ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

យន្តហោះ​ម៉ាឡេស៊ី​ត្រូវគ្រាប់មីស៊ីល​ដែល​ក្រុមឧទ្ទាម​អ៊ុយក្រែន​អាច​បាញ់ច្រលំ ​

media  
អ្នកជំនាញ​ការរបស់​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី​ពិនិត្យ​មើល​បំណែក​យន្តហោះMH ១៧​ដែល​ត្រូវ​គ្រាប់ផ្ទុះឆេះធ្លាក់​នៅ​អ៊ុយក្រែន ©REUTERS/Maxim Zmeyev

ក្រុមស៊ើបអង្កេត​អន្តរជាតិ​កំពុង​បន្ត​ការងារ​រុករក​ភស្តុតាង​នៅ​ទី​កន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH​១៧។ សម្មតិកម្ម​កាន់តែ​រឹងមាំ​បង្ហាញ​ថា យន្តហោះត្រូវ​រងការវាយប្រហារ​ពី​គ្រាប់មីស៊ីល។ ប៉ុន្តែ អ្នកជំនាញ​អន្តរជាតិ​ ចង់​ប្រមូល​ និង​ផ្គុំ​បំណែក​យន្តហោះឡើងវិញ និង​សិក្សា​ទៅលើ​រូបភាព​របស់​ផ្កាយរណប​ដើម្បី​បញ្ជាក់​ថា តើ​យន្តហោះ​ពិតជា​ត្រូវ​រង​គ្រាប់​មីស៊ីល​មែនដែរឬទេ។  

ដោយ​ពឹង​ផ្អែក​ទៅលើ​រូបភាពបំណែក​យន្តហោះ រប៉ាត់រប៉ាយ ដែល​គេ​ឃើញ​នៅក្នុង​​សារព័ត៌មាន​បរទេស ដូចជា​The New York Times និង​Financial Times​អ្នកជំនាញ​ខាង​យោធា​ជាច្រើន​បាន​វាយតម្លៃថា យន្តហោះ​ម៉ាឡេស៊ី​ដឹកអ្នកដំណើរទំនង​ត្រូវ​រង​គ្រាប់​មីស៊ីល​​ប្រភេទ SA ១១ ដែល​គេ​បាញ់​ចេញ​ពី​លើ​ដី។ តាម​លោក​Justin Bronk អ្នកវិភាគ​​របស់​វិទ្យាស្ថាន​សេវា​ នៅទីក្រុង​ឡុងដ៍ ស្លាកស្នាម​​​អំបែងគ្រាប់​ដែល​នៅ​ដិត​ជាប់​លើ​បំណែក​យន្តហោះ​ម៉ាឡេស៊ី គឺ​ដូចគ្នា​នឹង​​ស្លាកស្នាមដែល​ជា​ឥទ្ធិពល​របស់​គ្រាប់​មីស៊ីល SA ១១។ ប៉ុន្តែ យ៉ាងណាក៏ដោយ សន្និដ្ឋាន​នឹង​អាច​ប្រាកដជាងនេះ នៅពេលណា​គេអាច​​ប្រមូល​បំណែក ​ផ្គុំ​តួ​​យន្តហោះ​ ឡើង​វិញ។

 
តាមអ្នកជំនាញ​របស់​អាកាសចរណ៍​ស៊ីវិល​ម៉ាឡេស៊ី បំណែក​យន្តហោះ​នឹង​បង្ហាញ​ពី​ព័ត៌មាន​​លម្អិត​ដែល​ប្រអប់ខ្មៅ​មិន​អាច​ផ្តល់បាន។ គេ​បាន​អំពាវនាវ​ឲ្យ​ក្រុមស៊ើបអង្កេត​ចូល​ទៅរក​ភស្តុតាង​ឲ្យ​បាន​ឆាប់​បំផុត ព្រោះថា បើសិន​ជា​ក្រុមមនុស្ស​នាំគ្នា​ដើរជាន់លុក​លុយ​កាន់តែច្រើន​នៅកន្លែង​ផ្ទុះ​ធ្លាក់​យន្តហោះ នោះ គេ​អាច​ប្រឈម​នឹង​ការបាត់​ភស្តុតាង​សំខាន់ៗ​ដែរ។

តាម​មន្រ្តីជាន់ខ្ពស់​របស់​ទីភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក អាមេរិក​មាន​រូបភាព​ផ្កាយរណប​ដែល​បញ្ជាក់ថា យន្តហោះ​ម៉ាឡេស៊ី​ដឹកអ្នកដំណើរ ២៩៨​នាក់ ត្រូវ​គ្រាប់​មីស៊ីល​SA ១១ ដែល​បាញ់​ចេញ​ពី​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​បំបែក​ទឹកដី​អ៊ុយក្រែន។ ដោយសារ​​​តែ​គ្រាប់មីស៊ីល​បាញ់​ចេញ​ពី​តំបន់​ក្រុម​ឧទ្ទាម​ដូច្នេះ គឺ​ច្បាស់ណាស់​ថា គឺ​ក្រុម​នេះ​ដែល​បាញ់​មីស៊ីល ប៉ុន្តែ យ៉ាងណាក៏ដោយ អាមេរិក​មិន​អាច​បញ្ជាក់ថា តើ​ជនណា​ជា​អ្នក​បាញ់​ឲ្យ​ប្រាកដ ហើយ​នៅក្នុង​គោលដៅ​អ្វីទេ។

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ដែល​សុំ​មិ​នបញ្ចេញឈ្មោះ​បានវាយតម្លៃថា ការបាញ់​មីស៊ីល​សំដៅ​បំផ្លាញ​យន្តហោះ​ម៉ាឡេស៊ី​អាច​ធ្វើ​ឡើង​កំហុស​បច្ចេកទេស គឺ​ ក្រុមឧទ្ទាម​​និយម​រុស្ស៊ី ដែល​ខ្វះ​សមត្ថភាព​​ប្រើប្រាស់​​មីស៊ីល​ដ៏​ទំនើប​មួយនេះ បាញ់​ច្រលំ។ មន្រ្តី​អាមេរិក​បាន​លើកឡើង​ពី​កំហុស​បច្ចេកទេសដែល​ ​អាមេរិក និង​រុស្ស៊ីធ្លាប់​ធ្វើកន្លងមក ដោយ​បាញ់​ច្រលំ​ទៅលើ​​យន្តហោះ​ដឹកអ្នកដំណើរ របស់​អីរ៉ង់ និង​អ៊ីតាលី កាលពី​ឆ្នាំ ១៩៨៣ និង​១៩៨៨។

តាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់អាមេរិក រុស្ស៊ី​បាន​បញ្ជូន​សព្វាវុធ និង​បង្វឹក​ហាត់​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​ឲ្យ​ចេញ​ប្រើ​អាវុធ​ទំនើបៗ​របស់​រុស្ស៊ី ក៏​ប៉ុន្តែ អាមេរិក​មិន​ច្បាស់​ទេថា តើ​អ្នកជំនាញ​រុស្ស៊ី​មាន​បាន​បង្រៀន​ពួកឧទ្ទាម​ឲ្យ​ចេះបាញ់គ្រាប់​មីស៊ីល​SA ១១​ដែរឬទេ៕​  ​  

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ