អានតួអត្ថបទ
ក្រិក-រុស្ស៊ី

ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ក្រិក​នៅ​ម៉ូស្គូ ក្រោម​ក្រសែ​ភ្នែក​សហភាពអឺរ៉ុប

មូលហេតុ​មក​ពី​គណៈកម្មការ​អឺរ៉ុប​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹក​នាំ​សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​ទល់នឹង​រុស្ស៊ី​បាន​ព្រមាន​ក្រិក​ជា​សមាជិក​សហភាព​នេះ​ថា នា​កិច្ចចរចា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ថ្ងៃ​នេះ ត្រូវ​តែ​ប្រកាន់​យក​គោល​ជំហរ​រួម​តែ​មួយ​របស់​សហភាព​នេះ​ចំពោះ​ប្រទេស​រុស្ស៊ី​ដែល​ជាប់ចោទ​ក្នុង​ការ​បង្ក​ឲ្យ​មាន​វិបត្តិ​នៅ​អ៊ុយក្រែន។

ជំនួប​រវាង​លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក និង​លោក​ប្រធានាធិបតី​រុស្ស៊ី
ជំនួប​រវាង​លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក និង​លោក​ប្រធានាធិបតី​រុស្ស៊ី REUTERS/Alexander Zemlianichenko/Pool
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​នេះ​មិនមែន​ចៃដន្យ​ទេ ពីព្រោះ​ក្នុង​របៀប​វារៈ​ប្រចាំថ្ងៃ តាម​ដែល​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង លោក​នាយករដ្ឋមន្ត្រី​ក្រិក Alexis Tsipras ដែល​ជា​ប្រមុខ​រដ្ឋាភិបាល​ទី១៨៦ ក្នុង​ប្រវត្តិ​ក្រិក​នឹង​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន គឺ​ចង្កោម​បញ្ហា​យ៉ាង​ទូលំទូលាយ​នៃ​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ​មាន វិស័យ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច វិស័យ​វិនិយោគ វប្បធម៌-មនុស្សធម៌ ហើយ​ជា​តុល្យការ​នៃ​កិច្ចចរចា​នឹង​មាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ទ្វេភាគី​មួយ​ចំនួន។

ពិត​ជា​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម-សេដ្ឋកិច្ច​ដែល​អ្នក​នាំពាក្យ​វិមាន​ក្រេមឡាំង​លោក Dmitri Peskov លំអិត​ថា កិច្ចចរចា​អាច​ប៉ះ​លើ​បម្រាម​របស់​រុស្ស៊ី​ដែល​ហាម​មិន​ឲ្យ​នាំ​ចូល​នូវ​គ្រឿង​បរិភោគ​ពី​ប្រទេស​ណា​នៃ​បស្ចិមលោក​បែប​យ៉ាង​សហភាព​អឺរ៉ុប​ជាដើម ដែល​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ លោក Peskov បំភ្លឺ​ថា ក្រិក និង​រុស្ស៊ី​តែង​សហការ​គ្នា​យ៉ាង​ផុសផុល​លើ​វិស័យ​កសិកម្ម ប៉ុន្តែ ដោយ​មក​ពី​ចម្លើយ​បក​វិញ​ពី​ខាង​រុស្ស៊ី ឥឡូវ​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​វិស័យ​នេះ​ធ្លាក់​ចុះ​មែនទែន។ ដូច្នេះ​បញ្ហា​នេះ ចង់ ឬ​មិន​ចង់ គង់​នឹង​ចោទ​ឡើង​នា​កិច្ចចរចា។

រដ្ឋាភិបាល​ក្រិក​មុន​ដល់​ទស្សនកិច្ច​នេះ​បាន​សំដែង​សេចក្តី​សង្ឃឹម​ថា ជុំវិញ​បម្រាម​ពី​ខាង​រុស្ស៊ី​ចំពោះ​កសិផល​ក្រិក​អាច​នឹង​រក​ឃើញ​ដំណោះស្រាយ​ជា​វិជ្ជមាន ហើយ​លទ្ធផល​វា​នឹង​ជួយ​ទ្រទ្រង់​ដោយ​ឥត​បង្អែរបង្អង់​ឡើយ​ដល់​សេដ្ឋកិច្ច​ក្រិក​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ មិន​តែ​ប៉ុណ្ណោះ នា​កិច្ចចរចា​នៅ​ម៉ូស្គូ​ថ្ងៃនេះ សាច់រឿង​ក៏​ប៉ះ​លើ​សំណូមពរ​ក្រិក​សុំ​ឲ្យ​រុស្ស៊ី​បញ្ចុះ​ថ្លៃ​ឧស្ម័ន​ដែល​រុស្ស៊ី​លក់​ទៅ​ឲ្យ​ក្រិក។ អំពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ក្រិក​ចង់​ពឹង​រុស្ស៊ី​ឲ្យ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ លោក​នាយករដ្ឋមន្ត្រី​ក្រិក Alexis Tsipras មុន​នឹង​ចេញ​ដំណើរ​មក​ធ្វើ​ទស្សនកិច្ច​បាន​ថ្លែង​ថា ក្រិក និង​ដោះស្រាយ​ដោយ​ខ្លួន​ឯង បញ្ហា​បំណុល​រដ្ឋ​របស់​ខ្លួន គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​តំបន់​ចាយលុយ​អឺរ៉ូ​ផ្ទាល់។

តើ​កិច្ចចរចា​នៅ​ម៉ូស្គូ​ថ្ងៃនេះ​នឹង​ចប់​ទៅ​យ៉ាងណាៗ លោក​ប្រមុខរដ្ឋ​រុស្ស៊ី​ពូទីន និង​លោក​ប្រមុខ​រដ្ឋាភិបាល​ក្រិក Alexis Tsipras នឹង​ប្រកាស​ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត​រួម​ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​កិច្ចចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ