អានតួអត្ថបទ
រុស្ស៊ី-បារាំង

សន្និសីទ​កាសែត​ដ៍​ទើសទាល់​សម្រាប់​លោក​ពូទីន ខណៈ​លោក​ម៉ាក្រុង បង្ហាញ​ជំហរ​ម៉ឹងម៉ាត់ ​លើ​គ្រប់​បញ្ហា

កាល​ពីថ្ងៃ​ចន្ទ​ទី​២៩ ឧសភា​​លោក​ម៉ាក្រុង​ ប្រធានាធិបតី​បារាំង ​បាន​ទទួល​ជួប​លោក​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​នៅ​ព្រះរាជវាំង​វ៉ែកសៃ ​ដ៏​ស្កឹមស្កៃ ​ក្បែរ​ក្រុង​ប៉ារីស។ ថ្នាក់​ដឹកនាំ​ទាំងពីរ​ បាន​ឆ្លើយ​សំណួរ​របស់​អ្នកយក​ព័ត៌មាន ​បន្ទាប់​ពី​បាន​ជួប​និយាយ​គ្នា ​តែ​ពីរនាក់ ​លើ​សំណុំ​រឿង​ជា​ច្រើន។ សន្និសីទ​កាសែត ​ដែល​តាម​ការ​សង្កេត​ជាទូទៅ ​គេឃើញ​លោក​ពូទីន ​បាន​សំដែង​អាកប្បកិរិយា​ទើស​ទាល់​ ក្នុង​ទឹក​មុខ​យ៉ាង​មាំ ​ខណៈ​ដែល​លោក​ម៉ាក្រុង​ ប្រធានាធិបតី​បារាំង ​បាន​បង្ហាញ​គោល​ជំហរ ​យ៉ាង​ម៉ឹងម៉ាត់ ​ជុំវិញ​ឆន្ទៈ ​ក្នុង​ការ​​ដោះស្រាយ​វិបត្តិ​អន្តរជាតិ ​​ជាមួយ​នឹង​រុស្ស៊ី។

លោកពូទីន និងលោកម៉ាក្រុង ក្នុង​ពេល​ធ្វើសន្និសីទកាសែត ថ្ងៃទី​២៩ ឧសភា ២០១៧
លោកពូទីន និងលោកម៉ាក្រុង ក្នុង​ពេល​ធ្វើសន្និសីទកាសែត ថ្ងៃទី​២៩ ឧសភា ២០១៧ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ជំនួប​លើក​ទីមួយ ​ជាមួយ​នឹង​លោក​វ្លាឌីមៀរ ​ពូទីន​ ប្រធានាធិបតី​ថ្មី​បារាំង ​បាន​ជ្រើស​យក​ប្រាសាទ ​Le Grand Trianon ​ដ៏​ស្កឹមស្កៃ ​ដើម្បី​ទទួល​លោក​ពូទីន​ ឲ្យសម​នឹង​កិត្តិយស។ តែយ៉ាង​ណាគេ​មិន​អាច​ប្រើ​ពាក្យ​ថា ​ជា​ជំនួប​ដ៏​ល្អូកល្អឺន​បាន​ទេ ​ព្រោះ​បើ​សង្កេត​មើល​អាកប្បកិរិយា ​របស់​មេដឹកនាំ​ទាំង​ពីរ ​គឺវា​មាន​លក្ខណៈ​ឆ្ងាយ​គ្នា ​និង​ខ្លាច​គ្នា​ទៅវិញ​ទៅមក​នៅ​ឡើយ។

 
ក្នុង​ខណៈ​ដែល ​លោក​អេម៉ានុយអែល ​ម៉ាក្រុង ​ធ្វើ​សន្ទរកថា​សង្ខេប​ ប្រាប់​ទៅ​អ្នក​កាសែត ​ស្តីពី​លទ្ធផល​នៃ​ការ​ជជែក​គ្នា ​គេ​សង្កេត​ឃើញ​ លោក​ពូទីន​ មាន​អាកប្បកិរិយា​រសេសរសោះ ​បែប​ធុញទ្រាន់​ ព្រម​ទាំង​ដក​ដង្ហើម​ធំ​ម្តងម្កាល ​ ក្នុង​ទឹក​មុខ​យ៉ាង​មាំ។ ចំណែក​លោក​ប្រធានាធិបតី​បារាំង​វិញ​ បាន​បង្ហាញ​កាយ​វិការ​ស្វាហាប់ ​និយាយ​ពន្យល់​យ៉ាង​ម៉ឹងម៉ាត់​ ច្បាស់ៗ ​ជុំវិញ​គោល​ជំហរ​លោក ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​រុស្ស៊ី ​ជា​ពិសេស ​ទាក់ទង​នឹង​សំណុំ​រឿង​ស៊ីរី​ និង​អ៊ុយក្រែន។

លោកពូទីន ​ថែមទាំង​កាន់​តែ​បញ្ចេញ​អាការៈ​ទើសទាល់​ទៅ​ទៀត​នោះ ​នៅ​ពេល​អ្នក​កាសែត ​បាន​ចោទ​សួរ ​អំពី​ការ​ដែល​លោក​ បាន​ទទួល​ជួប​អ្នកស្រី​ ម៉ារីន ឡឺប៉ែន ​នៅ​មូស្គូ ​និង​បញ្ហា​ដែល​ចោទ​ថា​ រដ្ឋាភិបាល​រុស្ស៊ី ​ជាអ្នក​នៅ​ពីក្រោយ ​ការ​ចូល​លូកដៃ​កកូកកាយ ​កិច្ចការ​បោះឆ្នោត​បារាំង។ រីឯ​លោក​ម៉ាក្រុង​វិញ ​បាន​ឆ្លើយ​ យ៉ាង​ច្បាស់​ទៅ​កាន់​អ្នក​កាសែត​រុស្ស៊ីម្នាក់ ​ថា​លោក​ចាត់ទុក​ បណ្តាញ​ព័ត៌មាន​រុស្ស៊ី ​ពីរ​ គឺ​ Sputnik​ និង​ Russia Today​ ​គឺ​ជា​បណ្តាញ​ព័ត៌មាន​ដែល​គ្មាន​វិជ្ជាជីវៈ​ ប្រឌិត​បំភ្លៃ​ព័ត៌មាន ​ដើម្បី​បំរើ​ការ​ឃោសនា​នយោបាយ។ លោក​ពូទីន​ ដែល​នៅ​ឈរ​ក្បែ​នោះ ​បាន​រក្សា​ទឹកមុខ​យ៉ាងមាំ ​មិន​កំរើក​អ្វី​ទាំងអស់។

ភាព​ក្លាហាន ​មិន​ចុះញ៉ម​ និង​និយាយ​ដោយ​ត្រង់ ​របស់​លោក​ម៉ាក្រុង ​បាន​ធ្វើឲ្យ​​លោក​ពូទីន ​មិន​នឹក​ស្មាន​ដល់​ឡើយ។ លោក​ម៉ាក្រុង​ បាន​បញ្ជាក់​ថា ​លោក​បាន​លើក​ឡើង​ដោយ​ត្រង់​ ពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ នៅ​រុស្ស៊ី ​ព្រម​ទាំង​ការ​ធ្វើទុក្ខ​បុកម្នេញ​ទៅ​លើ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ​នៅ​តំបន់​ឆេឆិននី។ លោក​ពូទីន ​បាន​សន្យា​ថា​នឹង​ពិនិត្យ​មើល ​ហើយ​ផ្តល់​ដំណឹង​មក​ឲ្យ​ក្រុម​ការងារ​បារាំង​ ឲ្យបាន​ទៀងទាត់។

ទាក់ទិន​នឹង​សំណុំ​រឿង​ធំៗ ​ទីមួយ​សំណុំរឿង​ស៊ីរី ​ប្រធានាធិបតី​ទាំង​ពីរ ​បាន​សន្យា​នឹង​គ្នា​ថា ​ចាប់ដៃ​គ្នា​ធ្វើការ​ ដើម្បី​បោស​សម្អាត​បណ្តាញ​ជីហាត​ភេរវកម្ម។ ប្រទេស​ទាំងពីរ​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ​រួមគ្នា។ ក្នុង​ន័យ​នេះ ​បារាំង​និង​រុស្ស៊ី ​យល់​ស្រប​គ្នា​ ថា​មិន​ត្រូវ​ឲ្យ​ស៊ីរី​ បែកខ្ញែក​ទេ ​ហើយ​ត្រូវ​មាន​រដ្ឋាភិបាល​រួមមួយ ​គ្រប់គ្រង ​ឲ្យ​រឹងមាំ​ជា​បង្អែក។ ត្រង់​នេះ ​គឺ​គេ​ចង់​សំដៅ​ទៅ​លើ​ការ​បន្ត​រក្សា​រដ្ឋាភិបាល​បាស្ឆា អាល់អាសាដ។ តែ​លោក​ម៉ាក្រុង ​បាន​ទៀមទារ​លក្ខខណ្ឌ​ពីរ​ធំៗ​ គឺ​ទី​មួយ​ហាម​ប្រើប្រាស់​អាវុធ​គីមី។ បារាំង​នឹង​ចេញ​មុខ​ វាយ​ប្រហារ​វិញ ​បើ​កង​ទ័ព​ណា ​ហ៊ាន​ប្រើ​អាវុធ​គីមី ​ទៅលើ​ប្រជាជន​ស៊ីរី។ ឯ​លក្ខខណ្ឌ​ទីពីរ ​គឺបារាំង​ទាមទារ​ ឲ្យ​មាន​ការ​បើកផ្លូវ​និង​ធានា​សន្តិសុខ ​ដល់​ក្រុម​ការងារ​នៃ​អង្គការ​មនុស្ស​ធម៌​នៅ​ស៊ីរី។

ចំណែក​សំណុំរឿង​អ៊ុយក្រែន​វិញ​ បារាំង​និង​រុស្ស៊ី​បាន​សន្យា​រក្សា​ភាគី​៤ ​ក្នុង​ការ​ដោះស្រាយ ​ដើម្បី​ឈាន​ទៅ​អនុវត្តកិច្ច​ព្រម​ព្រាង​ទីក្រុង​មីនស្គ៍ ​ឲ្យបាន​ទាំង​ស្រុង។ លោក​ ពូទីន​ ក៏បាន​ឆ្លៀត​ឆ្លើយ​បន្ថែម​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ដែល​បារាំង​ និង​សហគមន៍​អន្តរជាតិ​ បាន​ដាក់​លើ​រុស្ស៊ី​នោះ ​​គឺវា​មិន​បាន​ជួយ​អ្វី​ដល់​អ៊ុយក្រែន​ទេ ​ផ្ទុយទៅ​វិញ ​គឺ​វា​បាន​បង្ករ​ការ​លំបាក​ដល់​សេដ្ឋកិច្ច​ទាំង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ