ព្រះរាជអាជ្ញាស៊ុយអែត សំរេចបញ្ឈប់នីតិវិធីស៊ើបសួរលើរូបលោកអាសង់ហ្ស៍ ស្ថាបនិកវីគីលីក
ព្រះរាជអាជ្ញាស៊ុយអែត ទើបបានប្រកាស កាលពីរសៀលថ្ងៃសុក្រ ទី១៩ឧសភា ម្សិលមិញ ថាគេសំរេចបញ្ឈប់នីតិវិធីស៊ើបសួរ ទៅលើរូបលោក ជូលាន អាសង់ហ្ស៍ ស្ថាបនិកវីគីលីក ហើយ។ លោក អាសង់ហ្ស៍ ដែលបានសំងំលាក់ខ្លួន ក្នុងស្ថានទូតប្រទេសអេក្វាទ័រ នៅទីក្រុងឡុងដ៍ អស់រយៈពេល៥ឆ្នាំមកនោះ បានសំដែងការត្រេកអរ តែយ៉ាងណា មេធាវីលោក នៅតែបារម្ភ ព្រោះលោកអាសង់ហ្ស៍ អាចប្រឈមមុខនឹងការចាប់ខ្លួន ដោយនគរបាលអង់គ្លេស ហើយអាចត្រូវចាប់បញ្ជូនទៅឲ្យសហរដ្ឋអាមេរិក។ មេធាវីលោកអាសង់ហ្ស៍ កំពុងអំពាវនាវឲ្យប្រធានាធិបតីថ្មីរបស់បារាំង ផ្តល់សិទ្ធិជ្រកកោណនយោបាយដល់ លោកអាសង់ហ្ស៍។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៥
ឆ្លងកាត់ការប្រទាញប្រទង់ផ្លូវច្បាប់អស់រយៈពេល៧ឆ្នាំមកនេះ លោកស្រី Marianne NY ព្រះរាជអាជ្ញាស៊ុយអែត បានសម្រេចកាលពីថ្ងៃទី១៩ ឧសភា ថាអាជ្ញាធរស៊ុយអែត នឹងបញ្ឈប់នីតិវិធីស៊ើបសួរ ជាផ្លូវការលើរូបលោក ជូលាន អាសង់ហ្ស៍ ស្តីពីបទរំលោភសេពសន្ទវៈ។ មានន័យថា ចាប់ពីពេលនេះទៅ លោក អាសង់ហ្ស៍ នឹងមិនប្រឈមមុខនឹងការចាប់ខ្លួន ពីសំណាក់អាជ្ញាធរស៊ុយអែតឡើយ។
សូមរំលឹកថា លោក ជូលាន អាសង់ហ្ស៍ (Julian Assange) ជនជាតិអូស្ត្រាលី អាយុ៤៥ឆ្នាំ ត្រូវបានគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកគេហទំព័រ វីគីលីក ដែលតែងតែផ្សាយចេញនូវឯកសារសំងាត់នានា។ ឆ្នាំ២០១០ វីគីលីក បានបញ្ចេញឯកសារសំងាត់របស់កងទ័ពអាមេរិក ជាច្រើនពាន់ឯកសារ ដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិក ចាត់វិធានការតាមចាប់ លោក អាសង់ហ្ស៍។
លោកអាសង់ហ្ស៍ ត្រូវបានស្ត្រីជនជាតិស៊ុយអ៊ែតពីររូប ចោទពីបទរំលោភសេពសន្ទវៈ នៅឆ្នាំ២០១០ តែលោកបានច្រានចោលរាល់ការចោទប្រកាន់ ហើយបដិសេធ មិនព្រមចូលទៅបំភ្លឺឡើយ ដោយភ័យក្រែង អាជ្ញាធរស៊ុយអែត ចាប់បញ្ជូនទៅសហរដ្ឋអាមេរិក។ ចាប់ពីឆ្នាំ២០១២មក លោក ជូលាន អាសង់ហ្ស៍ បានចូលទៅសំងំជ្រកនៅក្នុងស្ថានទូតប្រទេសអេក្វាទ័រ នៅទីក្រុងឡុងដ៍ ដើម្បីគេចចេញពីការចាប់ខ្លួន។
ថ្វីបើពេលនេះ ស៊ុយអែត សំរេចឈប់ចោទប្រកាន់លើរូបលោកអាសង់ហ្ស៍ ក៏ប៉ុន្តែ ក្រុមមេធាវីការពារក្តីរបស់លោក ជូលាន អាសង់ហ្ស៍ នៅតែព្រួយបារម្ភ។ លោកអាសង់ហ្ស៍ នៅមិនទាន់អាចចេញពីការសំងំលាក់ខ្លួនបាននៅឡើយទេ ត្បិតអី អាជ្ញាធរអង់គ្លេស បានអះអាងថា គេនឹងចាប់ខ្លួន លោកអាសង់ហ្ស៍ឲ្យខាងតែបាន ពីបទ ដែលមិនគោរពទៅតាមនីតិវិធីដោះលែងឲ្យនៅក្រៅឃុំ កាលពីឆ្នាំ២០១២។ ក៏ប៉ុន្តែ នគរបាលអង់គ្លេសបានអះអាងថា លោកអាសង់ហ្ស៍ អាចប្រឈមមុខនិងទោសស្រាល ជាប់ពន្ធនាគារប្រមាណជា១ឆ្នាំតែប៉ុណ្ណោះ។
មេធាវីការពារលោកអាសង់ហ្ស៍ ខ្លាចក្រែង ថាអាជ្ញាធរអាមេរិក បានធ្វើលិខិតស្នើសុំធ្វើបត្យាប័ន ដោយសំងាត់ មកឲ្យអាជ្ញាធរអង់គ្លេស។ ជាក់ស្តែង អ្នកការសែតបានព្យាយាមសួរទៅក្រសួងយុត្តិធម៌អង់គ្លេស ទាក់ទងនឹងបញ្ហានេះ តែគេ បានបដិសេធមិនព្រមឆ្លើយ មានក៏មិនថា មិនមានក៏មិនថា។
ដោយឡែក លោក Juan Franco មេធាវីមួយរូបរបស់លោកអាសង់ហ្ស៍ បានបញ្ជាក់ឲ្យដឹងថា គេកំពុងតែរៀបចំឯកសារ ដើម្បីសុំសិទ្ធិជ្រកកោណនយោបាយ ជូនលោកអាសង់ហ្ស៍នៅប្រទេសបារាំង។ គេសង្ឃឹមថា ប្រធានាធិបតីថ្មីរបស់បារាំង និងយល់ពីបញ្ហានេះ ដើម្បីផ្តល់សេរីភាពជូនស្ថាបនិកវីគីលីក ឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ