អានតួអត្ថបទ
បារាំង-អាមេរិក-ស៊ីរី

បារាំង និង​អាមេរិក​បរិហារ​លើ​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​ស៊ីរី​ទាក់ទង​នឹង​លោក​អាសាដ

សំណុំរឿង​នៃ​ប្រទេស​ស៊ីរី​បាន​ក្លាយ​ជា​ប្រធានបទ​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នា​ថ្ងៃ​អាទិត្យ ទី១៣ មីនា។ នៅ​ក្រោយ​ជំនួប​ជាមួយ​សមភាគី​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និង​សហភាព​អឺរ៉ុប លោក​ចន ឃ៊ែរី​បាន​បរិហារ​លើ​ពាក្យ​សម្តី​របស់​លោក​ប្រមុខ​ការទូត​ស៊ីរី​វ៉ាលីដ មូអាឡិម​ដែល​បដិសេធ​មិន​ព្រម​ឲ្យ​លើក​យក​បុគ្គល​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ទៅ​ជជែក​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​បើក​ធ្វើ​ក្នុង​ថ្ងៃ​ចន្ទ ទី១៤ មីនា​នេះ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ប្រតិកម្ម​បរិហារ​ដូច​គ្នា​នេះ​ក៏​មាន​ពី​លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ហ្សង់ម៉ាក អេរ៉ូ​ដែរ។

លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ហ្សង់ម៉ាក អេរ៉ូ (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​ចន ឃ៊ែរី
លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ហ្សង់ម៉ាក អេរ៉ូ (រូបឆ្វេង) និង​សមភាគី​អាមេរិក​លោក​ចន ឃ៊ែរី REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​គឺ​ច្បាស់ណាស់ ការ​ថ្លែង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​ស៊ីរី​វ៉ាលីដ មូអាឡិម​ជា​សក្ខីកម្ម​មួយ​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​ថា លោក​បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​ភាព​រអាក់រអួល​នៅ​ក្នុង​ដំណើរ​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ឲ្យ​ស៊ីរី​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី២៧ កុម្ភៈ​ត្រូវ​បាន​លោក​ឃ៊ែរី​ព្រមាន​ថា គ្រប់​ភាគី​ត្រូវ​តែ​បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្លូវអាវុធ ចូល​រួម​សហការណ៍​ក្នុង​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌ និង​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ដំណើរការ​កិច្ចចរចា​ក្នុង​ការ​បង្កើត​ឲ្យ​បាន​រដ្ឋាភិបាល​អន្តរកាល​មួយ​នៅ​ស៊ីរី។

នៅ​ត្រង់​ចំណុច​នេះ​ត្រូវ​បាន​លោក​ឃ៊ែរី​បន្ថែម​ធ្ងន់ៗ​ថា បើ​របប​ក្រុង​ដាម៉ាស និង​សម្ព័ន្ធមិត្ត​ស៊ីរី​គិត​ថា សហគមន៍​អន្តរជាតិ​មិន​អាច​ធ្វើ​អ្វី​កើត​ទេ​នោះ គឺ​ពួក​គេ​កំពុង​យល់​ច្រឡំ​ធំ​ណាស់។ ក្រៅ​ពី​ព្រមាន​របប​ស៊ីរី និង​សម្ព័ន្ធមិត្ត​ស៊ីរី លោក​ប្រមុខ​ការទូត​អាមេរិក​ក៏​បាន​ចាប់​អារម្មណ៍​លើ​យុទ្ធនាការ​វាយប្រហារ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី​ដែរ។ តាម​លោក​ឃ៊ែរី ក្នុង​រយៈពេល ៣សប្តាហ៍​ចុង​ក្រោយ​នេះ កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់ និង​បស្ចិមលោក​បាន​សម្លាប់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ចំនួន ៦០០នាក់ និង​រឹបអូស​ដែនដី​ពី​ពួក​នេះ​បាន​វិញ​ចំនួន ៣ ០០០គីឡូម៉ែត្រក្រឡា។

ប្រតិកម្ម​បរិហារ​សម្តី​របស់​លោក​ប្រមុខ​ការទូត​ស៊ីរី​វ៉ាលីដ មូអាឡិម​ក៏​មាន​ពី​លោក​រដ្ឋមន្រ្តី​ការបរទេស​បារាំង​ហ្សង់ម៉ាក អេរ៉ូ​ដែរ។ លោក​អេរ៉ូ​ដែល​បាន​ចាត់​ទុក​សម្តី​លោក​មូអាឡិម​ថា​ជា​សញ្ញា​អាក្រក់​មួយ​ដែល​មិន​បាន​ឆ្លើយ​តប​នឹង​ស្មារតី​នៃ​បទ​ឈប់បាញ់​នៅ​ស៊ីរី​ទេ។ លោក​ហ្សង់ម៉ាក អេរ៉ូ​បាន​បន្ថែម​ថា ដើម្បី​ធានា​ពី​ភាព​ជឿជាក់​នៃ​កិច្ចចរចា គេ​ត្រូវ​តែ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​បទឈប់​បាញ់ និង​ការ​បើក​ផ្លូវ​ជំនួយ​មនុស្សធម៌​ដោយ​សេរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ