អានតួអត្ថបទ
បារំាង-ឥណ្ឌា

ឥណ្ឌា​កម្មង់ទិញ​យន្តហោះចម្បំាង « Rafale » បារំាង​ចំនួន ៣៦គ្រឿង

គឺ​ជា​ដំណឹង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​រំភើប​សម្រាប់​ប្រទេស​បារំាង។ លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​ដែល​កំពុង​ទស្សនកិច្ច​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​តំាង​ពី​ថ្ងៃ​សុក្រ ទី១០ មេសា​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​យប់​មិញ​ពី​ការ​កម្មង់ទិញ​យន្តហោះ​ចម្បំាង « Rafale » បារំាង​ចំនួន ៣៦គ្រឿង។ កុងត្រា​ទិញ​យន្តហោះ​ចម្បំាង « Rafale » បារំាង​ពី​ឥណ្ឌា​ចំនួន ៣៦គ្រឿង​ពេល​នេះ គឺ​ជា​ជោគជ័យ​ទី២ របស់​ក្រុមហ៊ុន​បារំាង Dassault បន្ទាប់​ពី​បាន​លក់​ឲ្យ​ប្រទេស​អេហ្ស៊ីប​ចំនួន ២៤គ្រឿង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

សន្និសីទកាសែត​រួម​គ្នា​រវាង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​លោក​ប្រធានាធិបតី​បារំាង​ក្នុង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី១០ មេសា ២០១៥
សន្និសីទកាសែត​រួម​គ្នា​រវាង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា និង​លោក​ប្រធានាធិបតី​បារំាង​ក្នុង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី១០ មេសា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​ដែល​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​បាន​ប្រកាស​ផ្ទាល់​មាត់​គួរ​ភ្ញាក់ផ្អើល​ពី​ការ​សម្រេចចិត្ត​ទិញ​យន្តហោះ​ចម្បំាង « Rafale » បារំាង​ចំនួន ៣៦គ្រឿង។ លោក​ម៉ូឌី​មិន​បាន​បញ្ជាក់​ពី​ទឹកលុយ​ដែល​ឥណ្ឌា​ត្រូវ​ចំណាយ​សម្រាប់​ទិញ​យន្តហោះ​ចម្បំាង​ទំាង ៣៦គ្រឿង​នោះ​ទេ តែ​គ្រាន់​បញ្ជាក់​ថា អ្វីៗ​បាន​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​គ្រោង​ទុក និង​ថា ខ្លឹមសារ​លំអិត​នឹង​ត្រូវ​បន្ត​ចរចា និង​បញ្ចប់​នៅ​ថ្ងៃ​ខាង​មុខ។ នេះ​ពិត​ជា​ជោគជ័យ​មួយ​យ៉ាង​ធំធេង​សម្រាប់​លោក​ហូឡង់ បន្ទាប់​ពី​បារំាង និង​ឥណ្ឌា​បាន​ចរចា​គ្នា​យ៉ាង​តឹងតែង​អស់​រយៈពេល ៣ឆ្នំា​លើ​កុងត្រា​ដើម។ ជោគជ័យ​មួយ​ទៀត​សម្រាប់​លោក​ហូឡង់ គឺ​យន្តហោះចម្បំាង​​ទំាង ៣៦គ្រឿង​នោះ​នឹង​ត្រូវ​ផលិត​ក្នុង​ប្រទេស​បារំាង។ តែ​ប្រធានបទ​ស្តីពី​ការ​ផ្ទេរ​បច្ចេកវិជ្ជា​ទៅ​ឲ្យ​ឥណ្ឌា​មិន​ត្រូវ​បាន​លើក​យក​ទៅ​និយាយ​ទេ។

គួរ​រម្លឹក​ជូន​ថា កុងត្រាដើម​ដែល​បារំាង និង​ឥណ្ឌា​បាន​ចរចា​គ្នា​ក្នុង​ឆ្នំា ២០១២ គឺ​ឥណ្ឌា​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បារាំង​ធុន Rafale ចំនួន ១២៦​គ្រឿង​ក្នុង​តម្លៃ​សរុប ២០ពាន់លានអឺរ៉ូ ក្នុង​នោះ​មាន ១៨​គ្រឿង​ត្រូវ​ផលិត​នៅ​បារាំង រីឯ ១០៨​គ្រឿង​នៅ​សល់​នឹង​ត្រូវ​ផលិត​នៅ​ឥណ្ឌា ដោយ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​រដ្ឋបារាំង និង​ក្រុមហ៊ុន​រដ្ឋឥណ្ឌា។ តែ​គម្រោង​ទិញ​នោះ​ហាក់​ដូច​ជា​បន្ត​ស្រពិចស្រពិល​នៅ​ឡើយ។ តែ​លោក​ហូឡង់​បាន​អះអាង​ថា កិច្ចចរចា​កំពុង​បន្ត​ធ្វើ​ជា​បន្ត​ទៀត។ ក្រៅ​ពី​យន្តហោះ​ចម្បំាងបារំាង លោក​ម៉ូឌី និង​លោក​ហូឡង់​ក៏​បាន​និយាយ​ពី​កិច្ចចរចា​ចម្រើន​ទៅ​មុខ​នៅ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​ដែរ ពិសេស​ពី​គម្រោង​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ចំនួន ៦ ឲ្យ​ឥណ្ឌា​ពី​ក្រុមហ៊ុន​បារំាង Areva។

ជា​សរុប មាន​កិច្ចព្រមព្រៀង​ទ្វេភាគី​ចំនួន ៧ ដែល​ប៉ារីស និង​ញូដែលី​បាន​ចុះ​ហត្ថលេខា​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ណារិនដ្រា ម៉ូឌី​ក្នុង​ប្រទេស​បារំាង។ នៅ​ក្នុង​សម្លៀកបំពាក់​ពណ៌​ប្រផះ​ដូច​គ្នា​នា​សន្និសីទកាសែត​រួម​គ្នា លោក​ម៉ូឌី និង​លោក​ហូឡង់​ក៏​បាន​និយាយ​ច្រើន​ពី​ដៃគូ​ជា​ប្រវត្តិសាស្រ្ត​រវាង​បារំាង និង​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ