អានតួអត្ថបទ
Wikileaks

ព្រះរាជអាជ្ញា​ស៊ុយអែត សំរេច​បញ្ឈប់​នីតិវិធី​ស៊ើបសួរ​លើ​រូប​លោក​អាសង់ហ្ស៍ ស្ថាបនិក​វីគីលីក

ព្រះ​រាជអាជ្ញា​ស៊ុយអែត ​ទើប​បាន​ប្រកាស ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ​ទី​១៩​ឧសភា ​ម្សិលមិញ ​ថា​គេ​សំរេច​បញ្ឈប់​នីតិវិធី​ស៊ើបសួរ ​ទៅ​លើ​រូប​លោក ​ជូលាន អាសង់ហ្ស៍​ ស្ថាបនិក​វីគីលីក ​ហើយ។ លោក ​អាសង់ហ្ស៍ ​ដែល​បាន​សំងំ​លាក់ខ្លួន ​ក្នុង​ស្ថានទូត​ប្រទេស​អេក្វាទ័រ ​នៅ​ទីក្រុង​ឡុងដ៍ ​អស់​រយៈពេល​៥ឆ្នាំ​មក​នោះ ​បាន​សំដែង​ការ​ត្រេកអរ​ តែ​យ៉ាងណា ​មេធាវី​លោក ​នៅតែ​បារម្ភ​ ព្រោះ​លោក​អាសង់ហ្ស៍ ​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ ដោយ​នគរបាល​អង់គ្លេស ​ហើយ​អាច​ត្រូវ​ចាប់​បញ្ជូន​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក។ មេធាវី​លោក​អាសង់ហ្ស៍ ​កំពុង​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​ថ្មី​របស់​បារាំង ​ផ្តល់​សិទ្ធិ​ជ្រកកោណ​នយោបាយ​ដល់ ​លោក​អាសង់ហ្ស៍។

លោក Julian Assange ថ្ងៃទី​១៩ ឧសភា ២០១៧ នៅ​មាត់​បង្អួច​​ស្ថានទូត​​អេក្វាទ័រ ក្នុង​ទីក្រុង​ឡុងដ៍ ជាទីដែលលោក​សំងំ​គេច​ខ្លួន​​៥ឆ្នាំ​មកហើយ
លោក Julian Assange ថ្ងៃទី​១៩ ឧសភា ២០១៧ នៅ​មាត់​បង្អួច​​ស្ថានទូត​​អេក្វាទ័រ ក្នុង​ទីក្រុង​ឡុងដ៍ ជាទីដែលលោក​សំងំ​គេច​ខ្លួន​​៥ឆ្នាំ​មកហើយ Reuters
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់​ការ​ប្រទាញ​ប្រទង់​ផ្លូវ​ច្បាប់​អស់​រយៈពេល​៧ឆ្នាំ​មក​នេះ ​ លោកស្រី​ Marianne NY​ ព្រះរាជ​អាជ្ញា​ស៊ុយអែត ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៩ ​ឧសភា  ​ថា​អាជ្ញាធរ​ស៊ុយអែត ​នឹង​បញ្ឈប់​នីតិវិធី​ស៊ើប​សួរ​ ជា​ផ្លូវការ​លើ​រូប​លោក ​ជូលាន ​អាសង់ហ្ស៍ ​ស្តីពី​បទ​​រំលោភ​សេព​សន្ទវៈ។ មានន័យ​ថា ​ចាប់​ពី​ពេល​នេះ​ទៅ ​លោក​ អាសង់ហ្ស៍ ​នឹង​មិន​ប្រឈម​មុខ​នឹង​ការ​ចាប់ខ្លួន ​ ​ពី​សំណាក់​អាជ្ញាធរ​ស៊ុយអែត​ឡើយ។

 
សូម​រំលឹក​ថា ​លោក​ ជូលាន អាសង់ហ្ស៍ ​(Julian Assange) ​ជនជាតិ​អូស្ត្រាលី ​អាយុ​៤៥​ឆ្នាំ ​ត្រូវ​បាន​គ្រប់គ្នា​ស្គាល់​ថា​ ជា​ស្ថាបនិក​គេហទំព័រ​ វីគីលីក​ ដែល​តែងតែ​ផ្សាយ​ចេញ​នូវ​ឯកសារ​សំងាត់​នានា។ ឆ្នាំ​២០១០​ វីគីលីក​ បាន​បញ្ចេញ​ឯកសារ​សំងាត់​របស់​កងទ័ព​អាមេរិក​ ជាច្រើន​ពាន់​ឯកសារ ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ​ ចាត់​វិធាន​ការ​តាម​ចាប់ ​លោក​ អាសង់ហ្ស៍។

លោក​អាសង់ហ្ស៍ ​ត្រូវបាន​ស្ត្រី​ជនជាតិ​ស៊ុយអ៊ែត​ពីរ​រូប ​ចោទ​ពី​បទ​រំលោភ​សេពសន្ទវៈ ​នៅ​ឆ្នាំ​២០១០ ​តែលោក​បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ ហើយ​បដិសេធ ​មិន​ព្រម​ចូល​ទៅ​បំភ្លឺ​ឡើយ ​ដោយ​ភ័យ​ក្រែង ​អាជ្ញាធរ​ស៊ុយអែត ​ចាប់​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក។ ចាប់​ពី​ឆ្នាំ​២០១២​មក​ លោក​ ជូលាន ​អាសង់ហ្ស៍ ​បាន​ចូល​ទៅ​សំងំ​ជ្រក​នៅ​ក្នុង​ស្ថានទូត​ប្រទេស​អេក្វាទ័រ ​នៅ​ទីក្រុង​ឡុងដ៍ ​ដើម្បី​គេចចេញ​ពី​ការ​ចាប់ខ្លួន។

ថ្វីបើ​ពេល​នេះ ​ស៊ុយអែត ​សំរេច​ឈប់​ចោទ​ប្រកាន់​លើ​រូបលោក​អាសង់ហ្ស៍ ​ក៏​ប៉ុន្តែ ​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ ជូលាន អាសង់ហ្ស៍​ នៅតែ​ព្រួយ​បារម្ភ។ លោក​អាសង់ហ្ស៍ ​នៅមិន​ទាន់​អាច​ចេញ​ពី​ការសំងំ​លាក់​ខ្លួន​បាន​នៅ​ឡើយ​ទេ ​ត្បិតអី​ អាជ្ញាធរ​អង់គ្លេស ​បាន​អះអាង​ថា​ គេ​នឹង​ចាប់​ខ្លួន​ លោក​អាសង់ហ្ស៍​ឲ្យ​ខាង​តែបាន ​ពីបទ ​ដែល​មិន​គោរព​ទៅតាម​នីតិវិធី​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ឆ្នាំ​២០១២។ ក៏​ប៉ុន្តែ ​នគរបាល​អង់គ្លេស​បាន​អះអាង​ថា ​លោក​អាសង់ហ្ស៍ ​អាច​ប្រឈម​មុខ​និង​ទោស​ស្រាល ​ជាប់​ពន្ធនាគារ​​ប្រមាណ​ជា​១ឆ្នាំ​តែ​ប៉ុណ្ណោះ។

មេធាវី​ការពារ​លោក​អាសង់ហ្ស៍ ​ខ្លាចក្រែង ​ថា​អាជ្ញាធរ​អាមេរិក​ បាន​ធ្វើ​លិខិត​ស្នើសុំ​ធ្វើ​បត្យាប័ន ​ដោយ​សំងាត់ ​មក​ឲ្យ​អាជ្ញាធរ​អង់គ្លេស។ ជាក់ស្តែង ​អ្នក​ការសែត​បាន​ព្យាយាម​សួរ​ទៅ​ក្រសួង​យុត្តិធម៌​អង់គ្លេស​ ទាក់ទង​នឹងបញ្ហានេះ​ តែគេ ​បាន​បដិសេធ​មិន​ព្រម​ឆ្លើយ ​ មាន​ក៏មិនថា ​មិន​មាន​ក៏​មិនថា។

ដោយឡែក ​លោក ​Juan Franco ​មេធាវី​មួយ​រូប​របស់​លោក​អាសង់ហ្ស៍ ​បាន​បញ្ជាក់​ឲ្យ​ដឹងថា​ គេ​កំពុង​តែរៀប​ចំ​ឯកសារ ​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោណ​នយោបាយ​ ជូន​លោក​អាសង់ហ្ស៍​នៅ​ប្រទេស​បារាំង។ គេ​សង្ឃឹម​ថា ​ប្រធានាធិបតី​ថ្មី​របស់​បារាំង​ និង​យល់​ពី​បញ្ហា​នេះ ​ដើម្បី​ផ្តល់​សេរីភាព​ជូន​ស្ថាបនិក​វីគីលីក ​ឡើងវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ