អានតួអត្ថបទ
បារាំង

អង្គការ​តម្លាភាព​អន្តរជាតិ​រិះគន់ បារាំងថា បរាជ័យ​ក្នុង​ការប្រឆាំង អំពើពុករលួយ​របស់​ក្រុមហ៊ុន​បារាំង នៅ​បរទេស

អង្គការ​តម្លាភាព​អន្តរជាតិ​Transparency International នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ កញ្ញា បាន​ចេញ​សេចក្តីថ្លែងការណ៍ មួយ បរិហារ​បរាជ័យ​របស់​រដ្ឋាភិបាល​បារាំង ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​បារាំង នៅ​បរទេស។ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្នើ​រដ្ឋាភិបាល​បារាំងឲ្យ​​បង្កើត​តុលាការ​ពិសេស យកគំរូ​តាម​អាមេរិក ដើម្បី ពិន័យ​ក្រុមហ៊ុន​បារាំង ដែល​ប្រព្រឹត្ត​​អំពើពុករលួយ នៅ​បរទេស។ 

អំពើពុករលួយ​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប
អំពើពុករលួយ​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប AFP/Philippe Huguen
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​បញ្ជាក់​បន្ថែម ការវាយតម្លៃ​កន្លងមក របស់​អង្គការ​ប្រទេស​អ្នកមាន OCDE។ នៅក្នុង​របាយការណ៍​របស់​ខ្លួន អង្គការ​ OCDE (Organisation for Economic Co-operation and Development) បាន​សរសេរ​ថា យោង​ទៅលើ​ទំហំ​សេដ្ឋកិច្ច​បារាំង និង​ការប្រព្រឹត្តិ​ជាហូរហែ អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​បារាំង នៅ​បរទេស បរាជ័យ​របស់​រដ្ឋ​បារាំង ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ កំពុង​ក្លាយ​ជា​ក្តីកង្វល់ និង​បញ្ហា ដែល​គេ​ត្រូវ​តែ​ដោះស្រាយ។

 
នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ចេញផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍នេះ អង្គការ​តម្លាភាព​អន្តរជាតិ Transparency Internationalបាន​បន្ទោស​រដ្ឋាភិបាល​បារាំង ថា បាន​បរាជ័យ ក្នុង​រឿង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​ក្រុមហ៊ុន​បារាំង នៅ​បរទេស។ តាម​អង្គការ​តម្លាភាព​អន្តរជាតិ រដ្ឋាភិបាល​បារាំង ធ្លាប់​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​អន្តរជាតិ ប៉ុន្តែ នៅពេល​ក្រុមហ៊ុន​បារាំង ជាមុខសញ្ញា ជា​អ្នកប្រព្រឹត្ត​អំពើពុករលួយ ​សូកប៉ាន់ ដើម្បី​ដេញថ្លៃ បាន​គម្រោង នៅ​បរទេស រដ្ឋាភិបាល​បារាំង នៅ​ធ្មឹង មិន​ចាត់​វិធានការ​ជាក់ស្តែង​អ្វី​ទាំងអស់។ រហូត​មកដល់ពេល​នេះ មិនទាន់​មាន​ក្រុមហ៊ុន​បារាំង​មួយ ដែល​ធ្លាប់​ប្រព្រឹត្ត​ពុករលួយ នៅ​បរទេស ជាប់​សំណាញ់​ច្បាប់ ត្រូវ​ដាក់ពិន័យ ធ្ងន់ធ្ងរ ពី​តុលាការ​បារាំង នៅ​ឡើយ​ទេ។

ផ្ទុយទៅវិញ គេ​រកឃើញថា មាន​ក្រុមហ៊ុន​បារាំង​ធំៗ ជាច្រើន​បាន​ជាប់​ក្នុង​សំណាញ់​ច្បាប់​របស់​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​បារាំង ដូចជា Technip Alcatel Lucent ក្រុមហ៊ុន​ប្រេង​Total ធនាគារ​BNP Parisbas ជាដើម​សុទ្ធ​តែ​ត្រូវ​ជាប់ជុច​តុលាការ​អាមេរិកាំង ក្នុង​រឿង​ប្រព្រឹត្ត​អំពើ​ពុករលួយ នៅ​បរទេស។ ករណី​ចុង​ក្រោយ​ដែល ច្បាស់​ជាងគេ គឺ​ក្រុមហ៊ុន​Alstom របស់​បារាំង ដែលជំនាញ​ខាងសាងសង់​ផ្លូវគមនាគមន៍ ជាពិសេស រទេះភ្លើង ត្រូវ​បាន​តុលាការ​អាមេរិកាំង កាត់ទោស កាលពី​ចុង​ឆ្នាំ មុន ពិន័យ​ជា​ប្រាក់​ដល់ទៅ ៧៧២​លាន​ដុល្លារ។

អង្គការ​តម្លាភាព​បង្ហាញ ការយល់ស្រប​របស់ខ្លួន ជាមួយ​ការលើកឡើង​កន្លងមក របស់​អង្គការ​OCDE ដែល​ថា រដ្ឋាភិបាល​បារាំង​យឺត ប្រយុទ្ធប្រឆាំង​គ្មាន​ប្រសិទ្ធិភាព អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​បារាំង នៅ បរទេស។ ដូច​សហភាព​អឺរ៉ុប អង្គការ​OCDE​បាន​បន្ទោស​រដ្ឋាភិបាល ថា​មិន​បាន​ធានា​ឯករាជ្យភាព ដល់​អាយ្យការ​បារាំង ដែល​ត្រូវ​ស៊ើបអង្កេត​លើ​ករណី​ប្រព្រឹត្តិ​អំពើពុករលួយ​របស់​ក្រុមហ៊ុន​នៅ​បរទេស។ ជាញឹកញយ គេ​រកឃើញ​ថា ស្ថាប័ន​រដ្ឋ​មួយនេះ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​យុត្តិធម៌​បារាំង តែងតែ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់​អ្នកនយោបាយ។

មួយវិញទៀត នៅពេល​គេ​ចាប់ផ្តើម​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​បារាំង​នៅ​បរទេស ដូចជា​ករណី ក្រុមហ៊ុន​តូតាល់ នៅ​លីប៊ី ឬ​ក្រុមហ៊ុន​Veolia នៅ​ការតា ជាដើម មន្រ្តី​យុត្តិធម៌បារាំង ច្រើន​ជួប​ឧបសគ្គ មិនអាច​ទទួល​បាន​ឯកសារ ភស្តុតាង ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​តែងតែ​លើកឡើង ថា សំណុំរឿង​ទាំងនោះ មាន​ជាប់ពាក់ព័ន្ធ​កិច្ចការ​សម្ងាត់​ជាតិ។
 
ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ នៅ​ឆ្នាំ ២០១៦
រដ្ឋាភិបាល​បារាំង បាន​ធ្វើ​កំណែទម្រង់​ជាច្រើន ដែល​នៅក្នុង​នោះ មាន​ផងដែរ ការបង្កើត​អាយ្យការ​ជាតិ​ផ្នែក​ហិរញ្ញវត្ថុ។ ច្បាប់​បារាំង​ថ្មី ស្តីពីការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ទៀតសោត នឹង​ផ្តល់​មធ្យោបាយ​ច្រើន​ដល់​រដ្ឋាភិបាល​បារាំង ដើម្បី​អាច​ចូល​ត្រួតពិនិត្យ​នយោបាយ វិធានការ​របស់​ក្រុមហ៊ុន ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ មួយវិញ​ទៀត សេចក្តី​ព្រាង​ច្បាប់​ស្តីពី​តម្លាភាព ក្នុង​វិស័យសេដ្ឋកិច្ច នឹង​ត្រូវ​ដាក់​ឲ្យ​សភា​ពិភាក្សា និង​អនុម័ត នៅ​ដើម​ឆ្នាំក្រោយ។ សេចក្តីព្រាងច្បាប់​ចុងក្រោយនេះ សំខាន់ ព្រោះនៅក្នុង​នោះ មាន​ចែងផងដែរ ពីការបង្កើត​ទីភ្នាក់ងារ ជាតិ​មួយ ដើម្បី តាមដាន​ចាប់​បទល្មើស​ពុករលួយ​របស់​ក្រុមហ៊ុន នៅ​បរទេស។

រដ្ឋាភិបាល​បារាំង​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​អន្តរជាតិ ដោយ​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ចងក្រងដោយ​អង្គការ​OCDE។ អង្គការ​OCDE​កោតសរសើរ និង​លើកទឹកចិត្ត​រដ្ឋាភិបាល​បារាំង បន្ទាប់ពី រដ្ឋអាជ្ញា​បារាំង​បាន​បើក​ការស៊ើបអង្កេត​ទៅលើ​សំណុំរឿង​ពុករលួយ នៅ​បរទេស ដល់​ទៅ ២៤​ករណី ចាប់តាំង​ពី​ឆ្នាំ ២០១២។

ប៉ុន្តែ អង្គការ​OCDE​សោកស្តាយថា ការដាក់ទោស ពី​តុលាការ​បារាំង ទៅលើ​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ ប្រព្រឹត្ត​អំពើ​ពុករលួយ គឺ​នៅ​ស្រាលនៅឡើយ។ រហូតមកដល់​ពេលនេះ បុគ្គល និង​ក្រុមហ៊ុន​ទាំង៧ ដែល​រដ្ឋអាជ្ញា​បារាំង​ចោទប្រកាន់​ក្នុង​បទប្រព្រឹត្ត​អំពើពុករលួយ នៅ​បរទេស គឺ​សុទ្ធសឹង​តែ​ជា​មនុស្ស​សំខាន់ និងជា​ក្រុមហ៊ុន​ធំៗ គ្រាក់ៗ របស់​បារាំង។ ដូច្នេះ ក្រៅតែ​ការកសាង​សំណុំរឿង ប្រឆាំង​នឹង​ក្រុមហ៊ុន​ទាំង​នោះ ដំណើរការ​ដោយ​យឺតៗ​ហើយ ការដាក់​ទោស គឺ​សឹង​តែ​គ្មាន ព្រោះ​តែ​ទោស​ជាប់ពន្ធនាគារ​ត្រូវ​តុលាការ​ព្យួរ ចំណែក​ការពិន័យ​ជាប្រាក់ ក៏មាន​តិចតួច ស្តួចស្តើង បំផុត។ ឧទាហរណ៍ ក្រុមហ៊ុន​Safran បារាំង ជាប់​ពាក់ព័ន្ធ​ក្នុង​រឿងសូកប៉ាន់ ដើម្បី​បាន​កុងត្រា តម្លៃ ១៧០​លាន​អឺរ៉ូ សម្រាប់​ផលិត កាត អត្តសញ្ញាណប័ណ្ណ នៅប្រទេស នីហ្សេរីយ៉ា។ សាលាដំបូង​បារាំង បាន​ជំនុំជម្រះ សម្រេច​ឲ្យ​ក្រុមហ៊ុន​បង់ពិន័យ ៥សែន​អឺរ៉ូ។ ប៉ុន្តែ កាលពី​ខែ​កញ្ញា​ឆ្នាំមុន សាលា​ឧទ្ធរណ៍​បារាំង​បាន​ទម្លាក់​ចោល​ការចោទប្រកាន់។ មានន័យថា ក្រុមហ៊ុន​មិនត្រូវ​បង់ប្រាក់​ពិន័យអ្វី​សូម្បី​មួយសេន។
 
អនុសាសន៍​របស់​អង្គការ​តម្លាភាព ទៅ​រដ្ឋបារាំង
នៅពេល​ដែល​បារាំង ត្រូវ​រិះគន់​ជា​ញឹកញយ ក្នុង​រឿង​ខ្វះ​យន្តការ​សម្រាប់​ប្រយុទ្ធប្រឆាំង​យ៉ាងប្រសិទ្ធិភាព អំពើពុករលួយ របស់​ក្រុមហ៊ុន​បារាំង នៅ​បរទេស អង្គការ​តម្លាភាព​អន្តរជាតិ បាន​ស្នើ​អនុសាសន៍ សំខាន់​មួយ នោះ គឺ​ការបង្កើត​តុលាការ​ពិសេស​សម្រាប់​កាត់ក្តី ជំនុំ​ជម្រះ​បុគ្គល ឬ​ក្រុមហ៊ុន​បារាំង ដែល​ជាប់ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ នៅ​បរទេស។

អង្គការ​តម្លាភាព​ចង់​ឲ្យ​រដ្ឋបារាំង យក​គំរូ ធ្វើ​តាម​ប្រព័ន្ធ​យុត្តិធម៌​អាមេរិកាំង ដែល​មាន​​ឈ្មោះ​ថា ករណី​អំពើពុករលួយ​របស់​ក្រុមហ៊ុន​បរទេស។ រហូតមក តុលាការ​អាមេរិក​បាន​ប្រើ​ប្រព័ន្ធនេះ ដើម្បី​ជំនុំជម្រះ ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​បារាំង ដែល​ជាប់ចោទ​ប្រព្រឹត្ត​អំពើពុករលួយ នៅអាមេរិក។ ជាមួយ​នឹង​ប្រព័ន្ធ ពិសេស​មួយនេះ តុលាការ​អាមេរិក មិន​បាន​ប្រកាស ថា ខ្លួន​រកឃើញថា ក្រុមហ៊ុន​បារាំងមានទោស នោះទេ ឬ គ្មានទេ ជាប់ទោស ក្នុងពន្ធនាគារ។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមហ៊ុន​បារាំង ទាំង​នោះ​ត្រូវ​បង់​ប្រាក់ពិន័យ ដែល​មាន​រហូត​ដល់​ទៅ រាប់រយលាន​ដុល្លារ ដូចករណី​ក្រុមហ៊ុន បារាំង Alstom ជាដើម។

តាមអង្គការ​តម្លាភាព​អន្តរជាតិ បើសិន​បារាំង បង្កើត​តុលាការ​ពិសេស ដោយ​យក​គំរូ​តាម​ប្រព័ន្ធ​អាមេរិកាំង​មែន នោះ បារាំង នឹង​កាត់បន្ថយ​ឧបសគ្គ បាន​ច្រើន។ ពោលគឺ ប្រព័ន្ធនេះ នឹង​មិន​សំដៅ​ថ្កោលទោស​ដាក់ពន្ធនាគារ​ទេ ប៉ុន្តែ គឺ​ការដាក់ពិន័យ​ជាប្រាក់ ដូចជា​ការបង់សងជម្ងឺចិត្ត​ដល់​ជនរងគ្រោះ​ដោយសារ​អំពើពុករលួយ​របស់​ក្រុមហ៊ុន​បារាំង នៅ​បរទេស ក៏ដូចជា​ការរឹបអូស​យក​ទ្រព្យ​ដែល​បាន​មកពី​សកម្មភាព​ខុសច្បាប់ ឲ្យ​មក​ចូល​ជា​សម្បត្តិរដ្ឋ។ ប្រាកដ​ណាស់ ការដាក់ពិន័យ​ទាំងនោះ គឺ​ជាថ្នូរ​ទៅនឹង​ការបោះបង់​ទាំងស្រុង ការប្តឹងផ្តល់​ ប្រឆាំង​នឹង​ក្រុមហ៊ុន​ទាំងនោះ នៅ​តុលាការ។ សម្រាប់​អង្គការ​តម្លាភាព​អន្តរជាតិ វិធានការ​ខាងលើ​នឹង​ជួយស្តារ សមត្ថភាព របស់​ប្រព័ន្ធ​តុលាការ​បារាំង​ផង និង ដើម្បី ដក​អភ័យឯកសិទ្ធិ ឈប់​ឲ្យ​ក្រុមហ៊ុន​បារំាង ប្រព្រឹត្ត​អំពើពុករលួយ សូកប៉ាន់ នៅ​បរទេសផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ