អានតួអត្ថបទ
បារាំង-កាតា

វិបត្តិតំបន់​ឈូង​សមុទ្រ៖ អេមៀរ​ប្រទេស​កាតា ​ចូលជួប​ជាមួយ​ប្រធានាធិបតី​បារាំង​នៅ​ប៉ារីស

លោក​អេមៀរ ​ប្រមុខ​រដ្ឋាភិបាល​កាតា ​នឹង​ចូល​ទៅ​ជួប ​លោក​អាម៉ានុយអែល ​ម៉ាក្រុង ​ប្រធានាធិបតី​បារាំង ​នៅទី​ក្រុង​ប៉ារីស​ នៅថ្ងៃ​សុក្រ​ទី​ ១៥​កញ្ញា​នេះ។​ តាម​ការ​រំពឹង​ទុក​ ជំនួប​នេះ ​នឹង​ផ្តោត​សំខាន់ ​ដល់​ការ​រិះរក​មធ្យោបាយ ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ​បន្ទាប់​ពី​កាតា ​ត្រូវ​បាន​ប្រទេស​ជិតខាង​ ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ ដាក់​ទណ្ឌកម្ម ​និង​ផ្តាច់​ចំណង​ការទូត។

Sheikh Tamim bin Hamad al-Thani អេមៀររបស់កាតា
Sheikh Tamim bin Hamad al-Thani អេមៀររបស់កាតា Qatar News Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ឆ្លៀតពេល​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​មហាសន្និបាទ​ នៃ​អង្គការ​សហ​ប្រជាជាតិ​ ​ ហើយ​បន្ទាប់​ពី ​បាន​ជួប​ ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី ​ លោក​ អេមៀរ ​ Tamim Ben Hamad Al-Thani ​ប្រមុខ​រដ្ឋាភិបាល​របស់​កាតា ​ ត្រូវ​បាន​លោក​ប្រធានាធិបតី​បារាំង​ អេម៉ានុយអែល​ ម៉ាក្រុង​ អញ្ជើញ​ឲ្យ​ចូលជួប ​នៅ​ទីក្រុង​ប៉ារីស​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី ​១៥ ​កញ្ញា​នេះ។

យោង​តាម​ប្រភព​ពី​វិមាន​អេលីហ្សេ ​បាន​ឲ្យដឹង​ថា ​ជំនួប​នេះ ​ គឺ​ជា​ឱកាស ​ឲ្យ​ថ្នាក់​ដឹកនាំ​ទាំង​ពីរ ​បាន​និយាយ​គ្នា​អំពី​វិបត្តិ​ការទូត ​ រវាង​កាតា ​និង​ប្រទេស​ផ្សេង​ទៀត​ ក្នុង​តំបន់​ ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត។ លោក​ប្រធានាធិបតី​បារាំង​ មាន​ការ​ព្រួយ​បារម្ភ​ជា​ពិសេស ​ជុំវិញ​បញ្ហា​នេះ។ បើតាម​ប្រភព​ដដែល ​បញ្ជាក់​ថា ​សម្រាប់​លោក​ប្រធានាធិបតី​ម៉ាក្រុង ​ ​គឺ​បារាំង​ចាត់ទុក​កាតា ​ក៏​ដូច​ជា​ប្រទេស​ផ្សេងទៀត ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស ​ក្នុង​នាម​ជា​មិត្ត ​និង​ជា​ដៃគូ ​ដូចៗគ្នា​​​ ហើយ​បារាំង​មាន​ជំហរ​តែមួយ​គត់​ គឺ​សូម​ឲ្យ​ប្រទេស​ទាំងអស់​យោគយល់​គ្នា ​ចរចា​គ្នា ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។ ក្នុង​ន័យនេះ ​រដ្ឋាភិបាល​បារាំង​​ សូម​គាំទ្រ ​នូវ​កិច្ច​ប្រឹងប្រែង​ធ្វើ​ជា​អាជ្ញាកណ្តាល​របស់​រដ្ឋាភិបាល​កូវ៉េត។

ក្រៅ​ពី​បញ្ហា​វិបត្តិ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ​ លោក​ប្រធានាធិបតី​ម៉ាក្រុង ​ក៏មាន​បំណង​និយាយ​ជាមួយ​លោក​អេមៀរ​របស់​កាតា ​ទាក់ទិន​នឹង​សំណុំរឿង​ទប់​ស្កាត់​បណ្តាញ​ហិរញ្ញវត្ថុ​ជួយ​ក្រុម​ជីហាត​ភេរវកម្ម​​ ព្រមទាំង​មធ្យោបាយ​នានា ​ដើម្បី​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ រវាង​បារាំង​ និង​កាតា។ យ៉ាង​ណាមិញ ​ កាល​ពី​ដើម​ខែ​កញ្ញានេះ​ រដ្ឋាភិបាល​កាតា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គេ​មាន​បំណង​ ធ្វើ​ឲ្យ​ចំណង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រវាង​កាតា​និង​បារាំង​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ​ថែមទៀត ​បើទោះ​បី​ជា​រាល់ថ្ងៃ​នេះ​ ​វា​គ្មាន​បញ្ហា​អ្វី​ចោទ​ក៏​ដោយ។

សូម​រំលឹក​ថា ​កាល​ពី​ថ្ងៃទី ​៥ ​ខែ​មិថុនា ​អារ៉ាប៊ីសាអូឌីត ​បាន​ដឹកនាំ​ប្រទេស​អារ៉ាប់​៤ផ្សេង​ទៀត​ ឲ្យ​ផ្តាច់​ចំណង​ការទូត​ បិទ​ព្រំដែន​ជាមួយ​កាតា ​ដោយ​ចោទ​ថា ​កាតា ​បាន​គាំទ្រ​ចិញ្ចឹម​ក្រុម​ភេរវកម្ម​ ហើយ​ថា​កាតា ​មាន​ទំនោរ​គាំទ្រ​អ៊ីរ៉ង់។ ថ្វីបើ​ត្រូវ​ប្រទេស​ក្បែរ​ខាង​ឡោម​ព័ទ្ធ​ចោទ​ប្រកាន់ ​៣ខែ​មក​នេះ ​កាតា ​បាន​​ខិតខំ​ព្យាយាម ​បង្ហាញ​ថា​ប្រទេស​ខ្លួន ​ នៅតែ​មាន​ទំនាក់​ទំនង​ល្អ ​ជាមួយ​ប្រទេស​លោក​ខាងលិច ​ដដែល​ទេ។ រហូត​មកទល់​ពេល​នេះ ​វិបត្តិនេះ ​នៅមិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ​ថ្វី​បើ​មាន​ការ​អំពាវនាវ ​ឲ្យមាន​ការ​ជួបប្រជុំ​ចរចា​គ្នា​ រវាង​ប្រទេស​សាមី។ លោក​ប្រធានាធីបតី​ម៉ាក្រុង ​ក៏ធ្លាប់​បាន​ទូរស័ព្ទ​ទៅ​និយាយ​បញ្ចុះបញ្ចូល​ ព្រះអង្គ​ម្ចាស់​ទាយាទ​អារ៉ាប៊ីសាអូឌីត​ ដែរ​ កាល​ពី​ដើម​ខែ​សីហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ