អានតួអត្ថបទ
អាល្លឺម៉ង់

អាល្លឺម៉ង់​ចោទសួរ​ពី​ការ​គ្រប់គ្រង​អាវុធ ក្រោយ​ហេតុការណ៍​បាញ់រះ ​ដោយ​យុវជន​រោគចិត្ត

ហេតុការណ៍​បាញ់​រះ​សម្លាប់​មនុស្ស​៩នាក់ ​ដែល​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី​២២​កក្កដា ​នៅ​ទីក្រុង​មុយនិច ​ប្រទេស​អាល្លឺម៉ង់ ​គឺ​ជា​ស្នាដៃ​របស់​យុវជន​ម្នាក់ ​ដែល​មាន​ជំងឺ​ផ្លូវចិត្ត ​ហើយ​ពុំមាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម ​របស់​ក្រុម​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម​ទេ។ មូលហេតុ​ដែល​ជំរុញ​ឲ្យ​ឃាតករ​ធ្វើ​អំពើនេះ​ ត្រូវ​បាន​គេដឹង​ហើយ ​តែ​អ្វី​ដែល​ជា​ចំងល់​ធំ​នោះ ​គឺ​ថា​តើ​ឃាតករ​អាយុ​១៨​ឆ្នាំនេះ​ បាន​អាវុធ​និង​គ្រាប់​មក​ពីណា។ អាជ្ញាធរ​អាល្លឺម៉ង់ ​កំពុងតែ​ចោទសួរ ​ពី​ប្រសិទ្ធិភាព ​នៃការ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​នៅ​អាល្លឺម៉ង់ ​ ដើម្បី​បង្ការ​ហេតុការណ៍​អកុសល​បែប​នេះ ​ ទៅ​ថ្ងៃមុខ។

មនុស្ស​មករំលឹក​វិញ្ញាណខន្ធ​ ជនរងគ្រោះនៅខាង​​មុខផ្សារ​ទំនើប Olympia ក្រុង​មុយនិច
មនុស្ស​មករំលឹក​វិញ្ញាណខន្ធ​ ជនរងគ្រោះនៅខាង​​មុខផ្សារ​ទំនើប Olympia ក្រុង​មុយនិច REUTERS/Arnd Wiegmann
ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​ក្រោយ​អំពើ​បាញ់រះ​សម្លាប់​មនុស្ស ​៩នាក់​ នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ​ក្នុង​ទីក្រុង​មុយនិច​ ប្រទេស​អាល្លឺម៉ង់ ​អាជ្ញាធរ​ស៊ើបអង្កេត ​ បាន​កំណត់​ជា​ផ្លូវការ​ថា ​អំពើនេះ​ មិនមែន​ធ្វើឡើង​ដោយ​ជន​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ យុវជន​ដែល​ជា​ឃាតករ​ មាន​ឈ្មោះថា​ David Ali Sonboly​ អាយុ​១៨​ឆ្នាំ ​មាន​ឪពុកម្តាយ​ជា​ជនជាតិ​អ៊ីរ៉ង់​ គឺ​​ជា​ក្មេង​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ​ ហើយ​ជា​មនុស្ស​ដែល​និយម​ចូលចិត្ត​អំពើ​ហិង្សា​បាញ់​សម្លាប់។

 
ក្រុម​ស៊ើបអង្កេត ​បាន​រកឃើញ​ភស្តុតាង​ជាច្រើន ​បញ្ជាក់​ថា​យុវជន​នេះ ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅលើ​ឃាតករ​ជនជាតិ​ន័រវ៉េហ្ស ​ឈ្មោះ​Anders Behring Breivik ​ដែល​បាន​បាញ់​រះ​សម្លាប់​មនុស្ស​៧៧នាក់​ នៅ​ន័រវេហ្ស ​កាល​ពី​ថ្ងៃ​ទី​២២ ​កក្កដា​ ឆ្នាំ​២០១១។ ជន​ដៃដល់ ​David Ali Sonboly ​មាន​បំណងធ្វើ​អំពើ​ដូចគ្នា​នេះ ​ ក្នុង​ថ្ងៃ​ជាមួយ​គ្នា ​ដោយ​ប្រើ​កាំភ្លើង​ប្រភេទ​ដូចគ្នា ​ដើម្បី​រំលឹក​ខួប​ប្រាំ​ឆ្នាំ​នៃ​អំពើ​បាញ់​ប្រហារ​នៅ​ន័រវ៉េហ្ស។

យោង​តាម​សាក្សី​ជា​អ្នក​ជិតខាង ​និង​មិត្ត​រួម​ថ្នាក់​របស់​យុវជន​ជា​ឃាតករ ​បាន​បញ្ជាក់​ថា ​យុវជន​នេះជា​មនុស្ស​ឈ្លក់​វង្វេង​តែ​នឹង​ល្បែង​ហ្គេម​វីដេអូ​បាញ់គ្នា ​ហើយ​គ្មាន​មិត្ត​ភ័ក្ត​ទេ​ ដោយ​សា​ជន​នេះ​មិន​មាត់​មិនក ​ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង។ បន្ថែម​ពី​នេះ ​យុវជន​នេះ ​ធ្លាប់ត្រូវ​បាន​ក្មេង​សិស្ស​សាលា​ផ្សេង​ទៀត ​គម្រាម​កំហែង​ធ្វើ​បាប​ទៀត​ផង។

សូម​បញ្ជាក់​ថា ​ក្នុង​ចំណោម​ជន​រងគ្រោះ​ស្លាប់​ទាំង​៩នាក់ ​គឺ​ភាគ​ច្រើន​គឺ​ជា​យុវជន​វ័យ​ជំទង់។ នៅ​ក្នុង​កាបូប​ស្ពាយ​ខ្នង​របស់​យុវជន​ឃាតករ ​ គេ​បាន​រកឃើញ​គ្រាប់​កាំភ្លើង​ចំនួន​៣០០​គ្រាប់។ កាំភ្លើង​ដែល​ជននេះ​ប្រើ ​គឺ​ជា​កាំភ្លើង​ប្រភេទ​ Glock 17​ ក្បាល​គ្រាប់​៩​មីលីម៉ែត្រ។ អាជ្ញាធរ​អាល្លឺម៉ង់ ​កំពុង​តែ​តាម​ដាន​ស្រាវជ្រាវ ​ពី​ប្រភព​ដើម​នៃ​អាវុធ​ដែល​ឃាតករ​បាន​ប្រើប្រាស់។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់ ​បាន​បញ្ជាក់​ថា ​ច្បាប់​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​របស់​អាល្លឺម៉ង់ ​មាន​លក្ខណៈ​តឹងតែង​ណាស់។ ក៏​ប៉ុន្តែ​ប្រឈមមុខ​នឹង​ករណី​នេះ ​គឺ​មាន​ន័យ​ថា​ច្បាប់​នេះ ​នៅ​តែមាន​ចំណុច​ខ្វះ​ចន្លោះ។ លោក​បន្ថែម​ថា ​វា​ជារឿង​ចាំបាច់​បន្ទាន់​នា​ពេលនេះ ​ដែល​ត្រូវ​ស្វែងរក​ចំណុច​ខ្សោយ ​នៃ​ការ​គ្រប់គ្រង​អាវុធ​ ហើយ​ត្រូវ​ធ្វើ​ការ​កែប្រែ​ច្បាប់​ជា​ថ្មី ​ ដើម្បី​បញ្ឈប់​រាល់​អំពើ​ហិង្សា​បែប​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ