អានតួអត្ថបទ

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថា លោក​ដូណាល់ ត្រាំ មិន​អរ​នឹង​សាមគ្គី ​ឬ​ភាព​រឹងមាំ​របស់​អឺរ៉ុប​ទេ

នៅរសៀលថ្ងៃសៅរ៍ ទៅ១០វិច្ឆិកា ពីប្រទេសប៉ូឡូញ  លោក ដូណាល់ ទូស្គ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក គ្មានចិត្តចង់ឃើញ សហភាពអឺរ៉ុប រួបរួមសាមគ្គីគ្នា រាំងមាំនោះទេ។ ព្រមពេលជាមួយគ្នានោះដែរ លោក​ប្រធានសហភាពអឺរ៉ុប រូបនេះ បានធ្វើការក្រឿនរំឮក អំពីគ្រោះថ្នាក់បង្កឡើង ដោយ​ចរន្ត​នយោបាយ អត្មានិយម សួនតួ និងជាតិនិយមជ្រុល ដែលកំពុង​តែ​រីករាលដាល​ នៅតាមប្រទេសមួយចំនួន ក្នុងទ្វីបអឺរ៉ុប។

លោក Donald Trump និងលោក Donald Tusk នៅ​ព្រុចសែល ថ្ងៃទី២៥ ឧសភា ២០១៧
លោក Donald Trump និងលោក Donald Tusk នៅ​ព្រុចសែល ថ្ងៃទី២៥ ឧសភា ២០១៧ REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

"វាជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមិនសប្បាយរីករាយ ជាមួយនឹងការរួមរួមគ្នា សាមគ្គីគ្នារឹងមាំ របស់សហភាពអឺរ៉ុប"។ នេះគឺជាប្រសាសន៍ របស់លោក ដូណាល់ ទូស្គិ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ថ្លែងក្នុងពិធីជួបជុំមុនមួយថ្ងៃ នៃបុណ្យឯករាជ្យជាតិប៉ូឡូញ ក្នុងទីក្រុង Lodz។ លោក​ដូណាល់ ទូស្គិ៍ បានបន្តថា៖ "លោកនិយាយនេះ មិនមែនចេះតែឃោសនា បង្កាច់បង្ខូចនរណាទេ តែគឺលោកនិយាយ ដោយឈរលើការពិតជាក់ស្តែង"

លោកប្រធានក្រុមប្រឹក្សា​អឺរ៉ុបរូបនេះ បានលើកឡើងថា កាលពី៦ខែមុន ក្នុងពេលជំនួបកំពូលនៃប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ដែលធ្វើឡើង ក្នុងប្រទេសកាណាដា នៅពេលដែលត្រូវអនុម័តសេចក្តីប្រកាសរួមចុងក្រោយ គឺលោកដូណាល់ ត្រាំ បានលុបចោលដោយផ្ទាល់ដៃតែម្តង នូវសំណេរមួយឃ្លា ដែលមានខ្លឹមសារ លើកកំពស់ការគោរពគោលការណ៍គ្រិះ និងតម្លៃនៃទ្រឹស្តីពហុនិយម ដោយឈរលើប្រយោជន៍រួម។

យ៉ងណាមិញ នៅក្នុងបទសម្ភាសន៍មួយ ផ្តល់ឲ្យកាសែតប៉ូឡូញមួយ លោកដូណាល់ ទូស្គិ៍ បាននិយាយថា លោកដូណាល់ ត្រាំ មានគំនិត មិនចង់ឃើញពិភពលោករួមរួមគ្នាទេ គឺចង់ឃើញអឺរ៉ុប នៅមួយផ្នែក អាមេរិកនៅដោយឡែក និងប្រទេសតូចៗផ្សេងទៀត នៅរាយប៉ាយរៀងៗខ្លួន។ លោកដូណាល់​ ទូស្គិ៍ ក៏បានក្រើនរំលឹកផងដែរ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនប៉ូឡូញ ឲ្យប្រុងប្រយត្ន័ និងចរន្តគំនិតបែបអត្មានិយម ដែលគិតតែពីប្រយោជន៍ខ្លួនឯង ជាជាងប្រយោជន៍រួម។ ចរន្តគំនិតបែបនេះ គឺមានតែការញុះញង់បំបែកបំបាក់ ឲ្យឈ្លោះប្រកែកគ្នា ជាជាងការរួបរួមសាមគ្គីគ្នា និងការ​ធ្វើសមាហរណកម្ម។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលលោកដូណាល់ ត្រាំ ត្រូវគេចោទថា មានចេតនាអាក្រក់ ឬប៉ងប្រាថ្នា ឲ្យគេឯងបែកបាក់គ្នា។ ជាក់ស្តែង កាលពីខែចុងខែមិថុនា កន្លងទៅ នៅពេល​លោកម៉ាក្រុងបានទៅជួបនៅវ៉ាស៊ីនតោន លោកដូណាល់ ត្រាំ បានបញ្ចេះឲ្យលោកប្រធានាធិបតីបារាំង រករឿងដើរចេញពីសហភាពអឺរ៉ុប ដូចអង់គ្លេសដែរ។ ក្រោយមកទៀត នៅខែកក្កដា លោកដូណាល់ ត្រាំ បាននិយាយបែបគំរាមទៅលើលោកស្រី តេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស ថា អាមេរិកពិបាកនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ​នឹងអង់គ្លេសណាស់ បើសិនជាអង់គ្លេស នៅតែមានទំនាក់ទំនងពាណិជ្ជកម្ម​ស្អិតរមួតពេក ជាមួយសហភាពអឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ