ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អឺរ៉ុប

World Cup 2022៖ មីឈែល ប្លាទីនី ជាប់ឃុំបណ្តោះអាសន្ន ក្នុងសំណុំរឿង​ពុក​រលួយ​ជាមួយ​កាតា

media  
លោក Michel Platini អតីត​កីឡាករ​ឆ្នើម​របស់​បារាំង និងជា​អតីត​​អនុប្រធាន FIFA REUTERS/Ruben Sprich/File

លោក ​មីឈែល ប្លាទីនី អតីតប្រធានក្រុមជម្រើសជាតិបាល់ទាត់បារាំង និងជាអតីតអនុប្រធានFIFA ត្រូវបានតុលាការបារាំង ដាក់ឃុំបណ្តោះអាសន្ន កាលពីរសៀលថ្ងៃអង្គារ ទី​១៨មិថុនា ដើម្បីសួរចម្លើយ ទាក់ទិននឹងសំណុំរឿងពុករលួយ ស្តីពីការប្រគល់​ការរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក ទៅឲ្យ​ប្រទេសកាតា នៅឆ្នាំ២០២២។ តែយ៉ាងណាលោកអតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបរូបនេះ បាន​អះអាង​ថា​ លោក​មិនបាន​ដឹងឮ អំពីការស៊ីសំណូកជាមួយ ប្រទេស​កាតាឡើយ។

លោក មីឈែល ប្លាទីនី អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប និងអតី​តអនុប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ត្រូវ​បាន​តុលាការបារាំង ក្រុងណង់ទែរ កោះហៅ និងសម្រេចដាក់ឃុំបណ្តោះអាសន្ន នៅថ្ងៃអង្គារទី​១៨មិថុនា។

ការកោះហៅ និងឃុំខ្លួននេះ គឺធ្វើឡើង ក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតបឋម ស្តីពីអំពើពុករលួយប្រើប្រាស់ឥទ្ធិពល ជុំវិញការសម្រេចបោះឆ្នោតប្រគល់ ការរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ទៅឲ្យប្រទេសកាតា។

គួររំលឹកថា នៅថ្ងៃទី ២ ធ្នូ ឆ្នាំ២០១០ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានសម្រេចបោះឆ្នោត ប្រគល់ការរៀបចំការប្រកួតWorld Cup ដល់ទៅពីរផ្ទួនគ្នា។ មួយគឺ World Cup 2018 ទៅឲ្យប្រទេសរុស្ស៊ី និង World Cup 2022 ទៅឲ្យប្រទេសកាតា។ ការប្រគល់ការរៀបចំ World Cup 2022 ទៅឲ្យប្រទេសកាតារៀបចំ បានធ្វើឲ្យមាន​ការភ្ញាក់ផ្អើល ​និងការតវ៉ា ជាខ្លាំង ដោយសារប្រទេសនេះ មានភូមិសាស្ត្រស្ថិតក្នុងតំបន់វាលខ្សាច់ មានសីតុណ្ហភាព​ក្តៅខ្លាំង ដែលអាចបង្កការលំបាកធ្ងន់ធ្ងរដល់កីឡាករ។

បញ្ហានេះ បានធ្វើបែកធ្លាយនូវរឿងអាស្រូវមួយចំនួន ស្តីពីករណីពុករលួយស៊ីសំណូក នៅក្នុងក្របខណ្ឌរបស់FIFA។ សមាជិកក្រុមប្រឹក្សាប្រតិបត្តិរបស់ FIFA ចំនួន​១៦ ក្នុងចំណោម​២៤នាក់ ត្រូវគេសង្ស័យថាជាប់ពាក់ព័ន្ធ និងការប្រព្រឹត្តិអំពើពុករលួយ ក្នុងចំណោមនោះ មាន​លោក Sepp Blatter អតីតប្រធានFIFA ផងដែរ។

សូមបញ្ជាក់ថា ក្រៅពីលោក មីឈែល ប្លាទីនី នៅមានមនុស្សជំនិតនឹងលោក នីកូឡា សាកូហ្ស៊ី ចំនួន​២នាក់ទៀត ដែលត្រូវបានតុលាការបារាំង កោះហៅទៅសួរចម្លើយ។ តុលាការបារាំង កំពុងស៊ើបអង្កេត ទាក់ទិននឹងករណីនៃការជួបប្រជុំគ្នាមួយ ដែលធ្វើឡើងនៅថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០១០ ប្រមាណ១សប្តាហ៍មុនការបោះឆ្នោតរបស់FIFA។ កិច្ចប្រជុំនោះ បានធ្វើនៅ​វិមានប្រធានាធិបតីបារាំង ដោយមានវត្តមានលោក នីកូឡា សាកូហ្ស៊ី ព្រះអង្គម្ចាស់រាជទាយាទ កាតា Tamim Bin Hamad al-Thani និងលោក មីឈែល ប្លាទីនី។ តាមការសង្ស័យ ក្នុងពេលប្រជុំនោះ លោកសាកូហ្ស៊ី បានបញ្ចុះបញ្ចូលឲ្យលោក​ មីឈែល ប្លាទីនី បោះឆ្នោតគាំទ្រគាំទ្រកាតា ធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup 2022។

តែយ៉ាងណា លោកមីឈែល ប្លាទីនី បានអះអាងថា នេះជារឿងប្រឌិត ដើម្បីទំលាក់កំហុសមកលើរូបលោក ដែលការពិតលោកមិនបានចូលរួម ក្នុងការប្រព្រឹត្តិអំពើពុករលួយនេះទេ។ ដោយឡែក​ កាលពីខែតុលា ឆ្នាំ២០១៥ លោក Sepp Blatter អតីតប្រធានFIFA ធ្លាប់បានអះអាងថា រដ្ឋាភិបាលបារាំងជំនាន់លោកសាកូហ្ស៊ី ពិតជាបានលូកដៃប្រើឥទ្ធិពល ឲ្យFIFA ផ្លាស់ប្តូរ​ការសម្រេចចិត្ត ដែលដើមឡើយ ចង់ប្រគល់ការរៀបចំ World Cup​2022 ទៅឲ្យសហរដ្ឋអាមេរិក មកប្រគល់ឲ្យប្រទេសកាតាវិញ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ