អានតួអត្ថបទ
អវកាស

កូនយាន ​Philae ​នៅលើ​ផ្កាយ​ដុះកន្ទុយ​ "ជូរី" ចាប់​មាន​ដំណើរការ​ឡើងវិញ

កូនយានឈ្មោះ Philae របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ដែល​ត្រូវ​​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​ចុះចត​លើ​ផ្កាយដុះកន្ទុយ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅនេះ ហើយ​ដែល​បាន​បាត់ការទាក់ទង​អស់រយៈពេល​ជាច្រើន​ខែមកហើយ​នោះ បាន​ចាប់ផ្តើម​មាន​ដំណើរការ​ឡើងវិញ ដោយ​បាន​ទាក់ទង​មកភពផែនដី កាល​ពីយប់ថ្ងៃ​សៅរ៍ ឈានចូលថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​អះអាង​របស់មជ្ឈមណ្ឌល​អវកាស​បារាំង ដែល​ជា​ផ្នែកមួយ​នៃ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (European Space Agency)។

រូបថត​ផ្កាយ​ដុះ​កន្ទុយ "ជូរី" (67P/Churyumov-Gerasimenko) ថត​ដោយ​កូនយាន Philae កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤
រូបថត​ផ្កាយ​ដុះ​កន្ទុយ "ជូរី" (67P/Churyumov-Gerasimenko) ថត​ដោយ​កូនយាន Philae កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ESA
ផ្សាយពាណិជ្ជកម្ម

Philae គឺ​ជាយានអវកាស​ដំបូងបង្អស់ ក្នុង​ប្រវត្តិសាស្រ្ត​ ដែល​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ចុះចត​ប្រកប​ដោយ​ជោគជ័យ នៅលើ​ផ្កាយដុះកន្ទុយ គឺ​ចុះចត​លើ​ផ្កាយដុះកន្ទុយ​ឈ្មោះ “ជូរី” កាលពីថ្ងៃ​ទី១២ វិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់ទីអវកាស​អស់រយៈពេល​ ១០ឆ្នាំ ក្នុងរយៈចម្ងាយ​រហូតដល់​ទៅ​ជាង ៦ពាន់លាន​គីឡូម៉ែត្រ។

តាមគម្រោង​ពីដំបូង យាន Philae នឹង​​ត្រូវ​ចំណាយពេល​ជាច្រើន​ខែ ដើម្បី​ថតរូបភាព​នៃ​សណ្ឋានដី​របស់​ផ្កាយដុះកន្ទុយ ព្រមទាំង​សិក្សា​មើល​អំពី​រចនាសម្ព័ន្ធ និង​ធាតុផ្សំ​គីមី​របស់​ផ្កាយដុះកន្ទុយ។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​អាច​នឹងជួយ​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​​ដឹង​កាន់តែ​ច្បាស់ អំពី​ដើមកំណើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ និង​​ជាពិសេស អំពី​​ភពផែនដី។

ក៏ប៉ុន្តែ កូនយាន Philae បាន​បញ្ជូន​ទិន្នន័យ​មក​ភពផែនដី ក្នុងរយៈពេល​តែ ៣ថ្ងៃ​ប៉ុណ្ណោះ ក៏ស្រាប់តែ​បាត់ការទាក់ទង​ ចាប់តាំង​ពីថ្ងៃ​ទី១៥​វិច្ឆិកា។ មូលហេតុ គឺ​ដោយសារ​តែ​ទីតាំង​ដែល Philae ចុះចត​នោះ ស្ថិត​នៅ​ក្នុង​ម្លប់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​កញ្ចក់ស្រូបពន្លឺព្រះអាទិត្យ​ដែល​នៅលើ​យាន​​​មិន​អាច​ទទួល​ពន្លឺ​បាន​គ្រប់គ្រាន់ ដើម្បី​ផលិត​ថាមពល​មក​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ​របស់​កូនយាន។

កាលពីយប់ថ្ងៃ​សៅរ៍ ក្រោយ​ពីបាន​បាត់ដំណឹង​អស់រយៈពេលជិត ៧ខែ កូនយាន Philae ស្រាប់​តែ​បាន​បញ្ជូន​សញ្ញា​មក​កាន់​​ស្ថានីយ៍​អវកាស​អឺរ៉ុប​ឡើងវិញ។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៅ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​បាន​លើកឡើង​ថា ការណ៍​ដែល​កូនយាន Philae ចាប់ផ្តើម​មាន​ដំណើរការ​ឡើងវិញ​​នៅ​ពេលនេះ គឺ​មក​ពី​ផ្កាយដុះកន្ទុយ “ជូរី” បាន​ធ្វើ​ដំណើរ​កាន់តែ​ទៅដល់​ជិត​ព្រះអាទិត្យ ដែល​ជាហេតុ​ធ្វើ​ឲ្យ​​កញ្ចក់​ស្រូបពន្លឺ​ព្រះអាទិត្យ​របស់ Philae អាច​ទទួល​បាន​ពន្លឺ​គ្រប់គ្រាន់ក្នុងការ​ផលិត​ថាមពល។

សញ្ញា​ដែល​គេ​ទទួលបាន​ពី​កូនយាន Philae កាល​ពីយប់ថ្ងៃ​សៅរ៍ មាន​រយៈពេល​តែ ២នាទី​ប៉ុណ្ណោះ ក៏ប៉ុន្តែ ទិន្នន័យ​ដែល​គេ​ទទួលបាន​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា ​កូនយាន​នេះ​នៅ​មាន​ដំណើរការ​ជា​ធម្មតា​ ហើយ​អ្នក​វិទ្យាសាស្រ្ត​អឺរ៉ុប​កំពុងរង់ចាំ​​ទទួល​សញ្ញា​ជាថ្មី​ទៀត​ពី Philae ដោយ​រំពឹង​ថា កូនយាន​នេះ​នឹង​អាច​មាន​ដំណើរការ​យ៉ាងពេញលេញ ដើម្បី​បន្ត​ការសិក្សា​លើ​ផ្កាយដុះកន្ទុយ ទៅតាម​ការ​គ្រោងទុកពីមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ