អានតួអត្ថបទ
អេស្ប៉ាញ-ជីហាតរដ្ឋអ៊ីស្លាម

អង្គការ​សហប្រជាជាតិប្រជុំ​រក​មធ្យោបាយ​ទប់ស្កាត់​កុំ​ឲ្យ​យុវជន​ចេញ​ទៅធ្វើ​ជា​ទាហាន​​បរទេស​ឲ្យ​​ក្រុមជីហាត

ប្រទេស​អេស្ប៉ាញ នៅថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ជាម្ចាស់ផ្ទះ បើកកិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ ដើម្បី​និយាយ​ពី​ទាហាន​បរទេស​ក្នុង​ក្រុម​ភេរវនិយម។ កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ ដែល​មាន​ការចូលរួម​ពី​អ្នកជំនាញ សន្តិសុខ មក​ពី​៧០​ប្រទេស ហើយ​និង​រដ្ឋមន្រ្តី​មហាផ្ទៃ មក​ពី ៣០​ប្រទេស មាន​គោលដៅ ស្វែងរក​ដំណោះស្រាយ ទប់ស្កាត់​​យុវជន​កុំ​ឲ្យ​​ចេញ​ទៅ​ចូលរួម​ប្រយុទ្ធ​ក្នុង​ក្រុមជីហាត ​នៅ​បរទេស។ 

​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ប្រើ​រូបភាព​ឃោសនា​ផ្សព្វផ្សាយទាក់ទាញ​យុវជន​ពី​អឺរ៉ុប អាស៊ី ឲ្យ​ចូល​ធ្វើ​ជាទាហាន​បរទេស​ក្នុង​ក្រុម​ខ្លួន
​ក្រុម​ជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ប្រើ​រូបភាព​ឃោសនា​ផ្សព្វផ្សាយទាក់ទាញ​យុវជន​ពី​អឺរ៉ុប អាស៊ី ឲ្យ​ចូល​ធ្វើ​ជាទាហាន​បរទេស​ក្នុង​ក្រុម​ខ្លួន
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​សមាជិក​មិន​អចិន្រ្តៃយ៍ នៅ​ឆ្នាំនេះ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ អេស្ប៉ាញ ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ ដែល​នឹង​និយាយ​ពី​ការទប់ស្កាត់​កុំ​ឲ្យ​យុវជន​ជីហាត​កាន់តែ​ជ្រុលនិយម និង​ចេញ​ទៅ​ធ្វើ​ជា​ទាហាន​បរទេស ឲ្យ​ក្រុមភេរវនិយម ដូចជា​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ជាដើម។ អេស្ប៉ាញ​ផ្ទាល់ ក៏​កំពុង​បើក​ប្រតិបត្តិការ​បង្រ្កាប​បណ្តាញ​ជីហាត​ក្នុង​ស្រុក ដែល​ប៉ុនប៉ង​ចាកចេញ ពី​ប្រទេស ទៅ​ចូលដៃ​ជាមួយ​ក្រុមជីហាត រដ្ឋអ៊ីស្លាម ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

 
តាម​មន្រ្តី​រដ្ឋាភិបាល​អេស្ប៉ាញ បន្ទាប់ពី​ជំនួប​ប្រជុំ​របស់​អ្នកជំនាញ អន្តរជាតិ​ខាងផ្នែក​សន្តិសុខ នៅថ្ងៃ​ចន្ទ អេស្ប៉ាញ​ត្រូវទទួល​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​អង្គារ​ស្អែក។ សេចក្តីថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ថា កិច្ចប្រជុំ​មាន​ទិសដៅ​ផលិត​ចេញ ជា​យុទ្ធសាស្រ្ត និង​មធ្យោបាយ​បច្ចេកទេស សម្រាប់​ឲ្យ​ប្រទេស​ជា​សមាជិក​យក​ទៅប្រើ ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​យុវជន​ចេញ​ទៅ​ធ្វើ​ជា​ទាហាន​បរទេស បម្រើ​ក្រុម​ភេរវនិយម។ កញ្ចប់​យុទ្ធសាស្រ្ត​របស់​អង្គការ​សហប្រជាជាតិ​នឹង​និយាយ​ផងដែរ​ពី​ការផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ឬ​ការអប់រំ លាងជម្រះ មនោគមវិជ្ជា និង​កែប្រែ យុវជន​ជីហាត ដែល​ទើប​ត្រលប់​មក​ពី​ចូលរួម​ប្រយុទ្ធ​ឲ្យ​ក្រុមជីហាត នៅ​បរទេស។

គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា មាន​យុវជន ប្រមាណ ពី ២៥ ០០០ ទៅ ៣១ ០០០នាក់ មិនថា​អាស៊ី អឺរ៉ុប ឬ​អាហ្វ្រិក បាន​ចាកចេញ ទៅធ្វើ​ជា​ទាហាន​បរទេស​ឲ្យ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដែល​កំពុងប្រយុទ្ធ​ហិង្សា ដណ្តើម​កាន់កាប់​ទឹកដី​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​របស់​អង្គការ​សហប្រជាជាតិ Jean Paul Laborde បាន​និយាយថា អ្វីដែល​សំខាន់ គឺ រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ ត្រូវ​សិក្សា​ស្វែងយល់ ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ​យុវជន​សម្រេចចិត្ត​ចាកចេញ ទៅ​ចូលរួម​ជាមួយ​ក្រុម​ភេរវនិយម នៅ​បរទេស។

នៅ​ឆ្នាំ ២០១៤ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសម្រេច​មួយ ដែល​អំពាវនាវ​ឲ្យ​ប្រទេស​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ចាត់វិធានការ​ទប់ស្កាត់​លំហូរ​ទាហាន​បរទេស ទៅក្នុង​ក្រុមជីហាត រដ្ឋអ៊ីស្លាម។ សារ​អំពាវនាវ​ធ្វើឡើង ដោយសារ​តែ​គេ​បារម្ភថា យុវជន​ជីហាត​ទាំងនោះ នឹង​អាច​ត្រលប់​មក​បង្ក​ភេរវកម្ម អំពើ​ហិង្សា​សម្លាប់​មនុស្ស នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ