អានតួអត្ថបទ
ប៊ែលហ្ស៊ិក

ប៊ែលហ្សិក៖ នគរបាល​ក្រុង​អង់វែរ ចាប់​បាន​បុរស​ម្នាក់​ ដែល​ប៉ុនប៉ង​បើក​ឡាន​បុក​មនុស្ស​តាម​ផ្លូវ

កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៣​មីនា ​នគរបាល​ក្រុង​អង់វែរ ​ភាគ​ខាង​ជើង​ប្រទេស​​បែលហ្ស៊ិក​បាន​ចាប់​ឃាត់​ជន​ម្នាក់​ ទាន់​ពេល​វេលា ​ក្នុង​ពេល​ដែល​ជន​នេះ ​បាន​បើក​រថយន្ត​ក្នុង​ល្បឿនលឿន​បំផុត ​ នៅ​លើ​ដង​ផ្លូវ​កណ្តាល​ទីក្រុង។ ជន​ដែល​ស្លៀក​ពាក់​បិទ​មុខ​ ត្រូវ​គេ​សង្ស័យ​ថា ​មាន​បំណង​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម ​ ដោយ​បើក​រថយន្ត​បុក​សម្លាប់​មនុស្ស។​ ហេតុការណ៍​នេះ ​ បាន​កើត​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ហេតុការណ៍​ភេរវកម្ម ​នៅ​ទីក្រុង​ឡុងដ៍ ​ដោយ​ជន​ជីហាត​ បាន​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់ ​៣នាក់​ មុន​នឹង​ទៅ​បុក​របង​មន្ទី​រដ្ឋ​សភា​អង់គ្លេស។

សមត្ថកិច្ច កំពុងត្រូតពិនិត្យ​​រថយន្ត​បង្កហេតុ​ ក្រោយ​​ឃាត់​ខ្លួន​​អ្នក​បើក​បាន​ នៅ​ក្រុង​​អង់វែរ​​ថ្ងៃ​ទី ២៣ មីនា ២០១៧
សមត្ថកិច្ច កំពុងត្រូតពិនិត្យ​​រថយន្ត​បង្កហេតុ​ ក្រោយ​​ឃាត់​ខ្លួន​​អ្នក​បើក​បាន​ នៅ​ក្រុង​​អង់វែរ​​ថ្ងៃ​ទី ២៣ មីនា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ជន​ម្នាក់​មាន​បិទ​មុខ​ជិត​ បាន​បើក​រថយន្ត​ក្នុង​ល្បឿនលឿន​ខ្លាំង​ខុស​ប្រក្រតី ​ នៅ​លើ​ដង​វិថី​ធំ​បំផុត ​ដែល​សំបូរ​ទៅ​ដោយ​ហាង​ទំនិញ ​នៅ​កណ្តាល​ក្រុង​អង់វែរ​ ភាគ​ខាងជើង​ប្រទេស​បែលហ្ស៊ិក។ ភ្លាមៗ​នោះ ​ នរគបាល ​និង​កង​កម្លាំង​ពិសេស​របស់​ប៊ែលហ្សិក ​បាន​ចេញ​ធ្វើ​អន្តរាគមន៍ ​ដេញ​តាម​រថយន្ត​បង្ក​ហេតុ ​រហូត​ទាល់តែ​ស្ទាក់​ចាប់​បាន។ ជនល្មើស​ ត្រូវ​បាន​ឃាត់​ខ្លួន។

 
ក្រោយ​ហេតុការណ៍​នេះ ​ព្រះរាជអាជ្ញា​សហព័ន្ធ​បែលហ្ស៊ិក ​ បាន​ធ្វើ​សន្និសិទ​កាសែត ​ដោយ​បាន​បញ្ជាក់​ថា ​ជន​បង្កហេតុ​ដែល​បើក​រថយន្ត ​មាន​អាយុ​៤០​ឆ្នាំ ​ ជា​ជនជាតិ​បារាំង ​ដើម​កំណើត​អារ៉ាប់​ មាន​ទី​លំនៅ​ក្នុង​ប្រទេស​បារាំង។ ចំណែក​រថយន្ត​ដែល​ជននេះ ​បាន​ប្រើប្រាស់ ​ក៏​មាន​ស្លាក​លេខ​ចុះ​បញ្ជី​នៅ​បារាំង​ដែរ។ នៅ​ក្នុង​រថយន្ត ​សមត្ថកិច្ច ​បាន​រក​ឃើញ​អាវុធ​ជាច្រើន ​មាន​ដូច​ជា​កាំបិត​ និង​កាំភ្លើង​ហ្វុយហ្ស៊ីល ​មួយដើម ​ព្រមទាំង​គ្រាប់​ជា​ច្រើន​បង់។

បើតាម​ការ​សន្និដ្ឋាន ​ជន​នេះ​អាច​មាន​បំណង ​ប្រព្រឹត្តិ​អំពើ​មនុស្សឃាត ​ ដោយ​ការ​បើក​រថយន្ត​បុក​រះមនុស្ស​នៅ​តាម​ដង​ផ្លូវ​ រឺក៏​អាច​ប្រើប្រាស់​កាំភ្លើង​ដើម្បី​បាញ់រះ​សម្លាប់​មនុស្ស។ យោង​តាម​ព័ត៌មាន ​ផ្តល់ឲ្យ​ដោយ​អាជ្ញាធរ​ប៊ែលហ្សិក ​គឺ​ពុំមាន​នរណា​រងគ្រោះទេ​ ក្នុង​ហេតុការណ៍​នេះ។ សមត្ថកិច្ច​គ្រាន់​តែ​បាន​លើក​ឡើង​អំពី​ ករណី​ដែល​អ្នក​ដំណើរ​ថ្មើរជើង​ បាន​ភ័យ​ស្លន់ស្លោរ​រត់​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ នៅ​ពេល​ឃើញ​រថយន្ត​នេះ ​បើក​សំដៅ​ក្នុង​ល្បឿនលឿន។

ទីក្រុង​អង់វែរ​ ត្រូវ​ស្ថិត​នៅក្នុង​ស្ថានភាព​អាសន្ន​ និង​ការ​ប្រយ័ត្ន​ប្រយែង​សន្តិសុខ ​ក្នុង​កំរិត​ខ្ពស់​បំផុត។ លោក​ចៅ​ហ្វាយ​ក្រុង​អង់វែរ ​ ក៏ដូច​ជា​លោក​នាយករដ្ឋមន្ត្រី​ប៊ែកហ្ស៊ិក ​បាន​ចេញ​មក​អបអរ​សរសើរ ​ដល់​ភាព​រហ័សរហួន ​របស់​កងកម្លាំង​សន្តិសុខ​ក្រុង​អង់វែរ ​ដែល​បាន​ចាប់​ស្ទាក់​ជន​នេះ​ ទាន់​ពេល​វេលា ​មុន​ពេល​ដែល​ជននេះ​ ឈាន​ទៅ​បង្ក​សោកនាដកម្ម។

យ៉ាងណា​ក៏ដោយ ​សមត្ថកិច្ច​បែលហ្ស៊ិក ​នៅ​មិន​ទាន់​សន្និដ្ឋាន​ច្បាស់​ប្រាកដ​ថា ​ជន​នេះ​មាន​បំណង​ធ្វើ​ភេរវកម្ម​ តាម​ការ​បង្គាប់​របស់​ក្រុម​ភេរវកម្ម​អ៊ីស្លាម​ណា​មួយ​ទេ។ គួរកត់​សម្គាល់​ថា ហេតុការណ៍​នេះ ​កើតឡើង​ក្រោយ​ភេរវកម្ម​នៅ​ទីក្រុង​ឡុងដ៍​ តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ​ដែល​ជន​ជីហាត​បាន​ប្រើ​រថយន្ត​បុក​សម្លាប់​មនុស្ស​៣នាក់​នៅ​តាម​ផ្លូវ។ គេ​មិន​ទាន់​ដឹង​ថា ​ជន​បង្ក​ហេតុ​នៅ​ក្រុង​អង់វែរ ​និង​ជន​បង្ក​ហេតុ​ នៅ​ក្រុង​ឡុងដ៍ ​ជា​បក្សពួក​តែ​មួយ​រឺយ៉ាង​ណា​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ