អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មេដឹកនាំ​អ៊ូសបេគីស្ថាន ដែល​ល្បីថា ផ្តាច់ការ ទើប​ជាប់ឆ្នោត សម្រាប់​៥ឆ្នាំទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​អ៊ូសបេគីស្ថាន តំបន់​អាស៊ី​កណ្តាល ជា​លទ្ធផល​នៃ​ការបោះឆ្នោត ថ្ងៃ ២៩ មីនា​កន្លងទៅ គឺ​លោកប្រធានាធិបតី អ៊ីស្លាម ការីម៉ូវ ដែលកាន់​អំណាច បាន​២៥ឆ្នាំហើយ បាន​ទទួល​ជ័យជំនះ​ជាថ្មីសម្រាប់ អាណត្តិ ៥ឆ្នាំទៀត។ បើលោក​ប្រធានាធិបតីរុស្ស៊ី ពូទីន កត់ សម្គាល់ ថា ជ័យជំនះ​នេះ គឺ សឲ្យ​ឃើញ​ពី​ប្រជាប្រិយភាព​ខ្ពស់ នៃលោក ការីម៉ូវ នោះ អង្គការ អន្តរជាតិ​ខាង​កាពារ​សិទ្ធិមនុស្ស Human Rights Watch អំពាវនាវ អាជ្ញាធរ​អ៊ូសបេគីស្ថាន ឲ្យ​ឈប់​ធ្វើ​ទារុណកម្ម លើ​ពួកអ្នកទោស​នយោបាយ ខាង​បក្សប្រឆាំង។  

ប្រធានាធិបតី​ផ្តាច់ការ​អ៊ូសបេគីស្ថាន​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​មួយ​អាណត្តិ​ទៀត
ប្រធានាធិបតី​ផ្តាច់ការ​អ៊ូសបេគីស្ថាន​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​មួយ​អាណត្តិ​ទៀត ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ពីក្នុង​ចំណោម​បេក្ខជន ៤នាក់ ដែលបាន​ចូលប្រឡូក ក្នុង​ការបោះឆ្នោត កាលពីថ្ងៃ អាទិត្យ ទី ២៩មីនា​កន្លងទៅ គឺប្រធានាធិបតី​បច្ចុប្បន្ន លោក អ៊ីស្លាម ការីម៉ូវ ដែល​បានទទួល សម្លេង​គាំទ្រ ដល់ទៅ ជាង៩០%នៃ​អ្នកដែល​បានទៅ​បោះឆ្នោតផ្ទាល់។ ចំណែកអ្នក​ដែល​បាន ទៅ​បោះឆ្នោត​នោះ គឺមាន​អត្រាដល់ទៅ៩១,១% នៃរាល់​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត ចំនួន​ជាង ២០លាន ៧សែននាក់។ ដូច្នេះ សម្លេង​ដែល​គាំទ្រគាត់​គឺជាង ១៧លាននាក់​ឯណោះ។ ចំណែក​បេក្ខជន ៣នាក់ទៀត គ្មាន​នរណា ចេះ​ទទួល​បានសម្លេង​គាំទ្រដល់ ៥%ឡើយ។

 
ស្រប​នឹងសេចក្តី​សន្និដ្ឋាន នៃ​ពួកអ្នកសង្កេតការណ៍​ ៣០០នាក់ តំណាងឲ្យ ៤៣ប្រទេស និង ៥ អង្គការ​អន្តរជាតិ ក្នុងនោះ​មានទាំង “ ការិយាល័យ​ខាងស្ថាប័ន​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស របស់​អង្គការ OSCE “ ទៅផង ការបោះឆ្នោត​នោះ ជាទូទៅ បាន​ប្រព្រឹត្តទៅ ក្នុង​តម្លាភាព និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។

ដូច្នេះ លោក ប្រធានាធិបតី អ៊ីស្លាម ការីម៉ូវ ដែលដឹកនាំ​ប្រទេស​អ៊ូសបេគីស្ថាន តាំងពីឆ្នាំ ១៩៨៩មក ហើយ​កាលពីថ្ងៃ ៣០មករា ឆ្នាំនេះ មានជន្មាយុ ៧៧ឆ្នាំហើយ នឹង​បន្តកាន់អំណាច សម្រាប់​អាណត្តិ ៥ឆ្នាំទៀត។

សម្រាប់​ក្រុងម៉ូស្គូ ការដែល អ៊ូសបេគីស្ថាន ឥត​បោកបក់​ដោយ បដិវត្តន៍មានពណ៌ ដូច​នៅអតីត សាធារណរដ្ឋ​សូវៀត ឯទៀត បែបយ៉ាង នៅអ៊ុយក្រែន និង ហ្ស័កហ្ស៊ីជាដើម គឺ​សំខាន់ណាស់។ ក្នុង​សារ អបអរ​ផ្ញើជូន​សមភាគី អ៊ូសបេគីស្ថាន ដែល​ឈ្នះឆ្នោតជាថ្មី លោក​ប្រមុខរដ្ឋ​រុស្ស៊ី ពូទីន គូសបញ្ជាក់ពី “វិភាគទាន​ផ្ទាល់ខ្លួន​ដ៏​ធំ​របស់​លោកប្រធានាធិបតី​អ៊ូសបេគីស្ថាន ក្នុង​ការពង្រឹង ទំនាក់ទំនង ជាសម្ព័ន្ធមិត្ត និងភាពជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​ប្រទេសទាំងពីរ។ តាមលោកពូទីន ជ័យជំនះ លោក ការីម៉ូវ សឲ្យឃើញថា ប្រជាជនអ៊ូសបេក ទទួល​ស្គាល់​គុណូបការគាត់ ក្នុង តំណែង​ជាអ្នកដឹកនាំរដ្ឋ និង ពី​ជោគជ័យ​របស់គាត់ ក្នុង​ការដោះស្រាយ​បញ្ហាសដ្គម-សេដ្ឋកិច្ច ខាងអភិវឌ្ឍន៍ប្រទេសជាតិ។

ប៉ុន្តែ សម្រាប់ភាគីប្រឆាំងវិញ គេត្អូញត្អែរ​ទៅ អង្គការ​បរទេសនានា ខាងឃ្លាំមើល ស្ថានភាព សិទ្ធិ​មនុស្ស នៅអ៊ូសបេគីស្ថាន។

របាយការណ៍​ចេញពេលថ្មីៗ ដោយ​អង្គការ​អន្តរជាតិ​ខាង​ការពារសិទ្ធិ​មនុស្ស Human Rights Watch ដែល​ឧទ្ទិស​ដល់ស្ថានការណ៍ សិទ្ធិមនុស្ស នៅអ៊ូសបេគីស្ថាន លើកឡើងថា ពួកអ្នកទោស នយោបាយ​ក្នុងប្រទេស​នេះ បន្ត​រង​ទារុណកម្ម ដែល​ពិបាកពណ៌នា​ឲ្យបាន​ត្រូវ បូក​ទាំង ការវាយ​ធ្វើបាប​សួរចម្លើយ និង​លក្ខណៈអមនុស្សធម៌ មិនអាចទ្រាំទ្របាន នៅក្នុង​គុក។

តាម​តួលេខ Human Rights Watch បច្ចុប្បន្ន មានអ្នកទោសនយោបាយប្រមាណ ១២.០០០នាក់ ត្រូវបានអាជ្ញាធរ​អ៊ូសបេគីស្ថាន ញាត់​បញ្ចូល​ទៅ ក្នុងពន្ធនាគារ។

របាយការណ៍​នោះ កត់សម្គាល់​ថា ពួកអ្នកកាសែត និង ពួកប្រឆាំងណា ដែលហ៊ានទិតៀន រដ្ឋាភិបាល គឺត្រូវ​បានកាត់ទោស ឲ្យជាប់គុក រយៈពេលយ៉ាងយូរ ដែលបន្ទាប់មក ថែមទាំងត្រូវ អាជ្ញាធរ​ពន្យារ​ពេលជាប់គុកនោះ តទៅទៀត ដោយគ្មានអ្វី​ជាមូលដ្ឋានឡើយ។

តប​នឹងការចោទ​ប្រកាន់នេះ លោកប្រធានាធិបតីអ៊ូសបេគីស្ថានអ៊ីស្លាម ការីម៉ូវ តែងថ្លែងថា ក្នុង​ប្រទេស​គាត់ គ្មានអ្នកទោសនយោបាយ និង គ្មាន​ការវាយធ្វើបាប​សួរចម្លើយ​អ្វីណាឡើយ។ មិនតែ ប៉ុណ្ណោះ តាមសម្តីគាត់ មន្ត្រី​រដ្ឋការណា ដែលរំលោភលើច្បាប់ ហើយ​អនុវត្តវិធី ធ្វើបាប​បែបនេះ គឺ ខ្លួនគេ​ផ្ទាល់ ដែលត្រូវកាត់ទោស​ឲ្យ​ជាប់គុកតែម្តង។

ចំណែក Human Rights Watch ដែល​ទទួលបន្ទុក​ខាងមុខព្រួញ អាស៊ីកណ្តាល ចង្អុល​ឲ្យឃើញ ថា របាយការណ៍ខ្លួន តាក់តែងឡើង យោងទៅលើ ការរៀបរាប់ នៃអ្នក​ទោស​នយោបាយ​ចំនួន ៣៤នាក់ ដែលកំពុងជាប់​ក្នុងគុក និងលើ​អតីតអ្នកទោសបែបនេះ ចំនួន ១០នាក់ , យោងលើ ទិន្នន័យប្រមូលបាន ក្នុង១០​ឆ្នាំចុង​ក្រោយ ដោយ ពួក​អ្នកការពារសិទ្ធិ​មនុស្ស ដែល​បាន​យក សម្ភាសន៍ ពី អតីត​អ្នកទោស​នយោបាយ ១៥០នាក់ ពីសាច់ញាតិ​អ្នកដែលកំពុង​ជាប់គុក និង ថែមទាំង យោង លើឯកសាររបស់តុលាការ ទៅផង។

ក្នុង​ចំណោមអ្នកទោស​នយោបាយ មានទាំង​អ្នកដែល​ហ៊ាន​សាកល្បង​បើកអាក្រាត អំពើ ពុករលួយ ក្នុងថ្នាកដឹកនាំ ឬ ក៏ហ៊ាន​ទាមទារ​ឲ្យធ្វើកំណែទម្រង់​តាមផ្លូវ​ប្រជាធិបតេយ្យ។

របាយការណ៍ Human Rights Watch ថ្លែងថា “ អ៊ូសបេគីស្ថាន​ត្រូវតែ ដោះលែង ជាបន្ទាន់ និង ដោយគ្មាន​ល័ក្ខខ័ណ្ឌ​អ្វីណា រាល់នរណា​ដែលត្រូវបាន​ចាប់បញ្ជូល ទៅក្នុងគុក ដោយមកពី មូលហេតុ​នយោបាយ។

Human Rights Watch ថែមទាំង​អំពាវនាវ សហភាពអឺរ៉ុប និង ស.រ.អា.ឲ្យ​ដាក់ទណ្ឌកម្ម មន្ត្រី ជាន់​ថ្នាក់ខ្ពស់ៗ នៅអ៊ូសបេគីស្ថាន ​ ដែល​ជាប់ពាក់ព័ន្ធ នឹងការបង្ក្រាប​ភាគី​ប្រឆាំង លុះរហូត ដល់ឈប់​ចេញ​ទិដ្ឋាការ​ឲ្យគេ និងបង្កកទុក លុយ​ដែល​គេមាន​នៅ​តាម ធនាគារ​បស្ចិមលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ