ទីក្រុងប៉ារីស ប្រកាស “ភាពអាសន្នផ្នែកអាកាសធាតុ”
កាលពីថ្ងៃអង្គារទី៩កក្កដា សាលាក្រុងប៉ារីស រដ្ឋធានីប្រទេសបារាំង បានសម្រេចប្រកាស ដាក់ចុះ នូវស្ថានភាពអាសន្នផ្នែកអាកាសធាតុ។ ការប្រកាសស្ថានភាពអាសន្ននេះ គឺធ្វើឡើង ក្រោមកម្មវត្ថុ ជំរុញលើកកំពស់ និងអនុវត្តនូវគំរោងនានា ដើម្បីថែរក្សាការពារធម្មជាតិ ព្រមទាំងកាត់បន្ថយនូវការកើនឡើងកំដៅផែនដី។ សាលាក្រុងប៉ារីស ក៏បានប្តេជ្ញាថា ត្រូវតែគោរពកម្មវត្ថុនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស្តីពីអាកាសធាតុ ឲ្យខាងតែបាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោកស្រី Célia Blauel មន្ត្រីទទួលបន្ទុកផ្នែកបរិស្ថាន នៃសាលាក្រុងប៉ារីស បានថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ មានកម្មវត្ថុកាត់បន្ថយការកើនឡើងកំដៅផែនដី ហើយដែលទីក្រុងប៉ារីស ប្តេជ្ញាថា ត្រូវតែគោរពកម្មវត្ថុនេះឲ្យបាន។ នៅចំពោះមុខក្រុមប្រឹក្សាក្រុងប៉ារីស លោកស្រីបានប្រកាសថា ក្នុងន័យនេះ ទីក្រុងប៉ារីស សូមប្រកាសដាក់"ស្ថានភាពអាសន្នផ្នែកអាកាសធាតុ"។
ស្ថិតក្នុងក្របខណ្ឌ នៃស្ថានភាពអាសន្នផ្នែកអាកាសធាតុនេះ ក្រុមប្រឹក្សាក្រុងប៉ារីស បានសម្រេចបង្កើតឡើងនូវ “បណ្ឌិតសភាអាកាសធាតុ”។ បណ្ឌិតសភាអាកាសធាតុនេះ មានកម្មវត្ថុ ផ្តល់ជូនយុវជនក្មេងៗ ឬប្រជាជនទូទៅ នូវទីកន្លែងសាមគ្គី ធ្វើការស្វែងយល់រួមគ្នា និងទទួលបាននូវការបណ្តុះបណ្តាល ដោយឥតគិតថ្លៃ ដើម្បីឈានទៅលើកចេញជាគម្រោងនានា ដើម្បីបរិស្ថានធម្មជាតិ។
ជាមួយគ្នានេះ ក្រុមប្រឹក្សាក្រុងប៉ារីស ក៏បានសម្រេច បង្កើតក្រុមការងារជំនាញ មានដូចជាក្រុមអ្នកជំនាញអាកាសធាតុ ក្រុមអ្នកជំនាញនគរូបនីយកម្ម និងក្រុមអ្នកសង្គមវិទ្យា។ ក្រុមអ្នកជំនាញទាំងនេះ នឹងដើរតួនាទីសំខាន់ តាមរយៈការពិគ្រោះយោបល់ មុននឹងដាក់ចុះ នូវគម្រោងគោលនយោបាយណាមួយ របស់ក្រុងប៉ារីស ទាក់ទិននឹងវិស័យបរិស្ថានធម្មជាតិ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ប្រទេស៣ហើយ ដែលបានប្រកាសស្ថានភាពអាសន្នផ្នែកអាកាសធាតុ ហើយដែលក្នុងន័យនេះ បញ្ហាបរិស្ថាន អាកាសធាតុ គឺជាអាទិភាពរបស់រដ្ឋាភិបាល។ ប្រទេសទាំង៣នោះមាន បារាំង កាណាដា និងអៀរឡង់។ ក្រៅពីប្រទេស៣នេះ មានទីក្រុងធំៗជាច្រើនដែរ ដែលបានប្រកាសស្ថានភាពអាសន្នផ្នែកអាកាធាតុ ដើម្បីគូសវាសគោលនយោបាយក្រុងខ្លួន ឲ្យឆ្លើយតបទៅនឹងស្ថានភាពនៃការគំរាមកំហែង បណ្តាលមកពីការកើនឡើងនូវកំដៅផែនដី។
ក្រៅពីទីក្រុងឬប្រទេស មាន សកលវិទ្យាល័យខ្លះ ក៏បានប្រកាសស្ថានភាពអាសន្នផ្នែកអាកាសធាតុដែរ ដើម្បីពញ្ញាក់ស្មារតី សិស្សនិស្សិត ក៏ដូចជាអ្នកស្រាវជ្រាវ ឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការរកដំណោះស្រាយ ដើម្បីការពារធនធានធម្មជាតិ បរិស្ថាន និងកាត់បន្ថយកំដៅផែនដី ដែលជាប្រភពនូវគ្រោះមហន្តរាយជាច្រើន មកលើជីវិតមនុស្សសត្វ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ