អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិទ្ធិ​ស្ត្រី​ខ្មែរ​មានការ​​​វិវឌ្ឍន៍​ខ្លាំង ក្នុង​​ថ្នាក់​មូលដ្ឋាន​ជាង​ក្នុង​ថ្នាក់​នយោបាយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ព្រឹត្តិការណ៍​ជា​ច្រើន ដែល​ត្រូវ​បាន​គេ​រៀបចំ​ឡើង ឬ​គ្រោង​នឹង​រៀប​ចំ​សម្រាប់​ឧទ្ទិស ដល់​ទិវា​សិទ្ធិនារី​អន្តរជាតិ​ដែល​នឹង​ឈាន​មក​ដល់​នៅ​ចុង​សប្តាហ៍​នេះ​ ។ នេះ​ស​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​បា​ន​ធ្វើ​សកម្មភាព​កាន់​តែ​ច្រើន ឬ​ត្រូវ​បាន​គេ​លើក​មក​និយាយ​កាន់​តែ​កង​រំពង​ជាង​មុន​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ស្ត្រី​ខ្មែរ​ក៏​បាន​ទទួល​សេរីភាព​ច្រើន​ជាង​មុន​ក្នុង​គ្រប់​សកម្មភាព​រាប់​ទាំង​នយោបាយ សេដ្ឋកិច្ច​ និង​សង្គមកិច្ច។ ​យ៉ាងណា​ក៏​ដោយ​ ស្ត្រី​នៅ​តែ​មាន​ចំនួន​តិចតួច​នៅ​ក្នុង​ឆាក​នយោបាយ​។ ផ្ទុយ​ទៅ​វិញ ស្ត្រី​ខ្មែរ​ជា​ច្រើន បាន​ទម្លាយភាព​ស្ងៀមស្ងាត់ ហើយ​ក្លាយ​ជា​សកម្មជន​ជួរ​មុខ​ក្នុង​ការ​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ខ្លួន។ តើ​និន្នាការ​នេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច?

សកម្មភាព​ក្រុមស្រ្តី​អន្តរជាតិ អ្នកបង្កើត​ពាន់រង្វាន់​ព្រះនាង​ឥន្ទ្រទេវី ចុះ​ពិនិត្យមើល​ការងារ​ស្រ្តី​តាម​សហគមន៍។
សកម្មភាព​ក្រុមស្រ្តី​អន្តរជាតិ អ្នកបង្កើត​ពាន់រង្វាន់​ព្រះនាង​ឥន្ទ្រទេវី ចុះ​ពិនិត្យមើល​ការងារ​ស្រ្តី​តាម​សហគមន៍។ ©ណាវិន/RFI
ផ្សាយពាណិជ្ជកម្ម

ពី​សង្គម​មួយ​ដែល​កូន​ស្រី​រស់​ក្នុង​គំនាប​ប្រពៃណី​យ៉ាង​តឹងរ៉ឹង ​ស្ត្រីខ្មែរ​បច្ចុប្បន្ន​បាន​ស្គាល់​ការ​ផ្លាស់​ប្តូរ​មួយ​គួរ​ឲ្យ​កត់​សម្គាល់។ ​ស្ត្រី​ខ្មែរ​ដែល​កាល​ពី​មុន​ធ្លាប់​តែ​តោង​កន្ទុយ​ក្បិន​ឪពុក​ម្តាយ និង​រស់​ក្រោម​ឥទ្ធិពល​របស់​ស្វាមី ​ឥឡូវ​នេះ​បាន​បង្ហាញ​វត្តមាន​នៅ​គ្រប់​សកម្មភាព​សង្គម​ និង​នយោបាយ​ចាប់​តាំង​ពី​ថ្នាក់​កំពូល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

ស្ត្រី​ខ្មែរ​មានវត្តមាន​នៅ​ក្នុង​ស្ថាប័ន​កំពូលៗ​ទាំងបី​របស់​ជាតិ ទាំងស្ថាប័ន​ព្រឹទ្ធសភា​ ​រដ្ឋសភា ​ និង​​ក្នុង​ជួរ​រដ្ឋាភិបាល​។ ស្ត្រីមានតួនាទីរហូតដល់ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី​ ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខា​ធិការ​ ​អនុរដ្ឋលេខាធិការ​ និងជាអ្នកកាន់កិច្ចការសំខាន់ៗនៅ​ឯ​ថ្នាក់​មូលដ្ឋាន​ជា​ច្រើន​ទៀត។ បើទោះបីជាក្នុងឆាកនយោបាយ ស្ត្រីមានចំនួនតិចតួចក៏ដោយ ក៏ប៉ុន្តែ នៅ​ក្នុង​សកម្មភាព​​សង្គមផ្សេងទៀត ស្ត្រីបែរជាលេចមុខមាត់គួរឲ្យកត់សម្គាល់ ជាពិសេសគឺស្ត្រីខ្មែរ​កាន់តែច្រើន​ឡើង​បាន​ក្លាយ​ជា​សកម្មជន​ជួរ​មុខ​ក្នុង​ការ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព និង​ការពារ​ប្រយោជន៍​របស់ខ្លួន។​

ជាក់ស្តែង ស្ត្រីអ្នកភូមិបឹងកក់ បូរីកីឡា ស្ត្រីជាកម្មការិនីក្នុងវិស័យកាត់ដេរ ស្ត្រីដែលចូលរួម​ធ្វើ​បាតុកម្មជាច្រើនទៀតជាមួយគណបក្សប្រឆាំង និងស្ត្រីដែលចូលរួមក្នុងសកម្មភាពសហគមន៍​ការពារព្រៃឈើ សហគមន៍នេសាទ ជាដើម។ វត្តមានរបស់ស្ត្រីក្នុងសកម្មភាពក្តៅ​គគុក​ទាំង​នោះ​សបញ្ជាក់ឲ្យឃើញថា ស្ត្រីខ្មែរហាក់ទទួលការវិវឌ្ឍលឿនក្នុងវិស័យសង្គមជាងក្នុង​វិស័យ​នយោបាយ។​ ពីភាពស្ងៀមស្ងាត់នៅពីក្រោយបុរសទៅជាសកម្មជន​​ជួរមុខ ហ៊ានប្រឈម​ជា​មួយកម្លាំងសមត្ថកិច្ចគឺជាការវិវឌ្ឍដែលគេមិនអាចមើលរំលងបាន។

ជាការពិតណាស់ ទាំងនេះគឺជាលទ្ធផលនៃសកម្មភាពលើកស្ទួយស្ត្រី​រយៈពេល​ជាច្រើនឆ្នាំ​កន្លង​ទៅ​នេះពីសំណាក់រដ្ឋាភិបាល បក្សនយោបាយ និងអង្គការសង្គមស៊ីវិល។​ ទន្ទឹមគ្នានោះ លំហូរ​ព័ត៌មានក៏កាន់តែជ្រួតជ្រាបខ្លាំងឡើង​ទៅដល់ស្រទាប់មហាជនគ្រប់ទិសទី។ លំហូរ​ព័ត៌មាន​​នេះ​ហើយ​ដែលធ្វើឲ្យស្ត្រីផ្លាស់ប្តូរផ្នត់គំនិតយ៉ាងឆាប់រហ័ស រហូត​ដល់​អ្នក​នយោបាយ​​ខ្លះ​គិតមិនដល់។ ដូច្នេះ ថ្នាក់នយោបាយគួរតែត្រូវពន្លឿនកិច្ចការលើក​ស្ទួយ​ស្ត្រី​ឲ្យ​បានខ្លាំង​ក្លាជាងនេះ។

ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវតែឆ្លើយតបនឹងបញ្ហាដែលស្ត្រី​កំពុងប្រឈមឲ្យបានលឿនជាងនេះដែរពីព្រោះគេមិនអាចនិយាយពីការលើកស្ទួយស្ត្រី​ដោយ​​ទុកឲ្យស្ត្រីជាច្រើនស្រែកតវ៉ាដោយគ្មានអ្នកស្តាប់លឺនោះឡើយ។ លើសពីនេះ ស្ត្រីជាច្រើន​បាន​រងអំពើ​ហិង្សាដោយសារសមត្ថកិច្ច​ថែមទៀត។ ការបង្ក្រាប​ទៅលើ​ក្រុម​អ្នក​តវ៉ា ដែល​​ភាគច្រើន​ជាស្ត្រីមិនមែនជាឧបសគ្គរារាំងមិនឲ្យស្ត្រីចេញមុខតវ៉ានោះឡើយ។ ផ្ទុយទៅវិញ វិធានការនេះរឹតតែ​បង្កើនភាពរឹងមាំរបស់ស្ត្រីក្នុងការតវ៉ាប្រឆាំងអយុត្តិធម៌​សង្គម​ថែម​ទៀត។

យ៉ាងណា​ក៏ដោយ ​ នៅក្នុងប្រទេសមួយដែលស្ត្រីតំណាងឲ្យ ៥២ ភាគរយនៃចំនួនប្រជាជន​សរុប ប៉ុន្តែ ស្ត្រី​ខ្មែរ​នៅតែ​មាន​តួនាទី​ក្នុងសង្គមតិចតួច​នៅឡើយ​បើ​ធៀប​ទៅ​នឹង​តួនាទី​បុរស​​​។​ មាន​កត្តា​ពីរ​យ៉ាង​ដែល​ធ្វើ​ឱ្យ​ចលនា​លើក​ស្ទួយ​ស្ត្រី​ខ្មែរ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​​ចិត្ត​នៅ​ឡើយ​។ ​កត្តាទី១ ​គឺ​កត្តាបុរស​មានន័យ​ថា ​បុរស​ខ្មែរ​ជាច្រើន​នៅ​មិនទាន់​លះបង់​ចោល​ទស្សនៈ​ចាស់​គំរឹល​ដែល​ថា​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ​នៅ​ឡើយ។​ និង​កត្តាទី២ ​គឺ​កត្តា​ស្ត្រី​ខ្លួនឯង​ មាន​ន័យ​ថា​ ស្ត្រី​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ដឹង​ពី​តួនាទី​របស់​ខ្លួន​នៅ​ឡើយ​ហើយ​​សុខចិត្ត​ផ្តល់តួនាទីសំខាន់​ដល់​បុរស​ដដែល។ ស្ត្រី​ខ្មែរ​ជា​ច្រើន​ទៀត​បាន​ទទួល​ការ​អប់រំ​តិចជាង​បុរស​ដែល​ធ្វើ​ឲ្យ​ពួកគេ​ខ្វះ​សមត្ថភាព​ក្នុង​ការ​ឡើង​ទៅកាន់តួនាទីសំខាន់​ដូច​បុរស។

ដូច្នេះ ការលើកស្ទួយសិទ្ធិស្ត្រីឲ្យស្មើបុរសក្នុងគ្រប់វិស័យ និងការដោះស្រាយបញ្ហាប្រឈម​របស់ស្ត្រីឲ្យបានរួសរាន់​គឺជាកិច្ចការចំពោះមុខរបស់រដ្ឋាភិបាល។ ស្ត្រីខ្មែរគួរតែក្លាយជាអ្នកជួរ​មុខក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសទៅតាមសមត្ថភាពរៀងៗខ្លួន ប៉ុន្តែ គេមិនគួរ​បណ្តោយ​​ទុកឲ្យស្ត្រីក្លាយជាអ្នក​សកម្មជួរមុខដោយសារបុព្វហេតុការពារដីធ្លី ផ្ទះសម្បែង​ ព្រោះតែការបំពានតទៅទៀតឡើយ។ ម្យ៉ាងទៀត ការលើកស្ទួយសិទ្ធិស្ត្រី​ក៏មិនគួរក្លាយជា​មូលហេតុធ្វើឲ្យបែកបាក់សង្គមគ្រួសារខ្មែរ​នោះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ