អានតួអត្ថបទ
អង់គ្លេស

អង់គ្លេស​ផ្តើម​​បញ្ចុះបញ្ចូល​អឺរ៉ុប​ឲ្យ​ផ្តល់​សម្បទាន ជាថ្នូរ​នឹង​ការរក្សា​អង់គ្លេស​ក្នុង​សហភាពអឺរ៉ុប

២០​ថ្ងៃ​ក្រោយ​ជាប់ឆ្នោត ក្លាយ​ជា​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស សម្រាប់​អាណត្តិទី ២ លោក​ដាវីដ កាម៉េរ៉ូន​បានផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ទស្សនកិច្ច នៅក្នុង​បណ្តា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដោយ​ចាប់ផ្តើម​ដំបូង​ជាមួយ ប្រទេស​ហូឡង់ និង​បារាំង។ គោលដៅ​នៃ​ទស្សនកិច្ច​រយៈ​ពេលពីរថ្ងៃ នៅ​ប្រទេស​ជិតខាង​អឺរ៉ុប គឺ​បញ្ចុះបញ្ចូល​សមាជិក​អឺរ៉ុប​ដទៃទៀត ឲ្យ​ចូលរួម​ធ្វើ​កំណែទម្រង់​សហភាព​អឺរ៉ុប។ 

នាយករដ្ឋមន្រ្តី​អង់គ្លេស​ផ្តើម​ទស្សនកិច្ច​នៅ​អឺរ៉ុប​
នាយករដ្ឋមន្រ្តី​អង់គ្លេស​ផ្តើម​ទស្សនកិច្ច​នៅ​អឺរ៉ុប​ AFP PHOTO / THIERRY CHARLIER
ផ្សាយពាណិជ្ជកម្ម

លោក​ដាវីដ កាម៉េរ៉ូន ទំនង​មិន​ចង់​ឲ្យ​ម្ចាស់ឆ្នោត​របស់លោក​ខកចិត្ត។ គ្រាន់តែ​ជាប់ឆ្នោត បន្ត​ធ្វើ​ជា​នាយករដ្ឋមន្រ្តី សម្រាប់​មួយអាណត្តិ​ទៀត លោក​ចាប់​ផ្តើមភ្លាម សំណុំរឿង​ដ៏​ចម្រូងចម្រាស នោះ​គឺ ការបោះឆ្នោត​ប្រជាមតិ ដែល​នឹង​សម្រេចថា តើ​អង់គ្លេស នឹង​ត្រូវបន្ត​ស្ថិតនៅ ឬ​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ កាលពីថ្ងៃ ព្រហស្បតិ៍ រដ្ឋាភិបាល​ថ្មី​បាន​ដាក់​ជូន​សភា នូវ​សេចក្តី​ព្រាងច្បាប់ និយាយ​លម្អិត​ពី​ការបោះឆ្នោត​ប្រជាមតិ ដែល​នឹងអាច​រៀបចំ​យ៉ាងយូរ​បំផុត នៅ​ចុងឆ្នាំ ២០១៧។ តើ​អង់គ្លេស ត្រូវ​ស្ថិតនៅ​ជា​សមាជិក​អឺរ៉ុប? នេះ​ជា​សំណួរ​ដែល​ប្រជាជន​អង់គ្លេស​ត្រូវ​ផ្តល់​ចម្លើយ​មក​វិញ ថា ព្រម ឬ​មិនព្រម។

 
ប៉ុន្តែ នៅមុន​ប្រជាជន​អង់គ្លេស​ត្រូវ​សម្រេចចិត្ត នៅក្នុង​ការបោះឆ្នោត​ប្រជាមតិ លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស ដាវីដ កាម៉េរ៉ូន ដែលមិនមែន​ជា​អ្នកដឹកនាំ​ស្អប់​អឺរ៉ុប​ខ្លាំង​ណាស់ណា​នោះ បាន​ព្យាយាម​រក​ដំណោះស្រាយ ផ្លូវកណ្តាល។ លោក​ធ្លាប់​បាន​ប្រកាស​ឲ្យ​ថា បើសិន​សហភាព​អឺរ៉ុប​ចង់​រក្សា​អង់គ្លេស​ឲ្យ​នៅក្នុង​រង្វង់​សមាជិក​របស់ខ្លួន នោះ​សហភាព​អឺរ៉ុប​ត្រូវតែ​យល់ព្រម​ធ្វើ​កំណែទម្រង់។ តាមរយៈ​ការធ្វើ​កំណែទម្រង់​សហភាព​អឺរ៉ុប អង់គ្លេស ចង់​បាន​មកវិញ នូវ​អំណាច​របស់ខ្លួន ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​សហភាព​អឺរ៉ុប ចាប់តំាង​ពី​អង់គ្លេស​ក្លាយ​ជា​សមាជិក​អឺរ៉ុប។ ជារួម អង់គ្លេស ចង់​ទាមទារ​មាន​សិទ្ធិ​សម្រេច​អ្វីមួយដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ត្រូវ​សុំ​ការយល់ព្រម​ពី​សភាអឺរ៉ុប។ លើសពីនោះ ដោយ​ធ្វើកំណែទម្រង់​អឺរ៉ុប នាយករដ្ឋមន្រ្តី​អង់គ្លេស ចង់​ទាមទារ​ផងដែរ​ឲ្យ​គេ​រឹតបន្តឹង​លក្ខខណ្ឌ ទទួល​ជំនួយ​សង្គម ដែល​ប្រជាជន​អឺរ៉ុប​ធ្លាប់​តែ​បាន​ទទួល​ផល​កន្លងមក។

នាយករដ្ឋមន្រ្តី​បាន​ចាប់ផ្តើម​បញ្ចុះបញ្ចូល​សមាជិក​ដទៃទៀត ដោយ​ចាប់ផ្តើម​ជាមួយ​ប្រទេស​ហូឡង់។ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង មុន​នឹង​ចេញ​ទៅ​ជួប​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​នៅព្រឹក​ថ្ងៃ​សុក្រ។ លោក​បញ្ចប់​ទស្សនកិច្ច​មួយជុំ​រយៈពេល​២​ថ្ងៃ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ជាមួយ​ជំនួប មួយ​នឹង​ទល់​មួយ ជាមួយ​លោកស្រីនាយករដ្ឋមន្រ្តី​អង់ហ្គែឡា ម៉ែគែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ