ​តុមួយទៀត គេ​បាន​បង្ហាញ​ចំណុច​អវិជ្ជមាន​របស់​គ្រឿង​ចំណី​អាហារ​ឧស្សាហកម្ម ដូចជា​សាឡាដ​ដែល​វេចខ្ចប់​រួចជាស្រេច និង​ដែល​គេ​ឃើញ​មាន​លក់​នៅក្នុង​ហាងទំនើប។ អ្នករៀបចំ​បាន​ពន្យល់ថា ផលិតផល​របៀបនោះ មិនត្រឹមតែ​ថ្លៃ ១០​ដង​លើស​សាឡាដ ធម្មជាតិ ប៉ុន្តែ វា​គ្រោះថ្នាក់​សម្រាប់​សុខភាព ព្រោះ​ថា ទឹកដែល​គេ​ប្រើលាង​សាឡាដ​ទាំងនោះ មាន​លាយ​ជាតិគីមី ដើម្បី​អាច​រក្សា​សាឡាដ ឲ្យ​នៅ​ស្រស់បានយូរ។ “ពិព័រណ៌​ទាំងនេះ​ចង់​ដាស់​ពញ្ញាក់​ស្មារតី​យើង ឲ្យ​ចេះ កែប្រែ​ទម្លាប់ ទិញ ហូបប្រើប្រាស់​ឡើងវិញ។ យើងត្រូវ​ចេះ​គិតគូរ​ឡើងវិញ ពីការអភិវឌ្ឍន៍ នៃ​ផែនដី​របស់យើង ជាជាង គិត​តែ​ទិញ ទៅតាម​របៀបរបប​យើងរស់នៅ​សព្វថ្ងៃ​នេះទេ។

ចំណុច​ខ្សោយ​មួយ​របស់​ផ្ទះតាំងពិព័រណ៌ slow food​នៅ​ពិព័រណ៌ សកល​ក្នុងទីក្រុង​មីឡង់ ឆ្នាំ ២០១៥ គឺ ទីតាំង​របស់​ពិព័រណ៌ slow food។ វាស្ថិតនៅ​ចុង​ផ្លូវ ដែលមាន​ចម្ងាយ ១គីឡូម៉ែត្រ​កន្លះ។ អ្នកចូល​ទស្សនា​ជាតិ​បារាំង ម្នាក់​ឈ្មោះ អេមីលី​ត្អូញថា ទាល់តែ​គេ​ចង់ណាស់ ទើប​អាច​ដើរ​មក​រក​កន្លែង​ពិព័រណ៌​ slow food​បាន។ ផ្ទុយទៅវិញ ហាង ដែល​បម្រើ លក់​ម្ហូបអាហារ​ទាន់ចិត្ត Mcdonald​មាន​ទីតាំង​នៅ​កន្លែងល្អៗ ងាយ​នឹង​ដើរ ដល់ រកឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ